ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

តើលាមកសត្វណាល្អជាងគេសម្រាប់ដំណាំ?

លាមកសត្វគឺជាជីសរីរាង្គដ៏ល្អសម្រាប់រុក្ខជាតិស្រូបយកដើម្បីលូតលាស់ ម្យ៉ាងទៀតវាបានជួយឲ្យដីធូរ និងធ្វើឲ្យសត្វនៅក្នុងដីងាយស្រួលក្នុងការរស់នៅផងដែរ។ នៅក្នុងលាមកសត្វមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនទៅតាមប្រភេទនៃសត្វ ខាងក្រោមនេះគឺជាប្រភេទនៃលាមកសត្វនីមួយៗដែលសាកសមសម្រាប់ដំណាំផ្សេងៗគ្នា៖

លាមកមាន់

លាមកមាន់ជាលាមកមួយដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនសម្រាប់ដំណាំយកស្លឹក(ស្ពៃ ល្ពៅ…)ព្រោះវាសម្បូរទៅដោយអាសូតច្រើនជាងលាមកដទៃទៀត។ នៅក្នុងលាមកមាន់មានផ្ទុកនូវNPKដូចជា៖

  • លាមកស្រស់៖ មានអាសូត០.៥-០.៩%, ផូស្វ័រ ០.៤-០.៥% និងប៉ូតាស្យូម ១.២-១.៧%។
  • លាមកស្ងួត៖ មានអាសូត ៤.៥៥-៥.៤៦%, ផូស្វ័រ២.៤៦-២.៨២% និង ប៉ូតាស្យូម ២.០២-២.៣២%។ ម្យ៉ាងទៀតវាក៏មានផ្ទុកនូវ កាល់ស្យូម ៤.៥២-៨.១៥%, ម៉ាញ៉េស្យូម០.៥២-០.៧៣% និងពពួកមីក្រូធាតុដទៃទៀតដូចជា Cu, FeនិងMnជាដើម។

លាមកជ្រូក

នៅក្នុងលាមកជ្រូកមានផ្ទុកនូវអាសូតជំនួយដល់ស្លឹក ផូស្វ័រជំនួយដល់ផ្កា&ផ្លែ និងប៉ូតាស្យូមជំនួយដល់មើមនិងឫស ជាច្រើនហើយវាសាកសមសម្រាប់ដំណាំដូចជា រុក្ខជាតិយកផ្លែ(ប៉េងប៉ោះ, ម្ទេស ត្រសក់ ពោត….), រុក្ខជាតិស្លឹក, ឈើហូបផ្លែ និងរុក្ខជាតិលម្អ។ ខាងក្រោមនេះជាភាគរយផ្ទុកNPKនៃលាមកជ្រូករួមមាន៖

  • លាមកស្រស់៖ មានអាសូត ០.៥-០.៧%, ផូស្វ័រ ០.៣-០.៥% និងប៉ូតាស្យូម ០.៣-០.៥%។
  • លាមកស្ងួត៖ មានអាសូត ១.៥%, ផូស្វ័រ ១.៣% និងប៉ូតាស្យូម ១.០%។

លាមកគោ

វាជាលាមកដែលងាយស្រួលរកជាងលាមកទាំងពីរខាងលើ ប៉ុន្តែនាពេលបច្ចុប្បន្ននេះកសិករមិនសូវមានការចិញ្ចឹមគោច្រើនដូចកាលពីមុនឡើយព្រោះនៅជំនាន់មុន កសិករតែងប្រើប្រាស់គោដើម្បីជាជំនួយក្នុងការភ្ជួររាស់ស្រែ ហើយបច្ចុប្បន្ននេះគេប្ដូរមកប្រើប្រាស់គ្រឿងយន្តជំនួសវិញ។ ប៉ុន្តែនៅក្នុងលាមកគោបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះដំណាំបន្ទាប់ពីលាមកមាន់។ ហើយវាសាកសមសម្រាប់ផ្កា, សណ្ដែក, ដំណាំយកមើមឬដំឡូង និងស្ពៃ(ស្ពៃក្ដោប ខាត់ណា)។

  • លាមកស្រស់៖ មានអាសូត ០.៥-០.៩%, ផូស្វ័រ ០.២-០.៥% និង ប៉ូតាស្យូម ០.៥-០.៩%។
  • លាមកស្ងួត៖ មានអាសូត ៣-៤%, ផូស្វ័រ២-៣% និងប៉ូតាស្យូម ២-៣%។

លាមកចៀម

នៅក្នុងលាមកចៀមមានផ្ទុកនូវ អាសូត និងប៉ូតាស្យូមច្រើនជាងគេ ហើយវាល្អបំផុតសម្រាប់ដំណាំ បន្លែយកផ្លែ, បន្លែស្លឹក, ផ្កា និងរុក្ខជាតិលម្អ។

  • លាមកស្រស់៖ មានអាសូត០.៧-១.៧%, ផូស្វ័រ ០.៣-០.៩% និងប៉ូតាស្យូម ០.៤-១.២%។
  • លាមកស្ងួត៖ មានអាសូត៣-៤%, ផូស្វ័រ ២-៣% និង ប៉ូតាស្យូម ២-៣%។

#ចំណាំ៖ លាមកទាំងអស់ដើម្បីឲ្យប្រើប្រាស់កាន់តែមានប្រសិទ្ធិភាពចំពោះដំណាំគេត្រូវយកវាទៅធ្វើជាកំប៉ុស្តិ៍ស្ងួតជាមុនសិន។

ឯកសារយោង

Writer