នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះទស្សនកិច្ចត្រួតពិនិត្យសកម្មភាពការងារនិងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីនិងបុគ្គលិកនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI)រួច ឯកឧត្តមបានធ្វើការណែនាំដល់អ្នកស្រាវជ្រាវពីពេលនេះទៅរាល់ការស្រាវជ្រាវពូជស្រូវថ្មីត្រូវធ្វើឡើងដោយផ្អែកទៅលើប្រសិទ្ធភាពសេដ្ឋកិច្ចបានន័យថាត្រូវមើលលើពូជណាដែលផ្តល់នូវភាពងាយស្រួលដល់ការដាំដុះនិងមានតម្រូវការនៅលើទីផ្សារដើម្បីផ្តល់នូវនិរន្តភាព។
ឯកឧត្តមបានជំរុញឱ្យវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI)ចាប់ដៃសហការណ៏ជាមួយក្រុមហ៊ុនឯកជន ឆាប់ៗនេះដើម្បីធ្វើការសិក្សាស្រាវជ្រាវរកអ្វីថ្មីៗផ្តល់អត្ថប្រយោជន៍ដល់កសិករដូចជា៖ ស្រាវជ្រាវពូជស្រូវថ្មីដែលងាយស្រួលដល់ការដាំដុះ មានភាពធន់នឹងអាកាសធាតុ ធន់នឹងសត្វល្អិត និងប្រើរយៈពេលក្នុងការដាំដុះខ្លីដើម្បីតាមទាន់នូវតម្រូវការទីផ្សារ។ ប្រសិទ្ធភាពសេដ្ឋកិច្ចនេះនិងផ្លាស់ប្តូរជីវភាពដល់បងប្អូនប្រជាកសិករយើងដោយការនាំមកនូវវិធីដាំដុះថ្មីៗ។
ឯកឧត្តមបន្ថែមថានិរន្តភាពចំបងធំបំផុតគឺនិរន្តភាពសេដ្ឋកិច្ចហើយនិរន្តភាពនេះដែរមិនសំដៅតែទៅលើបច្ចេកទេសនោះទេ។ ឧទាហរណ៍ថាបើពូជស្រូវមួយប្រភេទផលិតបានទិន្នផលច្រើនក្នុងមួយហិកតា ប៉ុន្តែវាតម្រូវការប្រើជីច្រើនក្នុងការដាំដុះនោះនាំឱ្យមានការចំណាយច្រើនហើយអាចនិងលក់ចេញបានថោកធ្វើឱ្យកសិករនិងមិនបានកំរៃច្រើនដូចការរំពឹងទុកនោះទេ។
ឯកឧត្តមបានជំរុញឱ្យCARDIផលិតពូជស្រូវឱ្យគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទីផ្សារព្រោះលោកកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះការផលិតពូជសម្រាប់ប្រើប្រាស់ក្នុងស្រុកនូវមានភាពខ្វះខាតច្រើនរួមពេលដែលតម្រូវការទីផ្សារកំពុងកើនឡើងជាបន្តបន្ទាប់។ ដើម្បីពង្រីកសេដ្ឋកិច្ចស្រុកយើងបន្ថែម លោកគ្រោងនឹងពង្រឹងការនាំចេញអង្ករ និងស្រូវទៅទីផ្សារក្រៅស្រុកដូច្នេះហើយCARDIគួរព្យាយាមផលិតពូជស្រូវឱ្យគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការទីផ្សារទាំងក្នុងនិងក្រៅស្រុក។ ជាចុងបព្ចាប់ឯកឧត្តមព្យាយាមលើកទឹកចិត្តឱ្យ CARDI គួរចាប់ផ្ដើមផលិតពូជស្រូវលក់ទៅឱ្យកសិករដោយផ្ទាល់ដើម្បីបានប្រាក់កំរៃខ្លះដោយមិនចាំបាច់ពឹងផ្អែកលើថវិការបស់រដ្ឋដើម្បីប្រកួតប្រជែងជាមួយអ្នកផលិតពូជផ្សេងទៀតក៏ដូចជាសហការជាមួយដៃគូបរទេសក្នុងការនាំចេញពូជស្រូវទៅក្រៅប្រទេសផងដែរ៕