ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ទាល់តែមានគោលការណ៍ទាំងនេះទើបគេហៅថាការដាំដុះសរីរាង្គ

កសិកម្មសិរីរាង្គគឺជាដំណើរការដាំដុះតាមបែបធម្មជាតិឬតាមបែបអេកូឡូសុី។ នៅក្នុងកសិកម្មសរីរាង្គមានច្រើនបែបច្រើនទម្រង់ ប៉ុន្តែនៅក្នុងអត្ថបទនេះបាននិយាយអំពីបន្លែសរីរាង្គដែលយើងតែងតែឮថាជាបន្លែធម្មជាតិ។ បន្លែសរីរាង្គជាបន្លែដែលដាំដុះនៅលើដីដោយផ្ទាល់(មិនមែនដាំលើទឹក ឬផ្ដាច់ជីគីមី១-២សប្ដាហ៍អាចជាបន្លែសរីរាង្គឡើយ) ហើយប្រើប្រាស់សារធាតុចិញ្ចឹមធម្មជាតិសុទ្ធរួមមានជីកំប៉ុស្តិ៍ ថ្នាំពុលធម្មជាតិដែលផលិតដោយម្ចាស់ចំការផ្ទាល់។ ដោយឡែកមុននឹងដាំដុះ និងប្រមូលផលដំណាំទាំងអស់ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យដោយអ្នកជំនាញនៅក្នុងមន្ទីរពិសោធន៍របស់ក្រុមហ៊ុន ឬស្ថាប័នឯករាជ្យណាមួយ។

មានបងប្អូនកសិករយើងមួយចំនួនមានការភាន់ច្រឡំអំពីវិធីសាស្ត្រការដាំដុះសរីរាង្គ និងការដាំដុះដោយប្រើជីគីមីហើយផ្អាកប្រើវិញមួយរយៈពេលថាជាការដាំបែបសរីរាង្គដែរ។

ដូច្នេះបងប្អូនត្រូវចាប់អារម្មណ៍ និងបែងចែកឱ្យច្បាស់ដើម្បីអាចចាត់ចូលជាបន្លែធម្មជាតិបានកសិករត្រូវអនុវត្តន៍តាមគោលការណ៍ចាំបាច់ជាច្រើនដូចខាងក្រោម៖

ថែរក្សាប្រព័ន្ធអេកូឡូសុីនៅក្នុងការដាំដុះ

មានន័យថាកសិករមិនអាចប្រើប្រាស់នូវប្រភេទសារធាតុគីមីសំយោគគ្រប់ប្រភេទរួមមានជីគីមី ថ្នាំពុលគីមី និងអ័រមូនគីមី។ ម្យ៉ាងទៀតសារធាតុពន្ធុ(សែន)បំលែង(GMOs)ក៏ត្រូវបានហាមឃាត់ទាំងការវេចខ្ចប់ ការទុកដាក់ និងបច្ចេកទេសផលិតកម្ម។ រីឯសម្ភារៈប្រើប្រាស់នៅក្នុងចំការគីមីមិនអាចយកមកប្រើប្រាស់នៅក្នុងចំការសរីរាង្គបានឡើយ។

ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូសុី

កសិករត្រូវកែប្រែដី និងបន្ថែមសារធាតុចិញ្ចឹមដល់ដីតាមរយៈការប្រើប្រាស់នូវជីសរីរាង្គឬជីកំប៉ុស្តិ៍ដែលបានផលិតដោយខ្លួនឯង និងមានធាតុផ្សំដែលកើតចេញពីក្នុងចំការផ្ទាល់ឬអាចរកបាននៅក្នុងភូមិ ហើយជារបស់ធម្មជាតិទាំងអស់។ ត្រូវរក្សានូវជីវៈចម្រុះនៅក្នុងចំការដូចជាភាវៈមានជីវិត(ពពួកសត្វល្អិតមានប្រយោជន៍ឃ្មុំ អង្ក្រង ពពួកអតិសុខុមប្រាណក្នុងដី …) ទឹក ដី និងរុក្ខជាតិមានប្រយោជន៍ដទៃទៀត។ល។

ធ្វើឲ្យសុខដុមជាមួយដំណើរវិវត្តន៍របស់ប្រព័ន្ធអេកូឡូសុីក្នុងចំការ

សំដៅទៅលើការដាំដំណាំបង្វិលឬដំណាំចម្រុះដែលអាចជួយកាត់បន្ថយសត្វល្អិត ជំងឺ និងបង្កើនជីវជាតិដី។ ម្យ៉ាងទៀតគេអាចដាំប្រភេទដំណាំគម្របដីដើម្បីជាជំនួយក្នុងការទាញយកអាសូតពីបរិយាកាសចូលទៅក្នុងដីសម្រាប់បង្កើនសារធាតុចិញ្ចឹមដល់ដំណាំ និងដី។

មិនប្រឡាក់ប្រលូកជាមួយដំណាំដទៃ

ចំការសរីរាង្គជាចំការដែលនៅដាច់ដោយឡែកពីចំការគីមី និងចំការទូទៅដែលមិនដាំដំណាំសរីរាង្គ។ កសិករត្រូវខណ្ឌដាច់ដោយឡែកពីចំការដទៃដោយទុកដីឲ្យនៅទំនេរជុំវិញ ឬដាំដំណាំខណ្ឌជារបង ហើយចំការសរីរាង្គក៏មិនអាចនៅពីក្រោមចំការគីមីបានឡើយ។ ម្យ៉ាងទៀតជុំវិញចំការសរីរាង្គមិនអាចទុកព្រៃនៅជុំវាបានទេជាពិសេសការកាប់ព្រៃដើម្បីធ្វើចំការសរីរាង្គត្រូវបានហាមឃាត់។

គោលការណ៍មួយចំនួនទៀតរួមមាន

  • ត្រូវត្រួតពិនិត្យដី ទឹក នៅក្នុងចំការជាមុនសិនទើបអាចដាំដំណាំតាមក្រោយ
  • ប្រភេទដំណាំ និងពេលវេលានៃការដាំនៅលើចំការសរីរាង្គមិនត្រូវឲ្យដូចចំការធម្មតាឡើយ
  • ប្រសិនបើចំការដែលធ្លាប់ប្រើប្រាស់សារធាតុគីមីម្ចាស់ចំការត្រូវតែទុកដីនោះចោលយ៉ាងហោច ៦-១២ខែ(ដើម្បីឲ្យសារធាតុគីមីរលាយអស់)ទើបអាចដាំដំណាំសរីរាង្គបាន
  • នៅពេលប្រមូលផលម្ចាស់ចំការត្រូវតែត្រួតពិនិត្យបន្លែនៅមន្ទីរពិសោធន៍របស់ក្រុមហ៊ុនដែលធានាទិញម្ដងទៀតដើម្បីប្រាកដថាបន្លែសរីរាង្គទាំងអស់មិនមានផ្ទុកនូវសារធាតុគីមីហាមឃាត់ណាមួយ
  • ពូជដែលយកមកដាំដុះជាពូជដែលមានប្រភពច្បាស់លាស់ឬមាននៅក្នុងស្រុកឬបានមកពីចំការសរីរាង្គដទៃទៀត ប៉ុន្តែពូជភាគច្រើនជាពូជដែលបានចេញឲ្យប្រើយ៉ាងហោចឆ្លងកាត់ការបង្កាត់រយៈពេល១០ឆ្នាំ(ហើយពូជដែលឆ្លងកាត់ការបង្កាត់ដោយបំលែងសែនGMOមិនត្រូវបានឲ្យប្រើឡើយ)
  • ការផលិតជីកំប៉ុស្តិ៍កសិករអាចផលិតដោយខ្លួនឯងឬទិញពីទីផ្សារដែលមានបញ្ជាក់សមាសធាតុផ្សំត្រឹមត្រូវ
  • លាមកសត្វត្រូវបានអនុញ្ញាត្តឲ្យប្រើប្រាស់ប៉ុន្តែត្រូវបំលែងទៅជាជីកំប៉ុស្តិ៍ ឬដាក់លើដីចំការដោយទុកចោលយ៉ាងហោច១ខែមុនដាំដំណាំ

#បន្លែសរីរាង្គជាបន្លែដែលមានសុវត្ថិភាព និងត្រូវបានដាំដុះនៅលើដីដែលបានត្រួតពិនិត្យរួច ហើយគោលការណ៍ខាងលើនេះជាគោលការណ៍មួយចំនួនដែលសំខាន់ៗនៅក្នុងគោលការណ៍ដំណាំសរីរាង្គហើយវាក៏មានគោលការណ៍ផ្សេងៗទៀតដែលត្រូវបានកំណត់ដោយក្រុមហ៊ុនប្រមូលទិញបន្លែនានា។

ឯកសារយោង

Writer