ស្រូវ ជាដំណាំដែលប្រជាពលរដ្ឋជាច្រើនយល់ដឹងពីបច្ចេកទេសក្នុងដំដុះស្រូវ និងការគ្រប់គ្រងថែទាំ លើជំងឺ និងការបំផ្លាញ់ពីសត្វល្អិតចង្រៃដូចជា មមាចត្នោត មមាចខៀវ ដង្កូវស៊ីរូងដើម ទ្រីបជញ្ជក់ស្លឹក ដង្កូវហ្វូងពណ៌ត្នោត ស្រឹងទ្រីបមូលស្លឹក សត្វដង្កូវហ្វូង ជាដើម ក្នុងនោះយើងបានលើយកនៅបទពិសោធន៍ ក្នុងការកំចាត់សត្វល្អិតចង្រៃដោយប្រើរុក្ខជាតិ ដែលយើងអាចរកបានដោយងាយស្រួល។
ដើមបណ្តូលពេជ្រ ជារុក្ខជាតិប្រភេទវារតោងម្យ៉ាង មានឫសវែងធ្លាក់ចុះមកដី ដើមដែលជាវល្លិ៍ មានលក្ខណៈពីៗ មិនស្មើគ្នា និងមានរសជាតិល្វីង ជាពិសេសដើម ដែលមានអាយុពី១០ ខែឡើងទៅ វាមានសារធាតុគ្រប់គ្រាន់សំរាប់ប្រើ ។ស្លឹករបស់វាមានទងវែងរលីង ផ្ទៃស្លឹកខាងលើមានពណ៌បៃតង ចាស់ជាងខាងក្រោម ។ ផ្កាជាកញ្ចុំរួត ញឹក ចេញពីត្រង់ប្រគាបស្លឹក ។ ផ្លែរាងមូលដូចស៊ុតមានគ្រាប់មួយ ។ រុក្ខជាតិនេះ មានឈ្មោះវិទ្យាសាស្ត្រហៅថា ទីណូស្ព័ររ៉ាគ្រីសស្ប៉ា)។
រុក្ខជាតិនេះច្រើនដុះនៅក្នុងព្រៃ ហើយកសិករយើងមិនសូវយកចិត្តទុកដាក់ចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែក៏មានកសិករមួយចំនួនបានស្គាល់ ហើយយកទៅប្រើប្រាស់ក្នុងការព្យាបាលជំងឺ ។ តាមការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា រុក្ខជាតិនេះមានសារៈប្រយោជន៍ណាស់អាចប្រើជាថ្នាំសំលាប់សត្វល្អិតបំផ្លាញដំណាំផង និងប្រើជាឱសថព្យាបាលជំងឺមនុស្ស និងសត្វផង ។ ប៉ុន្តែយើងសូមបង្ហាញជូនទៅលើការប្រើសំរាប់កំចាត់សត្វល្អិតប៉ុណ្ណោះ ។
យកវល្លិ៍បណ្តូលពេជ្រចំនួន ២ គីឡូក្រាមទៅកាត់ឲ្យខ្លីៗហើយបន្ទាប់មកយកទៅកិនបំបែកលាយវល្លិ៍ដែលយើងបំបែករួចជាមួយទឹក ១០ លីត្រហើយត្រាំសំណាបក្នុងល្បាយនេះរយៈពេល ១ យប់មុននឹងយកទៅស្ទូង ។
កាត់វល្លិ៍ជាកំណាត់ៗ ប្រវែង ៣ តឹក ហើយចងវាទៅនឹងបង្គោលឫស្សីរបៀបដូចជាកាំជណ្តើរដាក់ជណ្តើរនេះនៅត្រង់មាត់ច្រកទឹកហូរចូលស្រែ។ ទឹកនឹងហូរកាត់ពីលើវា ហើយនាំយកសារធាតុពុលដល់សត្វល្អិតទៅជាមួយដោយហូររាយពេញក្នុងស្រែ។ របៀបប្រើកប់ដើមទៅក្នុងដី និងបាចក្នុងស្រែកាត់វល្លិ៍ជាកំណាត់ខ្លីបាចឲ្យស្មើរដៃទៅក្នុងស្រែ។ គេប្រើវាក្នុងបរិមាណ ៥០ ទៅ ៦០ គីឡូក្រាម ក្នុងមួយហិកតា
ស្តៅ គឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលប្រជាជនយើងធ្លាប់ស្គាល់ និងតែងតែប្រើវាយកធ្វើថ្នាំព្យាបាលរោគមនុស្ស សត្វនិងជាបន្លែបរិភោគ ។ មិនតែប៉ុណ្ណោះ ស្តៅអាចប្រើធ្វើជាថ្នាំសំលាប់សត្វល្អិតលើដំណាំស្រូវបានយ៉ាងប្រសើរទៀតផង ។តាមការបង្ហាញរបស់លោក ពីន្ស ក្លាវ្ស (Pinz Klaus) នៅក្នុងសិក្ខាសាលាមួយស្តីពីប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិបានឲ្យដឹងថា កសិករនៅប្រទេសថៃបានយកគ្រាប់ ស្តៅទៅប្រើលើដំណាំស្រូវដើម្បីកំចាត់សត្វល្អិតមួយចំនួនដូចជា មមាចខៀវ ដង្កូវស៊ីរូងដើម ទ្រីបជញ្ជក់ស្លឹក ដង្កូវហ្វូងពណ៌ត្នោត ស្រឹងទ្រីបមូលស្លឹក៘ចំណែករបៀបធ្វើនិងប្រើបង្ហាញជូនខាងក្រោម:
ជាដំបូង ត្រូវប្រមូលផ្លែស្តៅដែលទុំជ្រុះនៅ លើដីយកទៅហាលនៅកន្លែងម្លប់ដែលមានខ្យល់ចេញចូល( ហាលនៅក្រោមកំដៅថ្ងៃ អាចធ្វើឲ្យសារធាតុសកម្មក្នុងគ្រាប់មួយចំនួនបាត់បង់ និងលែងមានប្រសិទ្ធិភាព ) ។ បន្ទាប់មក នៅពេលហាលស្ងួតយកគ្រាប់ស្តៅមកកិន ឬបុកឲ្យម៉ដ្ឋក្លាយជាម្សៅស្តៅអាចយកទៅប្រើបាន ។ ការប្រើម្សៅស្តៅតិច ហើយថ្មីៗមាន ប្រសិទ្ធិភាពខ្លាំង តែបើចង់ទុកម្សៅប្រើឲ្យបានយូរត្រូវហាលម្សៅនោះក្នុងម្លប់ឲ្យស្ងួត និងហាលឲ្យយូរបើហាលមិនស្ងួតអាចដុះផ្សិត ឬខូច ។ ក្រោយពីហាលហើយត្រូវទុកក្នុងថង់ប្លាស្ទិក ឬដបបិទឲ្យជិតកុំឲ្យខ្យល់ចូល និងរក្សាទុកកន្លែងងងឹតនិងត្រជាក់ទើបប្រើបានយូរ។ បើចង់បានម្សៅល្អ គួរយកតែគ្រាប់ស្តៅសុទ្ធ (មិនយកសាច់ផ្លែទេ)ដោយលាងច្របាច់យកសាច់ផ្លែចេញ ឬប្រើខ្សាច់ម៉ដ្ឋច្របាច់យកសាច់ចេញរួចលាងហាលឲ្យស្ងួត។
គេអាចប្រើបានពីររបៀប:
របៀបទី ១ : យកម្សៅស្តៅ ១ គីឡូក្រាម ទៅលាយជាមួយទឹកក្នុងបរិមាណមួយដែលសមស្របល្មម អាចត្រាំគ្រាប់ពូជស្រូវ ១៦ គីឡូក្រាមឲ្យលិច ។ យកគ្រាប់ពូជច្រកក្នុងបាវក្រចៅ ហើយត្រាំក្នុងទឹកស្តៅនេះរយៈពេល ៤៨ ម៉ោង រួចស្រង់ផ្អាប់ទុកមួយយប់។ក្នុងរយៈពេលនេះទឹកស្តៅជ្រាបចូលក្នុងគ្រាប់ពូជ។
របៀបទី ២ :កសិករខ្លះមានដីច្រើន ត្រូវការគ្រាប់ពូជច្រើនដើម្បីសាប ។ ដូច្នេះគាត់មិនអាចត្រាំគ្រាប់នៅក្នុងពាង ឬធុងតូចៗបានទេហើយតំរូវឲ្យត្រាំក្នុងទឹកត្រពាំង ឬអូរ ។ ក្នុងករណីនេះ គេអាចប្រើម្សៅស្តៅរោយលើថ្នាលសំណាបមុន ឬក្រោយពេលសាបគ្រាប់រួច ។ នៅពេលនោះ គ្រាប់ដែលចាប់ផ្តើមដុះថ្មីនឹងស្រូបយកសារធាតុសកម្មកំចាត់សត្វល្អិតតែម្តង។
នៅដំណាក់កាលស្ទូងហើយបាន ៧ ថ្ងៃ អាចប្រើទឹកស្តៅលាយ បាញ់បានដែរ ។ តែការប្រើក្នុងដំណាក់កាលនេះអស់បរិមាណស្តៅច្រើនពី ៤០ ទៅ ៥០ គីឡូក្រាម ក្នុងមួយហិកតា ។ ការលាយទឹកស្តៅបាញ់ប្រើបរិមាណម្សៅ ១ គីឡូក្រាម លាយទឹក ២០ លីត្រ ទុករយៈពេលពី ១ ទៅ ២ យប់ ឬរក្សាទុកនៅកន្លែងងងឹត ហើយត្រជាក់ឲ្យបានតិចជាង ៧ ថ្ងៃ ។ ក្នុងការបាញ់ត្រូវយក ទឹកស្តៅដែលបាន លាយខាងលើមកបាញ់ ដោយលាយជាមួយទឹកធម្មតាក្នុងកំរិតស្មើគ្នា (១:១) ហើយបាញ់នៅពេលមេឃ ស្រទុំ ឬពេលល្ងាចពីម៉ោង ៤ ដល់ ម៉ោង ៦ ។ យើងខ្ញុំសូមបញ្ជាក់ផងដែរថា ក្នុងករណីមិនមានគ្រាប់ស្តៅត្រូវប្រើស្លឹកស្តៅជំនួសដោយ បង្កើនបរិមាណស្លឹកស្រស់ក្នុងទំងន់ ៣ ដង លើសការប្រើផ្លែ និងគ្រាប់ ។ ដោយយកស្លឹកស្តៅទៅចិញ្ច្រាំឲ្យម៉ដ្ឋ ឬបុក រួចត្រាំក្នុងទឹកដូចគ្នា ៕
ឯកសារយោង