ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសនៃការដាក់ជីទៅលើដំណាំស្លឹក និងផ្លែ

ជាទូទៅការប្រើប្រាស់ជីគឺជារឿងដ៏ចាំបាច់មួយសម្រាប់ដំណាំគ្រប់ប្រភេទ ព្រោះការដាក់ជីមិនត្រឹមត្រូវតាមតម្រូវការដែលរុក្ខជាតិត្រូវការវាអាចបណ្ដាលឲ្យប៉ះពាល់ទៅដល់ការលូតលាស់ និងបរិមាណនៃទិន្នផលផងដែរ។ ម្យ៉ាងទៀតជីមានច្រើនប្រភេទហើយវាមានតួនាទីផ្សេងៗគ្នា ដែលវាអាស្រ័យទៅលើសាធាតុចិញ្ចឹមនៅក្នុងជីនោះ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការប្រើប្រាស់ជីទៅតាមដំណាក់កាលនីមួយៗរបស់វា៖

ជីអាសូត(N)

នៅក្នុងអ៊ុយរ៉េមានអាសូតចំនួន ៤៦% ឬ(៤៦-០-០) ហើយវាមានតួនាទីក្នុងការជួយទ្រទ្រង់ទៅដល់ការដុះពន្លកនៃត្រួយ និងស្លឹក។ ប្រសិនបើរុក្ខជាតិមិនទទួលបានអាសូតគ្រប់គ្រាន់វាប៉ះពាល់ទៅដល់ការលូតលាស់ដែលអាចធ្វើឲ្យវាក្រិន លូតលាស់យឺត និងកាត់បន្ថយទិន្នផលដំណាំ។

  • វិធីប្រើអាសូត

អាសូតប្រើនៅដំណាក់កាលលូតលាស់មិនទាន់ចេញផ្កា និងផ្លែសម្រាប់រុក្ខជាតិយកស្លឹកត្រូវប្រើអាសូរចាប់តាំងពីអាយុមួយសប្ដាហ៍រហូតដល់កាត់ស្លឹកដើម្បីប្រមូលផល។ រីឯឈើហូបផ្លែគេប្រើនៅដំណាក់កាលកំពុងលូតលាស់ដើម្បីបញ្ចេញនូវពន្លកត្រួយថ្មី និងការលូតលាស់នៃដើម មែករបស់វា។ ម្យ៉ាងទៀតចំពោះដំណាំហូបផ្លែគេអាចប្រើអាសូតនៅដំណាក់កាលផ្លែកំពុងលូតលាស់(ប៉ុន្តែត្រូវផ្ដាច់អាសូតមុនប្រមូលផល១»២ខែ) និងក្រោយពេលប្រមូលផល។

ជីផូស្វ័រ(P)

ជីផូស្វ័រក៏ជាជីចាំបាច់សម្រាប់រុក្ខជាតិវាមានតួនាទីសម្រាប់ដំណើរការនៃឫស និងពន្លករបស់រុក្ខជាតិ។ ប្រសិនបើរុក្ខជាតិខ្វះផូស្វាត ពួកវានឹងក្រិន ហើយលូតលាស់យឺត និងប៉ះពាល់ដល់ដំណើរការចេញផ្កាឬផ្លែ ដែលនាំឱ្យកាត់បន្ថយផលិតភាពរបស់រុក្ខជាតិ។

  • វិធីប្រើប្រាស់P

នៅក្នុងផូស្វ័រមានផូស្វាត(P2O5)ចំនួន១៨% ឬ(០-១៨-០)ជីប្រភេទនេះគេអាចប្រើប្រាស់នៅពេលទ្រាប់បាត ចំណែកឯរុក្ខជាតិយកស្លឹកប្រើនៅដំណាក់កាលលូតលាស់ដើម្បីបង្កើនឫសឲ្យវាអាចលូតលាស់បានល្អ។ ចំពោះឈើហូបផ្លែប្រើប្រាស់នៅដំណាក់កាលលូតលាស់ និងមុនពេលចេញផ្កា និងក្រោយពេលប្រមូលផល ដើម្បីបង្កើនឫសថ្មី ព្រមទាំងបង្កើនការចេញផ្កា។

ជីប៉ូតាស្យូម(K)

ជីប៉ូតាស្យូមឬកាលីដើរតួនាទីក្នុងការបង្កើនសមត្ថភាពដឹកជញ្ជូនសារធាតុចិញ្ចឹម បង្កើនភាពធន់ទ្រាំរបស់រុក្ខជាតិចំពោះលក្ខខណ្ឌបរិស្ថាន។ ប៉ូតាស្យូមជួយឱ្យរុក្ខជាតិឆាប់ចេញផ្កា និងបង្កើនគុណភាពដែលទាក់ទងទៅនឹង រសជាតិ រូបរាង ទំហំ និងបរិមាណ។

  • វិធីប្រើប្រាស់ជីប៉ូតាស្យូម

នៅក្នុងប៉ូតាស្យូមមានKClដែលមានភាគរយចំនួន៦០%(០-០-៦០) ហើយជីប្រភេទនេះប្រើប្រាស់នៅដំណាក់កាលទ្រាប់បាត និងមុនចេញផ្កាដើម្បីបង្កើនប្រសិទ្ធិភាពនៃការចេញផ្ការបស់ដំណាំ។ ដោយឡែកនៅដំណាក់កាលលូតលាស់ផ្លែគេត្រូវបន្ថែមប៉ូតាស្យូមដើម្បីដឹកជញ្ជូនសារធាតុចិញ្ចឹមសម្រាប់ចិញ្ចឹមផ្លែ។

រូបមន្តក្នុងការគណនាជីសម្រាប់ដំណាំ

រូបមន្តខាងក្រោមនេះជារូបមន្តដែលគេប្រើប្រាស់ក្នុងការគណនាជីNPKសុទ្ធសម្រាប់ដំណាំ ប៉ុន្តែដើម្បីអាចគណនាជីបានគេត្រូវស្គាល់នូវប្រភេទជីណែនាំនៃដំណាំដែលត្រូវដាំជាមុនសិន។(អាចពិភាក្សាឬសួរអ្នកបច្ចេកទេសកសិកម្មចំពោះកម្រិតជីណែនាំរបស់ដំណាំដែលគេហៅថាRR)។ ការគណនាជីសម្រាប់ដំណាំមានអត្ថប្រយោជន៍ជាច្រើន៖

  • កាត់បន្ថយការចំណាយថវិកាទិញជីលើសតម្រូវការ
  • កាត់បន្ថយជំងឺឬខូចដីនៅពេលដែលយើងដាក់ជីលើសកម្រិតឬមិនគ្រប់គ្រាន់
  • អាចកំណត់នូវបរិមាណជីដែលរុក្ខជាតិត្រូវការ។ល។

«ខ្នាត»

  • FM: ជីដែលត្រូវរកជាប្រភេទជីទោល( N,P,K) គិតជាkg/ha
  • RR: កម្រិតជីណែនាំដែលអ្នកបច្ចេកទេសកសិកម្មរកឃើញ និងប្រកាស់ឲ្យប្រើ
  • A: ផ្ទៃក្រឡានៃដីត្រូវដាក់គិតជា haឬ ហ.ត
  • a.i%: ភាគរយជីដែល(អាសូតមាន ៤៦%, ផូស្វ័រ១៨%, ប៉ូតាស្យូម៦០%)

ការពន្យល់ក្នុងការគណនាជី

ឧទាហរណ៍: កាហ្វេមានកម្រិតជីណែនាំ N-P-K(១៥-៥-២០)មានន័យថាអាសូត(N)ចំនួន១៥% ផូស្វ័រ(P2O5)ចំនួន ៥% និងប៉ូតាស្យូម(KCl)ចំនួន ២០%។ តើគេត្រូវទិញជីទោល(N, P, K)ចំនួនប៉ុន្មានគីឡូក្រាមក្នុងមួយហិចតា?

#ចំណាំ៖ ជីសុទ្ធឬជីទោលសុទ្ធតែល្អឲ្យតែយើងគណនាត្រូវប៉ុន្តែការចំណាយខុសគ្នាទៅតាមតម្លៃជីរបស់ក្រុមហ៊ុននីមួយៗ។

ឯកសារយោង

Writer