ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

គុណវិបត្តិនៃការសល់សារធាតុចិញ្ចឹមNPKនៅក្នុងដី

ការប្រើប្រាស់ជីមិនត្រឹមត្រូវតាមគោលការណ៍ណែនាំអាចបណ្ដាលឲ្យមានគុណវិបត្តិជាច្រើនសម្រាប់ដំណាំ និងដីផងដែរ។ ការប្រើជីខ្វះ និងលើសសុទ្ធសឹងតែមានគុណវិបត្តិរៀងៗខ្លួន ហើយខាងក្រោមនេះជាការប្រើជីលើស និងបន្សល់ទុកនៅក្នុងដីដែលអាចបណ្ដាលឲ្យរុក្ខជាតិកើតជំងឺ៖

ការប្រើប្រាស់សារធាតុចិញ្ចឹមអាសូតលើស

ដូចដែលធ្លាប់បានសិក្សាគន្លងមកនេះអាសូតជាសារធាតុចិញ្ចឹមមួយដែលរុក្ខជាតិមិនអាចខ្វះបានដើម្បីអាចលូតលាស់ដើម និងស្លឹករបស់វា។ ហើយអាសូតដែលមាននៅក្នុងជីច្រើនជាងគេនោះគឺជីអ៊ុយរ៉េ ម្យ៉ាងទៀតយើងត្រូវដឹងថាការប្រើប្រាស់អាសូតលើសកំណត់វាអាចបណ្ដាលឲ្យដីរងនូវផលប៉ះពាល់ជាច្រើនផងដែរ។ ការប្រើអាសូតច្រើនពេកធ្វើឲ្យអតុល្យភាពនៃសារធាតុចិញ្ចឹមនៅក្នុងដី ដែលអាចជំរុញឲ្យកើតនូវជំងឺមួយចំនួនដូចជា៖

  • Fusarium wilt៖ជាជំងឺផ្សិតម្យ៉ាងដែលរស់នៅក្នុងដីហើយរុក្ខជាតិដែលឆ្លងមេរោគជាធម្មតាក្រិន, ស្លឹករបស់វាប្រែពណ៌បៃតងស្លេកទៅជាពណ៌លឿងមាស ហើយក្រោយមករលួយ ក្រៀមស្វិត ងាប់ និងជ្រុះស្លឹកឡើងជាលំដាប់ពីគល់ដើម។ ស្នាមខ្មៅកើតឡើងនៅក្នុងជាលិកាសរសៃ សុីឡែម នៃឫស និងដើម ហើយឫសអាចរលួយរីឯសំណាបដែលឆ្លងមេរោគផ្សិតអាចបណ្ដាលឲ្យវាងាប់។
  • Phytophthora root rot៖ ជាជំងឺផ្សិតរស់នៅក្នុងដីដែលមានរូបរាងជាsporesហើយវាវិវត្តិខ្លួននៅពេលដែលស្ថិតក្នុងលក្ខខណ្ឌសមស្របមួយ។ ជំងឺនេះបំផ្លាញដល់ឫសដំណាំ និងធ្វើឲ្យស្លឹកពីពណ៌បៃតងប្រែទៅលឿង និងជ្រុះស្លឹកនៅពេលដែលរងការបំផ្លាញខ្លាំង។
  • Pythium root rot៖ជាជំងឺផ្សិតដែលរស់នៅក្នុងដីហើយវាកើតឡើងនៅពេលដែលដីប្រៃខ្លាំងឬមានផ្ទុកអាសូតលើសលុបពេក។

ដីពុលផូស្វ័រ

ផូស្វ័រមានសារសំខាន់ណាស់សម្រាប់រុក្ខជាតិដែលទាក់ទងទៅនឹងការចេញផ្កា និងផ្លែនៃរុក្ខជាតិ។ ចំណែកឯការប្រើប្រាស់ជីដែលមានផ្ទុកផូស្វ័រច្រើនពេកអាចនាំអោយមានការប្រមូលផ្តុំផូស្វ័រនៅក្នុងដី ដែលបណ្តាលឱ្យមានការពុលផូស្វ័រ។ ហើយវាជះឥទ្ធិពលអវិជ្ជមានដល់តុល្យភាពអតិសុខុមប្រាណនៅក្នុងដី និងនាំឱ្យមានការថយចុះនៃអតិសុខុមប្រាណដែលមានប្រយោជន៍ មិនត្រឹមតែប៉ុណ្ណោះនោះទេវាក៏អាចបង្កើនហានិភ័យនៃជំងឺដូចជាការរលួយឬសជាដើម។ ម្យ៉ាងទៀតវាបានធ្វើឲ្យអតុល្យភាព pH ដី ព្រោះកម្រិតខ្ពស់នៃផូស្វ័រអាចផ្លាស់ប្តូរ pH របស់ដី ធ្វើឱ្យវាកាន់តែអាល់កាឡាំង។

ការលើសប៉ូតាស្យូមក្នុងដី

ការប្រើប្រាស់ជីប៉ូតាស្យូមអតុល្យភាពអាចប៉ះពាល់ដល់តុល្យភាពសារធាតុចិញ្ចឹមទាំងមូលនៅក្នុងដី ដែលធ្វើឱ្យរុក្ខជាតិងាយនឹងកើតជំងឺដូចជា Verticillium wilt និងការឆ្លងមេរោគផ្សិតផ្សេងទៀត។ មួយវិញទៀតវាបានបណ្ដាលឲ្យអតុល្យភាពនៃសមាសធាតុសារធាតុចិញ្ចឹមរបស់ដី ដែលនាំឱ្យខ្វះសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដូចជា កាល់ស្យូម ម៉ាញេស្យូម និងមីក្រូសារជាតិដូចជាជាតិដែក និងស័ង្កសី។ ហើយវាបានជះឥទ្ធិពលទៅដល់ការលូតលាស់របស់រុក្ខជាតិ និងជាកត្តារួមចំណែកក្នុងការធ្វើឲ្យដីប្រៃផងដែរ។

#ចំណាំ៖ត្រូវប្រើប្រាស់ជីទៅតាមគោលការណ៍ណែនាំរបស់អ្នកជំនាញកសិកម្ម និងត្រួតពិនិត្យដីមុនពេលប្រើប្រាស់ជី។

ឯកសារយោង

Writer