ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

របៀបដាំដុះផ្កាកុលាប និងទីផ្សាររបស់ផ្កាកុលាប

ផ្កាកុលាបជាប្រភេទផ្កាម្យ៉ាងដែលមានក្លិនក្រអូប និងប្រភេទខ្លះពុំមានក្លិនក្រអូបខ្លាំង ម្យ៉ាងទៀតវាជាផ្កាដែលមានការពេញនិយមខ្លាំងមិនថាសម្រាប់ពិធីបុណ្យជាតិឬអន្តរជាតិធំៗឡើយ។ ដោយឡែកនៅប្រទេសយើងនៅតាមហាងផ្កា ឬតូបលក់ផ្កានៅក្នុងផ្សារនានា តែងមានលក់នូវកុលាបជាច្រើនពណ៌ផងដែរ ប៉ុន្តែកុលាបភាគច្រើនសុទ្ធសឹងតែជាផ្កានាំចូលពីបរទេសជាដើម។ ខាងក្រោមនេះគឺជាវិធីសាស្ត្រនៃការដាំដុះ ការប្រើប្រាស់ជី និងទីផ្សារនៃផ្កាកុលាប៖

ការជ្រើសរើសពូជ

ជាទូទៅគេតែងដាំកុលាបដោយគ្រាប់ និងការកាត់មែកយកមកបណ្ដុះ ស្របគ្នានេះដែរមិនថាការជ្រើសរើសដាំដោយគ្រាប់ឬមែកគឺសុទ្ធតែជាវិធីសាស្ត្រដែលល្អដូចគ្នា។

  • ដាំដោយគ្រាប់៖ ជាដំបូងត្រូវជ្រើសរើសគ្រាប់ពូជណាដែលមានកាលបរិច្ឆេតត្រឹមត្រូវជៀសវាងយកគ្រាប់ដែលផុតថ្ងៃកំណត់ បន្ទាប់មកយកវាទៅត្រាំទឹកក្ដៅចំនួន ១០-១២ម៉ោងដើម្បីដាស់ដំណេកគ្រាប់ រួចយកមកហាលខ្យល់ក្រោមម្លប់ឲ្យស្ងួត ហើយយកវាទៅបណ្ដុះនៅក្នុងត្រេបណ្ដុះដំណាំ និងស្រោចទឹកឲ្យមានសំណើរជាប្រចាំ ប៉ុន្តែមិនត្រូវស្រោចរហូតដល់ជាំទឹកពេកនោះទេ។
  • ដាំដោយកាត់មែក៖ ការដាំបែបនេះគឺជាការដាំមួយដែលមានរយៈពេលលឿនឆាប់បានយកទៅដាំក្រោយពីបណ្ដុះ។ សម្រាប់ការកាត់មែកត្រូវកាត់មែកណាដែលមានសុខភាពល្អ ដើមពណ៌បៃតងចាស់ និងមានស្លឹកច្រើន។ ជាដំបូងត្រូវយកកន្ត្រៃដែលមុតរួចកាត់បញ្ឈិតដើមហើយយកទៅត្រាំនៅក្នុងអ័រម៉ូនអុកសុីន ឬថ្នាំបណ្ដុះឫសដែលមានលក់នៅលើទីផ្សារស្រាប់ បន្ទាប់មកយកមែកកុលាបទៅដាក់បណ្ដុះនៅក្នុងត្រេ ឬថង់បណ្ដុះ ហើយស្រោចទឹកជាប្រចាំដើម្បីឲ្យដីមានសំណើមឆាប់បានដុះឫស និងពន្លកស្លឹកថ្មី។(ប៉ុន្តែការដាំលក្ខណៈជាអាជីវកម្មគួរតែជ្រើសរើសការផលិតចំនួនកូនតាមរយៈការធ្វើជាលិកាវិប្បកម្មទើបអាចផលិតកូនប្រាប់ច្រើនទៅតាមតម្រូវការ)
  • របៀបរៀបចំដីបណ្ដុះ៖ គេអាចប្រើប្រាស់ប្រភេទដីស្រទាប់លើលាយជាមួយជីកំប៉ុស្ដិ៍គោក ឬលាមសត្វ និងអង្កាម។

លក្ខខណ្ឌក្សេត្របរិស្ថាន

កុលាបជារុក្ខជាតិម្យ៉ាងដែលត្រូវការពន្លឺខ្លាំង ព្រោះនៅពេលដែលមានពន្លឺច្រើនទើបវាអាចបញ្ចេញផ្កាបានកាន់តែច្រើន និងទៀងទាត់។ ចំពោះលក្ខខណ្ឌអាកាសធាតុវិញដែលធ្វើឲ្យកុលាបអាចដុះលូតលាស់បានល្អស្ថិតនៅចន្លោះ ២៥- ៣០អង្សាសេ សម្រាប់តំបន់ត្រូពិច។ រីឯប្រភេទដីវិញគួរតែជ្រើសរើសដីណាដែលមានការបង្ហូរទឹកល្អ មិនជាំទឹក និងមាន pH ចន្លោះ ៦.០-៦.៥។

បច្ចេកទេសដាំដុះ

  • ដាំក្នុងចំការ៖ ត្រូវភ្ជួរដីលាយជាមួយលាមកសត្វ និងកាកសំណល់រលួយ បន្ទាប់មកបាចកំបោរប្រសិនបើដីមានកម្រិត pHខ្ពស់ ហើយហាលដីចោលរយៈពេល ១៥-២០ថ្ងៃ។ ក្រោយមកត្រូវលើករង និងលាយដីជាមួួយអង្កាមដើម្បីឲ្យដីធូរល្អ រួចយកកូនកុលាបមកដាំដោយជីករណ្ដៅទំហំ ៦០x៦០ស.ម និងមានគម្លាតគុម្ពពី ៩០x១៥០ស.ម។
  • ដាំដោយផើង៖ ជាដំបូងត្រូវជ្រើសផើងដែលមានទំហំសមាមាត្រទៅនឹងពូជនៃកុលាបដែលបានជ្រើសរើសយកមកដាំ ម្យ៉ាងទៀតការដាំដោយផើងមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំង។ បន្ទាប់មកត្រូវលាយដីនៅក្នុងផើងដោយប្រើប្រាស់ដីកំប៉ុស្ដិ៍ដែលមានសមាសធាតុផ្សំដូចជា អង្កាមឬស្រកីដូង លាមកសត្វ កាកសំណល់ផ្ទះបាយ និងមានផ្សិតTrichoderma(បើមាន)។ បន្ទាប់មកយកកូនកុលាបមកដាំក្នុងផើងដោយកាត់ថង់ និងដាក់ថ្មមៗទៅក្នុងផើងជៀសវាងបែកដីកំណើត។
  • ការមើលទិសពន្លឺ៖ កុលាបត្រូវការពន្លឺខ្លាំងដូច្នោះការដាំគួរតែដាំឲ្យស្លឹកបែរទៅទិសខាងកើតដែលចំទៅនឹងព្រះអាទិត្យរះផងដែរ។

ប្រព័ន្ធស្រោចស្រព

ការដាំដុះជាលក្ខណៈគ្រួសារគួរតែប្រើធុងស្រោចធម្មតាដែលមានសម្ពធទឹកខ្សោយ ចំពោះការដាំដុះជាលក្ខណៈអាជីវកម្មកសិករត្រូវប្រើប្រព័ន្ធទឹកបាញ់សាច(Sprinkler) ប៉ុន្តែគេក៏អាចប្រើជាប្រព័ន្ធតំណក់ទឹកដែរ។ ពេលវេលាស្រោចទឹកសម្រាប់កុលាបគួរតែស្រោចនៅពេលព្រឹក ឬនៅពេលរសៀលប៉ុន្តែមិនត្រូវស្រោចនៅពេលយប់ទេដោយសារនៅពេលយប់មានទឹកសន្សើម ដែលធ្វើឲ្យដីមានសំណើមខ្លាំងអាចបង្កជាមេរោគ ឬផ្សិតផ្សេងៗទៅដល់ដី និងដំណាំ។

វិធីសាស្ត្រដាក់ជី

  • ជីកំប៉ុស្ដិ៍៖ គេអាចប្រើប្រាស់ជីប្រភេទនេះក្នុងបរិមាណ ១០-២០%នៃចំនួនជីសរុបដែលត្រូវដាក់។
  • NPKសម្រាប់ជីនេះមានពីរប្រភេទដែលយើងអាចយកមកប្រើប្រាស់បានគឺជីគ្រាប់ និងជីទឹក ដោយជីគ្រាប់មានបរិមាណកម្រិតNPK(១៨-២៤-១៦) ឬ ៤-៨-៤ ដែលជាជីណែនាំមួយ ប៉ុន្តែយើងក៏អាចប្រើប្រាស់នូវប្រភេទជី ដែលមានកម្រិត NPK(១.៧-៣.៣៥-០.៥១) ដោយនៅក្នុងបរិមាណខុសពីជីណែនាំ។ ការប្រើប្រាស់ជីNanamistarគឺជាជីដែលមានសមាសធាតុផ្សំជាច្រើនដែលរុក្ខជាតិត្រូវការផងដែរ។ ចំពោះបរិមាណជីដោយត្រូវប្រើបរិមាណ N(២០០គីឡូក្រាម), P(២០០គីឡូក្រាម) និងK(២០០គីឡូក្រាម) សម្រាប់រយៈពេលមួយឆ្នាំ ដោយដាក់ ៤ដងក្នុងមួយឆ្នាំ ដែលមួយដងចំនួន ៥០គីឡូក្រាម/ហ.ត ហើយមួួយគុម្ពប្រហែល ២៧ក្រាម។ ចំណែកជីទឹកវិញគេអាចប្រើវាដោយលាយចូលទៅក្នុងសុីតែនទឹកដើម្បីងាយស្រួលដោយពុំចាំបាច់ចំណាយកម្លាំងពលកម្មច្រើន។

ការការពារជំងឺ

ជំងឺម្សៅនៅលើស្លឹក៖ ជាជំងឺដែលបង្កឡើងដោយផ្សិត Podosphaera pannosa និងមានរោគសញ្ញាដូចជា មានដុះផ្សិតពណ៌សដូចម្សៅនៅលើស្លឹក មែក និងធ្វើឲ្យស្លឹករមួលឬបត់។ គេអាចការពារផ្សិតនេះដោយបេះស្លឹកដែលរងការបំផ្លាញចោល ឬអាចប្រើប្រាស់ជីកំប៉ុស្ដិ៍ និងជាតិប្រេងសម្រាប់កំចាត់ពពួកផ្សិតនេះ ប៉ុន្តែបើមានការបំផ្លាញខ្លាំងកសិករគួរតែកាប់ដើមចោលជៀសវៀងឆ្លងទៅដល់ដើមដ៏ទៃ។

ជំងឺចំណុចខ្មៅនៅលើស្លឹក ជាជំងឺដែលបណ្ដាលមកពីផ្សិត Diplocarpon rosae ដោយមានរោគសញ្ញាដូចជាចំណុចខ្មៅនៅលើស្លឹកបន្ទាប់មកប្រែទៅជាពណ៌ត្នោត ហើយយូរៗទៅស្លឹកទាំងមូលមានពណ៌លឿង និងងាប់។ វិធានការទប់ស្កាត់ដោយត្រូវសម្អាតស្លឹកដែលជ្រុះចាស់ៗចោលនៅចុងរដូវវស្សា កាត់ស្លឹកដែលរងការបំផ្លាញចោល តាក់តែងមែកខ្លះដើម្បីឲ្យមានខ្យល់ចេញចូលគ្រាប់គ្រាន់ និងស្រោចទឹកឲ្យបានច្រើចំពោះដើមដែលមានចំណុចខ្មៅខ្លាំង។

ជំងឺផ្សិតប្រផេះឬ Botrytis blight៖ ដែលបង្កដោយផ្សិត Botrytis cinerea ដោយវាបំផ្លាញទៅផ្កាចាស់ ពន្លកផ្កា និងស្លឹក។ ជំងឺនេះបណ្ដាលមកពីការស្រោចទឹកដែលធ្វើឲ្យទឹកដក់នៅលើផ្កាយូរពេក ហើយវាមានរោគសញ្ញាដោយចាប់ផ្ដើមចេញពណ៌ប្រផេះបន្ទាប់មកប្រែទៅជាត្នោត។ វិធានការពារគេអាចកាត់ផ្កា ឬស្លឹកដែលរងការបំផ្លាញចោលចេញពីចំការ និងធ្វើកាលវិភាគកាត់ផ្កាឲ្យបានត្រឹមត្រូវជៀសវាងទុកផ្ការហូតដល់រីកខ្លាំងហើយចាស់។

ការប្រមូលផល

ជាទូទៅគេអាចប្រមូលផលផ្កាបាននៅពេលព្រឹកព្រលឹម និងនៅពេលរសៀលមានម្លប់ ហើយមិនគួរប្រមូលផលនៅពេលថ្ងៃត្រង់ទេព្រោះវាមានពន្លឺ និងសីតុណ្ហភាពខ្ពស់ពេកដែលបណ្ដាលឲ្យទងផ្កាឆាប់ស្រពោន។ គេអាចកាត់ផ្កាដែលនៅពន្លក ឬក្រពំមិនទាន់រីកព្រោះផ្កានឹងបន្តរីកនៅពេលក្រោយកាត់ ហើយមុនពេលកាត់គួរតែស្រោចទឹកផ្កាឲ្យបានច្រើនមុនមួយថ្ងៃសិនដើម្បីឲ្យផ្កាអាចស្រូបទឹកបានគ្រប់គ្រាន់ជៀសវាងកាត់រួចវាឆាប់ស្រពោន ហើយក្រៀមផ្កា បន្ទាប់មកគេត្រូវកាត់ផ្កាដោយរក្សាទងផ្កានៅក្នុងទឹក ឬទីតាំងដែលត្រជាក់ជាដើម។ ម្យ៉ាងទៀតក្នុងមួយដើមគេអាចកាត់បានត្រឹមបរិមាណ ១-៥ទងតែប៉ុណ្ណោះ។

ទីផ្សារ

គេអាចយកផ្កាកុលាបទៅលក់នៅក្នុងទីផ្សារដូចជានៅតាមហាងផ្កា ផ្សារទំនើប និងតូបលក់ផ្កា ដោយគេអាចយកវាទៅប្រើប្រាស់ដូចជារៀបចំតាំងលម្អរនៅគ្រប់កម្មវិធីទាំងអស់។ ហើយកាន់តែពិសេសទៅទៀតនោះនៅប្រទេសកម្ពុជាយើងតែងមានការលក់ផ្កាកុលាបនៅគ្រប់ទិសទីក្នុងទីប្រជុំនៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ផងដែរ។ ម្យ៉ាងទៀតគេក៏អាចលក់ដើមកុលាបជាប្រភេទផើងដើម្បីដាក់តាំងលម្អនៅក្នុងផ្ទះដើម្បីលើករាសីសិរីសួស្ដីជាដើម។

ឯកសារយោង

Writer