ប្រព័ន្ធប្រឡាយទឹកឬ Farrow irrigation គឺជាប្រព័ន្ធធារាសាស្ត្រដែលអាចឲ្យឫសរបស់រុក្ខជាតិទទួលបានទឹកដោយផ្ទាល់។ ម្យ៉ាងទៀតប្រព័ន្ធទឹកបែបនេះបានជួយកាត់បន្ថយការលិចទឹកនៅក្នុងចំការនារដូវវស្សា និងជួយស្តុកទឹកភ្លៀងពីរដូវវស្សាសម្រាប់ប្រើប្រាស់នៅរដូវប្រាំង។ កសិករអាចដាំដុះដំណាំ និងចិញ្ចឹមត្រីឬសត្វក្នុងទឹកដទៃទៀតក្នុងពេលតែមួយនៃការដាំដុះផងដែរ។ ខាងក្រោមនេះគឺជាហេតុផលទាំងបួនដែលកសិករគួរជីកប្រឡាយទឹកនៅតាមចន្លោះរងដំណាំ។
ជាទូទៅប្រព័ន្ធចង្អូរទឹកមានសារៈសំខាន់ណាស់ដែលធ្វើឲ្យកសិករងាយស្រួលក្នុងការគ្រប់គ្រងទឹក និងបានផ្តល់ទឹកដោយផ្ទាល់ទៅដល់ឫសដំណាំ។ ម្យ៉ាងទៀតគេអាចដឹងពីបរិមាណនៃតម្រូវការទឹកសម្រាប់ដំណាំ និងអាចផ្តល់ឲ្យដំណាំទទួលបានទឹកត្រឹមត្រូវតាមពេលវេលារបស់វា។ ដោយឡែកវាក៏ជួយបង្កើននូវទិន្នផលដំណាំព្រោះប្រឡាយទឹកបានជួយការពារការលិចទឹកដែលធ្វើឲ្យរុក្ខជាតិស្ត្រេសពិបាកបង្កបង្កើនផល។
នៅតាមតំបន់ភ្នំនានាតែងជួបប្រទះនូវបញ្ហាហូរច្រោះដីពីទីខ្ពស់ទៅតំបន់ទាប ដែលជាហេតុធ្វើឲ្យទីតាំងខ្ពស់បាត់បង់នូវស្រទាប់ដីលើដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់រុក្ខជាតិព្រោះវាផ្ទុកទៅដោយជីវជាតិជាច្រើន។ ការជីកប្រឡាយទឹកមិនមែនសម្រាប់តែតំបន់ទំនាបតែមួយមុខប៉ុណ្ណោះទេវាក៏អាចប្រើប្រាស់សម្រាប់តំបន់ខ្ពង់រាបផងដែរ។ ហើយប្រឡាយទឹកឬ Farrow irrigation មិនរើសដំណាំឡើយ វាអាចធ្វើឡើងសម្រាប់គ្រប់ប្រភេទដំណាំទាំងអស់។
ចំពោះការកាត់បន្ថយរំហួតនៃទឹក គឺសំដៅទៅលើការហួតទឹកនៅពេលស្រោចស្រប់ដំណាំនារដូវប្រាំងឬតំបន់ដែលមានអាការធាតុខ្ពស់ និងខ្យល់ខ្លាំង ដែលជាហេតុធ្វើឲ្យរុក្ខជាតិស្រូបយកទឹកមិនបានគ្រប់គ្រាន់។ ចំណែកឯការកាត់បន្ថយនៃស្មៅ មានន័យថានៅពេលដែលយើងជីកនូវប្រព័ន្ធប្រឡាយទឹកនៅតាមចន្លោះរងវានឹងមិនមានដីទំនេរសម្រាប់ឲ្យស្មៅដុះលូតលាស់ឡើយ។ ហើយស្មៅគឺជារុក្ខជាតិចង្រៃដែលបានប្រកួតប្រជែងនូវសារធាតុចិញ្ចឹម ទឹក និងពន្លឺ ជាមួយដំណាំដែលធ្វើឲ្យរុក្ខជាតិមានការលូតលាស់មិនពេញលេញ។ម្យ៉ាងទៀតប្រឡាយទឹកក៏បានជួយបន្ថយនូវជំងឺឆ្លងឬសត្វល្អិតពីរុក្ខជាតិព្រៃមកដំណាំបានមួយភាគធំដែរ។
ការជីកប្រឡាយទឹកវាមិនត្រឹមតែធ្វើឲ្យម្ចាស់ចំការចំណេញទឹកតែមួយមុខនោះទេ វាថែមទាំងផ្ដល់នូវគុណសម្បត្តិជាច្រើនដូចជា ជួយឲ្យកសិកររកចំណូលបន្ថែមតាមរយៈការចិញ្ចឹមសត្វក្នុងទឹក និងយកទឹកមកស្រោចស្រប់ដំណាំ។ ដោយឡែកវាក៏ជួយកាត់បន្ថយចំណាយក្នុងការស្រោចស្រប់ទឹក ហើយការផ្តល់ទឹកដល់ដំណាំបានចំគោលដៅ និងមិនធ្វើឲ្យទឹកហូរចេញក្រៅទីតាំងដែលចង់ផ្តល់ទៅរុក្ខជាតិនៅពេលស្រោចស្រប់ផងដែរ។
ឯកសារយោង