ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសដាំដុះខ្ញីឲ្យទទួលបានទិន្នផលខ្ពស់

ខ្ញី ឬZingiber officinale ជារុក្ខជាតិម្យ៉ាងដែលមានដើមកំណើតនៅក្នុងអាសុីអាគ្នេហ៍យើង។ ប៉ុន្តែប្រទេសចិន និងឥណ្ឌាជាប្រទេសដែលបានប្រើប្រាស់ខ្ញីជារុក្ខជាតិឱសថ និងជាប្រទេសដែលបានផលិតខ្ញីច្រើនជាងគេក្នុងពិភពលោក។ ខ្ញីត្រូវបានដាំនៅតាមតំបន់ត្រូពិចសើម រួមទាំងប្រទេសកម្ពុជាយើងក៏មានការដាំដុះនៅតាមបណ្ដាខេត្តនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ព្រោះជារុក្ខជាតិមើមដែលប្រជាជនខ្មែរនិយមយកទៅបរិភោគជាគ្រឿងទេស និងជាឱសថបុរាណផងដែរ។

ប្រព័ន្ធក្សេត្របរិស្ថាន

  • សីតុណ្ហភាព៖ ២៥-៣០អង្សាសេ
  • ដី៖ ដំណាំនេះមិនអាចដុះលូតលាស់បាននៅលើដីអាសុីតខ្ពស់ទេវាត្រូវការអាសុីតដីpHចន្លោះពី ៥.៥-៧។ ម្យ៉ាងទៀតប្រភេទដីដែលសាកសមបំផុតជាដីល្បាយខ្សាច់ ឬដីធូរដែលមានការបង្ហូរទឹកបានល្អ ហើយត្រូវជៀសវាងដីល្បាយខ្សាច់លាយឥដ្ឋ ឬដីជាំទឹកយូរ។
  • ពន្លឺ៖ ខ្ញីជារុក្ខជាតិដែលអាចដាំដុះនៅលើដីវាល និងក្រោមម្លប់ ២០-៣០% ហើយនៅក្រោមដំណាំដែលមានប្រព័ន្ធឫសជម្រៅ ៥០cmពីដីស្រទាប់លើ។
  • ទឹក៖ ខ្ញីត្រូវការទឹកភ្លៀងពី ១៣០០-១៥០០mm/ ឆ្នាំ ។ ម្យ៉ាងទៀតគេអាចប្រើប្រាស់ប្រព័ន្ធតំណក់ទឹកជាជំនួយក្នុងការស្រោចទឹក និងដាក់ជី។

ការជ្រើសរើសពូជ

ខ្ញីនៅក្នុងប្រទេសកម្ពុជាយើងមានជាច្រើនប្រភេទទាំងពូជក្នុងស្រុក និងពូជនាំចូល ប៉ុន្តែបច្ចុប្បន្ននេះគេនិយមដាំខ្ញីចិនដែលប្រើរយៈពេលខ្លីជាងខ្ញីក្នុងស្រុកដោយប្រមូលផលបានចន្លោះ ៨-១០ខែ។ បច្ចេកទេសនៃការជ្រើសរើសមើម ដើម្បីយកទៅដាំគួរតែរើសមើមណាដែលមានសំបករលោងចាស់ មានភ្នែកយ៉ាងហោចពីរ និងមិនមានការបំផ្លាញដោយសត្វល្អិតឬជំងឺ។

ការបណ្ដុះកូន

ចំពោះការដាំនៅក្នុងទំហំធំកសិករគួរតែបណ្ដុះកូនមុនដាំដើម្បីឲ្យវាអាចដុះលូតលាស់បានស្មើៗគ្នា។ ការបណ្ដុះកូនអាចបណ្ដុះមុនដាំ១០-១៥ថ្ងៃ។ ដំបូងគេត្រូវយកពូជខ្ញីដែលបានជ្រើសរើសរួចយកទៅកាត់ប្រវែង ២.៥-៥cm អាស្រ័យលើភ្នែករបស់វា។ បន្ទាប់មករៀបចំដីខ្សាច់កម្រាស់ ១៥-២០cm ដើម្បីកប់ខ្ញីក្នុងចម្ងាយពីខ្នែងមួយទៅខ្នែងមួយ ៣-៥cm បន្ទាប់មកត្រូវស្រោចទឹកម្ដងក្នុងមួយថ្ងៃក្នុងកម្រិតសំណើម៨០-៩០%។

បច្ចេកទេសដាំដុះ

  • ការរៀបចំដី៖ គេអាចដាំខ្ញីបានល្អនៅចន្លោះខែកុម្ភះ-ខែមីនា រីឯការរៀបចំដីដោយខ្ញីជាប្រភេទដំណាំមើមត្រូវដាំដោយលើករង ឬភ្ជួរដីជាមុនសិន ក្រោយមកត្រូវហាលដីនោះរយៈពេល៥-៧ថ្ងៃហើយបាចកំបោរប្រសិនជាប្រភេទដីអាសុីតខ្លាំង។ ក្នុងកំឡុងពេលរៀបចំដីគួរតែដាក់ជីទ្រពបាតប្រភេទជីមិនងាយរលាយដូចជា PនិងK លាមកសត្វឬកំប៉ុស្តិ៍ ចំណែកបរិមាណផ្អែកទៅតាមទំហំដី។
  • របៀបដាំ៖ ដោយក្នុងមួយរងត្រូវដាំ ២ជួរ ចម្ងាយ ៤០-៥០cm និងមានចន្លោះគុម្ព ៣០-៤០cm។ បន្ទាប់មកយកខ្ញីដែលបានបណ្ដុះរួចដាំក្នុងជ្រៅ ៥-៧cm ដោយដាំក្នុងទម្រង់ផ្តេក ហើយយកដីលុបពីលើឲ្យជិតល្អ។

ការប្រើប្រាស់ជី

ចំពោះជីគេអាចប្រើប្រាស់ជីNPKរូបមន្ត ៧៥-៥០-៥០ មានន័យថា N: 163kg/ha, P: 278kg/ha និងK:278kg/ha ដោយចែកចេញជាបួនដង/មួយរដូវកាលដាំ។(ជីកំប៉ុស្តិ៍ ឬលាមកសត្វដាក់តែនៅពេលរៀបចំដីប៉ុណ្ណោះ)

  • NPKបំប៉នលើកទី១៖ ៣០ ថ្ងៃក្រោយដាំ
  • NPKបំប៉នលើកទី២៖ ៦០ ថ្ងៃក្រោយដាំ
  • NPKបំប៉នលើកទី៣៖ ៩០ ថ្ងៃក្រោយដាំ
  • NPKបំប៉នលើកទី៤៖ ១២០ ថ្ងៃក្រោយដាំ

វិធីសាស្ត្រឆ្លាស់ដំណាំដាំ

ក្រោយពីប្រមូលផលរួចគេត្រូវដាំដំណាំគម្របដីជាមុនសិនទើបអាចដាំខ្ញីម្ដងទៀត ដើម្បីទុកពេលឲ្យដីបន្ថែមនូវជីវជាតិ និងបង្វាងប្រភេទជំងឺនៅរដូវចាស់។ ម្យ៉ាងទៀតគេក៏អាចដាំដំណាំផ្សេងក្រៅពីពពួកដំណាំគម្របដី ដែលមានអំបូរឬគ្រួសារខុសពីខ្ញី ក្រោយប្រមូលផលដំណាំនោះរួចគេអាចរៀបចំដីសម្រាប់ដាំខ្ញីបាន។

របៀបរក្សាទុកពូជ

ក្រោយពេលប្រមូលផលរួចគេអាចជ្រើសខ្ញីណាដែលមានសំបកចាស់ ហើយសុខភាពល្អ ដោយទុកដាក់ក្នុងលក្ខខណ្ឌសីតុណ្ហភាពទាប។ រីឯឫសជាប់មើមគេត្រូវកាត់ចោលដោយទុកដីកំណើតដែលនៅជាប់ខ្ញី និងមិនត្រូវឲ្យវារងនូវសំណើមទេ។

ឯកសារយោង

Writer