ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការដាំដុះផ្លែត្របែក

ត្របែកគឺជាផ្លែឈើហូបផ្លែមួយប្រភេទ ដែលមានការពេញនិយមបរិភោគ ព្រោះវាមានរសជាតិជូរអែមឆ្ងាញ់។ ត្របែកមានឈ្មោះវិទ្យាសាស្រ្ដថា Psidium guajava L.ដែលមានដើមកំណើតនៅតំបន់ត្រូពិចអាមេរិច ហើយបច្ចុប្បន្នបានរីករាលដាលដាំដុះនៅតំបន់ត្រូពិចនិងពេញពិភពលោក។ ត្របែកក៏ជាដំណាំពាណិជ្ជកម្មផងដែរ។

១ អត្ថប្រយោជន៍ផ្លែត្របែកចំពោះសុខភាព

យោងទៅតាមការស្ទង់មតិថ្មីៗនេះវិទ្យាស្ថានជាតិអាហារូបត្ថម្ភដែលផ្ដល់មូនិធិដោយ ICMR បានធ្វើការសិក្សាលើផ្លែឈើស្រស់ចំនួន១៤មុខដែលប្រឆាំងនិងអុកស៊ីកម្ម។ ជាលទ្ធផលនៃការសិក្សានេះ គួរអោយភ្ញាក់ផ្អើលវាត្រូវបានរកឃើញថាផ្លែត្របែកមានកម្រិតអុកស៊ីកម្មខ្ពស់បំផុត បន្ទាប់មកផ្លែស្វាយ ផ្លែទទឹម និងផ្លែទាប(Custard Apple) សារធាតុប្រឆាំងអុកស៊ីកម្មការពារប្រឆាំងនឹងការខូចខាតកោសិកា ការពារភាពចាស់នៃស្បែក និងកាត់បន្ថយហានិភ័យជំងឺមហារីក ។

  • វិតាមីន C រួមជាមួយវិតាមីន AនិងE គឺជាសារធាតុប្រឆាំងអុកស៊ីកម្មដែលមានឥទ្ធិពល។ ផ្លែត្របែកមួយមានផ្ទុកវិតាមីន C 125mg ដែលលើសពីអ្វីដែលយើងត្រូវការដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ
  • ផ្លែត្របែកមានវិតាមីន C 5ដងច្រើនជាងផ្លែក្រូច។ ផ្លែត្របែកមានផ្ទុក 212mg ក្នុង 100gm។ចំណែកផ្លែក្រូចមានត្រឹមតែ 40mg ក្នុង 100gm ប៉ុណ្ណោះ។
  • ការសិក្សាខ្លះណែនាំថា ការទទួលទានទឹកផ្លែត្របែក ឬ ផ្លែត្របែកមានប្រយោជន៍ចំពោះសុខភាពសរសៃរឈាមបេះដូង និងសុខភាពឈាម។
  • បើសិនយើងទទួលទានជាទឹកផ្លែឈើ អាចជួយក្នុងការសម្រក់ទម្ងន់ ព្រោះវាមានកាឡូរីទាប ជាតិខ្លាញ់ទាប និង សម្បូរទៅដោយជាតិសរសៃរ។
  • ផ្លែត្របែកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន ដែលជួយដល់សុខភាពនិងសម្រស់ស្រស់ស្អាត ។

ដោយសារតែផ្លែឈើមួយប្រភេទនេះសម្បូរទៅដោយវិតាមីន C កាល់ស្យូម និងសារជាតិ Pectins ផ្លែឈើត្រូវបានប្រើប្រាស់សម្រាប់ផលិតអាហារកែច្នៃដូចជា ចាហួយ jams ទឹកក្រឡុក ភេសជ្ជៈផ្លែឈើ ស្រាក្រឡុក ការ៉េម ទឹកដោះគោជូររសជាតិត្របែក …។

២ ផលិកម្មត្របែកតាមប្រទេស ២០២៣

អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្កកាសហប្រជាជាតិ (FAO)រួមបញ្ជូលគ្នានូវចំនួនសរុបសម្រាប់ផ្លែត្របែក ស្វាយនិងមង្ឃុត..ទៅក្នុងរង្វាស់តែមួយដែលមានក្នុងតារាងខាងក្រោម៖(តម្លៃត្រូវបានបង្គត់ទៅជាតោនដែលនៅជិតបំផុត)

ប្រទេសការផលិតផ្លែស្វាយ ត្របែក និងមង្ឃុត
ឥណ្ឌា២៤,៩៦៨,០០០
ចិន៣,៧៩០,០០០
ឥណ្ឌូនេស៊ី៣,៥៦១,៨៦៧
ប៉ាគីស្ថាន២,៦៧៧,០១៧
មុិកសុិក២,៤៤១,៤៩៦
ប្រេស៊ីល២,០៥៧,៧៦៥
ម៉ាឡាវី(Malawi)១,៦៩៦,១២១
ថៃ១,៦៣៥,២៣៣
បង់ក្លាដែស១,៤៥៨,៥៥៤
វៀតណាម១,៤៣៩,២៧៣
កម្ពុជា៦៤,៨៤១

៣ បច្ចេកទេសដាំត្របែក

៣.១ តម្រូវការដី

ត្របែកអាចដុះនៅលើដីដែលមានPH ចាប់ពី៤.៥ ដល់ ៨ .២ ។

៣.២ លក្ខខណ្ឌអាកាសធាតុ

ដើមឈើហូបផ្លែប្រភេទនេះអាចដុះនៅតំបន់ត្រូពិចនិងអនុត្រូពិច នៅកម្ពស់លើសពី១៥០០ម៉ែត្រ ដំណាំត្របែកធន់និងភាពរាំងស្ងួត។

៣.៣ ការរៀបចំដីនិងការដាក់ដាំ

ក្នុងរៀបចំដីយើងត្រូវភ្ជួររាស់ដី និងធ្វើការសម្អាតស្មៅអោយបានស្អាតល្អកុំអោយមាន សត្វល្អិតនិងជំងឺមកបំផ្លាញកូនដំណាំ។ត្រូវជីរណ្ដៅដែលមានទំហំ មួយម៉ែត្របួនជ្រុងនិងមានជម្រៅមួយម៉ែត្រ។ គម្លាតពីដើមមួយទៅដើមមួយមានប្រវែងប្រាំមួយម៉ែត្រ ប្រវែងចម្ងាយបែបនេះគឺដើម្បីអោយមានដង់ស៊ីតេខ្ពស់ដែលអាចអោយមានការរីកលូតលាស់នៃមែកធាង កម្ពស់និងទិន្នផលច្រើន។ នៅក្នុងរណ្ដៅអាចដាក់នូវជីអសរីរាង្គនិងសរីរាង្គ ជីលាមកសត្វ ផេះ និងកាក់សំណល់រុក្ខជាតិ។ ក្រោយដាំរួចត្រូវស្រោចទឹក។

៣.៤ ការស្រោចទឹក

ដើមត្របែកដែលទើបនិងដាំត្រូវស្រោចទឹកជារៀងរាស់ថ្ងៃសម្រាប់សប្ដាហ៍ដំបូង។បន្ទាប់មក១ទៅ២ដងក្នុងមួយសប្ដាហ៍សម្រាប់រយៈពេល២ខែដំបូង។ពេលរដូវវស្សាភ្លៀងញឹកញាប់គួរបន្ថយការស្រោចទឹក ឬបញ្ឃប់តែម្ដង ។ នៅពេលដែលដើមត្របែកពេញវ័យ និងចេញផ្កាគួរកំណត់ការស្រោចទឹកអោយបានត្រឹមត្រូវ។

៣.៥ ការដាក់ជីបំប៉ន់

ឆ្នាំលាមកគោរលួយ(KG)UREA(GM)SSP(GM)MOP(GM)
១-៣១០-២០១៥០-២០០៥០០-១៥០០១០០-៤០០
៤-៦២៥-៤០៣០០-៦០០១៥០០-២០០០៦០០-១០០០
៧-10៤០-៥០៧៥០-១០០០២០០០-២៥០០១១០០-១៥០០
១០៥០១០០០២៥០០១៥០០

៣.៦ការតាក់តែងមែក

កាត់មែកដែលចាស់(មិនផ្លែ) មែកសំយ៉ុងចុះក្រោម មែកមានជំងឺ …ចោល។ ការធ្វើរបៀបនេះដើម្បីអោយដើមមានសុខភាពល្អ ទទួលពន្លឺ ខ្យល់ គ្រប់គ្រាន់ ធ្វើអោយផ្លែឆាប់ធំ។និងឧស្សាហ៍កាត់ត្រួយត្របែកចេញដើម្បីអោយត្របែកដុះមែកថ្មីនិងអាចបន្ដចេញផ្កាផ្លែរហូត ដូចនេះដំណាំត្របែកអាចប្រមូលផលបានគ្រប់រដូវ។

៤ ការប្រមូលផល

  • ដាំដោយគ្រាប់រយៈពេលចាប់ពី ៤ទៅ៥ឆ្នាំអាចប្រមូលផលបណ្ដោៗ
  • ដាំដោយមែករយៈពេល៣ទៅ៦ខែអាចប្រមូលផលបាន

ឯកសារយោង