ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសក្នុងការដាក់ជី និងប្រើប្រាស់ថ្នាំសម្រាប់ដំណាំស្វាយចន្ទី

ស្វាយចន្ទីគឺជាដំណាំមួយប្រភេទដែលមិនសូវត្រូវការទឹកខ្លាំង ហើយអាចធន់ទ្រាំនឹងអាកាសធាតុរាំងស្ងួតប៉ុន្តែវាក៏ត្រូវការជីដូចដំណាំផ្សេងៗដែរ។ ម្យ៉ាងទៀតនៅពេលដែលមានអាកាសធាតុក្ដៅស្ងួតខ្លាំងក៏ជាកត្តាដែលអាចធ្វើឲ្យចន្ទីកើតមាននូវជំងឺ ឬ សត្វល្អិតមកបំផ្លាញដើម ឫស និងស្លឹក។ ខាងក្រោមនេះគឺជាបច្ចេកទេសក្នុងការថែទាំចន្ទីឲ្យមានប្រសិទ្ធិភាព៖

ប្រភេទជី

លាមកសត្វ៖ គឺជាជីសរីរាង្គធម្មជាតិមួយដ៏សំខាន់ចំពោះកូនចន្ទី ព្រោះវាបានផ្ដល់នូវសារធាតុសរីរាង្គយ៉ាងល្អសម្រាប់ឫស និងជួយទៅដល់ការលូតលាស់របស់ដើម និងស្លឹកផងដែរ។ កសិករគួរប្រើលាមកសត្វ ៦តោន ក្នុងមួយឆ្នាំ/ហ.ត ។ ម្យ៉ាងទៀតកសិករគួររក្សាទុកនូវកាកសំណល់ដែលបានមកពីការកាត់ស្មៅ ឬស្លឹកចន្ទីដែលជ្រុះក្រោមដើម ក្នុងគោលបំណងរក្សានូវសារធាតុសរីរាង្គដល់ចន្ទី។

ជីកំប៉ុស្តិ៍គោក

ជាជីដែលកសិករអាចរកបាននូវធាតុផ្សំនៅជុំវិញខ្លួន និងកាកសំណល់ដែលបានមកពីបន្លែបៃតង ឬពណ៌ត្នោត រុក្ខជាតិមានឫសជ្រៅ និងមានក្លិនខ្លាំងសុទ្ធសឹងតែអាចយកមកធ្វើជាជីកំប៉ុស្តិ៍សម្រាប់ដំណាំស្វាយចន្ទីបានដែរ។ ចំពោះតម្រូវការការប្រើប្រាស់វិញកសិករគួរតែប្រើជីកំប៉ុស្ដិ៍គោកក្នុងបរិមាណ ៣៣-៥០ គីឡូក្រាមក្នុងមួយដើម/ឆ្នាំដោយដាក់នៅជុំវិញគល់ ប៉ុន្តែសម្រាប់រុក្ខជាតិនៅតូចត្រូវដាក់ ១ ភាគនៃកំប៉ុស និង៣ភាគសម្រាប់ស្លឹកចន្ទីដែលជ្រុះឬបានមកពីការតាក់តែងមែក។ ការដាក់កំប៉ុសគួរតែដាក់រហូតដល់ដើមអាយុ ៥ឆ្នាំ ។

  • ជីកំប៉ុស្ដិ៍ទឹក៖ ប្រើប្រាស់សម្រាប់បាញ់ទៅលើកញ្ជំផ្កា និងត្រួយខ្ចី ដើម្បីការពារទៅដល់ការបំផ្លាញពីជំងឺ និងមូសតែ ហើយវាជួយទៅដល់ការលូតលាស់ផងដែរ។ សម្រាប់ការប្រើប្រាស់ដោយកំប៉ុស្ដិ៍ទឹក ១លីត្រ លាយជាមួយទឹកក្នុងបរិមាណ ៤០ លីត្រ។

ជីគីមី

ប្រើប្រាស់សម្រាប់ទ្រាប់បាត និងដាក់នៅអាយុចាប់ពី ៦ខែ ឡើង ចំពោះបរិមាណវិញប្រើប្រាស់ទៅតាមអាយុរបស់ដើម ដើម្បីឲ្យការស្រូបយកសារធាតុចិញ្ចិមសមស្របសម្រាប់តម្រូវការរបស់វាជៀសវាងការប្រើប្រាស់ជីលើសនាំឲ្យប៉ះពាល់ទៅដល់សុខភាពដើម និងបង្កជាជំងឺផងដែរ។ ដោយឡែកសម្រាប់កម្រិតនៃការដាក់វិញរួមមាន នៅអាយុ ១ឆ្នាំគួរប្រើ ២៥គីឡូក្រាម/ដើម, អាយុ ២-៣ឆ្នាំប្រើ ១០០-២០០ក្រាម/ដើម ដោយអាយុ១-៣ឆ្នាំប្រើជីរូបមន្ត ១២-២៤-១២។ រីឯនៅអាយុ ៤-៧ឆ្នាំ ប្រើប្រភេទ ១៥-១៥-១៥ ក្នុងកំរិត ២០០-៣០០ក្រាម/ដើម។ ហើយនៅអាយុ ៨ ឆ្នាំឡើងគួរប្រើប្រភេទ ១៣-១៣-២១ ដាក់ចំនួន ៣០០-៥០០ក្រាមក្នុងមួយដើម។ 

អាយុដើម(ឆ្នាំ)ប្រភេទជីបរិមាណចំនួនដើម
១-៣ ១២-២៤-១២២៥, ១០០-២០០
៤-៧១៥-១៥-១៥២០០-៣០០
៨ ឆ្នាំឡើង១៣-១៣-២១៣០០-៥០០
តារាងនៃវិធីសាស្ត្រដាក់ជីគីមី

ពេលវេលាដាក់ជី

ការប្រើប្រាស់ជីត្រូវដាក់បីដងក្នុងមួយឆ្នាំដោយ៖

  • លើកទី១ នៅដើមរដូវវស្សា
  • លើកទី២ ចុងរដូវវស្សា
  • លើកទី៣ ដាក់នៅពេលដែលកាន់ផ្លែ ចន្លោះខែ មករា-កុម្ភៈ ប៉ុន្តែត្រូវស្រោចទឹករៀងរាល់ការដាក់ជី ដើម្បីឲ្យជីអាចរលាយចូលក្នុងដីហើយរុក្ខជាតិងាយស្រួលក្នុងការស្រូបយកសារធាតុចិញ្ចឹម។

វិធីសាស្ត្រដាក់ជី

  • ការដាក់ជីចន្ទីក៏ដូចជាការដាក់ជីលើដំណាំធុរេនដែរដោយត្រូវសង្កេតទៅលើចុងមែក និងស្លឹករបស់វាបើចុងមែកនៅត្រឹមណាឫសក៏នៅប្រវែងនោះដែរ ដូច្នេះហើយគេត្រូវដាក់នៅជុំវិញដើមនៅត្រឹមចុងមែក ដោយកប់ជីក្នុងដីដើម្បីឲ្យវាមានប្រសិទ្ធិភាពខ្ពស់។
  • បរិមាណជីសរុបត្រូវចែកចេញជា ៤ចំណែក ដោយ ៣ចំណែក ដាក់នៅជុំវិញកំពែងដើម និងមួយចំណែកទៀតដាក់នៅទីទួលក្នុងរង្វង់កំពែងប៉ុន្តែមិនត្រូវដាក់ឲ្យជាប់គល់ចន្ទីពេកទេវាធ្វើឲ្យរលួយសំបករហូតដល់ងាប់ដើម។
  • ការកាយកំពែង ឬជីកដីសម្រាប់ដាក់ជីមិនត្រូវជីកជ្រៅពេកទេវាអាចបណ្ដាលឲ្យដាច់ឫសផងដែរ។

ជំងឺលើស្វាយចន្ទី

ជំងឺរលួយឫស និងគល់៖ ជំងឺនេះកើតមាននៅពេលដំណាក់កាលបណ្ដុះគ្រាប់ ឬក្រោយការដាំបានមួយសប្ដាហ៍ វាមានរោគសញ្ញោដូចជា នៅបរិវេណឫស និងគល់មានឆ្នូត ហើយមានពណ៌ខ្មៅ បន្ទាប់មកស្លឹកមានសភាពស្រពោន និងងាប់។ ជំងឺនេះកើតឡើងនៅរដូវវស្សា សម្រាប់វិធីការពារជំងឺនេះគេត្រូវរៀបចំដីឲ្យរាបស្មើដើម្បីអាចឲ្យទឹកភ្លៀងងាយជ្រាបទៅក្រោមបានលឿន។ ម្យ៉ាងទៀតគេអាចប្រើការបង្ហុយសារធាតុថ្នាំគីមី(មេទីលប្រូម៉ាយ ចំនួន ០.៥គីឡូក្រាម/ដី១ម៉ែត្រគូប។

ជំងឺចំណុចនៅលើស្លឹក ឬ ខ្លោចស្លឹក

កើតឡើងនៅលើចន្ទីអាយុក្រោម ២ឆ្នាំ ដែលបានបំផ្លាញដោយសារផ្សិត ប៉េស្ដាឡូទីយ៉ា អេសប៉េ។ មានរោគសញ្ញាដោយកើតឡើងជាញឹកញាប់ទៅលើស្លឹកចាស់ដែលមានចំណុចពណ៌ប្រផេះ និងមានពណ៌ត្នោតក្រហមជុំវិញ។ វាតែងបង្កឡើងនៅចន្លោះខែ កញ្ញា-ធ្នូ ហើយគេអាចប្រើ Bordeaux លាយជាមួយ ខបផ័រអុកសុីក្លរីដ ចំនួន ០.៣០%។ រីឯស្លឹកខ្ចីបង្កដោយផ្សិត កូឡិចទ្រីជុម អេសប៉េ និងផ្សិត សេកូស្ពេរ៉ា អេសប៉េ ដែលធ្វើឲ្យស្លឹកមានចំណុចជ្រុងៗ ពណ៌ត្នោត ហើយបើវារងការបំផ្លាញធ្ងន់ធ្ងរនឹងបណ្ដាលឲ្យស្លឹក និងមែកបែក។ គេអាចការពារដោយ៖ ដុតស្លឹកដែលជ្រុះនៅក្រៅចំការ, ដាក់ជីនៅដើមរដូវប្រាំង, និងបាញ់ថ្នាំដែលមានសារធាតុទង់ដែងជាមួយ និងម្នាងសិលាបាញ់លើស្លឹកនៅដើមរដូវប្រាំង។

ជំងឺក្រៀមកញ្ចុំផ្កា

បង្កឡើងដោយសារភ្នាក់ងារចម្លងផ្សិត និងមមាចភ្លើងដែលធ្វើឲ្យផ្កាមានលក្ខណៈស្ងួតពណ៌ត្នោត បន្ទាប់មកជ្រុះបើផ្លែក៏វាអាចជ្រុះមុនពេលកំណត់ដែរ។ វិធីការពារគឺត្រូវបាញ់ថ្នាំការពារមមាចដោយប្រើ បេនឡេត នៅពេលមានការបំផ្លាញរួចក្នុងបរិមាណ ៥-១២ក្រាម លាយទឹក២០ លីត្រ។

ជំងឺរលួយផ្លែ

កើតឡើងពីផ្សិតមួយប្រភេទដោយភាគច្រើនមានការបំផ្លាញនៅកំឡុងខែ មីនា-កក្កដា នៅពេលចេញផ្លែ។ រោគសញ្ញារបស់វាគឺ ផ្លែមានពណ៌ខ្មៅហើយរីកធំពេញផ្លែទាំងមូល ហើយពេលខ្លះវាមានការចូលរួមបំផ្លាញដោយបាក់តេរី និងផ្សិតផ្សេងបណ្ដាលឲ្យផ្លែចេញពពុះ។ វិធីការពារដោយបាញ់ថ្នាំ Cupravit ចំនួន ៥០-៦០ក្រាម លាយទឹក ២០លីត្រ។

សត្វល្អិតលើស្វាយចន្ទី

ដង្កូវឌួង៖ ជាសត្វល្អិតដែលបំផ្លាញនៅក្បែគល់ដោយវាសុីសាច់ឈើនៅខាងក្នុងដើមហើយមានរោគសញ្ញាដូចជាស្លឹកប្រែទៅជាពណ៌លឿង បន្ទាប់មកជ្រុះ រួចមែកតូចៗចាប់ផ្ដើមងាប់បន្តិចម្ដងៗ ក្រោយមកដើមទាំងមូលក៏ងាប់ដែរ។ វិធីការពារគេត្រូវយកលួសទន់ចាក់ចូលរុន្ធឌុកឌឿរហូចដល់ចេញទឹក សៗ ដែលបញ្ជាក់ថាសត្វល្អិតបានងាប់។ នៅខែ កញ្ញា, វិច្ឆិកា និងខែមករា គេអាចយកប្រេងម៉ាសុីនចាស់ៗដើម្បីលាបពីដីដល់លើប្រវែង ១មែត្រ ដែលវាអាចជួយការពារពីការញាស់ពងរបស់ដង្កូវឌួង។

មូសតែ

ជាមូសដែលបានបំផ្លាញខ្លាំងលើដំណាំចន្ទីដោយវាចុចជញ្ជួកលើត្រួយខ្ចី ផ្កា គ្រាប់ និងផ្លែខ្ចី ដោយមានរោគសញ្ញាមានស្នាមជាំខ្មៅនៅត្រង់កន្លែងវាចុច។ វិធានការកំចាត់ត្រូវចិញ្ចឹមសត្វអង្ក្រងដើម្បីឲ្យវាសុីមូសតែ ហើយគេអាចដុតស្លឹកស្វាយចន្ទីនៅលើខ្យល់សម្រាប់បង្ហុយមូស។ ក្រៅពីការកំចាត់តាមបែបធម្មជាតិគេក៏អាចប្រើប្រាស់ថ្នាំ គីណាល់ហ្វូស(២៥៥ EC) ចំនួន ០.០៥%, កាបារីល(៥០% WP)ចំនួន០.០១% និង ហ្វូស្វាមីដុង (៨៥% WSC)ចំនួន ០.០៣%។

ដង្កូវសុីញ៉េ

វាតែងបំផ្លាញនៅពេលក្រោយភ្លៀងធ្លាក់ ដែលបំផ្លាញទៅលើស្លឹកខ្ចីទើបនឹងលូតលាស់ថ្មី ហើយក្រោយរងការបំផ្លាញរួចវាបណ្ដាលឲ្យស្លឹកឆាប់ចាស់ជាដើម។ វិធានការការពារដោយប្រមូលស្លឹកដែលរងការបំផ្លាញដុតចោល ហើយគេក៏អាចប្រើប្រាស់ថ្នាំគីមីចន្លោះខែ តុលា-វិច្ឆិកា ដែលថ្នាំទាំងនោះរួមមាន monocrophosកំរិត០.០៥% បរិមាណ ១.៥មីលីលីត្រ/១លីតទឹក ។

ដង្កូងព័ទ្ធត្រួយ និងស្លឹក

ដោយដំណាក់កាលដំបូងវាចាប់ផ្ដើមមូលស្លឹក បន្ទាប់មកវាកកេរស្លឹកបន្ទិចម្ដងៗ រហូតដល់ដំណាក់កាលចុងក្រោយវាបន្សល់ត្រឹមតែទ្រនុងស្លឹក។ ការបំផ្លាញរបស់ដង្កូវនេះបង្កហានិភ័យទៅដល់ការធ្វើរស្មីសំយោគ ព្រោះវាធ្វើឲ្យត្រួយខ្ចីងាប់។ ការការពារកសិករអាចធ្វើការត្រួតពិនិត្យនៅតាមកញ្ចុំមែកឲ្យបានញឹកញ៉ាប់ ដើម្បីអាចកំចាត់វាទាន់ពេលវេលា។ ចំពោះទីតាំងដែលរងការបំផ្លាញដោយដង្កូវត្រូវកំចាត់ចោលភ្លាមៗ និងធ្វើការតាក់តែងមែក ដែលអាចធ្វើឲ្យមែកទទួលពន្លឺបានគ្រប់គ្រាន់។ ម្យ៉ាងទៀតគេអាចប្រើប្រាស់ថ្នាំគីមីប្រសិនបើវារងការបំផ្លាញខ្លាំងដោយប្រើថ្នាំបាញ់ Endosulfan ០.០៥% នៅពេលដែលវាចេញត្រួយ។

ឯកសារយោង

Writer