ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសដាំដុះផ្កាចន្ធូរ

ផ្កាចន្ធូរគឺជាផ្កាមួយប្រភេទដែលប្រជាជនខ្មែរតែងនាំគ្នាទិញដើម្បីយកទៅថ្វាយព្រះនៅតាមពិធីបុណ្យឬថ្ងៃសីល និងកម្មវិធីផ្សេងៗផងដែរ។ ផ្កាប្រភេទនេះភាគច្រើនគេយកមើមរបស់វាមកដាំ ហើយវាអាចផ្តល់ផ្កា ៣-៥ខែក្រោយដាំ និងមានផ្កាពេញមួយឆ្នាំ។ ចន្ធូរមានដើមកំណើតមកពីប្រទេសមុិកសុិក(Mexico) ឋិតនៅក្នុងគ្រួសារ Asparagaceaeដែលមានអាយុវែងជាងគេហើយមានឈ្មោះវិទ្យាសាស្ត្រ Tuberose។ វាជាប្រភេទដើមត្រង់កម្ពស់ចន្លោះពី ៨០-១២៦cm មានស្លឹកស្រួច និងផ្កាមានជាច្រើនពណ៌តែពណ៌សជាពណ៌កំណើត។ ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការដាំដុះ ថែទាំចន្ធូរ៖

លក្ខខណ្ឌអាកាសធាតុ និងភូមិសាស្ត្រ

  • សីតុណ្ហភាព៖ ១៨-៣៤ oC
  • ដី៖ ជាដីនៅតាមបណ្ដោយដងទន្លេមេគង្គ និងដីគ្រប់ប្រភេទលើកលែងដីឥដ្ឋខ្លាំង និងលិចទឹកនៅរដូវវស្សា ដោយជ្រើសរើសដីណាដែលមានប្រព័ន្ធបង្ហូរទឹកល្អ
  • សំណើម៖ ៧៥-៩០%
  • អាសុីតដីpH៖ ៦.៥-៧.៥
  • រដូវដាំដុះ៖ ដាំនៅដើមរដូវវស្សា(មករា-កុម្ភៈ)
  • ពន្លឺ៖ មានពន្លឺកាន់តែច្រើនកាន់តែល្អព្រោះវាជាដំណាំមិនចូលចិត្តម្លប់ខ្លាំង

វិធីសាស្ត្រជ្រើសរើសពូជ

  • ផ្កាចន្ធូពណ៌សជាពណ៌ដែលគេដាំច្រើនជាងគេហើយជាពណ៌ធម្មជាតិរបស់វា
  • ផ្កាចន្ធូពណ៌ផ្កាឈូក
  • ផ្កាចន្ធូពណ៌ស្វាយ លឿង និងពណ៌ដទៃទៀត

ការជ្រើសរើសមើម

  • មើមធំមានអង្កត់ផ្ចិត ៣-៤cm ចេញផ្កាក្រោយដាំបាន ៣ ខែ។
  • មើមមានអង្កត់ផ្ចិត ២-៣cm និងចេញផ្កាបន្ទាប់ពីដាំបាន៤-៥ ខែ។
  • មើមតូចមានអង្កត់ផ្ចិត ១-២cm ចេញផ្កាក្រោយដាំ៦-៧ ខែ។

វិធីសាស្ត្ររៀបចំដី

មុននឹងដាំការរៀបចំដីគឺជាចំណុចដ៏សំខាន់សម្រាប់ផ្តល់ជាជម្រកដល់ចន្ធូរឲ្យវាអាចលូតលាស់បានល្អ និងផ្តល់ផ្កាពេញមួយឆ្នាំ។ ដំបូងត្រូវភ្ជួរដី និងប្រើជីទ្រាប់បាតប្រភេទមិនងាយរលាយដូចជា ផូស្វ័រ ប៉ូតាស្យូម និងលាមកសត្វឬជីធម្មជាតិ រួចហាលចោលដើម្បីសម្លាប់មេរោគ ប៉ុន្តែប្រសិនបើដីប្រភេទអាសុីតខ្លាំងត្រូវបាចកំបោរដើម្បីបន្ថយអាសុីត។

បច្ចេកទេសដាំដុះ

  • ដាំជាចំការ៖ ដីដែលភ្ជួររួចត្រូវលើកជារងដោយប្រវែង និងទំហំរងអាស្រ័យទៅលើទំហំដី ប៉ុន្តែជាទូទៅគេលើករងមានទទឹង ១៣០cm កម្ពស់រង៦០cm និងចន្លោះពីរងមួយទៅរងមួយ ៦០cm។ ចំណែកការដាំចន្ធូត្រូវមានចន្លោះគុម្ពមួយទៅគុម្ពមួយទៀតប្រវែង ៥០cm និងចម្ងាយជួរ ៣០cm ព្រោះវានឹងបែកមើមមកថ្មីទៀត រីឯកែមរងចោលប្រហែល ២០cm សង្ខាងរង។ បន្ទាប់មកជីករណ្ដៅក្នុងទំហំសមាមាត្រទៅនឹងមើមរបស់វា ដោយដាក់១-៣មើមទៅតាមទំហំរបស់មើមចន្ធូរ(ប៉ុន្តែប្រសិនបើមានឫសស្មៅនៅលើរងមុននឹងដាំត្រូវរើសឫសចេញ)។ ក្រោយពីដាំរួចត្រូវគ្របចំបើងពីលើ ហើយស្រោចទឹកដើម្បីរក្សាសំណើម និងសីតុណ្ហភាពឲ្យវាឆាប់ចេញពន្លកឫស និងស្លឹក។
  • ដាំក្នុងផើង៖ ត្រូវជ្រើសរើសផើងណាដែលមានទំហំធំល្មមដោយអាចឲ្យមើមចន្ធូរអាចវិវដ្តមើមរបស់វា ហើយលាយដីជាមួយជីផូស្វ័រ ប៉ូតាស្យូម អង្កាម និងជីកំប៉ុស្តិ៍ឬលាមកសត្វ។

ប្រព័ន្ធទឹក

គេអាចរៀបចំប្រព័ន្ធស្រោចស្រពដោយប្រើប្រព័ន្ធតំណក់ទឹក ហើយជៀសវាងការប្រើទុយោរក្បាលឈូកឬបាញ់សាចខ្លាំងវាអាចធ្វើឲ្យស្លឹករហែក។ ចំពោះការស្រោចទឹកវិញវាអាស្រ័យទៅលើប្រភេទដីជាក់ស្ដែងដែលវាអាចរក្សាសំណើមបានប៉ុន្មានម៉ោងឬថ្ងៃ។

ជី

គេអាចប្រើប្រាស់ប្រភេទជីNPKដែលមានកម្រិតណែនាំ NPK(៥-១០-១០) ឬ NPK(១០-២០-២០)មានន័យថា

  • អ៊ុយរ៉េN៖ ១០.៨៦-២១.៧៣kg/ha
  • ផូស្វ័រP៖ ៥៥.៥៥-១១១.១១kg/ha
  • កាលីK៖ ១៦.៦៦-៣៣.៣៣kg/ha

គេត្រូវដាក់ជី២០-៣០ថ្ងៃក្រោយដាំ និងក្រោយប្រមូលផលម្ដងទៀតព្រោះជីគ្រាប់មិនងាយរលាយឡើយលើកលែងអ៊ុយរ៉េ។(ប្រសិនបើរកជីទោលមិនបានគេអាចប្រើប្រភេទDAP និងជីក្រុមហ៊ុនកសិកម្មនានាហើយគណនាតាមរូបមន្តដែលធាតុនីមួយៗត្រូវការ)

សត្វល្អិត

  • ក្រោយដាំប្រហែល ៣០ថ្ងៃស្លឹកចន្ធូរងាយនឹងកើតមានពពួកពីងពាងក្រហម ដោយវាស្ថិតនៅផ្នែកខាងក្រោមស្លឹក។ សត្វប្រភេទនេះមិនងាយនឹងកំចាត់វាទេព្រោះវាស្ថិតនៅផ្នែកក្រោមស្លឹក ដូច្នេះហើយនៅពេលបាញ់ថ្នាំសត្វល្អិតភាគច្រើនមិនសូវមានប្រសិទ្ធភាពទេ ប៉ុន្តែគេអាចប្រើប្រាស់ទឹកដើម្បីបាញ់ទម្លាក់ពីងពាងនេះ។
  • ចន្ធូរអាយុ ៣-៤ខែវាងាយនឹងរងផលប៉ះពាល់ដោយសារការបំផ្លាញរបស់សត្វល្អិតដែលគេអាចប្រើថ្នាំដែលមានធាតុសកម្មដូចជា៖ Nissorun, Kelthan 20 EC, Comite, Basudin 10H។ រីឯខែកញ្ញា-តុលាជាខែដែលមានទឹកភ្លៀងច្រើនគេអាចប្រើប្រភេទថ្នាំដែលមានធាតុសកម្ម Anvil, Topsin, Ridomil, Rovral, Alliette និងថ្នាំដទៃទៀត។

ការប្រមូលផល

ចន្ធូរអាចប្រមូលផលបាននៅចន្លោះអាយុ ៣-៥ខែ ដោយគេអាចប្រមូលផលបានពេញមួយឆ្នាំ និងមានអាយុកាល៣ឆ្នាំ ហើយក្រោយពី៣ឆ្នាំគេត្រូវដកមើមទុកដើម្បីធ្វើជាពូជដោយហាលខ្យល់ក្រោមម្លប់រយៈពេល ២-៣ខែ។ ការប្រមូលផលចន្ធូរគេអាចកាត់ផ្កាវានៅពេលព្រឹកប្រលឹម ឬនៅពេលរសៀលថ្ងៃទាបដើម្បីអាចរក្សាភាពស្រស់របស់វាឲ្យបានយូរអង្វែង។

#ចំណាំ៖

-គេអាចដាំតាមបច្ចេកទេសនេះបាននៅគ្រប់ទីកន្លែងមិនថាបរិវេណតូចឬធំឡើយ

-ធាតុសកម្មដែលជាថ្នាំបាញ់សត្វល្អិតអាចជ្រើសរើសថ្នាំណាដែលមានការអនុញ្ញាត្តឲ្យប្រើប្រាស់ពីក្រសួងកសិកម្មរបស់កម្ពុជា

ឯកសារយោង

Writer