ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការគ្រប់គ្រងសត្វល្អិត និងជំងឺទៅលើដំណាំពោត

ពោតមានដើមកំណើតមកពីប្រទេសមុិកសុិក(Mexico)ដែលវិវត្តិចេញពីរុក្ខជាតិព្រៃTeosinte ហើយស្ថិតនៅក្នុងគ្រួសារPoaceaeដូចស្រូវដែរ និងមានឈ្មោះវិទ្យាសាស្ត្រMaize។ ចំណែកឯប្រជាជនកម្ពុជាយើងភាគច្រើនដាំដុះនៅតំបន់ក្បែរមាត់ទន្លេដូចជា ខេត្តកណ្ដាល ព្រៃវែង កំពង់ចាម ក្រចេះ កំពង់ឆ្នាំង និងតំបន់ដីក្រហមជាដើម។ ពោតតែងរងការបំផ្លាញដោយសត្វល្អិត និងជំងឺ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនក្នុងការការពារ និងថែទាំដំណាំពោត៖

សត្វល្អិត

ពោតតែងរងការគំរាមគំហែងពីពពួកសត្វល្អិតដូចជា៖

ដង្កូវសុីរ៉ូងឬ Ostrinia nubilalis

ដង្កូវប្រភេទនេះធ្វើសកម្មភាពនៅពេលយប់ ហើយលាក់ខ្លួននៅក្រោមស្លឹក ឬត្រួយខ្ចីនៅពេលថ្ងៃ។ វាបំផ្លាញពោតចាប់ពីដំណាក់កាលពន្លករហូតដល់ចេញផ្លែ ដោយវាសុីត្រួយខ្ចី និងបណ្ដូលដើមខ្ចី ហើយសុីរហូតដល់ពោតចេញផ្កាឈ្មោល បន្ទាប់មកវាសុីរហូតដល់ពោតទុំចាស់។ សត្វល្អិតប្រភេទនេះវាបានកាត់បន្ថយការលូតលាស់ និងទិន្នផលដំណាំជាច្រើន។

  • វិធានការការពារ៖ សម្អាតស្មៅនៅជុំវិញដើមពោត បន្ទាប់មកប្រើអន្ទាក់ Pheromones ឬអន្ទាក់ពណ៌លឿងដើម្បីទាក់ទាញសត្វល្អិតដែលជាមេបារបស់វាមិនឲ្យពងនៅលើដើមពោត។ ម្យ៉ាងទៀតគេអាចប្រើប្រាស់នូវសត្វល្អិតមានប្រយោជន៍មួយចំនួនដូចជាTrichogramma waspsដើម្បីទៅបំផ្លាញពងរបស់ដង្កូវ។ ប្រសិនបើការពារមិនទាន់ពេលវេលាគេអាចប្រើប្រាស់នូវថ្នាំបាញ់សត្វល្អិតដែលជាជម្រើសចុងក្រោយផងដែរ។

អាពីត(Aphids maydis)

សត្វល្អិតប្រភេទនេះចាប់ផ្ដើមបំផ្លាញនៅពេលដែលពោតចេញស្លឹក ៨ឬ ៩ រហូតដល់ការប្រមូលផល។ វាបំផ្លាញទៅលើគ្រប់ផ្នែកទាំងអស់នៃពោត ដោយបឺតជញ្ជួកទឹកពីផ្នែកនានា ដែលបណ្ដាលឲ្យពោតលូតលាស់យឺត ក្រិន និងកាត់បន្ថយផលិតភាពគុណភាពនៃទិន្នផល។

  • វិធានការការពារ៖

-ដាំរុក្ខជាតិដែលមានពណ៌ស្រស់ និងមានក្លិនខ្លាំង

-ដាក់អន្ទាក់សត្វល្អិត និងប្រើប្រាស់សត្វល្អិតមានប្រយោជន៍ដូចជាអង្ក្រងជាដើម

-ប្រើប្រាស់សាប៊ូឬម្សៅសាប៊ូ និងប្រេងចម្រាញ់ពីធម្មជាតិដូចជាស្ដៅ ឬប្រេងឆាដែលចម្រាញ់ចេញពីផ្កាប្រេងឆា

ជំងឺលើដំណាំពោត

ជំងឺច្រែះ(RustឬPuccinia sorghi Schw)

ជំងឺនេះបង្កឡើងដោយមេរោគផ្សិត Basidiomycete Puccinia sorghi Schwដែលវាបណ្ដាលឲ្យស្លឹកកើតចំណុចពណ៌ត្នោតស្រាលបន្ទាប់មកប្រែទៅជាត្នោតចាស់។ ជំងឺនេះនៅពេលដែលវាធ្ងន់ធ្ងរធ្វើឲ្យចំណុចត្នោតមានម្សៅពណ៌បែកក្រហម រីឯស្លឹកចាប់ផ្ដើមរួញ។ ជំងឺនេះកើតឡើងនៅដំណាក់កាលពោតចេញផ្កា ហើយវាអាចឆ្លងបានលឿននៅអាកាសធាតុត្រជាក់ មានសំណើមខ្ពស់ឬភ្លៀងច្រើនជាងថ្ងៃ។

  • វិធានការការពារ៖

-កាត់នូវស្លឹកដែលមានច្រែះចោល

-សម្អាតស្មៅ និងស្លឹកពោតជុំវិញដើមដើម្បីការពារមិនឲ្យវាឆ្លងបានលឿន និងអាចបង្កបរិយាកាសដើមពោតមានខ្យល់ និងកម្ដៅថ្ងៃចេញចូលបានល្អ

-ប្រើប្រាស់ថ្នាំគីមីជាដំណាក់កាលចុងក្រោយដោយប្រើប្រាស់នូវប្រភេទថ្នាំផ្សិតដែលមានសមាសធាតុផ្សំ Chlorothalonil និង mancozeb

ជំងឺរលាកស្លឹក(Rhizoctonia solani Kuhn)

  • វិធានការការពារ៖ ដោយសារជំងឺនេះវាឆ្លងតាមរយៈដីដូច្នេះគេត្រូវសម្អាតស្មៅ និងកាក់សំណល់ក្បែៗនោះចេញ ហើយបង្កើតបរិយាយកាសខ្យល់ និងពន្លឺចេញចូលបានល្អក្នុងចំការ។ នៅដំណាក់កាលចុងក្រោយគេអាចប្រើថ្នាំបាញ់ផ្សិតដែលមានធាតុសកម្មឈ្មោះ Benzimidazole fungicides…….

ជំងឺនេះបង្កឡើងពីផ្សិតRhizoctonia solani Kuhn វាអាចរីករាលដាលឬលូតលាស់បានល្អនៅពេលដែលអាកាសធាតុត្រជាក់ សំណើមខ្លាំង ជាពិសេសរដូវភ្លៀង។ ជំងឺនេះមានរោគសញ្ញាចាប់ផ្ដើមដំបូងកើតនៅលើស្លឹកក្រោមគេបន្ទាប់មករាលដល់ផ្លែ ហើយវាកាន់តែចូលជ្រៅទៅក្នុងសាច់នៃដើមពោត។ ការបំផ្លាញដំបូងមានពណ៌ផ្កាឈូករួចប្រែទៅជាពណ៌ប្រផេះ និងត្នោត ហើយធ្វើឲ្យដើមទាំងមូលក្លាយទៅជាពណ៌ខ្មៅដែលអាចឲ្យងាប់មុនផ្តល់ផល។

ជំងឺអាល់ប៊ីណូ(Sclerospora maydis Butller)

ជំងឺនេះបណ្ដាលមកពីកង្វះនៃក្លរ៉ូភីល ហើយវាបង្កឡើងដំបូងធ្វើឲ្យស្លឹកមានឆ្នូតពណ៌ស រីឯដើមមានកំណត់លឿង&ស ហើយមានលក្ខណៈស្ងួត ម្យ៉ាងទៀតស្លឹកមានទំហំតូចខុសពីស្លឹកពោតធម្មតា។ ការបំផ្លាញនេះចាប់ផ្ដើមនៅពេលដែលពោតចេញស្លឹក ២-៣ រហូតដល់ពេញវ័យ ហើយជំងឺនេះវាបណ្ដាលឲ្យពោតមិនអាចចេញផ្កានិងផ្លែបានទេ។

  • វិធានការការពារ៖ រុក្ខជាតិដែលខ្វះក្លរ៉ូភីលគេត្រូវបង្កើតម្លប់ឲ្យរុក្ខជាតិនេះនៅដំណាក់កាលពន្លក ម្យ៉ាងទៀតត្រូវប្រើប្រាស់ជីឲ្យសមស្របតាមតម្រូវការរបស់ពោត។

ឯកសារយោង

Writer