ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសដាំដំណាំត្រឡាច

ត្រឡាចគឺជាដំណាំបន្លែមួយប្រភេទដែលគេ មានការពេញនិយមដាំដុះ វាអាចវាលើដីក៏បានឡើងលើទ្រើងក៏បាន។  ត្រឡាចអាចយកទៅធ្វើម្ហូបបានច្រើនដូចជា ឆា ស្ងោរ ស្លរ ស៊ុបនិងឆាផងដែរ មិនតែប៉ុណ្ណោះ គេអាចយកត្រឡាចធ្វើជា ដំណាប់ និងភេសជ្ជៈទៀតផង។អ្វីកាន់តែពិសេសត្រឡាចផ្ដល់នូវគុណសម្បត្តិជាច្រើនដូចជា

  • ផ្ដល់នូវសារធាតុចិញ្ចឹម
  • ជួយដល់ការរំលាយអាហារ
  • អាចបង្ការដំបៅ (ដំបៅក្រពះ)
  • កាត់បន្ថយការរលាក
  • ការពារជំងឺទឹកនោមផ្អែមប្រភេទ២
  • ប្រឆាំងបាក់តេរី ឬមេរោគផ្សេងៗ

បច្ចេកទេសដាំដុះ

ការរៀបចំដី

  • សម្អាតដីចម្ការនិងរើសស្មៅចេញអោយអស់
  • ភ្ជូររាស់ដីអោយបានម៉ដ្ឋល្អ ហើយហាលអោយបានពី ១០ទៅ ១៥ថ្ងៃ
  • ភ្ជួរដី ជម្រៅ១៥ទៅ២០សង់ទីម៉ែត្រ

ការលើករងដាំ

  • ទទឹងរង ១ម៉ែត្រ និងបណ្ដាយទៅតាមលទ្ធភាពដីតែមិនគួរអោយលើសពី ១៥ម៉ែត្រឡើយ
  • កម្ពស់ នៅរដូវប្រាំង ២០ទៅ៣០សង់ទីម៉ែត្រ និងរដូវប្រាំងពី៣០ទៅ៥០សង់ទីម៉ែត្រ
  • ដាក់ជីទ្រាប់បាត ដាក់លាមកសត្វស្ងួតឬ ជីកំប៉ុស្ដិ៍ក្នុងបរិមាណ១ទៅ២គីឡូក្រាមក្នុងផ្ទៃដីរង ១ម៉ែត្រការ៉េ កប់ទ្រាប់បាតរងដោយច្របល់វាអោយសព្វល្អជាដីរង។

ការលាយល្បាយដីសម្រាប់បណ្ដុះកូនត្រឡាច

  • យកដីចំនួន២ភាគលាយជាមួយជីលាមកគោចំនួន១ភាគ ផេះអង្កាមពី៤ទៅ៦ភាគឬអាចលាយជាមួយមម៉ោគឬ ស្រកីដូងចិញ្រ្ចាំអោយល្អិតចំនួន១ភាគ ។(ផេះអង្កាមត្រូវដាក់ត្រាំទឹករយៈពេលពី៣ទៅ៤យប់)។
  • យកល្បាយដែលមានលាយច្របល់ហើយយកទៅលើងរហូតក្ដៅសព្វទាំងអស់។

ការបណ្ដុះគ្រាប់

  • ផ្អាប់គ្រាប់ចំនួនពីយប់ទើបយកទៅបណ្ដុះក្នុងកន្ទោង
  • យកគ្រាប់ដាក់ពង្រាយក្នុងក្រណាត់ស្បៃជក់ទឹក រុំគ្រាប់នេះអោយហប់ល្អ
  • ស្រោចទឹកជារៀងរាល់ថ្ងៃដើម្បីអោយក្រណាត់ស្បៃសើមរហូត
  • ជ្រើសរើសយកគ្រាប់បែកមាត់ចាប ដាក់១គ្រាប់មិនជ្រៅពេកឬ រាក់ពេកធ្វើអោយគ្រាប់ដុះមិនបានល្អ
  • យកកន្ទោងឬ ថាសបណ្ដុះដែលដាក់គ្រាប់ហើយ ដាក់ក្នុងរោងបណ្ដុះអោយបានត្រឹមត្រូវ
  • ស្រោចទឹករៀងរាល់ថ្ងៃពេលព្រឹក ឬ ល្ងាចអោយជោគ បើដីស្ងួតវាធ្វើអោយគ្រាប់ដុះមិនល្អ

ការដាំកូនត្រឡាច

ដើម្បីជៀងវាងកូនអន់ (សន្លប់) នៅពេលដាំ គេត្រូវបន្ថយការស្រោចទឹកនិងដាក់កូនត្រឡាចនិងដាក់អោយត្រូវពន្លឺថ្ងៃរយៈពេល ពី២ទៅ៣ថ្ងៃ ដើម្បីពង្រឹងកូន។

  • បញ្ជូលទឹកតាមចន្លោះរង (សម្រាប់រងដាំគ្របប្លាស្ទិក) ឬ ស្រោចទឹកលើរងដែលគ្របដោយចំបើង។ ដាក់ជីគីមីតាមរណ្ដៅ (មុនដាំពី៣ទៅ៥ថ្ងៃ)ដោយបុកលាយជាមួយដីអោយសព្វ កណ្ដាលរណ្ដៅ មុននឹងដាំកូន
  • កប់ជីជម្រៅពី៨ទៅ១០សង់ទីម៉ែត្រ ទុករយៈពេលពី៦ទៅ៧ថ្ងៃដោយស្រោច(បញ្ជូល)ទឹកយ៉ាងតិចពី៥ទៅ៦ដងមុនពេលដាំកូន។ ត្រូវដាំកូនត្រឡាចនៅពេលល្ងាច មេឃត្រជាក់ល្អ។
  • ដាំកូនត្រឡាចត្រឹមដីបណ្ដុះ(ដីកំណើត) ហាមដាំកូនត្រឡាចកប់លិចដើម(លិចដីបណ្ដុះ) ពីព្រោះវាអាចធ្វើអោយដីរបស់កូនត្រឡាចរលួយបាន។

ការថែទាំ

ការដាក់ជី

ពូជត្រឡាចកូនកាត់(អ៊ីប្រ៊ីត) យើងត្រូវដាក់ជីនិងស្រោចទឹកអោយទៀងទាត់ ទើបផ្ដល់ផ្លែបានច្រើន។ពេលវេលា និងបរិមាណជីត្រូវដាក់អាស្រ័យទៅតាមប្រភេទដី។ ចំពោះដីល្បាយច្រើនជាខ្សាច់ត្រូវដាក់ជីរៀងរាល់៧ថ្ងៃម្ដង ។បើដីខ្សាច់ច្រើនត្រូវដាក់ជីពី៥ទៅ៧ថ្ងៃម្ដង។បរិមាណជីត្រូវដាក់លើដីខ្សាច់តិចជាងដីល្បាយខ្សាច់ចំនួន២ភាគឬ៣ភាគឬពាក់កណ្ដាល។

ពេលវេលាប្រភេទនិងបរិមាណកន្លែងដាក់ជី
ទ្រាប់បាតមុនពេលដាំ១៥ថ្ងៃជីសរីរាង្គ (លាមកសត្វដែលពុកផុយ ឬ កំប៉ុស្ដិ៍)ចំនួនពី១ទៅ២គីឡូក្រាមក្នុង១ម៉ែត្រការ៉េកប់ជីកណ្ដាលរង(ពេលរៀបចំរងដាក់គម្របរង)
ទ្រាប់បាត(មុនដាំកូនពី៣ទៅ៥ថ្ងៃជីប្រភេទ២០-២០-១៥ឬ១៥-១៥-១៥ចំនួន៥ក្រាម(ប្រហែលកន្លះស្លាបព្រាបាយ)ក្នុងមួយរណ្ដៅដាក់កណ្ដាករងកប់ច្របល់ជាមួយដីរួចស្រោចទឹករងអោយជោគឬដាក់កណ្ដាលរណ្ដៅជម្រៅពី៥ទៅ១០cm
ក្រោយដាំកូនបាន៧ថ្ងៃជីអ៊ុយរ៉េ ៤៦-០-០ចំនួន១.៥ក្រាមកប់ជីចំងាយពីគុល៨ទៅ១៥cm(១ដើម២រន្ធ)
ក្រោយដាំកូនបាន១៥ថ្ងៃជីប្រភេទ២០-២០-១៥ឬ១៥-១៥-១៥ចំនួន៥ក្រាមក្នុងមួយគុម្ភកប់ជីចំងាយពីគុល១៥cm
ក្រោយដាំកូនបាន២៥ថ្ងៃជីប្រភេទ២០-២០-១៥ឬ១៥-១៥-១៥ចំនួន៥ក្រាមក្នុងមួយគុម្ភកប់ជីចំងាយពីគុល៨ទៅ២៥cm(១ដើម២រន្ធ)
ក្រោយដាំកូនបាន៣៥ថ្ងៃជី០-០-៦០ចំនួន៥ក្រាមក្នុង១ដើមជី ១៦-២០-០ចំនួន៥ក្រាមក្នុងគុម្ភកប់ជីចំងាយពីគុល៨ទៅ១៥cm(១ដើម១រន្ធ)
ក្រោយដាំកូនបាន៤៥ថ្ងៃជីប្រភេទ២០-២០-១៥ ចំនួន៥ក្រាមក្នុងមួយគុម្ភ១៦-២០-០ចំនួន៥ក្រាមក្នុងគុម្ភកប់ជីចំងាយពីគុល៨ទៅ១៥cm(១ដើម១រន្ធ)
ក្រោយដាំកូនបាន៥៥ថ្ងៃជី០-០-៦០ចំនួន៥ក្រាមក្នុង១ដើម និងជីប្រភេទ២០-២០-១៥ ចំនួន៥ក្រាមក្នុងមួយគុម្ភកប់ជីចំងាយពីគុល៨ទៅ១៥cm(១ដើម១រន្ធ)
ក្រោយដាំកូនបាន៦៥ថ្ងៃជីប្រភេទ២០-២០-១៥ ចំនួន៥ក្រាមក្នុងមួយគុម្ភ១៦-២០-០ចំនួន៥ក្រាមក្នុងគុម្ភកប់ជីចំងាយពីគុល៨ទៅ១៥cm(១ដើម១រន្ធ)

របៀបដាក់ជី

ដាក់ជីដើម្បីអោយដំណាំស្រូបយកបានច្រើន គឺដាក់ជីហើយត្រូវស្រោចទឹកដោយបញ្ជូលទឹកតាមរងភ្លាម។

  • ការដាក់ជីទ្រាប់បាត៖ ដាក់តាមពោះរងហើយច្របល់ជាមួយដីឬ ដាក់តាមរណ្ដៅនិមួយៗទើបច្របល់ដីក្នុងរណ្ដៅអោយសព្វ
  • ការដាក់ជីបំប៉ន៖ កប់ជីក្នុងរន្ធចោះពីរ សងខាងរណ្ដៅដាំកូន (ចំងាយពីគល់ពី៨ទៅ ២៥សង់ទីម៉ែត្រ តាមអាយុដំណាំ)។

ការតាក់តែងមែក

បន្ទាប់ពីដាំត្រឡាចហើយបានរយៈពេលពី ២០ទៅ២៥ថ្ងៃមកយើងអាចចាប់ផ្ដើមកាត់ខ្នែងបែកចេញពីដើមមេ។ចំពោះស្លឹកក្នុងថ្នាំងទី១ដល់៨ត្រូវទុកតែមួយប៉ុណ្ណោះ(គ្មានខ្នែង)។ចាប់ពីស្លឹកទី៩ទៅទើបយើងអាចទុកបានតាមដែលវាចេញនិងលូតលាស់។

ជំងឺនិងសត្វល្អិត

ជំងឺទុំលឿងស្លឹក

ជំងឺនេះវាកើតមានលើស្លឹក យើងអាចសង្កេតឃើញមានចំណុចអុចៗពណ៍លឿង រាងជ្រុងៗហើយដុំពណ៍នេះប្រែជាពណ៍ត្នោត នៅពីក្រោមផ្ទៃស្លឹកមានដុំជាំស្លឹករាងជ្រងៗ។

វិធានការបង្ការទប់ស្កាត់ជំងឺទុំលឿងស្លឹក

  • ពង្រីកចន្លោះជួរ (៤-៥ម៉ែត្រ)និងចំងាយគុម្ព(១.៥-២ម៉ែត្រ)ដាំត្រឡាច ដើម្បីអោយទូលាយត្រឡាចលូតលាស់បានរឹងមាំល្អ ស្រឡះមានខ្យល់ចេញចូល និងងាយឆាប់ស្ងួតស្លឹកបន្ទាប់ពីភ្លៀងនិងងាយបាញ់ថ្នាំបានសព្វល្អ។
  • កម្ចាត់ស្មៅចង្រៃនិងដំណាំគ្មានប្រយោជន៍ចេញ
  • បេះស្លឹក ដែលទើបចាប់មានរោគសញ្ញាជម្ងឺចេញពីចំការ
  • ក្នុងតំបន់មានសំណើមខ្លាំងត្រូវបាញ់ការពារដោយប្រើថ្នាំ មេតាឡាកស៊ីល (Metalaxyl) ឬ ហ្វូសេទីល-អាល់មីញូម(Fosetyl-AI) ។

ដង្កូវស៊ីញ៉េ

ដង្កូវស៊ីញ៉េជាប្រភេទដង្កូវម៉្យាងដែលស៊ីបំផ្លាញកោសិកាស្លឹកហើយជាមូលហេតុ ធ្វើអោយរុក្ខជាតិមិនអាចធ្វើរស្មីសំយោគបាន។

វិធានការការពារ

  • ត្រូវកាត់ស្លឹកដែលរងការបំផ្លាញចេញដោយដាក់ក្នុងថង់ប្លាស្ទិចរួចយកទៅកប់ឬដុតចោល
  • ប្រើថ្នាំពុលកសិកម្ម
  • អាបាមិចទីន(Abamectin)
  • ដាយណូតឺហ្វុយរ៉ាន់(Dinotefuran)
  • ក្លរ៉ានត្រានីលីប្រុល(Chlorantraniliprole)

ទ្រីប

ទ្រីបជាមូលហេតុដែលធ្វើអោយត្រួយដំណាំឈប់លូតលាស់។

វិធានការការពារ

  • ត្រូវបាញ់ទឹកស្រោចអោយចំត្រួយដំណាំ(បើមានលទ្ធភាព១ថ្ងៃ២ដង)
  • បន្ថយការប្រើប្រាស់ជី អ៊ុយរ៉េ(៤៦-0-0)
  • ប្រើថ្នាំពុលកសិកម្ម
  • អាបាមិចទីន(Abamectin)
  • ដាយណូតឺហ្វុយរ៉ាន់(Dinotefuran)
  • ដាយណូតឺហ្វុយរ៉ាន់(Dinotefuran)
  • អ៊ីមីដាក្លភ្រីដ(Imidacloprid)
  • ហ្វីប្រូនីល(Fipronil)

ការប្រមូលផល

  • បេះផ្លែត្រឡាចនៅពេលព្រឹក ដោយកាត់ទងផ្លែត្រឡាចនឹងកន្ទ្រៃ
  • ជ្រើសរើសនិងធ្វើចំណាត់ថ្នាក់ផ្លែត្រឡាជាលេខមួយ លេខពីរ លេខបី។
  • វេចខ្ចប់ត្រឡាចនៅក្នុងថង់ដែលមានលក្ខណទន់ស្វិតនិងមានចោះរន្ធដើម្បីអោយមានខ្យល់ចេញចូល។
  • ច្រកផ្លែត្រឡាចក្នុងបរិមាណសមស្រប ។ មិនត្រូវច្រកច្រើនហួសកំណត់ដែលធ្វើអោយផ្លែត្រឡាចសង្កត់លើគ្នាបណ្ដាលអោយខូចគុណភាព។

ឯកសារយោង