ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានដឹកនាំមន្ទីរជំនាញនិងអាជ្ញាធរចុះត្រូតពិនិត្យដោយផ្ទាល់ដើម្បីជួយរកវិធានការណ៍ជួយអន្តរាគមន៍ដោះស្រាយបើកទឹកជូនបងប្អូនភូមិច្រប់ ឃុំស្វាយដូនកែវ ស្រុកបាកានក្រោយទទួលបានសំណើប្រជាកសិករឱ្យលោកជួយអន្តរាគមន៍បន្ទាន់ទាក់ទងនឹងកង្វះខាតទឹកបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាកសិករនាពេលថ្មីៗនេះ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា បានជ្រាបជូនថាក្នុងឃុំស្វាយដូនកែវបងប្អូនប្រជាពលរដ្ផបានធ្វើស្រែរដូវប្រាំងលើផ្ទៃដីសរុបចំនួន ២,៥២០ហិកតា ចំណែកទូទាំងស្រុកបាកានផ្ទៃដីអនុវត្តបាន ២៤,១២៦ហិកតា។បន្ទាប់ពីធ្វើការត្រូតពិនិត្យល្អិតល្អន់រួច មន្ទីរជំនាញឃើញថាបងប្អូនប្រជាកសិករនៅតំបន់នោះបានអនុវត្តលើសពីផែនការកំណត់របស់សមត្ថកិច្ចជំនាញដែលអាចនាំឱ្យពួកគេជួបបញ្ហាកង្វះទឹកនាពេលខាងមុខផងដែរ។ ដើម្បីស្រាយបព្ហានេះឯកឧត្តម ខូយ រីដាថ្លែងស្នើដល់អាជ្ញាធរឃុំស្រុកក្នុងការជួយពន្យល់ប្រជាកសិករពីបព្ហាគោលដែលបណ្តាលឱ្យមានការរាំងស្ងួតនៅតំបន់នោះហើយណែនាំបងប្អូនសូមកុំបន្តធ្វើស្រែប្រាំងបន្ថែមទៀតនាពេលខាងមុខព្រោះនឹងប្រឈមមុខនឹងបញ្ហាខ្វះខាតទឹក។ឯកឧត្តមបានថ្លែងបន្ថែមទៀតថា «ការធ្វើស្រែ ត្រូវការស្រូវពូជ និងទឹក បើមានស្រូវពូជខ្វះទឹក ឬមានតែទឹកខ្វះស្រូវពូជ ក៏យើងមិនអាចដំណើរការទៅបានដែរ» ដូចនេះហើយលោករួមទាំងរដ្ឋបាលជាអ្នកបម្រើរាស្ត្រមិនអាចបិទភ្នែកមើលរំលងបព្ហារបស់ប្រជារាស្រ្តបានឡើយ។ ដោយហេតុការចង់បានប្រាក់កំរៃថែមបងប្អូនប្រជាកសិករឃុំស្វាយដូនកែវ ស្រុកបាកានខិតខំប្រឹងប្រែងយ៉ាងសស្រាក់ស្រាំក្នុងការធ្វើស្រែប្រាំងស្ទើរតែគ្មានដីទំនេរ។ ពួកគាត់បានបូមទឹកចេញពីប្រឡាយស្ទឹងស្រកដល់បាតក្រោម ដើម្បីការពារស្រែស្រូវដែលនាំឱ្យមានការកង្វះទឹក។
រួមពេលនេះដែរអាជ្ញាធរបានស្ដុកទឹកបានជាង៥០លានម៉ែតគូបជាស្រេចមកហើយសម្រាប់បើកទឹកបញ្ជូនតាមស្ទឹង ប្រឡាយមេ ប្រឡាយរង ឬប្រឡាយក្អែប ដើម្បីត្រៀមសម្រាប់ប្រជាកសិករ បូមដាក់ស្រែរៀងៗខ្លួន។ យ៉ាងណាមិញអាជ្ញាធរក៏នៅតែព្យាយមរកដំណេះស្រាយវបន្ថែមទៀតលើបព្ហាការបង្កបង្កើនផលស្រូវ ដែលលើសផែនការនេះ។