ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

របៀបដាំផ្កាអ័រគីដេ

ផ្កាអ័រគីដេគឺជាផ្កាដែលតំណាងអោយសេចក្ដីស្រលាញ់ ភាពប្រណិត ភាពស្រស់ស្អាត និងកម្លាំង។ តាមក្រុមអ្នកសិក្សាស្រាវជ្រាវធម្មជាតិនៅកម្ពុជាបានអះអាងថា ផ្កាអ័រគីដេនៅកម្ពុជាមានដុះនៅក្នុងព្រៃក្នុងនោះប្រមាណជា ៤០% ត្រូវបានរកឃើញនៅតំបន់ជួរភ្នំក្រវាញ់ ៣៥% រកឃើញនៅតំបន់ឆ្នេរ ១៣% នៅតំបន់ព្រៃស្ងួត និង ១០%នៅតំបន់ប្រសព្វគ្នារបស់ទន្លេមេគង្គ។

វិធីសាស្រ្ដរៀបចំផើងអ័រគីដេមានលក្ខណៈ ខុសៗពីគ្នាទៅតាមប្រភេទកូនអ័រគីដេដូច្នោះការរៀបចំផើងអ័រគីដេមាន៖

  • ផើងឈើ ៖ ផើងឈើដែលត្រូវរៀបចំនោះយើងត្រូវយកប្រភេទឈើល្អ យកមកធ្វើដែលយើងអាចរៀបចំទៅតាមប្រភេទកូនអ័រគីដេ។
  • ផើងជ័រ ៖ ការរៀបចំផើងជ័រវាងាយស្រួលបំផុតដែលយើងអាចស្វែងរកវាបានគ្រាប់កន្លែងដែលយើងអាចយកមកកែច្នៃ វាបាន ។ ផើងជ័រមួយចំនួនដែលមានស្រាប់ដូចជា ដបទឹកសុទ្ធ ប្រអប់ជ័រ កែទឹកអំពៅជាដើម
  • ផើងថ្ម ៖ ការរៀបចំកូនអ័រគីដេសម្រាប់ផើងថ្មយើងត្រូវចំណាយលុយច្រើនបន្ដិចដោយសារផើងថ្មនេះយើងមិនអាចផលិតវាបាន ផើងនេះមានដូចជា កែវថ្ម ចាន (គោម) ផើងផ្កា ប៉ាន់តែ …
  • ស្រដីដូង ៖ ស្រកីមិនពិបាករកនោះទេ យើងអាចទិញតាមផ្សារ ហើយយកវាមកវេចខ្ចប់ខ្លួន ឯងតែម្ដង។

វត្ថុធាតុដើមសម្រាប់ដាំផ្កាអ័រគីដេ

ផ្កាអ័រគីដេមានច្រើនប្រភេទការដាំដុះទៅតាមប្រភេទនិមួយៗ  អ័រគីដេខ្លះ

  • អាចដុះបានលើស្រដីដូងសុទ្ធ
  • ខ្លះទៀត ត្រូវការស្រកីដូង និង ធ្យូង
  • ខ្លះទៀតត្រូវការ គល់ឈើ ឬដើមឈើ
  • រីឯខ្លះទៀតត្រូវការសារធាតុចិញ្ចឹម ៤របៀបទៀតសម្រាប់លាយជាមួយ

របៀបទីមួយ

  • កំទេចអាចម៍រនណា៧០%
  • ស្រកីដូងម៉ត់៣០%

របៀបទីពីរ

  • កំទេចអាចម៍រនណា៧០%
  • ស្រកីដូងម៉ត់២០%
  • កាកតែ១០%

របៀបទីបី

  • កំទេចអាចម៍រនណា៥០%
  • ស្រកីដូងម៉ត់៤៥%
  • ជីអាចម៍ត្រជៀវ៥%

របៀបទីបួន

  • កំទេចអាចម៍រនណា៥០%
  • ស្រកីដូងម៉ត់៤៥%
  • ជីគ្រាប់(ជីប៉ូវ)៥%
  • ចំណាំ ការលាយល្បាយដាំមានច្រើនរបៀបទៅតាមប្រភេទផ្កាអ័រគីដេ បើបងប្អូនចង់ដាំ ឬចង់ពង្រើកពូជបងប្អូនអាចសួរពីកន្លែងដែលបងប្អូនទិញមកថាផ្កានេះគួរដាំរបៀបណា?

ការដាំផ្កាអ័រគីដេដោយប្រើស្រកីដូង

មុនពេលដាំដុះ

  • ពុះដូងទុំជាពីរកំណាត់ដាច់ពីគ្នាហើយដំសំបកឱ្យទក់
  • យកចំរៀកដូងទាំងនោះទៅត្រាំទឹកមួយថ្ងៃមួយយប់ ហើយស្រង់ហាលថ្ងៃឱ្យស្ងួតដើម្បីសម្លាប់មេរោគនៅក្នុងស្រកី
  • យកស្រកីដូងហាល ជ្រលក់ទឹកសារជាថ្មី រួចពូតឱ្យស្រស់ទឹក

ការរៀបចំដាំដុះ

  • យកកូនផ្កាកេសរកូលមួយដើម ទៅចងផ្អោបគ្នាជាមួយស្រកីដូងស្ងួត ហើយយកស្រកីដូងមួយកំណាត់ទៀត មកចងផ្អោបឱ្យជិតឫស
  • ស្រោចទឹកលើផ្លែដូង ឱ្យសើមបន្តិចៗ
  • យកដូងទៅចងនៅជុំវិញដងដើមឈើ ឬចងព្យួរ តាមតម្រូវការរបស់យើង ។ បើចងព្យួរត្រូវយកដូងផ្អោបគ្នាមុននឹងព្យួរ ។ បើចងជុំវិញដើមឈើ ឬដើមដូង សូមប្រើតែដូងមួយចំហៀងបានហើយ ។

ការថែទាំ

  • ត្រូវស្រោចទឹកឱ្យសើមស្រកីក្នុងរយៈពេលបីថ្ងៃម្តង រហូតដល់ដើមកេសរកូលដុះចេញឫស
  • នៅពេលដុះឫសហើយ យើងអាចស្រោចទឹកឱ្យសើមក្នុងរយៈពេលមួយអាទិត្យម្តង
  • គួរដាំដើមផ្កានៅក្នុងម្លប់ មានពន្លឺថ្ងៃខ្លះៗ នោះវានឹងឱ្យផលជាផ្កាល្អប្រណីត
  • កុំស្រោចទឹកច្រើនហួសកម្រិត បើកាលណាជោគជាំពេក នោះដើមនឹងលែងផ្កា ហើយល្អតែស្លឹកប៉ុណ្ណោះ
  • នៅពេលទងផ្កាងាប់ ត្រូវកាត់ទងចេញ ដើម្បីទុកឱ្យទងថ្មីដុះចេញ
  • ក្នុងរយៈពេលបីឆ្នាំ ត្រូវការកាត់មែកញែកគល់ ដាំសារជាថ្មី

ឯកសាយោង