ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសដាំខ្ទឹមស

ខ្ទឹមស( Allium sativum) មានដើមកំណើតអាស៊ីខាងត្បូង អាស៊ីកណ្ដាល និងភាគឦសាននៃប្រទេសអឺរ៉ង់ហើយត្រូវបានប្រើប្រាស់ជាគ្រឿងទេសនៅទូទាំងប្រទេស។ វាមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា ប្រូតេអ៉ីន សារធាតុរ៉ែ ជាតិសរសៃរ កាបូអ៉ីដ្រាត កាល់ស្យូម ផូស័រ ប៉ូតាស្យូម ដែក វិតាមីន A ,C , B, B2  …។

ក្សេត្របរិស្ថាន

  • ដី ៖ ដំណាំខ្ទឹមសអាចលូតលាស់លើដីច្រើនប្រភេទ ប៉ុន្ដែអាចមានបញ្ហាខ្លះទៅលើដីដែលមានភាគរយឥដ្ឋខ្ពស់ និងប្រភេទដីខ្សាច់គ្មានជីវជាតិ។ ដីដែលឆ្លើយតបទៅនឹងដំណាំនេះគឺជាប្រភេទល្បាប់ល្បាយខ្សាច់ ដីល្បាប់តាមទន្លេ។
  • PH ពី 5-7 ជះឥទ្ធិពលខុសគ្នាបន្ដិចបន្តួចលើការលូតលាស់និងទិន្នផលនៃខ្ទឹមស។
  • អាកាសធាតុ ៖ នៅក្នុងដំណាក់កាលលូតលាស់ ដំណាំនេះត្រូវការសីតុណ្ហភាពមួយជាក់លាក់ និងសំណើមបរិយាកាសខ្ពស់ រហូតដល់ខ្ទឹមបង្កើតមើម។ក្រោយពីមើមពេញលក្ខណៈហើយ វាត្រូវការអាកាសធាតុក្ដៅបង្គួរ ហើយសំណើមបរិយាកាសស្ងួត។

ការជ្រើសរើសពូជ

ការជ្រើសរើសពូជខ្ទឹមស សម្រាប់យកមកដាំដុះ គឺជាពូជដែលលូតលាស់ឆាប់ អាយុកាលលូតលាស់ខ្លី មើមទុំល្អ គេមិនដាំដោយគ្រាប់ឡើយ។មើមដែលត្រូវយកមកដៃគឺត្រូវឆ្លងកាត់ការសម្រាករយៈពេល 4-6 ខែក្នុងលក្ខខណ្ឌធម្មតា។

  • ពូជស្រាល ៖ មើមរបស់វាមានក្លែប ឬ កំពិសផ្នែកខាងក្រៅធំ ផ្នែកខាងក្នុងតូចល្អិតគ្មានជួរទេអាយុ 90ថ្ងៃជាពូជក្នុងស្រុក។
  • ពូជមធ្យម ៖ មើមរបស់វាខ្លី ក្លែបខាងក្នុងនិងខាងក្រៅធំប្រហែលគ្នាតែក្លែបក្នុងវែងជាងក្លែបក្រៅ។ ពូជនេះមានប្រភពមកពីប្រទេសវៀតណាមខាងត្បូងមានអាយុ110ថ្ងៃ។
  • ពូជធ្ងន់ ៖ មើមធំវែងក្លែបនៃមើមរបស់វាធំស្មើរគ្នា ប្រវែងស្មើគ្នា ទាំងក្លែបខាងក្នុងនិងខាងក្រៅ ពូជនេះមិនអាចដាំដុះនៅប្រទេសកម្ពុជាយើងបានទេ ព្រោះវាមានអាយុកាលដល់ទៅ 5-6ខែ គេច្រើនដាំនៅប្រទេសចិនភាគខាងជើង។

ការរៀបចំដី

គេភ្ជួរនិងរាស់ដីអោយបានជ្រៅនិងបំបែកដីអោយល្អិតទើបឆូតលើករង។លើករងមានកម្ពស់20-25cm ទទឹងរងគឺ80-100cm បណ្ដោយរងប្រវែង 15mជាមធ្យម។ លើករងរួចបំបែកដីអោយល្អិត ហើយកៀរអោយស្មើ ហាលដីអោយស្ងួត2-3ថ្ងៃទើបយកកូនមើមខ្ទឹមទៅដាំ។

ការដាំដុះ

  • គេអាចដាំខ្ទឹមសនៅប្រទេសកម្ពុជាយើងបានតែមួយរដូវប៉ុណ្ណោះគឺចាប់ពីខែវិច្ឆិកា ហើយប្រមូលផលនៅខែកុម្ភៈ ។
  • មុននឹងខ្ទឹមមកដាំត្រូវប្រឡេះចេញពីរក្លែបឬកំពិស បន្ទាប់មកកាត់ក្បាលមើមខ្ទឹមបន្ដិចៗហើយទៅត្រាំក្នុងសូលុយស្យុង នីត្រូសែន កំរិត 1%( 1Kg ជីអ៊ុយរ៉េ លាយទឹក100លីត្រ)រយៈពេល8-9ម៉ោងក្រោយមកយកមើមខ្ទឹមទាំងនោះច្រកក្នុងបាវឬការ៉ុងសើមហើយរក្សាទុកកន្លែងងងឹត រយៈពេល12ម៉ោង ពេលនោះខ្ទឹមនឹងដុះចេញពន្លកស្លឹកត្រង់កន្លែងកាត់ និងផ្នែកខាងក្រោមគឺដុះចេញឬសមួយចំនួន។
  • មុននិងយកខ្ទឹមទៅដាំត្រូវស្រោចដីលើថ្នាលអោយជោគ បន្ទាប់មកចុចរន្ធជម្រៅ 2cmក្នុងចន្លោះ15cm គុណ 20cm ជាចន្លោះជួរនិងចន្លោះគុម្ព បន្ទាប់មកទើបយកកំពិសខ្ទឹមនោះទៅដាក់ក្នុងរន្ធអោយលិចដីហើយព្រាចចំបើងពីលើដើម្បីការពារស្ងួតមុខនៃដើមខ្ទឹម ធ្វើអោយខ្ទឹមដុះលូតលាស់យឺត ។

ការស្រោចស្រព

  • ក្រោយពីដាំហើយ ខ្ទឹមត្រូវការទឹកភ្លាម គឺគេស្រោចជាធម្មតា 1ថ្ងៃ2លើក សំណើមដីប្រមាណពី70ទៅ75%រហូតដល់ខ្ទឹមមានអាយុ 50 ទៅ55ថ្ងៃគេចាប់ផ្ដើមបង្កើនការស្រោចទឹក គឺសំណើមដីពី 75-85%ដើម្បីអោយមើមខ្ទឹមរីកកាន់តែធំ ហើយរហ័ស។
  • ក្រៅពីនេះគេអាចបញ្ជូលទឹកក្រោយពីដាំរយៈពេល50-55ថ្ងៃគឺគេអាចបញ្ជូលទឹកអោយលេចខ្ទឹមរួចបញ្ចេញទឹកនោះចោលភ្លាម ។
  • ខ្ទឹមត្រូវការទឹកចាប់ពីពេលលូតលាស់ រហូតដល់ពេលវាចាប់ផ្ដើមទុំ គឺស្លឹកប្រែពណ៍បៃតងទៅជាលឿងចំនួន 70% ទើបគេលែងស្រោចទឹក។

ការប្រើប្រាស់ជី

ចំពោះដំណាំខ្ទឹមសត្រូវការជីពេញទំហឹង ក្នុងដំណាក់លូតលាស់ស្លឹក និងពង្រីកមើមនូវសារធាតុពិសេសដូចជា N.K.P និង Mg ។

វិធីសាស្រ្ដនៃការដាក់ជី

  • ដាក់មុនពេលដាំ ប្រភេទជី 15.15.15 ចំនួន200Kg/ហិចតា
  • បំប៉នក្រោយដាំ ប្រភេទជីអ៊ុយរេ ចំនួន 40Kg/ហិចតាក្រោយដាំរយៈពេល15ថ្ងៃ។
  • បំប៉នជី 15.15.15 ចំនួន200Kg ដាក់តាមចន្លោះគុម្ពក្រោយដាំរយៈពេល35ថ្ងៃ។
  • បំប៉នក្រោយដាំរយៈពេល 50 ថ្ងៃ គឺប្រភេទជីអ៊ុយរេ ចំនួន 60 Kgលាយជាមួយជី KCLចំនួន100 Kg បាចតាមចន្លោះគុម្ពហើយស្រោចទឹកភ្លាម។
  • បំប៉នចុងក្រោយពេលខ្ទឹមមានអាយុ 70 ថ្ងៃ គឺជីអ៊ុយរេចំនួន 75Kg/ហិចតាលាយទឹកស្រោចហើយស្រោចទឹកតាមក្រោយដើម្បីលាង។

ជំងឺសំខាន់ៗ

  • ជំងឺរលួយទន់ក្លែប ៖ជំងឺប្រភេទនេះតែងតែកើតឡើងលើដំណាំខ្ទឹមសនៅពេលខ្ទឹមឡើងមើម ធ្វើអោយមើមជាំៗហើយរលួយប្រសិនបើក្លែបណាមួយកើតជំងឺនេះស្លឹកដែលទាក់ទងនឹងក្លែបនោះស្រពោនហើយងាប់
  • ជំងឺស្ងួតស្លឹក ៖ ជំងឺតែងធ្វើអោយស្លឹកខ្ទឹមមានចំណុចពណ៍សលើស្លឹកជាចំណុចៗហើយក្រោយមកស្លឹកខ្ទឹមឡើងលឿងបន្ទាប់មកស្ងួត ហើយងាប់តែម្ដង ។ បើមានជំងឺនេះគេប្រើសូលុយស្យុង Boricacid 2% 2លីត្រ= 200លីត្រ បាញ់លើផ្ទៃដី 1ហិចតានិងត្រូវបន្ថយការស្រោចទឹក។

សត្វល្អិត

  • កណ្ដៀរ ៖ កាលណាដីមានកណ្ដៀគេព្រាចថ្នាំគ្រាប់មុនពេលដាំ ដូចជា Ekatin or Furadan ចំនួន15-18 Kg/ហិចតា
  • ខ្មូត ៖ ខ្មូតស៊ីមើមខ្ទឹមពេលទុកដាក់ គេអាចប្រើវិធានការការពារចំពោះការបំផ្លាញនេះបានដោយបង្ហុយផ្សែងពុល Posphine។
  • សត្វល្អិតក្នុងដី ៖ Nematode នៅពេលមានការបំផ្លាញពីសត្វល្អិតប្រភេទគេត្រូវចាត់វិធានការដូចជាយកមើមខ្ទឹមទៅត្រាំជាមួយសូលុយស្យុង Bidrin, phosdrin លាយបញ្ជូលគ្នាហើយលាយទឹក ក្រោយមកចាក់មើមខ្ទឹមពូជត្រាំរយៈពេល8-10ម៉ោងមុនយកទៅដាំ។

ការប្រមូលផល

គេអាចប្រមូលផលខ្ទឹមបានក្រោយពីដាំរយៈពេលពី 90-120 ថ្ងៃទៅតាមប្រភេទពូជនៅពេលខ្ទឹមទុំចាប់ផ្ដើមប្រែពណ៍បៃតង ទៅលឿងប្រមាណ 70% ហើយចាប់ផ្ដើមទន់ដើមនៅត្រង់ចំណុចខាងលើមើម គេបញ្ឃប់ការស្រោចទឹកក្រោយមករយៈពេល10-15 ថ្ងៃគេដកមើមខ្ទឹមស្ងួតទាំងនោះមកដាក់ហាលរយៈពេល2-3ថ្ងៃទៀតទើបគេអាចទុកដាក់បានវិធីទុកដាក់គឺគេច្រើនតែយកស្លឹកខ្ទឹមមកចងជាបាច់ជាប់គ្នា ហើយព្យួរទុកនៅកន្លែងស្ងួត គេទុកបានរយៈពេល10-12ខែ។

ឯកសារយោង