ការដាំដំណាំនៅក្នុងផើង ឬតាមសួននានាអាចទទួលបានលទ្ធ ផលជោគជ័យក៏អាស្រ័យទៅលើប្រភេទដីដែរ។ រីឯការលាយដីសម្រាប់ដាំដុះគឺជារឿងដ៏សំខាន់មួយដែលគួរយកចិត្តទុកដាក់។ ដីដាំគឺជាដីដែលមានការលាយបញ្ចូលជាមួយសារធាតុចិញ្ចឹមផ្សេងៗគ្នាដើម្បីឲ្យរុក្ខជាតិអាចលូតលាស់បានល្អ។ ចំណែកឯដីបណ្ដុះគឺជាល្បាយដែលគ្មានដី និងមិនមានលាយជាមួយនឹងសារធាតុចិញ្ចឹមឬមានតិចតួចបំផុត ហើយវាភាគច្រើនផ្សំឡើងដោយ ស្លែ ស្រកីដូងម៉ត់ Vermiculite, Perlite។
ដីដាំជាដីដែលមានលក្ខណៈខុសពីដីបណ្ដុះ ហើយគេប្រើដីនេះភាគច្រើនសម្រាប់ដាំដំណាំនៅក្នុងផើង សួន និងអាចដាំជាលក្ខណៈរងធំៗទៅតាមអ្វីដែលយើងចង់បាន។
ជាប្រភេទល្បាយម្យ៉ាងដែលគេមិនប្រើប្រាស់សារធាតុចិញ្ចឹម និងដីទេ ព្រោះវាជាដំណាក់កាលដំបូងដែលគ្រាប់ទើបតែចេញពន្លក និងអភិវឌ្ឍន៍ឫសរបស់វា ប៉ុន្តែគេអាចស្រោចប្រភេទកំប៉ុស្ដិ៍ទឹកបន្តិចបន្តួចជាមួយទឹកក្រោយពេលដែលកូនរុក្ខជាតិអាចដុះបានស្លឹក ២ឬ ៤។
ជាទូទៅគេត្រូវយកស្រកីដូងម៉ត់ចំនួន ១/២ លាយបញ្ជូលជាមួយ ស្លែបរិមាណ ១/៦ បន្ទាប់មកដាក់ធាតុVermiculite និង Perlite ចូលដោយយកសមាសធាតុទាំងអស់នេះទៅដាក់នៅក្នុងធុង ឬ តង់ក្រាលមួយ។ ក្រោយមកគេត្រូវច្របល់ឲ្យសព្វល្បាយបើវាខ្វះសំណើមអាចបន្ថែមទឹកបាននៅពេលដាក់កូនបណ្ដុះនៅក្នុងត្រេ។ ម្យ៉ាងទៀតយើងអាចបន្ថែមទឹកដើម្បីឲ្យវាមានសំណើមនៅពេលច្របល់ឲ្យសព្វនោះបានដូចគ្នាផងដែរ។( សមាសធាតុ Vermiculite និង Perlite យើងអាចរកទិញនៅទីតាំងលក់ដីកសិកម្ម ឬតាមរយៈប្រព័ន្ធបណ្ដាញសង្គមផងដែរ)។