ខេត្តប៉ៃលិនជាខេត្តដែលមានដីអំណោយផលក្នុងការដាំដុះដូច្នេះហើយទឹកដីនេះសម្បូរចំការផ្លែឈើដូចជា៖ ផ្លែមាន ស្វាយ ម្រេច ស្រកានាគ ទំពាំងបាយជូភូមា សាវម៉ាវ ល្ហុង និង កាហ្វេ ជាដើម។ ក្រៅពីនេះក៏មានធនធានធម្មជាតិសម្រាប់ទៅលេងទស្សនាកម្សាន្តជាច្រើនដូចជា៖ ទឹកជ្រោះ ភ្នំ និងកន្លែងផ្សេងច្រើនទៀត។ ថ្មីៗនេះយើងសង្កើតឃើញថាប្រកបមុខរបរចិញ្ចឹមឃ្មុំនៅខេត្តប៉ៃលិនមានការីកចម្រើនខ្លាំង។
លោក ម៉ែន កុសល្យ ដែលមានទីលំនៅក្នុងភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិនប្រកបមុខរបរចិញ្ចឹមឃ្មុំដើម្បីផ្គត់ផ្គង់ជីវភាពរបស់លោក។ លោកបានរៀបរាប់ពីដំណើរដើមទងនៃការចាប់ផ្ដើមរបរចិញ្ចឹមឃ្មុំនេះ។ គាត់ចាប់ផ្ដើមប្រហែល ៣ ឆ្នាំមុនដោយផ្ដើមដំបូងមានពូជឃ្មុំតែ៤ធុងប៉ុណ្ណោះរហូតដល់សព្វថ្ងៃកើនដល់៨៨ធុង។ គាត់ទិញពូជឃ្មុំពីកសិករម្នាក់ទៀតដោយ១ធុងតម្លៃ១៥០ដុល្លារសម្រាប់គាត់ចំណាយដើមលើពូជឃ្មុំចំនួន៦០០ដុល្លារ។ លោកបន្តទៀតថាវិធីដែលធ្វើឱ្យលោកឈានបានដល់៨៨ធុងនោះគឺលោកតែងយកសម្បុកឃ្មុំទៅដាក់ជិតចំការមៀនប៉ៃលិន ស្វាយកែវរមៀត ចំការស្វាយចន្ទី ឬចំការដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋនៅពេលដើមចេញផ្កាដើម្បីឱ្យសត្វឃ្មុំអាចចេញចូលក្រេបស៊ីលំអងផ្កាបង្កើតជាទឹកឃ្មុំក្នុងសម្បុកបានយ៉ាងឆាប់រហ័សហើយក៏ជួយធ្វើឱ្យដំណាំរបស់ប្រជាពលរដ្ឋទទួលបានទិន្នផលខ្ពស់ផងដែរ។ ការប្រមូលផលប្រើរយៈពេលត្រឹមតែ១៣ទៅ១៥ថ្ងៃប៉ុណ្ណោះបើសិនជានៅក្នុងចំការមានផ្ការុក្ខជាតិច្រើនហើយការប្រមូលផលនេះក្នុង១ធុង ទទួលបានទឹកឃ្មុំប្រហែល៣ទៅ៥លីត្រផងដែរ៕
រហូតមកដល់ឆ្នាំ២០២៣នេះលោកបានពង្រីកអាជីពរបស់ខ្លួនរហូតអាចប្រមូលផលទឹកឃ្មុំទទួលផលបាន៩កានក្នុងចំណោម៨៨ធុងហើយក្នុង១ធុងបានប្រហែលចំនួន២៧-២៨លីត្រ១ដោយគាបសម្បុកយកទឹកជាលក្ខណៈស្តង់ដា។ លោកបញ្ជាក់ថាភាគច្រើនលោកមានម៉ូយចាំទិញស្រាប់នៅតាមបណ្តាខេត្តនានាដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប រហូតដល់រាជធានីភ្នំពេញផងដែរ។ គាត់ដាក់លក់ទឹកឃ្មុំក្នុង១លីត្រលក់តម្លៃ១០ដុល្លាដែលធ្វើឱ្យជីវភាពលោកកាន់តែធូរធាជាង៣ឆ្នាំមុន។