ចេកអំបូងលឿងគឺជាចេកដែលស្ថិតនៅក្នុងគ្រួសារ Musaceae ហើយវាជាដំណាំម្យ៉ាងដែលងាយស្រួលក្នុងការដាំដុះផងដែរ។ បច្ចុប្បន្ននេះសន្ទុះនៃទីផ្សារចេកអំបូងហាក់មានលក្ខណៈល្អប្រសើរទាំងក្នុងស្រុក និងក្រៅស្រុកព្រោះចេកនេះមានការគាំទ្រខ្លាំងដោយសារតែវាមានរសជាតិឆ្ងាញ់ ក្លិនឈ្ងុយ និងមានតម្លៃសមរម្យ។ គេអាចយកចេកអំបូងទៅធ្វើជាបង្អែមលាងមាត់ ដូចជាការេម និងបរិភោគនៅពេលទុំសម្រាប់ជាអាហារសុខភាពជាដើម។ ខាងក្រោមនេះជាវិធីសាស្ត្រដាំដុះ , អត្ថប្រយោជន៍ និងរបៀបបន្ទំចេកឲ្យទុំល្អ៖
ចេកអំបូងជាលិកាវប្បកម្មគឺជាចេកមួយប្រភេទដែលមានការដាំដុះដោយមិនផ្ទាល់ ដោយតម្រូវឲ្យមានការបណ្ដុះកូននៅក្នុងលក្ខខណ្ឌអាកាសធាតុបន្ទប់ពិសោធន៍។ នៅក្នុងបន្ទប់ពិសោធន៍គេប្រើប្រាស់អំពូលម៉ែត្រសម្រាប់ជាពន្លឺដើម្បីជំនួយដល់ការធ្វើរស្មីសំយោគ និងមានសីតុណ្ហភាពសមស្របមួយចន្លោះ ២៥-២៨ អង្សាសេចេញពីម៉ាសុីនត្រជាក់។ ចេកជាលិកានេះជាកូនពូជដែលពុំមានជំងឺឬការបំផ្លាញពីសត្វល្អិតទេ ហើយវាមានអត្ថប្រយោជន៍ជាច្រើនព្រោះចេកជាលិកាអាចប្រមូលផល និងមានការលូតលាស់ប្រើរយៈពេលស្មើៗគ្នា។
ចេកអំបូងអាចដុះលូតលាស់បានល្អឋិតនៅសីតុណ្ហភាពចន្លោះពី ២៥- ៣៥ អង្សាសេ និងមានកម្រិតទឹកភ្លៀងពី ១២០០- ២០០០ មីលីម៉ែត្រ។ ចំពោះសំណើមខ្យល់គឺ ៥០ -៩០% ហើយរុក្ខជាតិនេះអាចដាំដុះនៅលើដីជាច្រើនប្រភេទ រួមទាំងតំបន់ភ្នំ។ ម្យ៉ាងទៀតដីដែលល្អសម្រាប់ចេកគឺជាដីដែលសំបូរទៅដោយhumus, មានអុកសុីសែនគ្រប់គ្រាន់, បង្ហូរទឹកបានល្អ, មានកម្រិត pH ចន្លោះ ៥-៧ និងកម្ពស់ ៦០០ម. ពីនីវ៉ូទឹកសមុទ្រ។ ម្យ៉ាងទៀតគេអាចដាំដុះវាបានពេញមួយឆ្នាំអាស្រ័យលើប្រព័ន្ធស្រោចស្រប់ ហើយគេក៏អាចដាំបាននៅរដូវវស្សាដែរពីខែ កញ្ញា-ធ្នូ។
ចេកចាប់ផ្ដើមចេញផ្កា និងផ្លែនៅអាយុ ១១៥ – ១២០ ថ្ងៃ ហើយនៅពេលវាចាស់អាចកាប់បានមានពណ៌បៃតងចាស់។ គេអាចប្រើ បាវ, ចំបើង, និងស្លឹកចេកសម្រាប់ដាក់ចេកកុំឲ្យវាមានស្នាមជាំជៀសវាងខូចតម្លៃទីផ្សារ។
ជាដំបូងត្រូវយកចេកទៅលាងទឹកចេញកាត់ជាស្និតឬប្រលេះតាមតម្រូវការរបស់យើងរួចទុកឲ្យស្រក់ទឹក បន្ទាប់មកលាយអ័រម៉ូនអេទីឡែនជាមួយនឹងទឹក ដោយទឹក ១L ប្រើអ័រម៉ូន ១០ ml ហើយត្រូវកូរឲ្យសព្វរួចត្រាំចេកទៅក្នុងអ័រម៉ូនចន្លោះពី ៥-១០ នាទី។ ក្រោយត្រាំរួចគេអាចយកចេកនោះទៅដាក់ឲ្យស្រក់ទឹកអស់ហើយរៀបចំដាក់ក្នុងឡាំងឬធុងបិទជិត ហើយ ៣ ថ្ងៃក្រោយមកវាចាប់ផ្ដើមទុំចេញពណ៌លឿង។(អ័រម៉ូនអេទីឡែនគឺជាអ័រម៉ូនម្យ៉ាងដែលប្រើសម្រាប់បន្ទំផ្លែឈើ ហើយកាន់តែពិសេសទៅទៀតនោះវាមិនមានការប៉ះពាល់ដល់សុខភាពឡើយ)។