មង្ឃុតជាដំណាំឈើហូបផ្លែម្យ៉ាងដែលមានរសជាតិផ្អែម និងមានការពេញនិយមខ្លាំងពីប្រជាជនកម្ពុជា។ ដំណាំមួយមុខនេះស្ថិតនៅក្នុងគ្រួសារ Clusiaceae ហើយមានដើមកំណើតមកពីប្រទេស ម៉ាឡេសុី, កោះស៊ូនដានៃប្រទេសឥណ្ឌូនេសុី ព្រមទាំងប្រទេសដែលមានអាកាសធាតុត្រូពិកមួយចំនួនទៀត។ ខាងក្រោមនេះជាបច្ចេកទេសដាំដុះ និងការថែទាំទូទៅនៃដំណាំមង្ឃុត៖
ជ្រើសរើសកូនណាដែលស្លឹកពណ៌បៃតងក្រម៉ៅ ត្រួយបៃតងខ្ចី គ្មានស្លាកស្នាមបំផ្លាញពីសត្វល្អិតនិងជំងឺ។ ចំពោះឫសត្រូវមើលឫសណាដែលមិនដាច់ឬរហែករលាត់អ្វីឡើយ។ គេអាចជ្រើសរើសកូនដែលបំបៅរួចហើយមានលក់នៅលើទីផ្សារស្រាប់។
ជ្រើសរើសមង្ឃុតណាដែលមានទំហំផ្លែធំល្អទម្ងន់ចាប់ពី ៨០g និងទម្ងន់គ្រាប់យ៉ាងតិច ១g បន្ទាប់មកឆ្កិះយកគ្រាប់ចេញពីសាច់រួចលាងទឹកចេញឲ្យស្អាត ហើយយកទៅបណ្ដុះនៅក្នុងថង់ឬថ្នាលបណ្ដុះ។ ក្រោយបណ្ដុះបានរយៈពេល ២០-៣០ថ្ងៃ វានឹងចេញពន្លក បើបណ្ដុះនៅលើថ្នាលគេអាចដកកូនដែលដុះស្លឹក ២ទៅដាក់ចូលក្នុងចង់បណ្ដុះ។ នៅពេលកូនមានអាយុ ១ឆ្នាំត្រូវផ្លាស់ថង់ដែលមានទំហំ ២៥x៤៥cm ហើយឧស្សាហ៍បាញ់ថ្នាំសត្វល្អិតចាប់តាំងពីពន្លករហូតដល់ដាំ និងស្រោចដោយជី NPK(១៥-១៥-១៥)រៀងរាល់២ខែម្ដង។
ត្រូវជីករណ្ដៅជម្រៅ ៦០x៦០x៦០cm និងមានចម្ងាយ ៧x៧ឬ ៦x៧ឬ ៨x៩ឬ ១០x៧m រីឯជួររបស់វាវិញក៏អាស្រ័យទៅលើប្រភេទសណ្ឋានដីដែរប្រសិនបើដីនោះជាដីភ្នំកសិករមិនគួររៀបជួរស្របខ្យល់ទេ ហើយដាំដើមឲ្យបែរទៅទិសខាងកើត។ ចំណែកដីនៅតាមបណ្ដោយទន្លេរមេគង្គវិញឬដីឧស្សាហ៍លិចទឹកនៅរដូវវស្សាកសិករអាចជីកចង្អូរឬប្រឡាយទឹកនៅចន្លោះរងដើម្បីរក្សាទឹកនៅរដូវវស្សា និងសម្រាប់រំដោះទឹក ហើយជម្រៅ និងទំហំ របស់វាក៏អាស្រ័យទៅតាមកម្ពស់នៃទឹកលិចជាមធ្យមរាងរាល់ឆ្នាំជាដើម។(ការជីកប្រឡាយក្នុងដីចំការជៀសវាងប្រើប្រភេទដីលិចទឹកខ្លាំងឬយូរខែឬដីទាបក្រោមគេ)។
ក្រោយពីរៀបចំដី និងដាក់ជីទ្រាប់បាត DAP ឬ NPK=១០០-២០០g, លាមកសត្វឬជីកំប៉ុស្តិ៍ ៤kg និងកំបោរស ៥០០-១០០០g(ប្រសិនបើជាដីអាសុីតខ្លាំង) សម្រាប់មួយរណ្ដៅ ហើយលាយជាមួយដីស្រទាប់លើ ដោយទុកចោលរយៈពេល ៥-៧ថ្ងៃ។ បន្ទាប់មកយកកូនមង្ឃុតដែលមានអាយុ ២ឆ្នាំ(មានមែក១-២គូរ) មកដាំនៅក្នុងរណ្ដៅដោយមានជម្រៅរណ្ដៅ ១០-២០cm ហើយដាក់នៅចំកណ្ដាល។
ឯកសារយោង៖