ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

អត្ថប្រយោជន៍នៃទឹកភ្លៀងដែលយើងមិនធ្លាប់ដឹងចំពោះវិស័យកសិកម្ម

ទឹកភ្លៀងសម្បូរទៅដោយសារធាតុម៉ាក្រូ និងមីក្រូធាតុសំខាន់ៗសម្រាប់វិស័យកសិកម្ម។ ម្យ៉ាងទៀតវាមានផ្ទុកនូវប្រូតេអុីនដែលជាជំនួយដល់ការលូតលាស់របស់រុក្ខជាតិផងដែរ។ ទឹកភ្លៀងដែលគួររក្សាទុកសម្រាប់ស្រោចស្រពជាទឹកភ្លៀងនៅពាក់កណ្ដាលរដូវវស្សាព្រោះវាជាទឹកភ្លៀងបរិសុទ្ធមិនសូវសម្បូរជាតិពុល រីឯទឹកភ្លៀងសម្រាប់ធ្វើថ្នាំពុលសត្វល្អិតជាទឹកនៅដើមរដូវវស្សាដោយសារវាមានផ្ទុកនូវជាតិពុល ផ្សែង ធូលី និងសារធាតុផ្សេងៗទៀត។

នៅក្នុងទឹកភ្លៀងមាន

pH: នៅក្នុងទឹកភ្លៀងមានអាសុីតដែលជាភ្នាក់ងារមួយក្នុងការជួយរំលាយសារធាតុចិញ្ចឹមផ្សេងៗនៅក្នុងដី។

អាសូត: មានផ្ទុកនូវអាសូតដែលរុក្ខជាតិត្រូវការ ម្យ៉ាងទៀតវាកាន់តែធ្វើឲ្យរុក្ខជាតិងាយស្រួលស្រូបយក និងធ្វើរស្មីសំយោគ(ក្រោយពេលភ្លៀងធ្លាក់រុក្ខជាតិតែងតែមានពណ៌បៃតងខៀវស្រងាត់)។ នៅពេលដែលភ្លៀងលាយលំនឹងផ្គរលាន់ ឬផ្លេកបន្ទោរ វាកាន់តែបង្កើតអាសូតច្រើនជាងភ្លៀងធម្មតា។

អត្ថប្រយោជន៍

កែច្នៃធ្វើជាថ្នាំពុលសត្វល្អិតចង្រៃដែលមានវិធីធ្វើដូចជា៖

  • យកកូនឫស្សីព្រៃ ៥kgដោយចិញ្រ្ចាំឲ្យល្អិតបន្ទាប់មកត្រាំជាមួយទឹកភ្លៀងចំនួន ១០លីត្រ(ទឹកភ្លៀងដើមរដូវវស្សាកាន់តែល្អ)
  • ត្រាំទុករយៈពេល ២សប្ដាហ៍ទើបអាចយកមកប្រើប្រាស់បាន។

ម្យ៉ាងទៀតទឹកភ្លៀងមានផ្ទុកនូវកាបូនដែលមានប្រយោជន៍ចំពោះរុក្ខជាតិក្នុងការជួយរំលាយទៅដល់សារធាតុមីក្រូធាតុនៅក្នុងដី។ មីក្រូធាតុទាំងនោះរួមមាន៖ស័ង្កី ម៉ង់កាណេស ទង់ដែង និងមាញ៉េស្យូម ពួកវាបានជួយទៅដល់ការលូតលាស់របស់ដំណាំផងដែរ។

ទឹកភ្លៀងល្អជាងទឹកម៉ាសុីន, ទឹកលើដីឬទឹកក្រោមដីព្រោះទឹកក្រោមដីជាទឹកដែលផ្ទុកនូវសារធាតុរ៉ែដែលរុក្ខជាតិមិនត្រូវការ និងផ្ទុកធាតុគីមីបានយូរដោយសារវាមិនមានកន្លែងរំដោះឬភាយចេញដូចទឹកបរិយាកាស។ ចំពោះទឹកម៉ាសុីនក៏ជាទឹកអាចបង្កបញ្ហាទៅដល់ការលូតលាស់នៃរុក្ខជាតិដែរដោយសារវាប្រើប្រាស់នូវសារធាតុក្លរីន(Chlorine) និងហ្លូរីត(Fluoride)ដើម្បីបន្សុទ្ធទឹក។

ការស្តុកទុកភ្លៀងសម្រាប់ជាប្រព័ន្ធធារាសាស្ត្របានធ្វើឲ្យកសិករចំណេញយ៉ាងច្រើនព្រោះមិនត្រូវការចំណាយថវិកាសម្រាប់រកទឹកស្រោចដំណាំនៅរដូវប្រាំង និងរដូវវស្សា។

វិធីសាស្ត្រក្នុងការស្តុកទឹកភ្លៀងទុក

ការស្តុកទុកជាលក្ខណៈតូចគួរតែប្រើប្រាស់ធុងទឹកណាដែលមានគម្របអាចគ្របបាននៅពេលមេឃរាំងដើម្បីការពារពីពពួកមូសឬសត្វល្អិតក្នុងទឹកផ្សេងៗ។

ចំពោះការស្តុកទឹកភ្លៀងដើម្បីស្រោចដំណាំក្នុងចំការគួរតែជីកស្រះដែលមានទំហំសមាមាត្រនឹងតម្រូវការទឹកនៃដំណាំនីមួយៗព្រោះការជីកស្រះសម្រាប់ស្តុកទុកនូវរដូវវស្សាវាក៏អាស្រ័យទៅលើរុក្ខជាតិ និងទំហំនៃការដាំដុះ។

#ចំណាំ៖ ឲមិនមែនទឹកភ្លៀងទាំងអស់សុទ្ធតែមានប្រយោជន៍សម្រាប់ដំណាំទេព្រោះដំណាំវាតែងត្រូវការទឹកច្រើនឬតិចទៅតាមតំណាក់កាលលូតលាស់របស់វា។

ឯកសារយោង

Writer