ការទុកដាក់ស្រូវឲ្យមានសុវត្ថិភាព ជាកិច្ចការសំខាន់មួយក្នុងចំណោមកិច្ចប្រត្តិបិត្តក្រោយពេលប្រមូលផល។ គ្រាប់ស្រូវ អាចទទួលរងការខូចខាតបរិមាណ និងគុណភាព បើសិនយើងមិនយកចិត្តទុកដាក់លើបរិក្ខា និងប្រព័ន្ធទុកដាក់នោះទេ។ ការថយចុះគុណភាពគ្រាប់ស្រូវក្នុងពេល ទុកដាក់ អាស្រ័យជាសំខាន់ទៅលើកត្តា ៣ គឺ សីតុណ្ហភាព សំណើម និងបរិមាណអុកស៊ីសែន ។
សីតុណ្ហភាព និងសំណើម គឺជាកត្តាដែលធ្វើឲ្យកើតមាននូវ បាតុភូតផ្សេងៗ ដូចជាការដកដង្ហើមរបស់គ្រាប់ស្រូវ ជាដើម ។ បាតុភូតនេះធ្វើឲ្យមានការផ្លាស់ប្តូរលក្ខណៈជីវ គីមីនៃផលិតផល ដែលជាមូលហេតុបង្កឲ្យមានការថយចុះ គុណភាព ។ ជាងនេះទៅទៀត កត្តាទាំង២ ខាងលើក៏មាន ឥទ្ធិពលដោយផ្ទាល់ទៅលើការកើតមានសត្វល្អិត និងមីក្រូ សរីរាង្គ (Microorganisms) ផ្សេងៗដូចជា ផ្សិត និង បាក់តេរី ព្រមទាំងទៅលើដំណុះគ្រាប់មុនកាលវេលា កំណត់ ។សីតុណ្ហភាពគ្រាប់ មិនអាស្រ័យទាំងស្រុងតែទៅលើលក្ខ ខណ្ឌអាកាសធាតុប៉ុណ្ណោះទេ តែវាទាក់ទងទៅនឹងការប្រែ ប្រួលបែបជីវគីមី ដែលកើតមាននៅក្នុងគំនរស្រូវ ហើយបង្ក ឲ្យមានកម្ដៅខ្លួនវា ។ ឯអត្រាសំណើមគ្រាប់ក៏ប្រែប្រួលផង ដែរ ទៅតាមអត្រាសំណើមធៀបបរិយាកាស គឺទៅតាម កម្រិតលំនឹង ឬសមតា រវាងខ្យល់ និងគ្រាប់ធញ្ញជាតិ ។
ដូចគ្រាប់ធញ្ញជាតិដែរមីក្រូសរីរាង្គនានា និងសត្វល្អិតគឺជា រូបធាតុមានជីវិតដែលត្រូវការខ្យល់អុកស៊ីសែន ។ ការ ទុកដាក់គ្រាប់ធញ្ញជាតិនៅក្នុងមជ្ឈដ្ឋានដែលមានអុក ស៊ីសែនតិចធ្វើឲ្យ ៖
ជាទូទៅ ការទុកដាក់ត្រូវបានចែកចេញជាពីរធំៗគឺ បែបបិទជិត និងចំហរ។ បរិក្ខាសម្រាប់ទុកដាក់ស្រូវមានច្រើនទម្រង់ ឬប្រភេទ អាស្រ័យទៅតាមប្រភេទ(ពូជ ឬចំណី) ដែលត្រូវទុកដាក់ គោលបំណង និងទីកន្លែង។ ជាទូទៅចំពោះស្រូវ ចំណី គួរតែទុកដាក់ក្នុងទម្រង់ជាគ្រាប់ស្រូវប្រសើរជាងអង្គរ ដោយសារសំបកស្រូវ (អង្កាម) អាចការពារប្រឆាំងពីការ បំផ្លាញរបស់សត្វល្អិត និងជួយការពារពីការខូចគុណភាពฯ
ប្រព័ន្ធទុកដាក់បិទជិត ដែលមានដូចជា ចុងទ័រ ដែក ឬច្រកក្នុងថង់ស្វិត ដោយបិទ មាត់ជិត អាចកាត់បន្ថយការបាត់បង់បរិមាណ និងគុណភាព ថែរក្សាអត្រាសំណើម ដើមរបស់គ្រាប់ស្រូវ មិនឲ្យប្រែប្រួល ទប់ស្កាត់ការបំផ្លាញពីសត្វល្អិតចង្រៃដោយមិន ប្រើថ្នាំគីមី តាមរយៈការថយចុះនូវកម្រិតអុកស៊ីសែន រហូតដល់ ១០ ដល់ ១៥ ភាគ រយ រក្សាដំណុះគ្រាប់ពូជឲ្យនៅខ្ពស់រហូតដល់ ៨ ទៅ ១០ ខែ (ខ្ពស់ជាង ១៩ ភាគរយ ធៀបនិងការទុកដាក់ធម្មតា) ការទុកដាក់របៀបនេះក៏អាចរក្សា គុណភា ពិសេសពណ៍ ក្លិន និងរស់ជាតិពេលចម្អិន។
ដើម្បីទុកដាក់ស្រូវតាមវិធីសាស្ត្របែបនេះឲ្យមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ត្រូវ សម្អាត និងសម្ងួតគ្រាប់ស្រូវ (ពូជ ១២ ភាគរយ និងចំណី ១៤ ភាគរយ) ដោយច្រក ក្នុងធុងជ័រ ឬថង់ផ្លាស្ទិក ដោយចងមាត់ឲ្យជិតរួចដាក់ក្នុងការ៉ុងមួយជាន់ទៀត ចំពោះធុងគួប្រើខ្លាញ់គោ លាបគម្របមុនពេលបិទភ្ជិត និងធ្វើការលាងសម្អាតធុង ដោយប្រុងប្រយ័ត្នមុននិងយកទៅប្រើប្រាស់ម្តងទៀត។
បើយើងទុកដាក់ស្រូវក្នុងជង្រុកមិនសមស្រប មិនមានប្រព័ន្ធការពារពីសត្វកកេរ និងសត្វស្លាប ឬបាំងការពារទឹកភ្លៀង នោះទេ សំណើមគ្រាប់ស្រូវអាចមានការប្រែប្រួលឡើងចុះ អាស្រ័យសំណើមបរិយាកាស ធ្វើឲ្យកើតមានផ្សិត និងវត្តមានសត្វល្អិតចង្រៃ ពិសេសប្រភេទខ្មូក ដែល ជាហេតុបង្ករឲ្យខូចគុណភាពគ្រាប់ ជាពិសេសដំណុះគ្រាប់ពូជ និងថយចុះយ៉ាងឆាប់ រហ័ស សម្រាប់ស្រូវចំណីធ្វើឲ្យអត្រាអង្គរដើមតិចជាង ១០ ភាគរយ ធៀបនិង ទុកដាក់បិទជិត ហើយគ្រាប់អង្គរមានពណ៍ស្អាប់ ក្លិនមិនល្អ និងបាត់បង់រស់ជាតិ ។ ការទុកដាក់បែបនេះអាច ទទួល រងនូវកត្តាចង្រៃផ្សេងៗទៀតដូចជា លាមកសត្វ ទឹកនោម និងរោមសត្វដែលអាច បង្ករជាមេរោគសម្រាប់អ្នកប្រើប្រាស់។
កណ្តុរប្រែងពេញវ័យមួយក្បាលស៊ីស្រូវប្រហែល ២៥ ក្រាម ហើយកណ្តុរតូចៗប្រហែលជា ៣ ទៅ ៤ ក្រាម ក្នុងមួយថ្ងៃ។ ពួកវាធ្វើឲ្យប្រឡាក់គ្រាប់ស្រូវដែលរក្សាទុក តាមរយៈទឹកនោម លាមក រោមនិងភ្នាក់ងារបង្ករោគផ្សេងៗទៀតជាច្រើន។ នៅពេលដែលគ្រាប់ស្រូវរងឥទ្ធិពលអាក្រក់ពីពពួកសត្វកកេរទាំងនោះ វាបណ្តាលឲ្យខូចទាំងគុណភាព និងបាត់បង់ទាំងបរិមាណ ជាពិសេសគុណភាពដំណុះធ្លាក់ចុះ សម្រាប់ស្រូវពូជ និងបាត់បង់រស់ជាតិសម្រាប់ស្រូវចំណី ជាងនេះទៅទៀត កណ្តុលចម្លងជំងឺប្រហែល ៥០ ប្រភេទ ទៅលើមនុស្ស ដូចជាជំងឺគ្រុនពោះវៀន ជំងឺកមរមាស់ គ្រុនក្តៅ ។ល។ ម្យ៉ាងទៀតវាក៏ជាភ្នាក់ងារចម្លងជំងឺមួយ ដែលជះឥទ្ធិពលអាក្រក់ទៅលើពពួកសត្វស្រុក។
រយះពេលទុកដាក់កាន់តែយូរ អត្រាសំណើមគ្រាប់សម្រាប់ការទុកដាក់សុវត្ថិភាពកាន់តែទាប។ ស្រូវចំណី និងស្រូវពូជដែលទុកដាក់ក្នុងអត្រាសំណើមខ្ពស់ជាង ១៤ ភាគរយ បណ្តាលឲ្យកើតមានការដុះផ្សិត និងធ្វើឲ្យគុណភាពបាត់បង់យ៉ាងឆាប់រហ័ស ជាពិសេសដំណុះរបស់គ្រាប់ស្រូវពូជ និងបាត់បង់រសជាតិ។
តារាងខាងក្រោមបង្ហាញពីអត្រាសំណើមសុវត្ថិភាពសម្រាប់ទុកដាក់ផលិតផលផ្សេងៗ
ផលិតផល | ពោត | ស្រូវសាលី | ស្រូវ | អង្ករ | សណ្ដែក | សណ្ដែកដី | កាកាវ | កាហ្វេ |
អត្រាសំណើមសុវត្ថិភាព% | 13 | 13 | 14 | 13 | 15 | 7 | 7 | 13 |
រយៈពេលទុក | អត្រសុវត្ថិភាព | បញ្ហាដែលកើតមាន |
2-3អាទិត្យ | 14-18% | ផ្សិត ប្រែពណ៍ បាត់បង់ដំណកដង្ហើម |
8-12ខែ | 12-13% | សត្វល្អិតបំផ្លាញ |
លើសពី1ឆ្នាំ | 9ឬទាបជាង | បាត់បង់គុណភាព(ដំណុះទាប) |