ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការដាក់ជី និងថែទាំដំណាំននោងមូល

ការដាក់ជីបំប៉ន

ក្នុងការដាំននោងកូនកាត់ឬននោងក្នុងស្រុក យើងត្រូវដាក់ជីនិងស្រោចទឹកអោយបានទៀងទាត់ទើបវាផ្ដល់ផ្លែបានច្រើន។ ពេលវេលានិងបរិមាណជីដែលត្រូវដាក់គឺអាស្រ័យទៅតាមប្រភេទដី ។ ចំពោះដីដែលល្បាយច្រើនជាងខ្សាច់ត្រូវដាក់ជីរៀងរាល់ ៧ថ្ងៃម្ដង ។ បើដីខ្សាច់ច្រើនត្រូវដាក់ជីពី ៥ ទៅ ៧ថ្ងៃម្ដង ។ បរិមាណជីត្រូវដាក់លើដីមានខ្សាច់ច្រើន (ជាងល្បាយ)ត្រូវតិចជាជីដាក់លើដីល្បាយ (ច្រើនជាងខ្សាច់)ចំនួន ២ភាគ៣ឬពាក់កណ្ដាល។

បរិមាណនិងពេលវេលាដាក់ជី

ពេលវេលា ប្រភេទនិងបរិមាណកន្លែងកប់ជី
ទ្រាប់បាតមុនពេលដាំ១៥ថ្ងៃជីសរីរាង្គ(លាមកសត្វដែលពុកផុយឬកំប៉ុស្តិ៍)ចំនួនពី១ទៅ២គីឡូក្រាមក្នុង១ម៉ែត្រការ៉េដីរងកប់ជីកណ្ដាលរង(ពេលរៀបចំរងដាក់គម្របរង
ទ្រាប់បាត(មុនដាំកូនពី៣ទៅ៥ថ្ងៃជីប្រភេទ ២០-២០-១៥ឬ១៥-១៥-១៥ចំនួន៥ក្រាម(ប្រហែលកន្លះស្លាបព្រាបាយស្មើរឬ១គម្របដបទឹកសុទ្ធតូច)ក្នុង១រណ្ដៅដាក់កណ្ដាលរងកប់ច្របល់ជាមួយដីរួចស្រោចទឹករងអោយជោគជ័យឬ ដាក់កប់កណ្ដាលរណ្ដៅជម្រៅ៣សង់ទីម៉ែត្
ក្រោយដាំកូនបាន៧ថ្ងៃជីអ៊ុយរ៉េ ៤៦-០-០ចំនួន១.៥ក្រាម(ឬចំនួនមួយកូនស្លាបព្រាជ័រតូចៗ)ក្នុងមួយដើម/គុម្ពកប់ជីចំងាយពីគុលននោង៨ទៅ១៥សង់ទីម៉ែត្រ(១ដើមដាក់២រន្ធ)
ក្រោយដាំកូនបានពី១២ទៅ១៥ថ្ងៃជី២០-២០-១៥ឬ១៥-១៥-១៥ចំនួន៥ក្រាម(ឬ១គម្របដបទឹកសុទ្ធតូច)ក្នុងមួយដើម/គុម្ពកប់ជីចំងាយពីគុលននោង១៨ទៅ២៥សង់ទីម៉ែត្រ(១ដើមដាក់១រន្ធ)
ក្រោយដាំកូនបានពី២០ទៅ២៥ថ្ងៃជី២០-២០-១៥ ឬ១៥-១៥-១៥ចំនួន៥ក្រាម(ឬ១គម្របដបទឹកសុទ្ធតូច)ក្នុង១ដើម/គុម្ពកប់ជីចំងាយពីគុលននោង១៨ទៅ២៥សង់ទីម៉ែត្រ(១ដើមដាក់១រន្ធ)
ក្រោយដាំកូនបានពី៣០ទៅ៣៥ថ្ងៃជី០-០-១៦ចំនួន៥ក្រាម(ឬ១គម្របដបទឹកសុទ្ធតូច)ក្នុង១ដើម/គុម្ព)កប់ជីចំងាយពីគុលននោង១៨ទៅ២៥សង់ទីម៉ែត្រ(១ដើមដាក់១រន្ធ)
ក្រោយដាំកូនបានពី៤៨ទៅ៦០ថ្ងៃជី២០-២០-១៥ ចំនួន៥ក្រាមនិងជី ០-០-៦០ចំនួន៣ក្រាមក្នុង១ដើម/គុម្ព)កប់ជីចំងាយពីគុលននោង១៨ទៅ២៥សង់ទីម៉ែត្រ(១ដើមដាក់១រន្ធ)
ក្រោយដាំកូនបានពី៦៨ទៅ៧៥ថ្ងៃជី០-០-៦០ឬ១៦-២០-០ចំនួន៥ក្រាម(ឬ១គម្របដបទឹកសុទ្ធតូច)ក្នុង១ដើម/គុម្ពកប់ជីចំងាយពីគុលននោង១៨ទៅ២៥សង់ទីម៉ែត្រ(១ដើមដាក់១រន្ធ)

សំគាល់ ៖ ការដាក់ជីគីមីគ្រាប់និងជីគីមីទឹកត្រូវធ្វើបន្ដរហូតដល់ពេលបញ្ចប់ការប្រមូលផលននោង។

របៀបដាក់ជី

ដាក់ជីដើម្បីអោយដំណាំស្រូបយកបានច្រើន គឺដាក់ជីហើយត្រូវស្រោចទឹកភ្លាម។

  • ការដាក់ជីទ្រាប់បាត ៖ ដាក់តាមពោះរង ហើយ ច្របល់ជាមួយដី ឬ ដាក់តាមរណ្ដៅនិមួយៗទើបច្របល់ដីក្នុងរណ្ដៅអោយសព្វ។
  • ការដាក់ជីបំប៉ន ៖ កប់ជីក្នុងរន្ធចោះពីសងខាងរណ្ដៅកូន(ចំងាយពីគល់ពី ៨ទៅ ២៥សង់ទីម៉ែត្រ ទៅតាមអាយុដំណាំ)។

ការស្រោចទឹក

  • ស្រោចទឹកនៅពេលព្រឹក ( បន្ទាប់ពីស្ងួតទឹកសន្សើមលើស្លឹក) និង ពេលល្ងាច ឬ បញ្ជូលទឹកតាមចន្លោះរង
  • ត្រូវស្រោចទឹកអោយបានទៀងទាត់ ដោយមិនត្រូវអោយដីស្ងួត ជាពិសេសបន្ទាប់ពីដាំកូនហើយ ពីព្រោះកូនដំណាំត្រូវការទឹក និងជី សម្រាប់ការដុះលូតលាស់ ឬស ដើម ស្លឹករបស់វា។ នៅពេលចេញផ្កាត្រូវស្រោចទឹកអោយបានទៀតទាត់ផងដែរ។ នៅដំណាក់នេះបើទឹកមិនគ្រប់គ្រាន់ទេ នឹងបណ្ដាលអោយការចេញផ្កា និងផ្លែមិនល្អ។
  • បើពិនិត្យឃើញដីនៅក្បែរគុលស្ងួត (សំគាល់បានដោយ មិនអាចលុញជាដុំមូលបាន)ត្រូវស្រោចទឹកបន្ថែម ។ បើដីនៅក្បែរគល់ននោង សើមខ្លាំង (សំគាល់បានដោយច្របាច់ដីមានទឹកហៀរតាមម្រាមដៃ ) មិនត្រូវស្រោចបន្ថែមឡើយ។ បើដាក់ទឹកថែមនឹងអាចបណ្ដាលអោយដីដក់ទឹកខ្លាំង ធ្វើអោយរលួយឬស និង ងាប់ដើម ននោង បាន។

ការតាក់តែងមែក

បន្ទាប់ពីដាំបានរយៈពេលពី ២៣ ពី ២៥ ថ្ងៃហើយ ដើមននោងចាប់ផ្ដើម បែកខ្នែង ពីដើមមេ។ គេត្រូវកាត់ខ្នែងននោង ដុះចេញពីដើមមេ កន្លះម៉ែត្រ ចុះក្រោមចោល (ធម្មតា ក្រោមថ្នាំង ទី១០ ចុះ)ចាប់ពីដាំកូនរហូតដល់ដាំបាន២៥ថ្ងៃ ដើម្បីអោយដើមននោង ទទួលជីជាតិចិញ្ចឹមបានគ្រប់គ្រាន់ និង លូតលាស់បានលឿង។

ការធ្វើស្មៅ

ដើម្បីអោយននោងផ្ដល់ផលល្អ គេត្រូវធ្វើស្មៅអោយបានស្អាត ទោះបីជារងគ្របចំបើង ឬ គ្របប្លាស្ទិចក៏ដោយ ។ គេត្រូវដកស្មៅនៅតាមចន្លោះរងចេញ ពីព្រោះវាជាជម្រកសត្វល្អិចបំផ្លាញដំណាំ និង ចម្លង ជម្ងឺ ដល់ដំណាំ។

ជម្ងឺ សត្វល្អិតចង្រៃ

ជម្ងឺទុំលឿងស្លឹក

ជម្ងឺនេះវាកើតមានលើស្លឹក យើងអាចសង្កេតឃើញមានចំណុចអុច ពណ៍លឿង រាងជ្រុងៗ ហើយដុំពណ៍នេះ ប្រែជាពណ៍ត្នោត។ នៅពីក្រោមផ្ទៃ ស្លឹកមានដុំជាំរាងជ្រុងៗ។

វិធានការបញ្ឃប់ការរោលដាល ជម្ងឺទុំលឿងស្លឹក

  • បេះស្លឹកមានជម្ងឺចេញពីដើមដោយដៃ កូនកាំបិតឬ ដោយ កន្រ្ដៃ រួចហើយយកស្លឹកមានជម្ងឺនេះទៅកប់ ឬ ដុតចោល អោយឆ្ងាយពីចំការ។
  • បាញ់ថ្នាំមេតានឡាកស៊ីល ( Metalaxyl ) ដោយឆ្លាស់គ្នាជាមួយថ្នាំម៉ង់កូសិប ( Mancozeb )។
  • កុំស្រោចទឹកជាំពេក។

វិធានការបង្ការទប់ស្កាត់ជម្ងឺទុំលឿងស្លឹក

  • ពង្រីកចន្លោះជួរ (៤-៤.៥ ម៉ែត្រ)និងចំងាយគុម្ព (១.៥ -២ ម៉ែត្រ)ដាំននោង (ដើម្បីអោយទូលាយននោងលូតលាស់បានរឹងមាំបានល្អ ស្រឡះមានខ្យល់ចេញចូល និងងាយឆាប់ស្ងួតស្លឹកបន្ទាប់ពីភ្លៀង និង ងាយបាញ់ថ្នាំបានសព្វល្អ)។
  • កំចាត់ស្មៅចង្រៃ និងដំណាំគ្មានប្រយោជន៍ចេញ
  • បេះស្លឹកនេះទៅកប់ ឬ ដុតចោលអោយឆ្ងាយពីចំការ
  • ក្នុងតំបន់មានសំណើមខ្លាំង ត្រូវបាញ់ការពារ ដោយប្រើថ្នាំ មេតាឡាកស៊ីល ( Matalaxyl) ឬ ហ្វូសេទីល-អាល់មីញូម (Fosetyl-AI) ។

សំគាល់ ៖ ត្រូវបាញ់ថ្នាំផ្សិតរយៈពេលពី៣ទៅ៧ថ្ងៃម្ដង ដោយបាញ់នៅពេលល្ងាច។ ថ្នាំផ្សិតត្រូវបាញ់ពីខាងក្រោម និង ខាងលើផ្ទៃស្លឹក ។ ជាការប្រសើត ត្រូវលាយជាមួយទឹកស្អិត ដើម្បីអោយថ្នាំថិតនៅជាប់នឹងស្លឹកបានយូរ។

ជម្ងឺខ្លោចចុងស្លឹករាងត្រីកោណ(Gummy stem Blight )

ជម្ងឺនេះកើតមាននៅលើដំណាំអំបូរវារមានដៃតោង Cucurbite ដូចជា ននោង ត្រឡាច ល្ពៅ ត្រសក់ ឪឡឹក…)។

រោគសញ្ញា

  • គេឃើញស្លឹកចាប់ផ្ដើមខ្លោចចុងស្លឹកជារាង ត្រីកោណ
  • រីករាលដាលដល់ដើម និង ពេញលើដើមទាំងមូលបើគ្មានការការពារ
  • បាត់បង់ទិន្នផល និង ដើមនឹងងាប់

វិធានការបង្ការទប់ស្កាត់

  • ការធ្វើអនាម័យចំការបានល្អ និង ដាំដំណាំឆ្លាស់ដែលមានអំបូរខុសពីពពួក Cucurbite អាចជួយធ្វើអោយកាត់បន្ថយផ្សិតបង្កជម្ងឺនេះ នៅក្នុងដីចំការ
  • នៅពេលមានកើតមានជម្ងឺនេះឡើង គេត្រូវកាត់ ឬ ដកផ្នែកដែលមានជម្ងឺយកទៅកប់ ឬ ដុតចោល អោយឆ្ងាយពីចំការ។
  • ក្រៅពីវិធានការអនាម័យខាងលើ គេអាចបាញ់ថ្នាំការពារ ផ្សិត ដោយប្រើថ្នាំផ្សិត មានដូចជា ៖ ថ្នាំមេតាឡាកស៊ីល +ម៉ងកូហ្សេប Metalaxyl + Mancozeb, ម៉ងកូហ្សេប Mancozeb , ប្រូពីនេប Propineb , ឌីហ្វេណូកូណាហ្សាល difenoconazle ឬ ថ្នាំផ្សិត ដែលមានកម្រិតព្យាបាលខ្លាំងជាងនេះ ដែលបានអនុញ្ញាតិ អោយលក់ប្រើនៅកម្ពុជា។

ដង្កូវមូលស្លឹក

ដង្កូវនេះបំផ្លាញដំណាំអំបូរវល្លិ៍ វាមានដៃតោង Cucurbite (ដូចជាននោង ត្រសក់ ត្រឡាច)វាបំផ្លាញគ្រប់ដំណាក់កាលលូតលាស់របស់ដំណាំ។

វិធានការគ្រប់គ្រង និងកំចាត់

  • ត្រូវត្រួតពិនិត្យចំការ អោយបានទៀងទាត់
  • ចាប់ដង្កូវដោយដៃ នៅពេលមានការបំផ្លាញតិចតួច។
  • បាញ់ថ្នាំសម្លាប់សត្វល្អិត ដូចជា ៖ ថ្នាំក្លពីរីហ្វូស + សាយភឺមេទ្រីន Chlorpyrifos + Cypermethrin ថ្នាំ ស៊ីភែមីទ្រីន (Cypermethrin / Nato ) និង ភឺមេទ្រីន permethrin។
  • ប្រើប្រាស់ថ្នាំគីមី មានប្រសិទ្ធភាពផ្សេងទៀត ដែលមានការអនុញ្ញាតិអោយលក់ប្រើនៅកម្ពុជា។

ចៃ

ចៃនេះបំផ្លាញដំណាំអំបូរវល្លិ៍/វាមានដៃតោង Cucurbite (ននោង ត្រសក់ ត្រឡាច ) និងពពួកបន្លែយកផ្លែដូចជា ត្រប់ ប៉េងប៉ោះ ផងដែរ ។ វាបំផ្លាញស្លឹក ត្រួយខ្ចី នៅគ្រប់ដំណាក់កាលលូតលាស់របស់ដំណាំ ចាប់ពីកូនដំណាំរហូតដល់ពេលប្រមូលផល។

វិធានការគ្រប់គ្រង និងកំចាត់

  • បេះស្លឹកឬ មែកដែលបំផ្លាញខ្លាំងចោល (ត្រូចកប់ ឬ ដុតចោលឆ្ងាយពីចំការ)។
  • ប្រើអន្ទាក់កាវស្អិតលាបថង់កៅស៊ូពណ៍លឿង។
  • បាញ់ថ្នាំគីមីការពារ និងសំលាប់សត្វល្អិត ដូចជា ៖ ថ្នាំមេតូមីល Methomyl ថ្នាំអ៊ីមីដាក្លព្រីដ Imidaclopride ថ្នាំក្លភីរីហ្វូស + ស៊ីភែមីទ្រីន Chlorpyrifos + Cypermethrin (Nato) និងថ្នាំមានប្រសិទ្ធភាពផ្សេងទៀតដែលបានអនុញ្ញាតិអោយលក់ប្រើនៅកម្ពុជា។

សំគាស់៖ ហាមប្រើថ្នាំដបពី ឬ ច្រើនមុខលាយចូលគ្នាបាញ់។

ឯកសារយោង