ជាទូទៅទឹកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតអាហាររបស់រុក្ខជាតិ ដើម្បីចិញ្ចឹមសរីរាង្គទាំងមូលរបស់វា។ ប៉ុន្តែរុក្ខជាតិត្រូវការទឹកទៅតាមបរិមាណកំណត់របស់មួយ ព្រមទាំងមានពេលវេលាត្រឹមត្រូវសម្រាប់ស្រូបយកទឹកតាមរយៈឫសផងដែរ។ ខាងក្រោមនេះគឺជាចំណេះដឹងមួយចំនួនដែលទាក់ទងទៅនឹងការស្រោចស្រពទឹកចំពោះរុក្ខជាតិ។
ជាពេលវេលាល្អបំផុត ព្រោះសីតុណ្ហភាពនៅព្រឹកប្រលឹម មានលក្ខណៈត្រជាក់ដែលធ្វើឲ្យទឹកអាចចូលទៅក្នុងដីបានមុនពេលថ្ងៃក្ដៅខ្លាំង ដោយសារតែកម្ដៅថ្ងៃក្ដៅពេកអាចបណ្ដាលឲ្យទឹកឆាប់ហួតលឿន។ ម្យ៉ាងទៀតការស្រោចស្រព នៅពេលព្រឹកវាជួយបង្កើតសំណើមសម្រាប់ដំណាំពេញមួយថ្ងៃ ហើយធ្វើឲ្យវាងាយស្រួលក្នុងការស្រូបយកសារធាតុចិញ្ចឹមពីដីកាន់តែមានប្រសិទ្ធភាព និងបង្កើនល្បឿននៃការលូតលាស់កាន់តែល្អជាងមុន។ រុក្ខជាតិត្រូវការទឹកនៅពេលព្រឹកសម្រាប់ ធ្វើរស្មីសំយោគនៅពេលមានពន្លឺថ្ងៃ ដើម្បីផលិតជាអាហារ និងថាមពលចិញ្ចឹមសរីរាង្គរបស់វា។ មួយវិញទៀតការផ្តល់ទឹកឲ្យបានមុនថ្ងៃត្រង់អាចការពាររុក្ខជាតិពីការកើតនូវជំងឺផ្សិតជាដើម ដោយសារតែអាចទុកឱកាសឲ្យស្លឹកអាចស្ងួតបានទាន់ពេលវេលា។
ការស្រោចទឹកនៅពេលល្ងាចវាមិនសូវអំណោយផលសម្រាប់រុក្ខជាតិប៉ុន្មានទេ ប៉ុន្តែវាក៏ល្អជាងស្រោចពេលថ្ងៃត្រង់ដែរ។ ស្រោចនៅពេលល្ងាចធ្វើឲ្យទឹកមិនឆាប់ហួត ហើយផ្ដល់សំណើមបានយូរសម្រាប់រុក្ខជាតិចេញផ្កា ម្យ៉ាងទៀតវាក៏ជួយឲ្យដីត្រជាក់បានល្អសម្រាប់រដូវក្ដៅ។ ដោយឡែកប្រសិនបើសំណើមសើមយូរពេកវាអាចជាឱកាសល្អសម្រាប់ពពួកជំងឺផ្សិតវិវត្តិខ្លួន។ តួយ៉ាងនៅពេលដែលស្លឹកសើមវាជាការទាក់ទាញនូវពពួកសត្វល្អិតមកឲ្យសុីស្លឹក រីឯដីសើមពេកក៏អាចធ្វើឲ្យឫសដំណាំឆាប់រលួយផងដែរ។
សំណើមដែលល្អបំផុតសម្រាប់រុក្ខជាតិចន្លោះ ៧០-៩០% ដែលអាចឲ្យឫសស្រូបយកទឹកបានត្រឹមត្រូវ និងមិនបង្កឲ្យមានហានិភ័យរលួយឫស។ ដើម្បីដឹងពីកម្រិតសំណើមដីកសិករគួរតែមានឧបករណ៍វាស់សំណើមមួយសម្រាប់ជាជំនួយជៀសជាងការមើលដោយប្រហែលឬស្មាន។ រីឯការស្រោចទឹកមួយថ្ងៃប៉ុន្មានដងវាអាស្រ័យទៅលើលក្ខណៈភូមិសាស្ត្ររបស់ដីជាប្រភេទដីឥដ្ឋ ដីល្បាប់ ដីខ្សាច់ ឬល្បាយខ្សាច់លាយឥដ្ឋ។ ព្រោះដីប្រភេទនីមួយៗលទ្ធភាពនៃជម្រាបទឹក និងសំណើមមានលក្ខណៈខុសគ្នាៗ ហើយវាក៏ផ្អែកលើស្ថានភាពអាកាសធាតុដែរ។ មួយវិញទៀតចំនួនដងនៃការស្រោចទឹកវាក៏ឋិតនៅលើប្រភេទអាយុនៃដំណាំបើឈើហូបផ្លែនៅអាយុតិចអាចស្រោចញឹកជាងអាយុច្រើនឬពេញវ័យ។ ឧទាហរណ៍៖ ដីឥដ្ឋត្រូវស្រោចទឹកពី ៧-១០ថ្ងៃព្រោះវារក្សាសំណើមបានយូរស្រោចញឹកពេកអាចរលួយឫស។ ដីល្បាយខ្សាច់ ភាពជម្រាបទឹករបស់វាលឿន និងរក្សាសំណើមបានខ្លីគេអាចស្រោច ២-៣/ថ្ងៃ ឬច្រើនជាងនេះ។
#ចំណាំ៖ មុននឹងដាំដំណាំណាមួយកសិករគួរតែសិក្សាស្រាវជ្រាវឬពិភាក្សាជាមួយអ្នកជំនាញនូវតម្រូវការនៃ បរិមាណទឹកដែលដំណាំនោះត្រូវការជាមុនសិន។