ដំណាំនីមួយៗតែងមានរដូវ និងពេលវេលាដាំដុះត្រឹមត្រូវរបស់វា ព្រោះដើម្បីបង្កើនផលចំណេញសម្រាប់កសិករ។ ដំណាំទាំងបួនប្រភេទនេះជាដំណាំដែលកសិកមិនសូវយកចិត្តទុកដាក់ក្នុងការដាំប៉ុន្មាននោះទេ ប៉ុន្តែនៅលើទីផ្សារដាក់លក់ភាគច្រើនបាននាំចូលពីក្រៅទេស ហើយមានតម្លៃខ្ពស់។ ដំណាំទាំងបួននេះរួមមាន ផ្លែទឹកដោះ ទៀបបារាំង ទៀបបាយ និងផ្លែទទឹម ហើយនៅខាងក្រោមនេះជាសេចក្ដីសង្ខេបខ្លីៗពីការដាំដុះ៖
ជាដំណាំមួយប្រភេទដែលតែងឃើញនាំចូលពីក្រៅស្រុកដើម្បីយកមកលក់នៅក្នុងទីផ្សារ ហើយមានតម្លៃខ្ពស់ជាងផ្លែទឹកដោះដែលដាំនៅតាមផ្ទះ។ ដើម្បីឲ្យវាមានតម្លៃខ្ពស់កសិករគួរតែបង្កបង្កើនទិន្នផលខុសរដូវព្រោះធ្វើឲ្យទីផ្សារមិនជនលិចហើយមិនធ្លាក់ថ្លៃ។ ទឹកដោះអាចដាំបាននៅគ្រប់រដូវប្រសិនបើមានប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់ ប៉ុែន្តប្រសិនបើមិនសូវមានទឹកច្រើនគេក៏អាចដាំបាននៅដើមខែឧសភា-សីហា ដើម្បីឲ្យវាទទួលបានទឹកពេញលេញ។ ចំណែកឯការរើសពូជគួរតែជ្រើសរើសពូជណាដែលធន់នឹងអាកាសធាតុខ្លាំងហើយមានទំហំផ្លែធំ ចំពោះកូនត្រូវយកកូនដែលកាត់តមែកឬផ្សាំជៀសវាងដាំដោយគ្រាប់វាអាចធ្វើឲ្យប៉ះពាល់ទៅដល់ការចេញផ្លែនិងផ្កា។ ដំណាំនេះអាចដាំបានគម្លាត ៦x៦m សម្រាប់ដីនៅតំបន់ភ្នំ ហើយមានជីណែនាំ NPK(២០-២០-១៥)។
ទៀបបារាំងមានរសជាតិឆ្ងាញ់ដែលគេអាចបរិភោគបាននៅពេលចាស់ និងទុំ។ ដោយទៀបចាស់អាចធ្វើជាបង្អែមដូចទៅនឹងបបរត្រាវ ហើយទុំបរិភោគជាមួយទឹកដោះគោរ កិនឬក្រឡុកទឹក និងបរិភោគសុទ្ធ។ ម្យ៉ាងទៀតដំណាំមួយប្រភេទនេះអាចផ្តល់ទិន្នផលបាន បីខែពេញហើយមិនសូវមានការគំរាមកំហែងពីពពួកជំងឺ និងសត្វល្អិតដូចដំណាំដ៏ទៃដែរ។ គេអាចដាំដុះចន្លោះខែមិថុនា-តុលា ហើយដំណាំនេះវាធន់ទ្រាំនឹងភាពរាំងស្ងួត និងសម្រាប់ចំការមិនសូវមានទឹកគ្រប់គ្រាន់ផងដែរ។ សម្រាប់តម្រូវការជីមានលាមកសត្វ កំប៉ុស្តិ៍ និងNPK(៨-១៨-៨)ដោយបែងចែក ៣-៤ដងក្នុងមួយឆ្នាំ។ រីឯទីផ្សាររបស់វាលក់បានទូទៅសម្រាប់ប្រជាជនគ្រប់កម្រិត និងងាយស្រួលលក់ប្រសិនបើមានច្រើននៅក្នុងចំការ។
នៅតាមតំបន់នានានៃប្រទេសកម្ពុជាប្រជាជនបានដាំដុះនូវប្រភេទទៀបបាយជាលក្ខណៈគ្រួសារ ប៉ុន្តែសម្រាប់តែតំបន់មួយចំនួនតូចប៉ុណ្ណោះ។ ចំពោះទីផ្សារកសិករអាចដាក់លក់បាននៅគ្រប់ទីកន្លែងនៅក្នុងស្រុកព្រោះប្រជាជនក៏មានការពេញនិយមក្នុងការបរិភោគមិនចាញ់ផ្លែឈើដទៃ ហើយតម្លៃនៅក្នុងរដូវចាប់ពី6000៛ឡើង។ ចំណែកឯរដូវដាំដុះកសិករអាចដាំបានចាប់ពីខែ៣-៦ព្រោះវាធន់ទ្រាំនឹងអាកាសធាតុក្ដៅដែរ។ ចំពោះគម្លាតជួរចន្លោះពី ៣-៣.៥០m និងធ្វើការតាក់តែងមែកជាប្រចាំដោយទុកកម្ពស់ចាប់ពី ១៥០-២០០cmប៉ុណ្ណោះ ព្រោះដើមខ្ពស់ពេកពិបាកថែទាំ និងមិនចំណេញសម្រាប់ការផ្តល់ផ្លែឡើយ។ ទៀបបាយអាចផ្តល់ទិន្នផលបានពេញមួយឆ្នាំប្រសិនបើធ្វើការឆ្លាស់ទិន្នផល និងមើលថែឲ្យត្រឹមត្រូវ សម្រាប់ជីគេអាចដាក់ប្រភេទជីកំប៉ុស្តិ៍ឬលាមកសត្វ និងជីNPK(២-៨-៨) ឬ (៤-៨-៨)។
ដំណាំមួយប្រភេទនេះនៅកម្ពុជាប្រជាជនភាគច្រើនដាំដើម្បីលំអរផ្ទះឬលើករាសី ប៉ុន្តែបើនិយាយពីទីផ្សារវិញវាហាក់មានតម្លៃខ្ពស់ និងមិនមានដាំសម្រាប់លក់នៅក្នុងផ្សារលក់ដូរឡើយភាគច្រើននាំចូលពីប្រទេសក្រៅ។ ទទឹមគេអាចយកមកបរិភោគផ្លែ និងកិនយកទឹកផឹកព្រោះវាមានរសជាតិឆ្ងាញ់ខុសពីផ្លែឈើដទៃ ព្រមទាំងបានផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនមកដល់រាងកាយមនុស្ស។ ក្រៅពីនេះទទឹមក៏ជាដំណាំមួយដែលអាចដាំដុះបានច្រើនស្ទើគ្រប់តំបន់នៅក្នុងប្រទេស ហើយវាបានផ្តល់ទិន្នផលបានពេញមួយឆ្នាំ។ រីឯការថែទាំទទឹមងាយស្រួលជាងដំណាំផ្សេងៗ ព្រោះវាធន់នឹងជំងឺនិងសត្វល្អិត។ នៅពេលទទឹមផ្លែគួរតែស្រោបថង់សម្រាប់ផ្លែនីមួយៗជៀសវាងសត្វល្អិតចុចផ្លែ និងផ្តល់នូវពន្លឺគ្រប់គ្រាន់ដើម្បីឲ្យផ្លែទុំពណ៌ក្រហមល្អ(អាចក្រាលនូវក្រដាស់អាលុយមុីញ៉ូមដែលអាចចាំងពន្លឺឡើងលើ)។ ចំពោះជីគេអាចប្រើប្រភេទជីធម្មជាតិ និងNPK(១៤-៥-២២)។
#ចំណាំ៖ ដំណាំទាំងបួនប្រភេទនេះងាយស្រួលថែទាំ និងមានតម្រូវការលក្ខខណ្ឌក្សេត្របរិស្ថានសមស្របសម្រាប់ប្រទេសកម្ពុជា ហើយវាមានទីផ្សារល្អសម្រាប់លក់ក្នុងស្រុក។