ការសឹករិចរិលដី សំដៅទៅលើដីដែលរងសំណឹកដោយសារការហូរច្រោះនៃដីស្រទាប់លើ និងបណ្ដាលមកពីសកម្មភាពរបស់មនុស្ស ព្រមទាំងកត្តាធម្មជាតិផងដែរ។ ទន្ទឹមនឹងនេះ សំណឹកដីបានកាត់បន្ថយទិន្នផលកសិកម្ម និងរំខានដល់ប្រព័ន្ធអេកូឡូស៊ីដូចជាកាត់បន្ថយនូវសារធាតុចិញ្ចឹមរបស់ដី ឬ ជីជាតិរបស់ដីជាដើម។ សម្រាប់ការសឹករិចរិលនៃដីកសិកម្មគឺបណ្ដាលមកពីកត្តាជាច្រើនដែលបង្កដោយសកម្មភាពប្រចាំថ្ងៃរបស់មនុស្សដូចខាងក្រោមនេះ៖
ការភ្ជួររាស់ដីក៏ជាកត្តាមួយដែលបណ្ដាលឲ្យដីសឹករិចរិល និងហាប់ណែន ប្រសិនបើកសិករភ្ជួរដីក្នុងជម្រៅរាក់ហើយច្រើនដងក្នុងមួយឆ្នាំ។ ការភ្ជួរនៅជម្រៅរាក់បណ្ដាលឲ្យដីស្រទាប់ខាងក្រោមហាប់ណែន និងធ្វើឲ្យដីស្រទាប់លើសឹកបាត់បង់នូវរូបសាស្ត្រ គីមីសាស្ត្រ និងជីវសាស្ត្រនៃដី។
#វិធានការកែប្រែ: ត្រូវភ្ជួរដីនៅក្នុងជម្រៅជ្រៅដើម្បីការពារពីការហាប់ណែននៃដីស្រទាប់ក្រោម និងបន្ថែមនូវសារធាតុចិញ្ចឹមទៅដល់ដីឲ្យបានគ្រប់គ្រាន់ជាពិសេសជីធម្មជាតិ និងដាំដំណាំប្រភេទជីស្រស់នៅពេលទំនេរពីការដាំដុះ។
ការដាំដុះដំណាំ គឺជារឿងដែលកសិករគួរយកចិត្តទុកដាក់ព្រោះការដាំដុះកសិករមិនអាចដាំដំណាំណាតែមួយមុខ(Monocropping) នៅលើដីតែមួយជាច្រើនរដូវកាលទេ ដែលវាបណ្ដាលឲ្យប៉ះពាល់ដល់គុណភាពដីជាខ្លាំង ទោះបីជាមានការបន្ថែមនូវសារធាតុចិញ្ចឹមសម្រាប់ដីក៏ដោយ។ ព្រោះនៅពេលដែលដាំដំណាំតែមួយវាអាចបណ្ដាលឲ្យដីងាយកើតជំងឺ និងបាត់បង់សារធាតុចិញ្ចឹមដែលធ្វើឲ្យកសិករត្រូវដាក់ជី និងប្រើថ្នាំដដែលៗសម្រាប់ដី។
#ការកែប្រែ:កសិករគួរដាំដំណាំបង្វិលដូចជាការដាំដំណាំឆ្លាស់រដូវ និងដាំពពួកដំណាំគម្របដីដែលវាអាចជួយផ្ដល់អាសូតទៅដល់ដី។ ការដាំដំណាំឆ្លាស់គ្នាគឺជាវិធីសាស្ត្រមួយដែលជួយឲ្យដីមិនងាយរងជំងឺរាំរៃ និងមិនធ្វើឲ្យកសិករចំណាយពេលវេលា និងថវិកាច្រើនសម្រាប់ការទិញថ្នាំ និងជីយកមកដាក់សម្រាប់ដី និងដំណាំ។
ការប្រើប្រាស់ជីគីមី និងថ្នាំគីមីលើសលុបអាចបណ្ដាលឲ្យដីសឹករិចរិល ព្រោះសារធាតុគីមីទាំងនោះបង្កឲ្យដីខូចសុខភាព និងគុណភាព ជាពិសេសធ្វើឲ្យពពួកអតិសុខុមប្រាណក្នុងដីមិនអាចរស់នៅបាន។
#វិធានការកែប្រែ៖ ត្រូវកំណត់ផែនការនៃការប្រើប្រាស់ជី និងថ្នាំគីមីឲ្យបានត្រឹមត្រូវ ព្រោះការប្រើជីមិនបានច្បាស់លាស់វាបណ្ដាលឲ្យលើសបរិមាណតម្រូវការរបស់រុក្ខជាតិដែលធ្វើឲ្យវាបំលែងមិនអស់នៃជីនោះបណ្ដាលឲ្យសល់នូវកាក់សំណល់អាក្រក់ដល់ដីសម្រាប់ដំណាំរដូវក្រោយឬដំណាំផ្សេងៗ។ កាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំពុលគីមី ដោយងៀកមកប្រើជីធម្មជាតិដូចជា លាមកសត្វ ជីកំប៉ុស្តិ៍ និងជីដ៏ទៃទៀតដែលអាចផលិតបានដោយខ្លួនឯង។ ចំណែកថ្នាំពុលគីមីគួរប្ដូរមកប្រើថ្នាំពុលដែលផលិតចេញពីធាតុផ្សំធម្មជាតិទើបវាមិនបន្សល់នូវកាក់សំណល់ពុលសម្រាប់ដំណាំ និងពពួកសត្វមានប្រយោជន៍ក្នុងដី។
កត្តាទឹកអាចកើតឡើងពីធម្មជាតិ និងកើតឡើងដោយសារការរៀបចំប្រព័ន្ធស្រោចស្រប់មិនបានត្រឹមត្រូវ។ កត្តាធម្មជាតិបង្កឡើងតាមរយៈទឹកភ្លៀងដោយហូរច្រោះដីស្រទាប់លើដែលជាដីមានជីជាតិ និងហូរចាក់ទៅតំបន់ដែលទាបធ្វើឲ្យពិបាកក្នុងការដាំដុះទាំងដីនៅទីទួល និងដីទំនាបខាងក្រោម។ ចំណែកការរៀបចំប្រព័ន្ធទឹកមិនបានត្រឹមត្រូវវាក៏បណ្ដាលឲ្យដីរងសំណឹក ព្រោះប្រព័ន្ធស្រោចស្រប់ខ្លះមិនសមាមាត្រផ្ទៃដីស្រោចស្រប់ដែលជាហេតុធ្វើឲ្យដីមានសំណើមខ្លាំងនៅតំបន់នោះ ។ ម្យ៉ាងទៀតទឹកបានធ្វើឲ្យសារធាតុចិញ្ចឹមនៅក្នុងដីខាងលើហូរចុះទៅក្រោមនៅស្រទាប់ដីបន្ទាប់ និងធ្វើឲ្យដីមិនអាចស្រូបយកទឹកភ្លៀងបានគ្រប់គ្រាន់ផងដែរ។
#វិធានការកែប្រែ៖ ត្រូវរៀបចំប្រព័ន្ធស្រោចស្រប់ណាដែលមិនធ្វើឲ្យដីទទេរងនូវសំណឹកទឹក ជាឧទាហរណ៍ការរៀបប្រព័ន្ធទឹកបែបតំណក់ទឹក(Drip irrigation) ព្រោះវាមិនបង្កឲ្យប៉ះពាល់ដល់ដីដែលគ្មានដំណាំជុំវិញ។
#ចំណាំ៖ការអនុវត្តន៍ទៅលើវិធានការនីមួយៗត្រូវពិចារណាលើប្រភេទដំណាំ និងប្រភេទភូមិសាស្ត្រនៃដីជាមុនសិន។