ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសដាំដុះផ្កាម្លិះនៅក្នុងផើង

ផ្កាម្លិះគឺជាផ្កាមួយប្រភេទដែលមានក្លិនក្រអូប និងអាចកែច្នៃទៅជាគ្រឿងក្រអូប តែ ប្រេង និងឱសថ ។ ម្យ៉ាងទៀតនៅប្រទេសកម្ពុជាយើងម្លិះត្រូវបានគេពេញនិយមក្នុងការយកទៅបូជាសការៈថ្វាយព្រះ និងព្រះសង្ឃជាដើម។ ផ្កាប្រភេទនេះមានឈ្មោះជាភាសាអង់គ្លេសហៅថា Jasmine និងស្ថិតនៅក្នុងគ្រួសារ Oleaceae។ ខាងក្រោមនេះគឺជាបច្ចេកទេសមួយចំនួនក្នុងការដាំដុះ និងវិធីសាស្ត្រថែទាំដើមម្លិះ៖

លក្ខខណ្ឌក្សេត្របរិស្ថាន

  • សីតុណ្ហភាព៖ ចន្លោះ ២០-២៥oC ប្រសិនបើសីតុណ្ហភាពខ្ពស់ពេកវានឹងបណ្ដាលឲ្យដើមម្លិះក្រិន និងមិនសូវបញ្ចេញផ្កាបានល្អ។
  • ពន្លឺ៖ វាជារុក្ខជាតិម្យ៉ាងដែលមិនត្រូវការពន្លឺដោយផ្ទាល់ ហើយគេអាចដាំវានៅក្នុងផ្ទះឬក្រោមម្លប់បាន។
  • ទឹក៖ គេអាចស្រោចទឹក ២ដងក្នុងមួយថ្ងៃសម្រាប់រដូវប្រាំង ព្រោះវាត្រូវការទឹកដើម្បីលូតលាស់។
  • ដី៖ គេអាចជ្រើសរើសប្រភេទដីល្បាយខ្សាច់ឬដីដែលបានលាយខ្សាច់នៅក្នុងផើង ហើយបន្ថែមនូវសារធាតុចិញ្ចឹមមួយចំនួនដូចជា សារធាតុសរីរាង្គ ជីកំប៉ុស្តិ៍ឬលាមកសត្វជាដើម។ ម្លិះមិនចូលចិត្តដីណាដែលមានប្រព័ន្ធបង្ហូរទឹកខ្សោយទេវាត្រូវការដីដែលងាយនឹងហូរទឹក ហើយមានអុកសុីសែនគ្រប់គ្រាន់។

ការជ្រើសរើសផើង

ត្រូវរើសផើងណាដែលអាចហូរទឹកបានល្អ និងមិនជាំទឹកពេកនៅពេលស្រោចស្រប់។ ម្យ៉ាងទៀតការជ្រើសរើសផើងក៏ផ្អែកទៅលើបរិមាណដើមដែលត្រូវដាំក្នុងមួយផើងដែរ ប្រសិនបើដាំមួយមែកគេអាចយកផើងណាដែលមានទំហំតូច តែបើដាំចាប់ពីពីរដើមគេត្រូវរើសផើងដែលមានទំហំធំដើម្បីឲ្យវាអាចលូតលាស់បានល្អ។

ការរៀបចំដីសម្រាប់ម្លិះ

ម្លិះជារុក្ខជាតិចូលចិត្តដីដែលមានអាសុីតទាប(pHខ្សោយ)ដូចជាដីខ្សាច់។ គេអាចទិញដីដែលមានលក់នៅលើទីផ្សារស្រាប់ឬលាយដោយខ្លួនឯងដើម្បីកាត់បន្ថយចំណាយដូចជា លាយដីធម្មតាជាមួយដីខ្សាច់ និងអង្កាម ឲ្យស្មើល្បាយ បន្ទាប់មកបន្ថែមនូវជីសរីរាង្គដែលយើងមានស្រាប់។

វិធីសាស្ត្រកាត់មែកម្លិះយកមកដាំ

ត្រូវយកកន្ត្រៃដើម្បីកាត់មែក ជៀសវាងការបែកឬរបកស្បែកមែកម្លិះ បន្ទាប់មកកាត់មែកចាស់ប្រវែង ៣០cm(សង់ទីម៉ែត្រ) រួចយកទៅជ្រលក់ក្នុងថ្នាំបណ្ដុះឫសប្រហែល ២-៣នាទីតាមការណែនាំនៅលើកញ្ចប់ថ្នាំ។ ក្រោយមកគេអាចយកមែកនោះទៅដោតក្នុងផើងជម្រៅ ១០-១៥cm និងធ្វើយ៉ាងណាឲ្យដើមនៅសល់ថ្នាំស្លឹក ២-៣ថ្នាំង។

ការថែទាំ

ផ្តលសំណើមដល់ដីជានិច្ច ដើម្បីអាចដឹងថាដីមានសំណើមឬអត់យើងគ្រាន់តែយកដៃទៅលូកក្នុងដីជម្រៅ ៥cmប្រសិនបើវាមិនមានសំណើមយើងអាចបន្ថែមទឹកដើម្បីឲ្យវាមានសំណើមគ្រប់គ្រាន់។ ចំពោះការដាក់ជីគេអាចដាក់ជីកំប៉ុស្តិ៍ស្ងួត មួយខែម្ដងដោយក្នុងមួយដងដាក់កម្រាស់ ១-២cmពីដីក្នុងផើង រួចស្រោចទឹកដើម្បីឲ្យវាងាយរលាយចូលដី។ រីឯការតែងមែក គេអាចកាត់មែកណាដែលមើលទៅមិនស្អាត ឬមែកណាដែលចាស់ៗចោល ប៉ុន្តែមិនត្រូវកាត់នៅពេលវាកំពុងចេញផ្កាឡើយ។ ប្រសិនបើចង់ឲ្យម្លិះផ្កាកាន់តែច្រើនគេអាចបន្ថែមជី ប៉ូតាស្យូម(KCl) ក្នុងបរិមាណទៅតាមទំហំផើងឬអាចស្មានក្នុងមួយគម្របទឹកសុទ្ធ រួចស្រោចទឹក។ ចំណាំ៖នៅពេលដែលដាក់ជីមិនត្រូវដាក់ឲ្យវានៅជាប់នឹងស្លឹកទេវាអាចធ្វើឲ្យរលាកស្លឹកម្លិះជាដើម។

គុណសម្បត្តិនៃផ្កាម្លិះ

គេអាចកែច្នៃផ្កាម្លិះទៅជា៖

  • តែម្លិះ
  • ប្រេងផ្កាម្លិះ
  • គ្រឿងសម្អាង
  • លម្អក្នុងផ្ទះ
  • និងថ្វាយព្រះជាដើម។
  • ចំពោះសុខភាពផ្កាម្លិះមានអត្ថប្រយោជន៍ជាច្រើនដូចជាជាឱសថសម្រាប់ព្យាបាលរលាកថ្លើម ព្យាបាលការរាគធ្ងន់ធ្ងរ។ ចំណាំ៖ មុននឹងប្រើប្រាស់ត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន។

ឯកសារយោង

Writer