ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

វិធីសាស្ត្រក្នុងការដាំដុះដំណាំខ្នុរការ៉ុត

ដំណាំខ្នុរគឺជាដាំណាំមួយប្រភេទដែលប្រជាជនកម្ពុជាភាគច្រើនពេញនិយមទទួលទាន ព្រោះវាជាផ្លែឈើដែលអាចបរិភោគបានទាំងខ្ចី និងទុំ។ ខ្នុរខ្ជីគេអាចយកទៅធ្វើជាម្ហូប រីឯខ្នុរទុំគេអាចបរិភោគជាប្រភេទផ្លែឈើ និងបង្អែមផងដែរ ម្យ៉ាងទៀតខ្នុរស្រកៀលគេអាចយកទៅកែច្នៃធ្វើជាតំណាប់ក្រៀមជាដើម។ បច្ចុប្បន្ននេះខ្នុរនៅកម្ពុជាដែលគេពេញនិយមបរិភោគមាន ខ្នុរការ៉ុត ខ្នុរណាំង និងមានខ្នុរជាច្រើនប្រភេទទៀត។ ខាងក្រោមនេះគឺជាបច្ចេកទេសក្នុងការដាំដុះខ្នុរ និង ការថែទាំមានដូចជា៖

ការជ្រើសរើសពូជ

ជាទូទៅការជ្រើសរើសពូជក៏អាស្រ័យលើចំណង់ចូលចិត្តរបស់អ្នកដាំដែរ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះពូជដែលត្រូវដាំក៏ជាពូជដែលមានតម្រូវការទីផ្សារខ្ពស់ និងពេញនិយម។ ដោយផ្អែកទៅលើទីផ្សារសព្វថ្ងៃយើងឃើញថាប្រជាកសិករ និងអាជីវករភាគច្រើនលក់ប្រភេទខ្នុរការ៉ុតព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ សាច់ក្រាស់ និងមានពណ៌គួរជាទីពេញចិត្ត។ ម្យ៉ាងទៀតការដាំដុះខ្នុរគេអាចដាំបានដោយគ្រាប់ផ្ទាល់ ឬបណ្ដុះកូនប៉ុន្តែវាត្រូវការប្រើពេលវេលាយូរសម្រាប់ការលូតលាស់។ ដើម្បីឲ្យខ្នុរឆាប់លូតលាស់បានលឿនកសិករគួរតែដាំដោយការបំបៅកូនឬកាត់តដើមដែលយកជើងតំរជាប្រភេទខ្នុរផ្សេងគ្នាដែលអាចធន់នឹងជំងឺ និងអាកាសធាតុបានល្អ។

លក្ខណៈភូមិសាស្ត្រ និង អាកាសធាតុ

ដើមខ្នុរអាចដុះលូតលាស់បាននៅលើដីគ្រប់ប្រភេទដូចជាដីក្រហមឬដីថ្មបាសាល់ ដីភ្នំ និងដីទំនាប(មិនលិចទឹកឬជាំទឹកនៅរដូវវស្សា)។ ដំណាំខ្នុរចូលចិត្តលក្ខខណ្ឌអាកាសធាតុនៅចន្លោះសីតុណ្ហភាពពី ២១-៣០អង្សាសេ ហើយវាជាប្រភេទរុក្ខជាតិដែលអាចធន់ទ្រាំនឹងអាកាសធាតុរាំងស្ងួតរហូតទៅដល់ ២-៤ខែ ដោយសារតែវាជាដំណាំដែលមានឫសជ្រៅ។ ចំណែកឯរដូវដាំដុះវិញគេអាចដាំខ្នុរនៅចន្លោះខែ ឧសភា-តុលា ហើយគេក៏អាចដាំវាបាននៅគ្រប់រដូវប្រសិនបើមានប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់។

ការរៀបចំដី

ជាដំបូងគេត្រូវជីករណ្ដៅហាលដីចោល១០-១៥ថ្ងៃដោយជីករណ្ដៅទំហំ ៤០x៤០x៤០cm និងជម្រៅ ពី ៤០-៧០cm។ ម្យ៉ាងទៀតគេក៏អាចជីករណ្ដៅ ទំហំ ៤០x៤០x៤០cm និងជម្រៅ ៦០cm ។ ចំពោះចន្លោះដើម វិញគេអាចដាក់ចម្ងាយ 5x6m (៣០០ដើម/ហ.ត) និង ៦x៧m (២១០ដើម/ហ.ត)។ នៅពេលដែលគេជីករណ្ដៅរួចគេត្រូវបន្ថែម កំបោរសចំនួន ៥០០g, ជីសរីរាង្គ ១-៣kg, ជីកំប៉ុស្តិ៍ ១០-១២kg និងលាយជាមួយដីស្រទាប់លើដាក់ឲ្យពេញរណ្ដៅ។

បច្ចេកទេសដាំដុះ

បន្ទាប់ពីហាលដីរួចគេត្រូវជីករណ្ដៅនៅត្រង់ចំណុចកណ្ដាលនៃរណ្ដៅចាស់ទំហំប្រហែល ៣០x៣០x៣០cm និងជម្រៅ ៥០cm រួចបន្ថែមកំបោរ ៥០០g, កំប៉ុស្តិ៍ និងផូស្វ័រ ១៥០-២៥០g/រណ្ដៅ។ ក្រោយមកគេត្រូវយកកំបិតមកកាត់គូទថង់ចេញប្រហែល ២-៣cmដើម្បីពិនិត្យមើលឫសកែវបើសិនជាវៀចត្រូវកាត់វាចេញ រួចវះថង់ចេញដោយដាក់ថ្នមៗចូលរណ្ដៅជៀសវាងបែកដីកំណើត។

ប្រព័ន្ធស្រោចស្រព

ប្រជាកសិករអាចប្រើប្រាស់ប្រព័ន្ធស្រោចស្រពដោយប្រព័ន្ធបាញ់សាចឬប្រព័ន្ធតំណក់ទឹក(Drip) ហើយការតំឡើងនូវប្រព័ន្ធធារាសាស្ត្រនេះសម្រាប់តែការដាំដុះនូវរដូវប្រាំងឬ តំបន់ដែលជួបគ្រោះរាំងស្ងួតយូរប៉ុណ្ណោះ។

វិធីសាស្ត្រដាក់ជី

  • ឆ្នាំទី១: ត្រូវដាក់ជី ៣០-៤៥ថ្ងៃម្ដង ហើយជីចាំបាច់រួមមាន ជីកំប៉ុស្តិ៍ ១០-១២kg/ដើម និងជី NPK(១៥-១៥-១៥) ចំនួន ១០០-១៥០g/ដើម។
  • ឆ្នាំទី២: ត្រូវដាក់ជី NPK(២-១-២) បរិមាណ ១.៥-២kg/ដើម។
  • ឆ្នាំទី៣: ជាឆ្នាំដែលចាប់ផ្ដើមផ្តល់ផ្លែគេត្រូវដាក់ ២-៣kg/ដើម ដោយចែកចេញជា២ដង ដែលដាក់នៅដើម និងចុងរដូវវស្សា។ កំឡុងពេលផ្លែត្រូវបន្ថែមប៉ូតាស្យូមស៊ុលផាត(K2SO4)ចំនួន ៤០០-៥០០g/ដើម។

ការការពារសត្វល្អិត

  • Aphids ៖គឺជាសត្វល្អិតដែលមានការបំផ្លាញទៅលើស្លឹកខ្ចី និងត្រួយខ្ចី ហើយបណ្ដាលឲ្យស្លឹករួញដោយវាជាហេតុធ្វើឲ្យមានហានិភ័យទៅដល់ការធ្វើរស្មីសំយោគរបស់រុក្ខជាតិ។ ម្យ៉ាងទៀតវាប៉ះពាល់ទៅដល់ការលូតលាស់ ដើម ស្លឹក ផ្លែ និងបង្កើតនូវផ្សិតចង្រៃបំផ្លាញខ្លាំងទៅលើផ្លែផងដែរ។ វិធានការការពារ៖ ត្រូវធ្វើការត្រួតពិនិត្យដំណាំឲ្យបានញឹកញ៉ាប់ ដើម្បីពិនិត្យទៅលើស្លឹកថាមានពងអាពីតឬអត់បន្ទាប់មកបើមានពងអាពីតត្រូវបំផ្លាញចោលភ្លាម។ ប្រសិនបើមានការបំផ្លាញខ្លាំងគេអាចប្រើប្រាស់នូវថ្នាំគីមីដើម្បីបាញ់សម្លាប់អាពីតទាំងនោះចោល ហើយបើការបំផ្លាញនៅកំឡុងរដូវផ្លែត្រូវយកប្លាស្ទិច ឬ ស្បៃគ្របផ្លែជៀសវាងមានការបំផ្លាញពីផ្សិតធ្វើឲ្យស្អុយផ្លែមុនពេលប្រមូលផល។

ការប្រមូលផល

ដំណាំខ្នុរចាប់ផ្ដើមផ្ដល់ផលនៅអាយុ ៣ឆ្នាំឡើងដែលវាផ្ដល់ផលបានពេញមួយឆ្នាំ ហើយគេអាចប្រមូលផលវានៅពេលដែលវាចាស់។ លក្ខណៈចាស់របស់ខ្នុរគឺវាប្រែពណ៌ពីបៃតងខ្ចីទៅបៃតងចាស់ឬបែកត្នោត ជ័រមានលក្ខណៈជាទឹករាវ និងក្រឡារីកធំ។

ឯកសារយោង

Writer