ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ប្រភេទដំណាំដែលអាចដាំជាមួយស្វាយចន្ទី

ស្វាយចន្ទីគឺជាប្រភេទដំណាំម្យ៉ាងដែលស្ថិតនៅក្នុងគ្រួសារAnacardiaceae ។ នាពេលបច្ចុប្បន្ននេះប្រជាកសិករនៅប្រទេសកម្ពុជាយើង បានធ្វើការដាំដុះនៅតាមបណ្ដាខេត្តនានាស្ទើតែពាសពេញផ្ទៃប្រទេស។ ដោយឡែកនៅតាមចំការចន្ទីនីមួយៗប្រជាកសិករក៏អាចដាំនូវដំណាំចម្រុះផ្សេងៗនៅលើផ្ទៃដីតែមួយនៅចន្លោះរងដើមចន្ទី សម្រាប់បង្កើននូវចំណូលបន្ថែមផងដែរ។ ខាងក្រោមនេះគឺជាប្រភេទដំណាំដែលអាចដាំដុះបាននៅគម្លាតនៃចន្លោះរងរបស់ស្វាយចន្ទី៖

ប្រភេទដំណាំ

ស្វាយចន្ទីអាចដាំចម្រុះជាមួយដំណាំដ៏ទៃបានលុះត្រាតែវាស្ថិតនៅក្នុងអាយុក្រោម ៧ឆ្នាំ ព្រោះនៅពេលដែលដើមកាន់តែចាស់ នោះមែករបស់វាកាន់តែច្រើន និងធំដែលមិនអាចឲ្យដំណាំនៅខាងក្រោមវាទទួលបានពន្លឺគ្រប់គ្រាន់។ ម្យ៉ាងទៀតដំណាំដែលអាចដាំជាមួយចន្ទីបានមានដូចជា ពពួកសណ្ដែក( សណ្ដែកសៀង សណ្ដែកអង្គុញ សណ្ដែកដី) ចេក ដំឡូងមី ម្នាស់ ដំឡូងជ្វា គល់ស្លឹកគ្រៃ រំដេង ខ្ញី រមៀត និងពន្លៃ។ ចំពោះការដំដុះនូវដំណាំនីមួយៗមិនអាចដាំរហូតនោះទេ គេត្រូវដាំដំណាំបង្វិលនៅចន្លោះរងស្វាយចន្ទីជៀសវាងបង្កនូវជំងឺឬសត្វល្អិតផ្សេងៗទៅដល់ដំណាំគោល។ ហើយគេក៏អាចដាំប្រភេទជីស្រស់នៅចន្លោះរងចន្ទីបានដែរព្រោះជីស្រស់បានជួយដីជាច្រើនទាក់ទងនឹងសារធាតុចិញ្ចឹម និងកាត់បន្ថយស្មៅក្នុងរងដំណាំ។

គម្លាតជួរស្វាយចន្ទី

ដើម្បីអាចដាំចម្រុះជាមួយដំណាំផ្សេងបានម្ចាស់ចំការគួរតែបែងចែកនូវគន្លាតជួរឲ្យបានច្បាស់លាស់ជៀសវាងបង្កការរំខានទៅដល់ចន្ទីនៅពេលក្រោយ។ ចន្លោះគុម្ពគឺ ៨x៨ម៉ែត្រ និងចន្លោះរង ៨ម៉ែត្រ ដោយអាចដាំបាន ២៥ដើម ក្នុងផ្ទៃក្រឡា ៤០ម៉ែត្រការេ។

អំពីដំណាំដែលអាចដាំចន្លោះរងស្វាយចន្ទី

ពពួកសណ្ដែក

គឺជាប្រភេទរុក្ខជាតិ Legumeដែលស្ថិតនៅក្នុងគ្រួសារ Fabaceae។ ដំណាំប្រភេទនេះអាចដាំបានដោយរក្សាគម្លាតពីស្វាយចន្ទីប្រហែល ១.៥-២ម៉ែត្រ(ប៉ុន្តែវាក៏អាស្រ័យទៅលើអាយុរបស់ចន្ទីដែរ) ដើម្បីការពារពីការស្រូបយកសារធាតុចិញ្ចឹមពីចន្ទី និងប្រកួតប្រជែងទៅលើទឹក និងពន្លឺ។ ម្យ៉ាងទៀត Legume វាក៏ដូចទៅនឹងដំណាំគម្របដីដែរព្រោះវាបានជួយទាញអាសូតពីបរិយាកាសមកកាន់ដី។ សណ្ដែកចាប់ផ្ដើមទុំរយៈពេលពី ៥០-65ថ្ងៃ បន្ទាប់ពីដាំ។


ដំណាំចេក

ចេកជារុក្ខជាតិស្ថិតនៅក្នុងគ្រួសារ Musaceae ហើយចាប់ផ្ដើមផ្ដល់ផលនៅអាយុ ៨-១០ខែក្រោយដាំ។ ដំណាំមួយប្រភេទនេះងាយស្រួលក្នុងការដាំដុះព្រោះវាជាដំណាំដែលមិនត្រូវការទឹកច្រើនដូចចន្ទីដែរ។ ម្យ៉ាងទៀតគេអាចដាំនៅចម្ងាយពីដើមចន្ទីចន្លោះ ៣ម៉ែត្រការពារមិនឲ្យស្លឹករបស់ចេកបង្កជាម្លប់ដល់ចន្ទី។

ដំឡូងមី

ជាដំណាំមួយប្រភេទដែលស្ថិតនៅក្នុងគ្រួសារ Euphorbiaceae ហើយវាងាយស្រួលដាំជាមួយនឹងស្វាយចន្ទីព្រោះវាមានអំបូរខុសគ្នាដែលមិនបង្កឲ្យមានផលប៉ះពាល់ទៅដល់ស្វាយចន្ទីឡើយ។ គម្លាតជួរនៃចន្ទី និងដំឡូងមីគឺចន្លោះ ១.៥-២ម៉ែត្រ ប៉ុន្តែវាក៏អាស្រ័យលើអាយុរបស់ចន្ទីដែរ ហើយវាអាចទទួលផលនៅអាយុចន្លោះ ៧-៨ខែក្រោយពេលដាំ។

ដំណាំម្នាស់

ម្នាស់គឺជាដំណាំមួយប្រភេទដែលមានអាយុកាលខ្លីដោយវាស្ថិតនៅក្នុងគ្រួសារ Bromeliaceae វាចាប់ផ្ដើមផ្ដល់ផលនៅអាយុ ២ឆ្នាំ។ ដែលអាចដំាចន្លោះគុម្ពពីស្វាយចន្ទីបានប្រមាណជា ១.៥ម៉ែត្រ។

ដំឡូងជ្វា

វាស្ថិតនៅក្នុងគ្រួសារConvolvulaceae ហើយអាចដាំបាននៅចន្លោះរងចន្ទីគម្លាត ២ម៉ែត្រ ព្រោះយើងត្រូវការភ្ជួរដីជៀសវៀងប៉ះឫសចន្ទី។ អាយុកាលប្រមូលផលរបស់ដំឡូងឆ្វាគឺ ៤-៥ខែក្រោយពេលដាំរួច។

គល់ស្លឹកគ្រៃ រំដេង ខ្ញី រមៀត និងពន្លៃ

ជាដំណាំដែលអាចដាំក្រោមម្លប់ ឬចន្លោះរងចន្ទីនៅពេលអាយុតិចមិនសូវមានបែកមែកច្រើន។ ដំណាំនេះអាចដាំបានជាជួរនៅក្រោមចន្ទីហើយត្រូវទុកចម្ងាយប្រមាណជា ១.៥-២ម៉ែត្រពីចន្ទី។ អាយុកាលអាចប្រមូលផលបានពី ៧-១០ខែក្រោយពេលដាំដុះ។

ជីស្រស់Covercrop

ជារុក្ខជាតិម្យ៉ាងដែលមានកំពកឫសហើយអាចស្រូបយកអាសូតពីបរិយាកាសចូលទៅក្នុងដី ម្យ៉ាងទៀតវាមានអាយុកាលរហូតទៅដល់ ៦ឆ្នាំ។ ជីស្រស់មិនត្រឹមតែជាជីសម្រាប់ដំណាំ និងដីតែមួយមុខប៉ុណ្ណោះទេវាថែមទាំងអាចជួយទៅដល់ការកាត់បន្ថយស្មៅចង្រៃនៅក្នុងដំណាំដែលយើងពិបាកកំចាត់ផងដែរ។

#ចំណាំ៖គម្លាតនៃដំណាំនីមួយៗអាស្រ័យលើប្រភេទដំណាំ និងអាយុកាលរបស់ស្វាយចន្ទី។

ឯកសារយោង

Writer