ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

វិធីសាស្ត្រកែច្នៃស្លឹកម្រុមទៅជាម្សៅសុខភាព និងអត្ថប្រយោជន៍

ម្រុម ឬ Moringa Oleifera គឺជារុក្ខជាតិដែលមានដើមកំណើតមកពីឧបទ្វីបឥណ្ឌា ហើយមានការប្រើប្រាស់យ៉ាងពេញនិយមនៅតំបន់អាសុីអាគ្នេយ៍ និងអាសុីខាងត្បូង។ រុក្ខជាតិនេះមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ព្រមទាំងអាចយកមកចម្អិតធ្វើជាម្ហូបផងដែរ។ រីឯស្លឹករបស់វាគេអាចកែច្នៃធ្វើជាប្រភេទម្សៅសម្រាប់ជាអាហារបំប៉នសុខភាពជាដើម។

វិធីសាស្ត្រកែច្នៃស្លឹកម្រុម

បច្ចេកទេសប្រមូលផលស្លឹក៖ គេអាចយកប្រភេទស្លឹកខ្ចី និងស្លឹកចាស់សម្រាប់ធ្វើជាម្សៅស្លឹកស្ងួត។ ពេលវេលានៃការប្រមូលផលគួរតែបេះនៅពេលព្រឹកប្រលឹមព្រោះស្លឹកងាយនឹងបាត់បង់សំណើម។

ការលាងសម្អាតស្លឹក

យកស្លឹកដែលប្រមូលរួចទៅលាងនៅក្នុងម៉ាសុីន ឬលាងដោយដៃធ្វើយ៉ាងណាឲ្យអស់ធូលី។ បន្ទាប់មកត្រាំស្លឹកម្រុមនៅក្នុងអំបិល ១% (NaCl) រយៈពេល ៥នាទី ដើម្បីសម្លាប់ពពួកអតិសុខុមប្រាណដែលយើងមើលមិនឃើញ។ ក្រោយមកត្រូវលាងសម្អាតស្លឹកជាមួយអេតាណុល ៧០% រួចលាង ២ដងជាមួយនឹងទឹកស្អាតឬទឹកចម្រោះក្នុងគោលបំណងកំចាត់ពពួក បាក់តេរី មេរោគ នៅលើផ្ទៃស្លឹក។ បន្ទាប់មកដាក់ស្លឹកទាំងនោះឲ្យស្រុះទឹកឲ្យអស់នៅក្នុងម្លប់ ឬហាលថ្ងៃប៉ុន្តែមិនត្រូវឲ្យវាស្ងួតពេកទេ។

ការសម្ងួត

នៅក្នុងការសម្ងួតមាន ២ វិធី ដោយសម្ងួតជាមួយពន្លឺព្រះអាទិត្យដោយផ្ទាល់ ប៉ុន្តែស្លឹកអាចរក្សាវីតាមីនក្នុងបរិមាណ ២០-៤០%ប៉ុណ្ណោះ។ ចំណែកការសម្ងួតដ៏ល្អមួយទៀត គឺការសម្ងួតនៅក្រោមម្លប់ដែលអាចរក្សាកម្រិតវីតាមីនស្លឹកចន្លោះ ៥០-៧០%។ គេអាចប្រើប្រាស់ម៉ុងជាជំនួយក្នុងការការពពួករុយ ឬសត្វល្អិតដទៃដែលអាចបង្កជាមេរោគដល់ស្លឹកនៅពេលសម្ងួត។ បន្ទាប់មកត្រូវសម្ងួតស្លឹករហូតដល់ស្ងួតល្អប្រហែល ៤ថ្ងៃ និងរក្សាអនាម័យជានិច្ច។

របៀបកិន

ត្រូវកិននឹងម៉ាសុីនដែលអាចកិនបានក្លាយជាម្សៅក្នុងទំហំអង្កត់ផ្ចិត 0.5mm-1.0mm។ ប៉ុន្តែគេក៏អាចប្រើប្រាស់វិធីសាស្ត្របុរាណដែរ ដោយបុកនៅក្នុងត្បាល់រហូតដល់ម៉ដ្ឋក្លាយជាម្សៅ។ 

ការរក្សាទុក

នៅពេលកិនរួចគេអាចយកទៅប្រើប្រាស់បាន ប៉ុន្តែដើម្បីរក្សាទុកបានយូរគេត្រូវសម្ងួតម្សៅម្រុមនោះដោយសីតុណ្ហភាព ៥០អង្សាសេ/៣០នាទី។ ដោយអាចទុកបានក្នុងរយៈពេល ៦ខែ ក្នុងសីតុណ្ហភាព ២៤អង្សាសេ និងមិនត្រូវឲ្យត្រូវពន្លឺឬសំណើមខ្លាំង។

អត្ថប្រយោជន៍

ម្សៅស្លឹកម្រុម ២ក្រាមមាន៖

  • ប្រូតេអុីន ១៤%
  • កាល់ស្យូម ២៣%
  • ជាតិដែក ១១%RDA
  • វីតាមីន A ៩%RDA, B៦ ១៩%RDA, B២ ១១%
  • ម៉ាញេស្យូម ៨% និងសមាសធាតុផ្សេងៗទៀត។

គុណសម្បត្តិ

  • កាត់បន្ថយសម្ពាធឈាម
  • ប្រឆាំងនឹងអុកសុីតកម្ម
  • រក្សាតុល្យភាពនៃជាតិស្ករក្នុងឈាម
  • ជួយសម្រកទម្ងន់
  • កាត់បន្ថយភាពចាស់ និងមានគុណសម្បត្តិជាច្រើនទៀត។

ឯកសារយោង

Writer