ប្រព័ន្ធធារាសាស្ត្រពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការលូតលាស់របស់រុក្ខជាតិ ព្រោះទឹកមានតួនាទីក្នុងការធ្វើរស្មីសំយោគដើម្បីផលិតអាហារ ម្យ៉ាងទៀតវាបានជួយរំលាយ សារធាតុចិញ្ចឹម និងដឹកនាំពីដីទៅកាន់ឫស ដើម និងស្លឹករបស់រុក្ខជាតិ។ ដើម្បីអាចផ្តល់ទឹកឲ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់រុក្ខជាតិ យើងគួរស្វែងយល់នូវចំណុចសំខាន់ៗដែលគួរធ្វើមុនពេលរៀបចំប្រព័ន្ធទឹកជាមុនសិន។
មានន័យថាគេត្រូវសិក្សាទៅលើតំបន់ដែលត្រូវដំឡើងដូចជាប្រភេទដីភ្នំ ដីទំនាបឬដីដែលមានលក្ខណៈមិនស្មើគ្នា បន្ទាប់មកគេត្រូវស្វែងយល់ពីប្រភេទដីរួមមានដីខ្សាច់ ដីឥដ្ឋ ដីល្បាប់ ដីល្បាយខ្សាច់លាយឥដ្ឋ ឬដីបាសាល់ផ្សេងៗទៀត។ បានជាគេត្រូវសិក្សាប្រភេទនៃដី ព្រោះដើម្បីយល់ដឹងពីការស្តុកទឹករបស់ដី និងការរៀបចំប្លង់ទុយោបែបណាទើបត្រឹមត្រូវតាមលក្ខណៈសណ្ឋាននៃដី។
អាកាសធាតុពិតជាសំខាន់ខ្លាំងណាស់ក្នុងការជ្រើសរើសប្រព័ន្ធទឹក ជាក់ស្ដែងនៅតាមតំបន់នានាតែងមានអាកាសធាតុខុសៗគ្នា ដែលទាក់ទងទៅនឹងសំណើមបរិយាកាស សីតុណ្ហភាព កម្ពស់ទឹកភ្លៀង និងខ្យល់។ កត្តាទាំងនេះបានចូលរួមចំណែកក្នុងការកំណត់នូវបរិមាណទឹក និងប្រភេទប្រព័ន្ធទឹក ជាឧទាហរណ៍សម្រាប់តំបន់មានខ្យល់លើសពី 4m /វិនាទី(sec) និងតំបន់ដែលមានសីតុណ្ហភាពខ្ពស់ យើងមិនគួរជ្រើសរើសប្រព័ន្ធទឹកបាញ់សាច ឬSprinklerឡើយព្រោះប្រព័ន្ធបាញ់សាចសាកសមសម្រាប់តំបន់ដែលមានល្បឿនខ្យល់ចន្លោះពី 0-៤m/វិនាទី។ នៅពេលដែលជ្រើសរើសប្រព័ន្ធទឹកsprinkler នៅតំបន់ខ្យល់ខ្លាំង និងសីតុណ្ហភាពខ្ពស់វានឹងផ្តល់ផលវិបាកដូចជាធ្វើឲ្យទឹកនៅលើដីឆាប់ហួត, ផ្តល់ទឹកមិនចំទីតាំង និងប្រឈមចំពោះការកើតជំងឺលើស្លឹកផងដែរ។
ជាទូទៅរុក្ខជាតិត្រូវការទឹកក្នុងបរិមាណខុសៗគ្នាទៅតាមទំហំ បរិមាណស្លឹក ប្រភេទរុក្ខជាតិ ប្រភេទដី អាកាសធាតុ និងវដ្តរបស់វា។ នៅពេលដែលរុក្ខជាតិមានទំហំតូចវាត្រូវការទឹកតិច រីឯដើមធំ ស្លឹកច្រើនវាត្រូវការទឹកច្រើនដូចគ្នា។ ហើយទំហំស្រះ ឬអណ្ដូងទឹក ឬប្រភពទឹកក៏ជីកទៅតាមតម្រូវការរបស់រុក្ខជាតិដែរ។ ដើម្បីអាចដឹងថាយើងគួរជីកស្រះឬអណ្ដូងក្នុងបរិមាណឬទំហំប៉ុន្មាន យើងត្រូវដឹងពីបរិមាណនៃទឹកដែលរុក្ខជាតិនីមួយៗត្រូវការក្នុងមួយថ្ងៃបរិមាណប៉ុន្មានលីត្រជាមុនសិន បន្ទាប់មកបូកចំនួនសរុបនៃរុក្ខជាតិដែលត្រូវផ្តល់ទឹក រួចគុណឬបូកក្នុងមួយវដ្តជីវិតរបស់វា(ក្នុងករណីនេះងាយស្រួលអនុវត្តន៍សម្រាប់រុក្ខជាតិដែលមានវដ្តជីវិតខ្លី)។
ជាដំបូងគេត្រូវជ្រើសរើសប្រភេទនៃប្រព័ន្ធទឹកជាមុនសិនរួមមាន ប្រព័ន្ធបាញ់សាច(Sprinkler), ប្រព័ន្ធដំណក់ទឹក(Drip) និងប្រភេទផ្សេងៗទៀត។ បន្ទាប់មកគេត្រូវជ្រើសរើសទុយោរខ្នែងដែលផ្អែកលើចំនួនរុក្ខជាតិ និងបរិមាណទឹកដែលត្រូវផ្គត់ផ្គង់ក្នុងមួយថ្ងៃឬមួយសប្ដាហ៍/ដើម។ រួចរើសទុយោរចែកចាយដែលមានទំហំផ្គត់ផ្គង់ទឹកក្នុងបរិមាណច្រើនឬធំជាងទុយោរខ្នែង។ ក្រោយមករើសទុយោរមេដែលមានការផ្តល់ទឹកក្នុងបរិមាណធំជាងទុយោរចែកចាយឬស្មើ។
ការជ្រើសរើសម៉ាសុីន និងម៉ូទ័រទឹកក៏ជារឿងមួយដ៏ចាំបាច់សម្រាប់ប្រព័ន្ធទឹកព្រោះវាជាភ្នាក់ងារដែលអាចផ្គត់ផ្គង់ទឹកទៅតាមទំហំរបស់វា។ ការជ្រើសរើសម៉ាសុីន&ម៉ូទ័រប្រភេទណាគេត្រូវមើលលើក្រដាស់ណែនាំនៅលើម៉ាសុីន និងម៉ូទ័រ ដែលទាក់ទងទៅនឹងសម្ពាធទឹកផ្តល់ឲ្យបានចម្ងាយប៉ុន្មានmឬbar, លំហូរទឹកបានប៉ុន្មាន m3/ម៉ោង(h) និងកម្លាំងប៉ុន្មានគីឡូវ៉ាត់(Kw) ព្រមទាំងចំណុចមួយចំនួនទៀត។ ចំណាំ៖ការរើសម៉ាសុីនភ្លើងមិនមែនសំខាន់នៅត្រង់ទំហំសេសនោះទេ។
ចំណាំ៖ មុននឹងរៀបចំដំឡើងប្រព័ន្ធទឹកនៅក្នុងចំការសម្រាប់ស្រោចស្រប់ដំណាំយើងគួរគូសប្លង់ជាមុនសិនដើម្បីងាយស្រួលក្នុងការទិញសម្ភារៈនិងកាត់បន្ថយចំណាយ។
ឯកសារយោង