ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសដាំដុះឫស្សីផ្អែមដែលផ្តល់ទិន្នផលខ្ពស់

ឫស្សីផ្អែមគឺជាដំណាំមួយប្រភេទដែលស្ថិតនៅក្នុងគ្រួសារ Poaceae ហើយជារុក្ខជាតិជាតិឈើដែលអាចផ្តល់ទំពាំងសម្រាប់យកមកកែឆ្នៃធ្វើជាចំណីអាហារដូចទៅនឹងបន្លែ។ រីឯដើមយកមកធ្វើជាគ្រឿងសង្ហារឹមលម្អផ្ទះដូចជា តុ ទូរ កៅអី និងវត្ថុប្រើប្រាស់ជាច្រើនទៀត។ ទំពាំងផ្អែមតែងមានតម្រូវការទីផ្សារជាប្រចាំសម្រាប់ប្រជាជនខ្មែរទាំងទំពាំងក្រៀម និងទំពាំងស្រស់។ ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការដាំដុះទំពាំង៖

លក្ខខណ្ឌក្សេត្របរិស្ថាន

  • ដី៖ ដើមឫស្សីអាចដាំបានចំពោះដីដែលមានកម្រាស់ចាប់ពី ៦០cm ហើយមានរយៈកម្ពស់ ៥០០mពីនីវ៉ូទឹកសមុទ្រ។ ដីមានសំណើមជាប្រចាំ តែមិនមែនជាដីលិចទឹកយូរ ឬដីខ្សាច់ស្ងួតព្រោះវាធ្វើឲ្យឆាប់បាត់បង់សំណើមដី។ ប្រសិនបើដីនោះជាដីសម្បូរទៅដោយថ្មគេអាចជីករណ្ដៅឲ្យមានទំហំធំ ហើយដាក់ជីសរីរាង្គដូចជាកំប៉ុស្តិ៍ លាមកសត្វឲ្យបានច្រើន និងគ្របគល់ដោយចំបើង។
  • សីតុណ្ហភាព៖ ២០-៣៨ oC
  • pH៖ ៤.៥-៦ ប៉ុន្តែចំពោះដីដែលមានអាសុីតទាបគេអាចប្រើកាល់ស្យូមកាបូណាត(កំបោរសដើម្បីបង្កើនអាល់កាឡាំងដល់ដីព្រោះឫស្សីជារុក្ខជាតិដែលត្រូវការអាសុីតខ្ពស់សម្រាប់លូតលាស់)។

ការបណ្ដុះកូន

ឫស្សីជារុក្ខជាតិដែលងាយស្រួលដាំដុះដោយយើងអាចយកខ្នែង ដើម និងថ្នាំងរបស់វាទៅបណ្ដុះ ដោយយកខ្នែងឬថ្នាំងណាដែលដុះចេញពីដើមមេអាយុ៨ខែ។ ម្យ៉ាងទៀតគេអាចធ្វើជាលិកាវប្បកម្មដោយកាត់យកផ្នែកណាមួយរបស់ឫស្សីដើម្បីយកទៅបណ្ដុះនៅក្នុងមេដ្យូមនៃបន្ទប់ពិសោធន៍(បណ្ដុះសិប្បនិមិត្ត)។ ហើយគេក៏អាចទិញកូនឫស្សីដែលមានលក់នៅលើទីផ្សារស្រាប់ដោយយកដើមត្រង់ ស្លឹកថ្លុះពណ៌បៃតងចាស់ និងមិនមានរោគសញ្ញានៃការបំផ្លាញពីសត្វល្អិតឬជំងឺ។

ការរៀបចំដី

  • រណ្ដៅ៖ ជីករណ្ដៅទំហំ៥០x៥០x៥០cm ចម្ងាយពីរណ្ដៅមួយទៅរណ្ដៅមួយមានបីគឺ ៥x៥mដែលអាចដាំបាន ៤០០ដើម/ហ.ត ឬចម្ងាយ ៦x៥m ដាំបាន ៣២០ដើម/ហ.ត និង៦x៦mដាំបាន២៧០ដើម/ហ.ត។
  • ដាក់ជីទ្រាប់បាត៖ លាមកសត្វឬជីកំប៉ុស្តិ៍ ៥-១០kg/រណ្ដៅ បន្ថែមនូវប្រភេទជីមិនងាយរលាយ DAP ឬ ជីNPK ដទៃទៀត ០.៥-១kg/រណ្ដៅ។ បន្ទាប់មកលាយជាមួយដីស្រទាប់លើរួចច្របល់ចូលគ្នា ទើបអាចដាំកូនឫស្សីបាន។

របៀបដាំ

ក្រោយពីហាលរណ្ដៅ៥-៧ថ្ងៃរួចគេត្រូវយកកូនឫស្សីមកដាំដោយកាត់ថង់ចេញ និងដាក់ដាំបញ្ឈរឬផ្អៀងទៅដីក្នុងមុំ ៤៥០ដឺក្រេ ហើយដាក់កូនឫស្សីជម្រៅក្នុងរណ្ដៅ ៥-១០cm រួចពូនគល់វាឲ្យទាបល្មម ព្រមទាំងគ្របចំបើងពីលើរណ្ដៅ និងស្រោចទឹក ២-៣លីត្រ/ថ្ងៃ(ប៉ុន្តែវាក៏អាស្រ័យទៅលើប្រភេទដីដែរ)។

ការប្រើប្រាស់ជី

គេអាចដាក់ជីសម្រាប់ឫស្សីផ្អែម ២ដង/ឆ្នាំ ដោយលើកទីមួយដាក់នៅខែកុម្ភៈ និងលើកទី២នៅខែកក្កដា។ វាត្រូវការអាសូតខ្ពស់ជាជីអសរីរាង្គដទៃទៀត ហើយអាចបន្ថែមដោយលាមកសត្វឬជីកំប៉ុស្តិ៍។ នៅពេលដែលដាក់ជីគេត្រូវដាក់នៅចម្ងាយ ៥០-៦០cmពីដើមឫស្សី និងដាក់ជុំវិញគល់ចម្ងាយ ១០-១៥cm ជីកជម្រៅ២០cm។ បន្ទាប់មកគេត្រូវយកដីមកគ្របបន្ថែមពីលើនៅត្រង់ទីតាំងដាក់ជី។ បរិមាណជីអាចដាក់លាមកសត្វចន្លោះ ៥-១០kg និងNPK 1-2kg/រណ្ដៅ សម្រាប់ការដាក់ម្ដង។

បច្ចេកទេសប្រមូលផល

ក្រោយដាំរយៈពេល ២-៣ឆ្នាំទើបគេអាចចាប់ផ្តើមប្រមូលផលទំពាំង ចំពោះឫស្សីអាយុ ៤ឆ្នាំវានឹងផ្តល់ទិន្នផលកាន់តែច្រើនចន្លោះពី ៣០-៥០តោន/ហ.តនៃរយៈពេល១ឆ្នាំ។ គេអាចកាត់ដើមចាស់ចន្លោះអាយុ២-៣ឆ្នាំម្ដង ដើម្បីឲ្យបរិវេណគុម្ពមិនមានដើមញឹកពេក និងកាត់មែកតូចៗចោលជារៀងរាល់ខែ។ ការប្រមូលផលគេអាចយកកំបិតចុងស្រួចទៅកាត់ទំពាំងឲ្យស្មើដីដោយមិនត្រូវយកចបជីកឬគាស់ទំពាំងឡើយ។

ឯកសារយោង

Writer