ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសដាំខាត់ណាផ្កា

ខាត់ណាផ្កា គឺជាដំណាំមួយនៅក្នុងចំណោមបន្លែជាច្រើននៅក្នុងប្រភេទ Brassica oleracea នៅក្នុង genus Brassica ដែលស្ថិតនៅក្នុងគ្រួសារ Brassicaceae ។ បន្លែនេះក៏ពេញនិយមខ្លាំងផងដែរក្នុងការយកទៅធ្វើម្ហូប ព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយដល់រាងកាយនិងសុខភាព។

ការរៀបចំដី

  • ភ្ជួរដីជម្រៅ ២តឹកទៅ៣តឹក (២០សង់ទីម៉ែត្រ ទៅ ៣០សង់ទីម៉ែត្រ)
  • ភ្ជួររាស់ដីអោយបានម៉តល្អ ហើយហាលពី ១០ទៅ១៥ថ្ងៃមុនដាំ

ការលើករង

ត្រូវចាប់ផ្ដើមលើករងដាំកូនខាត់ណាផ្កាអោយបានរួចរាល់មុនកូនខាត់ណាផ្កាគ្រប់អាយុយកទៅដាំ។របៀបធ្វើរងដូចខាងក្រោម៖

  • ទទឹងរង១ម៉ែត្រ និងបណ្ដោយរងធ្វើតាមលទ្ធភាពតែមិនគួរលើសពី២៥ម៉ែត្រការ៉េ ។ការលើកវែងពេកពិបាកដើរចេញចូលស្រោចទឹក ធ្វើស្មៅ ដាក់ជី និងប្រមូលផល
  • លើករងនៅរដូវវស្សាត្រូវមានកម្ពស់ពី ៣តឹកទៅ៥តឹក(៣០សង់ទីម៉ែត្រ ទៅ ៥០សង់ទីម៉ែត្រ)
  • ពីគុម្ពមួយទៅគុម្ពមានប្រវែង ៥០សង់ទីម៉ែត្រ
  • ពីជួរមួយទៅជួរមួយមានប្រវែង៥០សង់ទីម៉ែត្រ

ជីទ្រាប់បាត

ច្របល់ជីលាមកសត្វពុកផុយឬ ជីកំប៉ុស្ដ១-២គីឡូក្រាមជាមួយជី អិន ប៉េ កា (២០:២០:១៥)ចំនួន១០ក្រាម សម្រាប់ខាត់ណាផ្កា ១ដើម ឬ ជី ២០:២០:១៥ចំនួន៦៣គីឡូក្រាមសម្រាប់ដី៥០០ម។ជៀសវាងដាក់ជីលាមកសត្វមិនទាន់ពុកផុយពីព្រោះវាបង្កអោយកូនបន្លែរលួយ។

ការគ្របចំបើង

  • ស្រោចទឹកលើរងអោយជោគដល់ដីខាងក្នុងរង មុនគ្របប្លាស្ទីកឬ ចំបើង
  • គ្របចំបើងកម្រាស់ពី ០៦តឹកទៅ១តឹក រងគ្របចំបើងត្រៀមដាំកូនខាង់ណាផ្កា(៦សង់ទីម៉ែត្រ ទៅ ១០សង់ទីម៉ែត្រ)

អត្ថប្រយោជន៍គ្របរងដោយប្លាស្ទីកនិងចំបើង

  • កាត់បន្ថយជាំទឹកដំណាំ
  • កាត់បន្ថយការហូច្រោះដីរងដំណាំ
  • ដីរងមិនហាប់(ដីនៅធូរ)ធ្វើអោយងាយចាក់ឬសបានស្រួល
  • កាត់បន្ថយការបាត់បង់ដី
  • កាត់បន្ថយការដុះស្មៅ

ការដាំកូនខាត់ណា

កូនខាត់ណាផ្កាមានអាយុ ១៦ -២២ថ្ងៃ (មានស្លឹកបី)យើងយកវាទៅដាំបានបើសិនជាយើងដាំកូនខាត់ណាផ្កាមានអាយុចាស់ជាងនេះយើងនឹងខាតផលប្រយោជន៍ដូចជា៖

  • កូនខាត់ណាផ្កាខ្សោយ(ដើមស្គម)
  • មានផ្កាតូចៗ
  • កាត់បន្ថយទិន្នផល

របៀបដាំកូនបន្លែ

  • យកម្រាមដៃ ច្របាច់បាតថាស ឬរុញដីក្នុងរន្ធនៅបាតថាស ឡើងដៃម្ខាងទៀតទាញគល់កូនខាត់ណាផ្កាឡើង។
  • ដាំកូនខាត់ណាផ្កាត្រឹមដីកំណើតនោះជួយអោយដូនដុះបានល្អ
  • ប្រសិនបើកប់កូនខាត់ណាផ្កាក្នុងរណ្ដៅជ្រៅលិចបាត់ដីកំណើតនោះ កូនខាត់ណាផ្កានឹងលូតលាស់យឺត ឬ ងាយងាប់

ការដាក់ជី

បរិមាណនិងពេលវេលាដាក់ជី សម្រាប់ដំណាំខាត់ណាផ្កា

ចំនួនថ្ងៃ បន្ទាប់ពីដាំប្រភេទជីចំនួនជីត្រូវដាក់/ដើមទីតាំងដាក់ចម្ងាយពីគុល
ទ្រាប់បាត២០:២០:១៥៣gពង្រាយលើរង
១០ថ្ងៃ៤៦:០:០២.៥g១០cm
២០ថ្ងៃ២០:២០:១៥៧.៥g២៥cm
៣០ថ្ងៃ៤៦:០:០៥g២៥cm
២០:២០:១៥៣.៥g២៥cm

របៀបដាក់៖យើងត្រូវយកឈើមកបុកជារណ្ដៅពីលើរងគ្របចំបើង និងប្លាស្ទីកជម្រៅប្រមាណជា ៥សង់ទីម៉ែត្រ នៅសងខាងរណ្ដៅខាត់ណាផ្កានីមួយៗសម្រាប់ដាក់ជី។

ការស្រោចស្រព

  • បន្ទាប់ពីថ្ងៃបានដាំកូនរហូតដល់ដាំបាន២អាទិត្យត្រូវស្រោចទឹកកូនខាត់ណាផ្កាជារៀងរាល់ថ្ងៃដើម្បីអោយកូនខាត់ណាផ្កាទើបដដាំអាចដុះឬសបានឆាប់រហ័ស
  • ត្រូវបញ្ជូលទឹកតាមចន្លោះរងអោយជោគនៅពេលព្រឹកទើបអាចជ្រាបចូលទៅក្នុងរងដែលបានគ្របប្លាស្ទីក
  • បើសិនជាពិនិត្យនៅក្បែរគុលខាត់ណាផ្កាឃើញដីសើមខ្លាំងពេកគួរកាត់បន្ថយស្រោចទឹក តែបើសិនដីនោះស្ងួត រហូតដល់មិនអាចលុញជាគ្រាប់ឃ្លីបានយើងត្រូវប្រញាប់បញ្ជួលទឹកភ្លាម
  • ការខកខានស្រោចទឹក ជាកត្តាមួយធ្វើអោយដើមក្រិន ផ្កាមិនរីកលូតលាស់បានរលោងល្អ
  • ជៀសវាងស្រោចទឹកនៅពេលល្ងាច ពីព្រោះទឹកទាំងនោះ ដំណាំមិនអាចស្រូបយកទៅប្រើប្រាស់ពេលយប់ទេ ដូច្នោះទឹកនិងនោសល់ក្នុងរង អាចបង្កបញ្ហាដល់ឬសដំណាំពីមួយថ្ងៃទៅមួយថ្ងៃ ហើយឬសបន្លែនិរលួយ ដោយសារតែទឹកនៅក្នុងដីច្រើនពេក។

ជំងឺនិងសត្វល្អិត

១. ជំងឺ Downy Mildew ជាជំងឺផ្សិតដែលឆ្លង ពីរចម្ការមួយទៅចម្ការមួយទៀត និងពីដើមខាត់ណាមួយ ទៅដើមខាត់ណាមួយទៀតដោយសារខ្យល់ មិនដំណក់ទឹកដែលខ្ទាតនៅពេលស្រោចទឹក ឬ ពេលភ្លៀង។ ស្លឹកចាប់ផ្ដើមមានពណ៍ត្នោតព្រលែង និងវិវត្តន៍ជាពណ៍ប្រផេះ ។ ជំងឺនេះធ្វើអោយដើមក្រិន និងកាត់បន្ថយទិន្នផល។

វិធីការពារ

  • ដាំចន្លោះគុម្ពរង្វើល និងកម្ចាត់ស្មៅចេញពីចម្ការ
  • ដាំដំណាំឆ្លាស់ខុសពីដំណាំខាត់ណាផ្កានិងដំណាំស្ពៃក្ដោប
  • បាញ់ថ្នាំផ្សិតសម្រាប់ការពារជំងឺនេះរៀងរាល់ ៧ទៅ ១០ថ្ងៃម្ដងដើម្បីកុំអោយស្ព័រដែលមាននៅលើស្លឹក និងផ្កាដុះបានមានដូចជាថ្នាំម៉ង់កូសែប(Mancozasb)។

វិធីកម្ចាត់

  • កាត់ស្លឹកដែលមានជំងឺយកទៅកប់ចោល
  • ជ្រើសរើសថ្នាំកម្ចាត់ជំងឺផ្សិតណាមួយលាយជាមួយទឹកស្អិតហើយបាញ់នៅពេលត្រជាក់ដូចជា ថ្នាំ copper hydroxide ថ្នាំ Mancozab ថ្នាំ Maneb បាញ់ឆ្លាស់គ្នា។ គួរបាញ់ផ្សិតនៅពីខាងក្រោមនិងលើស្លឹក និងផ្កានៅពេលល្ងាច(ក្រោយម៉ោង៥ល្ងាច)។

២ ជំងឺ Bacterial Soft Rot ជាជំងឺដែលបង្កឡើងដោយបាក់តេរី កសិករអាចប្រទះឃើញផ្កាខាត់ណានៅក្នុងចម្ការរលួយមានធំក្លិនស្អុយ។

វិធីការពារនិងកាត់បន្ថយ

  • ដាំចន្លោះគុម្ពរង្វើល
  • បាញ់ថ្នាំខុបភើ ហ៊ីត្រុកសាយ(Copper Hydroxide) រៀងរាល់៧ទៅ១០ថ្ងៃម្ដងនៅពេលល្ងាច
  • កាត់បន្ថយស្រោចទឹកបន្ទាប់ពីឃើញលេចចេញជំងឺនេះនៅក្នុងចម្ការ
  • កាត់ផ្កាខាត់ណាទាំងឡាយណាដែលមានជំងឺនេះ ចេញពីចម្ការយកទៅកប់ចោល ជៀសវាងទុក ផ្កាដែលមានជំងឺក្នុងចម្ការឬចោលក្នុងទឹកជាហេតុធ្វើអោយបាក់តេរីនោះចម្លងទៅដំណាំក្នុងចម្ការផ្សេងទៀត។

៣ ដង្កូវហ្វូង និងដង្កូវយោលទោង ពពួកដង្កូវទាំងពីប្រភេទនេះចូលស៊ីបំផ្លាញដំណាំ ពពួកស្ពៃក្ដោបក៏ដូចជាខាត់ណាផ្កាដែរ។មេអំបៅបានពងដាក់ស្លឹកខាត់ណាផ្កា រួចវាបានញាស់ជាកូនដង្កូវតូចៗ ស៊ីបំផ្លាញស្លឹកខាត់ណាផ្កាវាស៊ីនៅពេលយប់ហើយលាក់ខ្លួននៅក្រោមដីនៅពេលថ្ងៃ។

វិធីការពារ

  • ភ្ជួររាស់ហាលដីអោយបានច្រើនសារ
  • ថ្នាលបណ្ដុះកូនខាត់ណាផ្កាត្រូវគ្របសំណាញ់ការពារល្អិត
  • កុំដាំប្រភេទបន្លែដដែលៗលើដីតែមួយ
  • កម្ចាត់ស្មៅចង្រៃ និង ប្រមូលកាកសំណល់ផ្សេងៗចេញពីចម្ការ

វិធីកម្ចាត់

  • ឧស្សាហ៍ពិនិត្យរកមើលសំបុកពងដង្កូវ ឬកូនដង្កូវនៅពីក្រោមស្លឹកហើយញេចចោល
  • ជ្រើសរើសថ្នាំកម្ចាត់ដង្កូវណាមួយលាយ និងទឹកស្អិតបាញ់នៅពេលត្រជាក់ដូចជា ៖ ថ្នាំអង់ត្រានីលិកឌីយ៉ាមីដ ថ្នាំក្លរភីរីហ្វូស ឬ ថ្នាំសាយភើមេទ្រីន ដោយបាញ់ឆ្លាស់គ្នា គួរបាញ់នៅពេលណាមានមេអំបៅហើរក្នុង ចម្ការ ឬសង្កេតឃើញមានកូនដង្កូវទើបញាស់ ទើបមានប្រសិទ្ធិភាពខ្ពស់ជាងការបាញ់សម្លាប់ដង្កូវពេញវ័យ។

ការប្រមូលផល

  • គួរកាត់ខាត់ណាផ្កានៅពេលព្រឹកជួយរក្សារសជាតិ និងទម្ងន់របស់ខាត់ណាផ្កា
  • ត្រូវកាត់ផ្កាទុកស្លឹក២ទៅ៣ស្លឹកអមផ្កា អាចការពារគុណភាពផ្កានៅពេលវិចខ្ចប់និងពេលដឹកជញ្ជូន
  • ថង់ច្រកឬសម្ភារៈផ្សេងទៀតប្រើប្រាស់នៅពេលវិចខ្ចប់ត្រូវមានសម្រាប់អោយខ្យល់ចេញចូលកុំអោយផ្កាស្លោក។

ឯកសារយោង