ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ភាពខុសគ្នានៃស្លឹករុក្ខជាតិដែលរងការបំផ្លាញដោយសត្វល្អិត ជំងឺ និងខ្វះសារធាតុចិញ្ចឹម

ជាទូទៅរុក្ខជាតិតែងជួបប្រទះនូវបញ្ហាប្រឈមជាច្រើនជាពិសេសទៅលើការបំផ្លាញរបស់សត្វល្អិត ជំងឺ(បាក់តេរី ផ្សិត និងវីរុស) និងការលើស ឬខ្វះនៃសារធាតុចិញ្ចឹមផងដែរ។ ទន្ទឹមនឹងនេះ បញ្ហាទាំងអស់នេះវាមានរោគសញ្ញាបង្ហាញឲ្យឃើញស្រដៀងៗគ្នានៅលើស្លឹក និងផ្នែកផ្សេងៗទៀតនៃរុក្ខជាតិ ដែលកសិករគួរយកចិត្តទុកដាក់។ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការកំណត់សម្គាល់ ការបំផ្លាញដោយសត្វល្អិត ជំងឺ និងសារធាតុចិញ្ចឹមនៅលើស្លឹករបស់រុក្ខជាតិ។

សត្វល្អិត

ការបំផ្លាញដោយសត្វល្អិតទៅលើស្លឹករបស់រុក្ខជាតិវាបានបង្ហាញឲ្យឃើញនូវការបាត់បង់នូវចំណុចណាមួយនៃស្លឹក ឬទីតាំងណាមួយដែលវាចង់សុី។ បន្ទាប់មកទីតាំងទាំងនោះនឹងមានការផ្លាស់ប្ដូរទ្រង់ទ្រាយខុសពីរូបរៀងដើម។ ចំណុចរងការបំផ្លាញប្រសិនជាមិនមានការថែទាំឬទប់ស្កាត់ឲ្យទាន់ពេលវេលាទេនោះរុក្ខជាតិអាចឆ្លងជំងឺផ្សេងៗតាមរយៈស្នាមរបួស ដែលកើតឡើងដោយភ្នាក់ងារចម្លង សត្វល្អិត ខ្យល់ និងកត្តាផ្សេងៗទៀត។ នៅក្នុងរូបខាងក្រោមនេះជាសញ្ញាសម្គាល់ដែលអាចឲ្យយើងកត់ចំណាំថាជាការបំផ្លាញរបស់សត្វល្អិតផងដែរ។

ជំងឺ

ផ្សិត៖ កើតឡើងចំពោះស្លឹកដំបូងវាមកទំនៅលើស្លឹកក្រោយមក វាសុីក្លរ៉ូភីលស្លឹកបន្ទាប់មកចំណុចនោះប្រែទៅជាពណ៌លឿង ហើយខ្មៅ រួចមានពណ៌សនៅចំណុចកណ្ដាល។ ភាគច្រើនផ្សិតកើតមាននៅពេលដែលមានសំណើមខ្លាំងជាពិសេសនៅរដូវវស្សា និងមិនមានពន្លឺថ្ងៃគ្រប់គ្រាន់។ ការបំផ្លាញដោយផ្សិតចែកចេញជាបួនគឺ Powder mild(ម្សៅផ្សិតភាគច្រើនកើតនៅដំណាក់កាលលូតលាស់នៃគ្រប់ប្រភេទដំណាំទ្រើង), Early Blight (កើតឡើងនៅពេលផ្លែ) និង Althernaria leaf blight ។ សម្រាប់ជំងឺទាំងអស់នេះវាក៏អាចកើតឡើងជាច្រើនដំណាក់កាលរួមមាននៅពេល លាស់ត្រួយ ស្លឹកចាស់ ផ្កា ក្ដិប និងផ្លែជាដើម។

បាក់តេរី៖ ជាទូទៅការបំផ្លាញដោយបាក់តេរី ស្លឹករុក្ខជាតិតែងមានរោគសញ្ញាស្រដៀងទៅនឹងផ្សិតដែរ ប៉ុន្តែបើវែកញ៉ែកឲ្យច្បាស់ស្លឹកដែលត្រូវបានបំផ្លាញដោយបាក់តេរីមានឃ្លិនឆ្អាប។ ម្យ៉ាងទៀតបាក់តេរីអាចជ្រាបចូលទៅក្នុងកោសិកាបាននៅពេលដែលផ្នែកណាមួយនៃរុក្ខជាតិ ឬស្លឹករងរបួសដោយការដាច់ ឬរហែកនៅចំណុចណាមួយ។ ដើម្បីអាចដឹងថាជាបាក់តេរីគេអាចធ្វើការពិសោធន៍សាមញ្ញមួយដោយកាត់នៅត្រង់ចំណុចរងការបំផ្លាញ ហើយដាក់ចូលទឹកនៅពេលនោះវានឹងបញ្ចេញនូវសារធាតុខាប់អន្ធិលៗ អន្ទាយចូលទឹករយៈពេល ១៥នាទីវានឹងហូរអស់ នោះបញ្ជាក់ថាជាជំងឺកើតឡើងដោយសារផ្សិត។(ប្រសិនបើសារធាតុខាប់អន្ធិលនោះហូរលើសពី១៥នាទី វាមិនមែនជាការបំផ្លាញរបស់បាក់តេរីទេ)។

លើស ឬ ខ្វះសារធាតុចិញ្ចឹម

នៅពេលដែលរុក្ខជាតិលើស ឬខ្វះសារធាតុចិញ្ចឹមវាមានលក្ខណៈដូចៗគ្នាពេញផ្ទៃស្លឹក មិនមែនកើតឡើងតែចំណុចណាមួយនៃស្លឹកដូចកើតជំងឺឡើយ។ ជាឧទាហរណ៍៖

  • ខ្វះប៉ូតាស្យូម៖ ខ្លោចកែមស្លឹកដោយមានពណ៌បែកទឹកក្រូច និងចំណុចមិនខ្លោចមានពណ៌បៃតងចាស់។
  • ខ្វះផូស្វ័រ៖ ខ្លោចកែមស្លឹកមានបែកពណ៌ស្វាយ ឬ អុចៗពណ៌ស្វាយ។
  • ខ្វះអាសូត៖ មានពណ៌លឿងខ្ចីពេញតួស្លឹកទាំងមូល។
  • វិធីព្យាបាលនៅពេលដំណាំរងការបំផ្លាញទាំងបី

វិធីព្យាបាលនៅពេលដំណាំរងការបំផ្លាញទាំងបីក្នុងពេលតែមួយ

ចំពោះដំណាំដែលរងការបំផ្លាញដោយ សត្វល្អិត ជំងឺ និងលើសឬខ្វះសារធាតុចិញ្ចឹមគេត្រូវព្យាបាលជំងឺមុន បន្ទាប់មកទើបបាញ់ថ្នាំសម្លាប់សត្វល្អិត រួច ទើបគេអាចបន្ថែមសារធាតុចិញ្ចឹមដល់រុក្ខជាតិតាមក្រោយក្នុងពេលវេលាខុសៗគ្នា។ បានជាគេធ្វើបែបនេះព្រោះ ការកើតជំងឺជាពេលវេលារុក្ខជាតិកំពុងបំផ្លាញនូវកោសិកាខាងក្នុងដំណាំដូច្នេះគេមិនអាចបន្ថែមនូវសារធាតុចិញ្ចឹមដល់រុក្ខជាតិដើម្បីផលិតអាហារបានទេ។

វិធីការពារ

  • ជ្រើសរើសពូជដែលធន់ទ្រាំនឹងជំងឺ
  • កំណត់បរិមាណជី និងទឹកឲ្យបានច្បាស់លាស់
  • បង្កើតពន្លឺឲ្យគ្រប់គ្រាន់សម្រាប់រុក្ខជាតិ
  • បាញ់ថ្នាំសត្វល្អិត ផ្សិត តាមរដូវកាលដែលវាឧស្សាហ៍កើតឡើងឲ្យបានមុនពេលវេលា
  • នៅជុំពេញដំណាំដែលៈាដីទំនេរកសិករគួរតែដាំដំណាំគម្របដី
  • ត្រូវតាក់តែងមែកឲ្យបានត្រឹមត្រូវដើម្បីឲ្យរុក្ខជាតិអាចមានខ្យល់ និងពន្លឺគ្រប់គ្រាន់
  • ឧស្សាហ៍ពិនិត្យមើលស្លឹករុក្ខជាតិជាប្រចាំ

គុណសម្បត្តិ

  • កាត់បន្ថយក្នុងការចំណាយថវិកាខុសគោលដៅ
  • ចំណេញពេលវេលា
  • អាចបែងចែកអ្វីជាការបំផ្លាញដោយសត្វល្អិត ជំងឺ និងតម្រូវការសារធាតុចិញ្ចឹម

ឯកសារយោង

Writer