ដំឡូងមីគឺជាដំណាំមួយប្រភេទដែលកសិករកម្ពុជាយើងនិយមដាំនៅតាមបណ្ដាខេត្តនានាពេញផ្ទៃប្រទេស។ វាជារុក្ខជាតិម្យ៉ាងដែលគេអាចដាំសម្រាប់យកមើម និងដើមដើម្បីយកទៅបន្តពូជនៅរដូវក្រោយ។ ដំឡូងប្រភេទនេះគេអាចដាំបានតាមរយៈដើម និងគ្រាប់ប៉ុន្តែភាគច្រើនប្រជាកសិករដាំដោយដើម ព្រោះវាលូតលាស់បានលឿន និងទិន្នផលល្អជាងគ្រាប់។ ដំណាំនេះគេអាចប្រមូលផលបានចន្លោះរយៈពេលពី៨-១០ខែហើយក្រោយពេលប្រមូលផលកសិករតែងតែទុកដីចោលឬដាំដំឡូងមីភ្លាមៗ និងដាំដំណាំដទៃទៀត ខាងក្រោមនេះជាបច្ចេកទេសបង្កើនចំណូលបន្ថែមដោយគេអាចដាំដំណាំឬសម្អាតដីដំឡូងមីឲ្យវាកាន់តែទទួលបានទិន្នផលខ្ពស់នៅរដូវក្រោយ៖
ដំឡូងមីជាដំណាំមានរយៈពេលវែងប៉ុន្តែវាក៏សល់ចន្លោះពេលសម្រាប់ឲ្យកសិករអាចដាំដំណាំបង្វិលដើម្បីបង្កើនសេដ្ឋកិច្ច និងកែប្រែដីផងដែរ។ ដោយឡែកមានកសិករមួយចំនួនតូចបានយល់ឃើញថានៅពេលប្រមូលផលរួចមិនចង់ទុកដីឲ្យនៅទំនេរ បានជាដាំដំឡូងមីភ្លាមៗ។ ការធ្វើបែបនេះវាអាចប៉ះពាល់ទៅដល់ការលូតលាស់របស់ដំឡូង ព្រោះការដាំដំណាំដដែលវាអាចអាចបង្កឲ្យមានរោគឆ្លងពីជំងឺរដូវចាស់មករដូវថ្មី និងបង្កើនភាពសាំរបស់សត្វល្អិត ជាពិសេសទៅទៀតនោះវាអាចបណ្ដាលឲ្យដីបាត់បង់សារធាតុចិញ្ចឹមកាន់តែខ្លាំង។ ខាងក្រោមនេះជាប្រភេទ និងវិធីសាស្ត្រក្នុងការដាំដំណាំបង្វិល៖
ពោតជាដំណាំដែលអាចប្រមូលផលបានចន្លោះ ២-៣ខែ ដូច្នេះប្រសិនបើចំការកសិករនៅជិតប្រភពទឹកពួកគាត់អាចដាំពោតបាន។ ម្យ៉ាងទៀតបើដំឡូងប្រមូលផលនៅមុនចុងរដូវវស្សា១-២ខែកសិករអាចដាំពោតក្នុងគោលបំណងកែប្រែដី និងកំចាត់មេរោគ&សត្វល្អិតនៃដំឡូងមីហើយការពារមិនឲ្យវាបង្កកំណើតដើម្បីបំផ្លាញដំឡូងនៅរដូវថ្មី។
សណ្ដែកជាដំណាំដែលអាចប្រមូលផលចន្លោះពី ២-៣ខែហើយប្រើពេលប្រមូលផល ២-៣សប្ដាហ៍។ ការជ្រើសរើសប្រភេទសណ្ដែកផ្អែកទៅលើទីផ្សារនៅក្នុងតំបន់ផ្ទាល់ដើម្បីចំណេញពេលវេលា និងតម្លៃ។ ការដាំសណ្ដែកក្រោយពេលប្រមូលផលដំឡូងគឺជារឿងដ៏ល្អបំផុតសម្រាប់កសិករ ព្រោះសណ្ដែកបានទាញយកអាសូតពីបរិយាកាសចូលទៅក្នុងដី និងបង្កើនជីវជាតិដីសម្រាប់ការដាំដំឡូងមីនៅរដូវក្រោយប្រមូលផលសណ្ដែក។ ម្យ៉ាងទៀតវាក៏បានជួយរារាំងការបន្តពូជរបស់បាក់តេរី ផ្សិត វីរុស និងសត្វល្អិតសម្រាប់ដំឡូងមីនៅរដូវក្រោយ។
ត្បិតតែដំឡូងជ្វាវាជាប្រភេទមើមដែលត្រូវការផូស្វ័រច្រើនដូចដំឡូងមី ប៉ុន្តែវាក៏មានលក្ខណៈខុសគ្នាមួយចំនួនដែលអាចធ្វើឲ្យដំឡូងជ្វាអាចលូតលាស់បានល្អនៅពេលដាំក្រោយដំឡូងមី។ ដំឡូងជ្វាអាចប្រមូលផលបានចន្លោះ ៨៥-១២០ថ្ងៃ ដែលជារយៈពេលមួយអាចឲ្យកសិករមានពេលវេលាសម្រាប់រៀបចំដីដាំដំឡូងមីបានក្រោយប្រមូលផល។
ល្ងជាដំណាំដែលបញ្ច្រាស់ពីដំឡូងមី ហើយគេដាំវាដើម្បីប្រមូលផលយកគ្រាប់ បើក្រឡេកមើលទៅលើទីផ្សារក្នុងស្រុកវិញល្ងមានការពេញនិយមខ្លាំងសម្រាប់ប្រជាជនយើងយកទៅបរិភោគ និងកែច្នៃទៅជាប្រេងផងដែរ។ គេអាចដាំដុះល្ងដោយប្រើរយៈពេលចន្លោះ ៩០-១៣០ថ្ងៃជាពេលមួយដែលអាចឲ្យកសិកររៀបចំខ្លួនទាន់ដើម្បីដាំដំណាំរដូវបន្ទាប់។ ម្យ៉ាងទៀតល្ងក៏មិនមានការឆ្លងជំងឺពីដំឡូងមីឡើយ។
ឈូករ័ត្នជាដំណាំដែលអាចទទួលទិន្នផលបានប្រហែល ១២០ថ្ងៃក្រោយពេលដាំ។ ចំពោះទីផ្សារវិញគេអាចកែច្នៃទៅប្រេងឆា និងបរិភោគគ្រាប់ ម្យ៉ាងទៀតប្រសិនជាបានរៀបចំនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបានល្អកសិករអាចទទួលបានកម្រៃបន្ថែមពីការបើកឲ្យទេសចរណ៍ចូលលេងកម្សាន្តជាដើម។ ការដាំឈូករ័ត្ននៅលើដីដំឡូងមីវាមិនបង្កឲ្យមានផលប៉ះពាល់ដល់ដំឡូវមីនៅរដូវបន្ទាប់ច្រើនឡើយ។
ដំណាំគម្របដីជាដំណាំមួយប្រភេទដែលបានជួយទៅដល់ដីយ៉ាងច្រើន ដោយវាបានទាញយកអាសូតពីបរិយាកាសចូលទៅក្នុងដីតាមរយៈកំពកឫសដូចទៅនឹងពពួកសណ្ដែកដែរ។ គេអាចដាំវាដើម្បីផលិតយកគ្រាប់លក់ និងភ្ជួរនៅពេលចេញផ្កាសម្រាប់ជាជីស្រស់ដល់ដី និងអាចបង្កឲ្យមានការរស់នៅរបស់អតិសុខុមប្រាណក្នុងដី។
#ចំណាំ៖គេអាចដាំដំឡូងមីម្ដងទៀតបន្ទាប់ពីប្រមូលផលនូវរដូវចាស់ ប៉ុន្តែត្រូវរៀបចំសម្អាតដីឲ្យបានស្អាតជាមុនសិនដោយដាក់នូវលាមកសត្វ ជីកំប៉ុស្តិ៍ និងជីគីមីក្នុងបរិមាណទៅតាមទំហំផ្ទៃដី។ ប៉ុន្តែការធ្វើបែបនេះវាមិនសូវមានប្រសិទ្ធភាពល្អដូចដាំដំណាំបង្វិលទេ។
ឯកសារយោង