Calamansi (ក្រូចតែជ្រក់)មានដើមកំណើតនៅប្រទេសហ្វីលីពីន ផ្នែកខ្លះនៃប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រុយណេក៏ដូចជាផ្នែកខ្លះនៃភាគខាងត្បូងប្រទេសចិននិងតៃវ៉ាន់។អ្នកដឹងទេថាទឹករបស់ក្រូចតែជ្រក់ឬក្រូចឌឿងមានអត្ថប្រយោជន៍ជាច្រើនដូចជា បញ្ចុះកូឡេសេរ៉ុល ពង្រឹងភាពសុំា ជំនួយក្នុងការសម្រក់គីឡូ កាត់បន្ថយក្លិនខ្លួន ការពារជំងឺទឹកនោគផ្អែម បង្កើនថាមពល និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
ក្រូចនេះងាយស្រួលដាំនិងអាចផ្ដល់ទិន្នផលជាប្រចាំថ្ងៃទៀតផង ប៉ុន្ដែដូចជាមិនសូវមានអ្នកចាប់អារម្មណ៍ដាំវាទាល់តែសោះ ។
ក្រូចតែជ្រក់(ក្រូចឌឿង) លូតលាស់នៅកម្ពស់ទឹកភ្លៀង1500-2000ម.ម ក្នុងមួយឆ្នាំ ហើយកម្រិត pH 5.5-6.5 ។ ដីខ្សាច់ល្អ ឬដីឥដ្ឋដែលសម្បូរទៅដោយសារធាតុសរីរាង្គគឺល្អសម្រាប់ដំណាំប្រភេទនេះ។ជាទូទៅវាត្រូវបានគេដាំដុះនៅតំបន់ទំនាប។
សម្រាប់ពន្លឺវាត្រូវការ 6-8h ក្នុងមួយថ្ងៃ រីឯសីតុណ្ហភាពល្អបំផុតគឺ 20-30អង្សាសេបើទាបដល់12អង្សាសេក្រូចមិនលូតលាស់ល្អឬក្រិនផងដែរ។
សម្រាប់ពូជយើងអាចជ្រើសរើសជាកូន តមែក បំបៅ ឬ ក៏កូនបណ្ដុះក៏បាន។ សម្រាប់កូនតមែកឬបំបៅទទួលបានទិន្នផលលឿនជាង ប៉ុន្ដែប្រព័ន្ធឬសមិនសូវល្អទេ ។ រីឯកូនបណ្ដុះមានរយៈពេលយូរក្នុងការទទួលទិន្នផលគឺ 4-5 ឆ្នាំ ឬ 5-6 ឆ្នាំអាស្រ័យលើដីនិងការថែទាំ។
ដូចបានដឹងហើយថាប្រភេទដំណាំនេះមិនរើសដីដាំ ទេយើងអាចដាំបានទាំងដីទំនាបនិងភ្នំ។
ចំពោះកូនដែលផ្សាំឬបំបៅចាប់ផ្ដើមបង្កើនផលបណ្ដើរៗនៅអាយុ 2-3ឆ្នាំ នៅអាយុ5ឆ្នាំដើមនិមួយៗអោយផលជាមធ្យម 15kgដល់7ឆ្នាំកើនឡើងដល់25kg។ អ្វីកាន់តែពិសេសក្រូចនេះមានផ្លែជាប្រចាំ។ចំពោះការប្រមូលផលយើងប្រមូលផលពេលដែលផ្លែពណ៍បៃតងព្រោះវាលក់បានថ្លៃ ឯផ្លែទុំមិនអាចលក់បានឬមានតម្លៃថោក។