ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសដាំម្ទេសហាវៃ


ម្ទេសគឺជាដំណាំដែលគេស្គាល់និងពេញនិយមដាំ ម្ទេសមានច្រើនពូជដូចជាម្ទេសដៃនាង ម្ទេសអាចម៍សត្វ ម្ទេសស ម្ទេសខ្មាំង ម្ទេសលាក់ ម្ទេសឡាវអាវ និង ម្ទេសហាវៃជាដើម។ល។ ម្ទេសហាវៃមានអត្តប្រយោជន៍ជាច្រើននៅក្នុងជីវភាពប្រចាំថ្ងៃ ដូចជាយកទៅធ្វើជាបន្លែសម្រាប់ចំអិនជាមួយសាច់ ធ្វើម្ហូប ដូចជា ឆា ឬ សម្លបានជាច្រើនប្រភេទដោយរួមផ្សំជាមួយបន្លែផ្សេងទៀត។


លក្ខខណ្ឌដី

ម្ទេសហាវៃ ជាប្រភេទដំណាំដែលអាចដុះលូតលាស់បានល្អលើដីឥដ្ឋស្រាលដែលសំបូរទៅដោយសារធាតុចិញ្ចឹមគ្រប់មុខជាពិសេសគឺជាតិកំបោរ ជ្រាបទឹករហ័សព្រមទាំងសំបូរទៅដោយសារធាតុខនិជ ។ ប្រភេទដីល្បាយខ្សាច់ ដំណាំតែងលូតលាស់ និង ចាក់ឫសបានជ្រៅ ប៉ុន្តែការផ្គត់ផ្គង់ទឹក និង ជីទៅតាមវិធីសាស្ត្រណែនាំត្រឹមត្រូវ ម្ទេសនិងទទួលបាន ទិន្នផលខ្ពស់។ នៅលើ ប្រភេទដីខ្មៅហើយស្អិតជាមធ្យម នៅរដូវភ្លៀងត្រូវមានប្រព័ន្ធ ប្រឡាយបញ្ចេញទឹក ។ កាលណាសំណើមដីពី ៥៥.៦ ទៅ ៥៧.៤ % ធ្វើឱ្យ ២០ ទៅ ៣០ % នៃ ក្តីបជ្រុះ។ ម្ទេសហាវៃ អាចលូតលាស់ស្ទើរគ្រប់ប្រភេទដី ក្នុងករណី ប្រភេទដីឥដ្ឋធម្មតាត្រូវមានប្រពន្ធ័ប្រឡាយរំដោះទឹកត្រឹមត្រូវ ព្រមទាំងមានការជ្រើសរើសពូជឱ្យបានល្អ។ វាអាចធន់ ទ្រាំទៅលើកំរិតអាស៊ីតខ្សោយនៃដី និងប្រភេទដីល្បាយខ្សាច់ដែលមាន pH 6 – 6.5ប៉ុន្ត ត្រូវបន្ថែមសារធាតុសរីរាង្គ បន្ថយភាពស្អិត និងងាយស្រួលរក្សាសំណើម ។


លក្ខខណ្ឌអាកាសធាតុ

ដំណាំម្ទេសហាវៃ អាចលូតលាស់បានលក្ខខណ្ឌអាកាសធាតុក្តៅ និងត្រជាក់ សីតុណ្ហភាពចន្លោះពី ២០-២៥0Cក្នុងអត្រាសំណើមបរិយាកាសមធ្យមធ្វើឱ្យផ្លែម្ទេសទុំ ក្រហមព្រមទាំងមានក្លិនឆួលខ្លាំង ។

ពន្លឺ

ឥទ្ធិពលនៃពន្លឺធ្វើឱ្យផ្លែ ស្លឹក បន្លាតត្រង់ល្អហើយមានភាពបៃតងច្បាស់លាស់ការ បន្ថយពន្លឺព្រះអាទិត្យ៥០% ធ្វើឱ្យទងផ្កា គ្រាប់ពូជព្រមទាំងផ្លែមានទម្ងន់តែវាបានបង្កើន នូវអាស្តូប៊ិចអាស៊ីដ (បង្គុំនូវវីតាមីន នៅក្នុងផ្លែបានល្អ) ។ ប៉ុន្តែការបន្ថយឱ្យត្រូវពន្លឺព្រះ អាទិត្យត្រឹម ៣០%។ធ្វើឱ្យមានការកើនឡើងនូវទិន្នផលទ្វេរដង ដោយសារផ្លែម្ទេសរីកធំបានល្អ ។


ការរៀបចំដី

ដីសម្រាប់ដំណាំម្ទេសហាវៃ ត្រូវមានប្រភពទឹកគ្រប់គ្រាន់ ហើយជាប្រភេទដីដែលសំបូរទៅដោយជីជាតិ ជ្រាបទឹករហ័ស មិនដក់ទឹក ដូចជាប្រភេទដីល្បប់ល្បាយខ្សាច់ ឬដីក្រហមភ្នំភ្លើងវាសំបូរទៅដោយសារធាតុចិញ្ចឹម ។ការភ្ជួរាស់ដីឱ្យបានជ្រៅដើម្បី បន្ថយនូវការដុះស្មៅ ភ្នាក់ងារចង្រៃផ្សេងៗធ្វើឱ្យដីធូរ មានបន្ទុកខ្យល់អុកស៊ីសែនគ្រប់គ្រាន់ ត្រឡប់ជីជាតិ និងពង្រាយជីជាតិឱ្យស្មើល្អ កៀរឱ្យស្មើងាយស្រួលក្នុងការស្រោចស្រពបន្ទាប់មកលើករងឱ្យបានខ្ពស់ ។

  • របៀបលើករងគឺ ទទឹងប្រវែង ១២០ ស.ម កម្ពស់ ២០ ទៅ ២៥ ស.ម បណ្ដោយអាស្រ័យទៅតាមលទ្ធភាពដី
  • ក្រោយពីការលើករងហើយត្រូវពង្រាបដីតាមរងនីមួយៗឱ្យស្មើរ កាប់រណ្ដៅលើ រង ក្នុងជម្រៅ ៥ ទៅ ៨ ស.ម ចំនួន ២ ជួរក្នុងមួយរងចន្លោះជួរ ៦០ ស.ម ចន្លោះរណ្ដៅ ៦០ស.ម។
  • បន្ទាប់មកដាក់ជី កំប៉ុស្តិ៍ ឬជីលាមកសត្វផ្សេងៗ ដែល ពុកផុយពដូចជា លាមកគោចំនួនពី ១៥ ទៅ ២០ តោន ឬជីលាមកមានពី ៨ ទៅ ១០ ត/ហ.ត បន្ទាប់មករោយជី១៥.១៥.១៥ បន្តិចៗ ។
  • ក្រោយពីការដាក់ជីរួចហើយត្រូវយកថ្នាំប្រឆាំងនឹងគ្រាប់ស្មៅឈ្មោះ Alachlor កំរិត ៥០ CC លាយទឹក ១៨ ទៅ២០ លីត្របាញ់ឱ្យជោគលើរង ទើបដាំដុះ តាមក្រោយ ។

ការដាំដុះ

  • មុនដកកូនយកទៅដាំរយៈពេល១ថ្ងៃត្រូវយកថ្នាំការពារ ជម្ងឺផ្សិតដូចជាប្រភេទ Zineb, Mancozeb , Captan ចំនួន២០ក្រាមលាយជាមួយ ថ្នាំសម្លាប់សត្វល្អិតដូចជា Monocrotophos ឬ Carbary ចំនួន ២៥ CC ឬ ២០ ក្រាមលាយ ជាមួយ ទឹក ១៨ ទៅ ២០លីត្របាញ់លើកូនម្ទេសឱ្យជោគ ដើម្បីការពារសត្វល្អិត និង ជម្ងឺ ពេលយកទៅដាំក្នុងចំការ ។
  • មុនដកកូន ១ ទៅ ២ ម៉ោងត្រូវស្រោចទឹកឱ្យជោគ ។ ហើយដកយកទៅដាំភ្លាម គឺធ្វើឡើងនៅពេលកំដៅថ្ងៃថយចុះ ជាពិសេសនៅពេលល្ងាច។
  • វិធីដាំ ត្រូវដាំមួយគុម្ពមួយដើម មុនដាំជ្រុំជីក្នុងរណ្ដៅដើម្បីឱ្យជីដែល បានដាក់បាតរណ្តៅធ្លាក់ចុះ ទៅក្រោម កុំឱ្យប៉ះគល់កូនម្ទេសវាបណ្ដាលឱ្យរលួយ។
  • ដាំហើយត្រូវស្រោចទឹកឱ្យជោគភ្លាមដើម្បីបន្ថយការរំហួតចំហាយទឹកពីក្នុងប្រព័ន្ធ ពន្យារពេលនៃការលូតលាស់ធ្វើជាលិកាស្លឹក ដើម ចន្លោះគុម្ពនិងចន្លោះជួរដែលត្រូវដាំមាន៦០ ស.ម x ៦០ ស.ម ឬ ៦០ ស.ម x ៧០ស.ម ។

ការជ្រំជ្រួយដី

ការជ្រំជ្រួយដីក្នុងចំការ ម្ទេស គឺបានធ្វើឱ្យស្មៅពន្យារ ពេលនៃការលូតលាស់ធ្វើឱ្យដីធូរ រក្សាសំណើមបានល្អ ជីជាតិរលាយបានលឿន សម្រួលដល់ការលូតលាស់ប្រព័ន្ធឫស និងស្របយកជីជាតិទៅចិញ្ចឹមសរីរាង្គ ។ អាចជ្រុំដីនឹងចប ឬ ដោយម៉ាស៊ីនក្រោយពីដាំបាន ១៥ ទៅ ១៧ ថ្ងៃ មុនជ្រុំត្រូវផ្អាក់ការស្រោចទឹក ១ថ្ងៃមុនជំ្រឱ្យផុសដី ពេញផ្ទៃរងរាក់ៗ បន្ទាប់មកពួនរងឡើងវិញ និង យកចំបើងស្ងួតឬកំបោកក្រៀមៗមកគ្របឱ្យជិតពេញរង ដើម្បីបន្ថយការហាប់ដី និងភាពលូតលាស់របស់ស្មៅមិនអនុញ្ញាតឱ្យជំ្រជួយដីលើកទី ២ ពេលម្ទេសកំពុងចេញផ្កា ឬផ្លែឡើយ ។

ការដាក់ជី

ដំណាំម្ទេសត្រូវការសារធាតុចិញ្ចឹមច្រើនយ៉ាង ដើម្បីការលូតលាស់គ្រប់សរីរាង្គ ក្នុងមួយវដ្តជីវិតរបស់វាសារធាតុដែលចាំបាច់ ហើយមានបរិមាណច្រើនជាងគេគឺអាសូត និង ប៉ូតាស្យូម ចំពោះជាតិផូស្វ័រមានកំរិតទាបជាង អាសូត និងប៉ូតាស្យូម ដើម្បីផលិតម្ទេសស្រស់ទម្ងន់ ១តោន វាត្រូវការស្រូបយកជីជាតិពីដីនូវសារធាតុសំខាន់ៗមានៈ អាសូត ៣,៣៤ គ. ក្រ ផូស្វាត ០,៧៦ គ.ក្រ ប៉ូតាស្យូម ៤,៣៩គ.ក្រ ក្នុងផ្ទីដី ១ ហ.ត ។ ការដាក់ជី ដែលសមស្របគឹប្រើជីទោល ( ធាតុសកម្មដាច់ៗពីគ្នា ) ជាពិសេសប្រភេទជីផូស្វាត និងជីប៉ូតាស្យូម ត្រូវដាក់ចំនួន ៥០ % នៃចំនួនជី អាសូត ដែលត្រូវប្រើក្នុង១ វដ្ដជីវិត ប្រភេទជីនេះ គេប្រើទ្រាប់បាតមុនពេលដាំ ហើយ ចំនួននៃជី ផូស្វាត និង ប៉ូតាស្យូម ដែលនៅសល់ត្រូវ ដាក់លើកទី ២ ពេលម្ទេសចេញផ្កា ១០០%ប៉ុន្តែដើម្បីឱ្យម្ទេសផ្លែបានច្រើន និងលូតលាស់ បានយូរ គេត្រូវប្រើបរិមាណជីនីមួយៗក្នុងកំរិតដូចខាងក្រោម ៖

ជីអាមូនីញ៉ូមស៊ុលហ្វាត ៣៥០ គ.ក្រ ជីស៊ុបពែផូស្វាត ចំនួន ១៧៥ គ.ក្រ/ហ.ត វា ស្មើនឹង កំរិតជី អាសូត ១៦០ គ.ក្រ ជីផូស្វាត ៣៦ គ.ក្រ ជីប៉ូតាស្យូម ១០០ គ.ក្រ/ហ.ត ដូចនេះ ដើម្បីឱ្យសមស្របទៅតាមរូបមន្តនៃតម្រូវការនៅប្រទេសកម្ពុជាយើងមានការកង្វះជីទាំងនោះគេអាចប្រើប្រភេទជីផ្សេងៗក្នុងការជំនួយ និងបំពេញបន្ថែមខ្លះៗគឺ

  • ដាក់មុនពេលដាំជី ១៥.១៥.១៥ ចំនួន ១៥០ គ.ក្រ/ហ.ត បាចឬដាក់តាមបាតរណ្ដៅ
  • ដាក់ក្រោយដាំ ៧ ទៅ ១០ ថ្ងៃ ជីអ៊ុយរ៉េចំនួន ៦៥ ទៅ ៧០ គ.ក្រ លាយទឹកស្រោច
  • ក្រោយដាំ ៣៥ ទៅ ៤០ ថ្ងៃ យកជីប្រភេទផូស្វាតសុទ្ធ ចំនួន ៧២ គ.ក លាយជា មួយជីប៉ូតាក្លរួចំនួន ១៣០ គ.ក្រនិងជីអ៊ុយរ៉េ ១០០ គ.ក្រ លើផ្ទដី ១ ហ.ត
  • ក្រោយដាំរយៈពេល ៥៥ ថ្ងៃ យកជីអ៊ុយរ៉េសុទ្ធចំនួន ៦០ គ.ក្រ លាយជាមួយទឹកស្រោច ឬ បាចតាមចន្លោះជួរក្រោយពីបញ្ចូលទឹកហើយ ។
  • ក្រោយដាំរយៈពេល ៧០ ថ្ងៃ និង ៨៥ ថ្ងៃចំនួនជីអ៊ុយរ៉េ ៦០ គ.កក្នុង មួយលើកៗ មកលាយទឹកស្រោច ឬបាចតាមចន្លោះគុម្ពហើយស្រោចទឹកក៏បាន ។

ការស្រោចស្រព

ត្រូវស្រោចទឹកឱ្យបានសើមខ្លាំងពេលដាំហើយភ្លាមៗ ចំពោះបរិមាណទឹកដែលប្រើប្រាស់វាអាស្រ័យទៅតាមប្រភេទនៃដី ធាតុអាកាស ។ គេអាចស្រោចទឹកដោយប៉ោត ដោយបាញ់នឹងម៉ាស៊ីនជាចំហាយទឹក ឬជាបន្យាចនៃដំណក់ទឹក ដែលហៅថា ទឹកភ្លៀងនិមិ្មតជារៀងរាល់ថ្ងៃប៉ុន្តែចំពោះការស្រោចឱ្យជ្រាបគឺត្រូវធ្វើក្នុងអំឡុង ៣ ទៅ ៥ ថ្ងៃម្ដងទៅតាមសភាពដី និងវគ្គលូតលាស់ ។

ការប្រមូលផល

ជាធម្មតាម្ទេសហាវ៉ៃគេបេះយកផ្លែដែលចាស់សមស្របទៅនឹងទីផ្សារព្រោះ ម្ទេសប្រភេទនេះភាគច្រើនប្រើប្រាស់ជាបន្លែ ។ លក្ខណៈផ្លែដែលអាចបេះបានគឺ ពណ៌ បៃតងក្រម៉ៅរលោង រឹង ។ វិធីសាស្ត្រ ប្រមូលផល គេប្រើកន្ទ្រៃឫកាំបិត មុតកាត់ផ្ដាច់ទង បន្ទាប់មកយក ផ្លែទៅរក្សាទុកក្រោមម្លប់ដើម្បី រក្សាពណ៌សំបកនៃផ្លែបន្ទាប់មក ដាក់បញ្ចូលទៅក្នុងឡាំង ឬកេះដែលធ្វើពីប្លាស្ទិច ឬ ក្រដាស់ស្ងួត និងបញ្ជូនទៅរក្សាទុកនៅឃ្លាំងត្រជាក់ ការក្សាទុក រយៈពេល ៣ ទៅ ៤ អាទិត្យវាកើនឡើងនូវពណ៌ក្រហមស្រស់ ។ ប៉ុន្តែចំពោះម្ទេសហឹរវិញ ធ្វើឱ្យបាត់បង់សារធាតុផ្អែមចំនួន ៣២% ក្រោយពីរក្សាទុកនៅក្នុងឃ្លាំងត្រជាក់រយៈពេល ៧ ទៅ ៨ អាទិត្យក្រោយពីប្រមូលផល ។ អាយុកាល និងទិន្នផលវា អាស្រ័យទៅលើប្រភេទ ពូជ និងលក្ខខណ្ឌដំណុះ ពូជស្រាលពី ៥៥ ទៅ ៦០ ថ្ងៃ ពូជកណ្ដាលពី ៦៥ ទៅ ៧០ ថ្ងៃ និង ពូជធ្ងន់ពី ៧៥ ទៅ ៩០ ថ្ងៃ ក្រោយដាំ ។ នៅក្នុងប្រទេសកម្ពុជាយើងទិន្នផលមធ្យមពី១៨ ទៅ ២២ តោនក្នុង១ហិចតា ។

ឯកសារយោង