ជាទូទៅនៅរដូវវស្សាជារដូវមួយដែលសម្បូរទៅដោយការជាំទឹកខ្លាំងចំពោះដំណាំធុរេនដែលវាបង្កឲ្យមានជាគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនដូចជាធ្វើឲ្យកើតមាននូវសត្វល្អិតបំផ្លាញដំណាំ និងជំងឺផ្សេងៗ។ ខាងក្រោមនេះគឺជាដំណោះស្រាយ នៃប្រភេទជំងឺដែលតែងតែកើតមានឡើងចំពោះដំណាំធុរេន ៖
ជំងឺរលួយឫស
ជាជំងឺមួយដែលបង្កឡើងដោយសារផ្សិតដោយភាគច្រើនជាផ្សិតPhytophthora, Fusarium និង Nematodes។ ជំងឺនេះកើតឡើងចាប់ផ្ដើមពីចុងឫសដែលមានរោគសញ្ញាដូចជា៖ ស្លឹកប្រែទៅជាពណ៌លឿង និងជ្រុះមុនអាយុ។ ម្យ៉ាងទៀតនៅដំណាក់កាលធ្ងន់ធ្ងរវាធ្វើឲ្យត្រួយខ្ចីងាប់បន្ទិចម្ដងៗ បន្ទាប់មកដើមធុរេនទាំងមូលក៏ងាប់ដែរ។
- មូលហេតុ៖ ដោយសារការដាំដុះមិនត្រឹមត្រូវដែលដាំនៅជម្រៅជ្រៅពេកបណ្ដាលឲ្យដាច់ឫស។ ការស្រោចស្របមិនបានល្អធ្វើឲ្យជាំទឹកនៅលើតំបន់ឫសខ្លាំងពេក ហើយការប្រើប្រាស់ជីច្រើនពេកក៏បណ្ដាលឲ្យរលាកឫសដែរ។ ចំណែកដីដែលមានការស្ងួតប្រេះនៅរដូវប្រាំង និងជាំទឹកនៅរដូវវស្សាក៏ជាហេតុដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការរស់នៅរបស់មីក្រូសារពាង្គកាយគ្មានប្រយោជន៍។
- ការព្យាបាល៖ ត្រូវកាត់ស្លឹកលឿង ឬ មែកដែលងាប់ចេញព្រោះឫសកំពុងមានជំងឺវាមិនអាចស្រូបយកសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិទាំងមូលបាននោះទេ។ បន្ទាប់មកត្រូវបន្ថែមនូវលាមកសត្វ(ចំនួនលាមកសត្វប្រើអាស្រ័យលើអាយុធុរេន) និងប្រភេទផ្សិត Trichoderma សម្រាប់ដើមធុរេនដើម្បីបង្កើតឲ្យមាននៅពពួក Microorganisms ដែលពួកវាអាចបង្កើនជីវម៉ាស និងបំផ្លាញផ្សិតដែលបង្កគ្រោះថ្នាក់ដល់ដើមធុរេន។ យើងក៏អាចប្រើប្រាស់នូវថ្នាំព្យាបាលផ្សិតដែលមានដាក់លក់នៅលើទីផ្សារផងដែរ។
ជំងឺស្អុយសំបក
ជាជំងឺដែលបង្ករោគសញ្ញាដូចជា៖ មានស្នាមប្រេះនៅលើសំបកខ្លី ឬវែងនៅលើដើម និងមែក ហើយនៅលើសំបកមានសំណើមខ្លាំង និងពណ៌ត្នោត។ ម្យ៉ាងទៀតសំបក និងសាច់ឈើប្រែទៅជាពណ៌ផ្កាឈូកស្លេក និងមានចំណុចពណ៌ស្វាយ គែមរលាក ហើយជំងឺនេះវារាលដាលបន្ទិចម្ដងៗចូលទៅក្នុងសរសៃនៃសាច់ឈើ។ ដើមធុរេននឹងមានការលូតលាស់យឺតព្រោះសំបករលួយមិនអាចដឹកនាំទឹក និងសារធាតុចិញ្ចឹមឡើងទៅលើបានទេ ហើយវាមានលក្ខណៈក្រិន ប៉ុន្តែបើវាធ្ងន់ធ្ងរអាចបណ្ដាលឲ្យងាប់។
- មូលហេតុ៖ បណ្ដាលមកពីផ្សិត Phytophthora palmivora ។
- ការព្យាលបាល៖ ដំបូងប្រើកន្សែងស្អាតដើម្បីយកទៅជូតនៅចំណុចកើតជំងឺឲ្យស្ងួតល្អ បន្ទាប់មកប្រើកំបិតស្អាតទៅឆ្កៀល ឬ ចិតត្រង់ចំណុចនោះចោល។ ត្រូវលាប Alliette និង Copperbasedfungicide លើមុខរបួស ២-៣ ដង/ថ្ងៃ រហូតដល់មុខរបួសជា។
- ការបង្ការ៖ ត្រូវធ្វើឲ្យដីមានលក្ខណៈធូរ បន្ងែមសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ និងរក្សានូវស្ថេរភាពនៃpH និងកាត់ស្មៅនៅក្រោមដើមកុំឲ្យវាក្រាស់ពេកដែលធ្វើឲ្យមានសំណើមខ្ពស់ពេក។ ហើយត្រូវមានប្រព័ន្ធបង្ហារទឹកឲ្យបានគ្រប់គ្រាន់នៅរដូវវស្សាជៀសវាងការជាំទឹក។
ជំងឺស្លឹកលឿង
ជំងឺនេះមានរោគសញ្ញាដូចជា៖ ធ្វើឲ្យមានការដុះពន្លកយឺត ឬ គ្មានពន្លកត្រួយថ្មី ហើយមានស្លឹកពណ៌លឿងខុសពីស្លឹកធម្មតា និងមានចុងស្លឹកឆេះ។ នៅពេលវាធ្ងន់ធ្ងរដើមទាំងមូលប្រែទៅជាលឿង រួចជ្រុះដែលធ្វើឲ្យរុក្ខជាតិពិបាកក្នុងការធ្វើរស្មីសំយោគបណ្ដាលឲ្យមានការលូតលាស់យឺត ដើមក្រិន និងមែកខ្ចីមិនអាចលាស់ស្លឹក ហើយចាប់ផ្ដើមងាប់។ រីឯឫសវិញមានពណ៌ត្នោត មិនមានសំបកឫស ចំពោះដំណាក់កាលធ្ងរធ្វើឲ្យឫសមានពណ៌ខ្មៅ និងស្ងួត។
- មូលហេតុ៖ បណ្ដាលមកពីផ្សិត Phytophthora និងផ្សិត Fusarium ។
- ការព្យាបាល៖ កាត់មែកដែលមានពណ៌លឿងចោល ដើម្បីបន្ធូរនូវសម្ពាធលើឫសក្នុងការស្រូបយកទឹក និងសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិទាំងមូល។ ត្រូវបន្ថែមជីកំប៉ុសលាមកសត្វ(ចំនួនជីអាស្រ័យលើអាយុដំណាំ) និងផ្សិត Trichoderma ដោយដាក់ជំវិញគល់ចម្ងាយ ៤០ ស.ម ឬអាចលើសនឹងទៅតាមចំងាយមែក និងស្លឹកព្រោះស្លឹកដល់ណាឫសដែលស្រូបសារធាតុចិញ្ចឹម និងទឹកក៏មានចម្ងាយប៉ុណ្ណោះដែរ។
- ការបង្ការ៖ ត្រូវមានប្រព័ន្ធបង្ហារទឹកឲ្យបានត្រឹមត្រូវជៀងវាងជាំទឹកនៅរដូវភ្លៀង និងត្រូវពិនិត្យដំណាំឲ្យបានទៀងទាត់នៅរដូវវស្សា។
ជំងឺផ្កាឈូកលើមែក
ជំងឺនេះភាគច្រើនកើតនៅលើមែកតូចៗ ហើយរោគសញ្ញាដំបូងមានលេចឡើងនូវផ្សិត Mycelium ផ្សិតពណ៌ស ដែលកើតលើសំបក បន្ទាប់មកប្រែទៅជាផ្សិតពណ៌ផ្កាឈូកដោយគ្របលើសំបកខាងក្រៅ។ រីឯនៅខាងក្នុងសំបកត្រង់កន្លែកផ្សិតនេះជាលិកាមានសភាពខ្មៅ និងរលួយធ្វើឲ្យដើមឈើមិនអាចដឹកជញ្ជូនទឹក និងសារធាតុចិញ្ចឹមបាន ហើយបណ្ដាលឲ្យមែកឈើស្ងួត និងងាប់បន្ទិចម្ដងៗ។
- មូលហេតុ៖ បង្កឡើងដោយផ្សិត Erythricium salmonicolor
- ការព្យាបាល៖ កាត់ផ្នែកដែលឆ្លងជំងឺចេញ និងប្រើប្រាស់នូវថ្នាំកំចាត់ផ្សិត Tridemorp, Teiadimofen, Copperhydroxide។
ជំងឺរលួយផ្លែ
ជាជំងឺមួយដែលមានរោគសញ្ញាកើតឡើងនៅលើផ្លែដោយដំបូងវាបង្ហាញនៅចំណុចខ្មៅតូចមួយ បន្ទាប់មកវាកាន់តែរីកធំ ហើយប្រែទៅជាពណ៌ប្រផេះ។
- មូលហេតុ៖ បណ្ដាលមកពីផ្សិត Phytophthora palmivora ដែលអាចឆ្លងទៅដល់ផ្លែផ្សេងៗទៀត។
- ការព្យាបាល៖ ប្រមូល និងព្យាបាលផ្លែដែលរងការបំផ្លាញ ឬ លេចឡើងនូវរោគសញ្ញា រួចយកវាទៅបផ្លាញចោលឲ្យឆ្ងាយពីចំការដើម្បីការពារការឆ្លងដល់ផ្លែដ៏ទៃទៀត។ បន្ទាប់មកប្រើ Vaccin + Supper co បាញ់លើដើម មែក ស្លឹក និងផ្លែក្នុងគោលបំណងសម្លាប់មេរោគ និងផ្សិត(៣ ថ្ងៃបាញ់ម្ដង)។
- ការបង្ការ៖ រដូវវស្សាជារដូវមួយត្រូវយកចិត្តទុកដាក់ខ្លាំងចំពោះទឹក ដោយមិនត្រូវឲ្យមានការជាំទឹកនៅក្នុងចំការ ឬដើម។ ប្រសិនបើចំការទាបត្រូវធ្វើប្រព័ន្ធបង្ហារទឹក ឬប្រឡាយជៀសវាងការដក់ទឹកខ្លាំង។ ម្យ៉ាងទៀតត្រូវមានតុល្យភាពជីអាសូត(តិច) ផូស្វ័រ និងប៉ូតាស្យូម ដោយឡែកការប្រើលាមកសត្វដែលមានផ្សំជាមួយនឹង ផ្សិត Trichoderma ក៏អាចជួយឲ្យមាន Humus សម្រាប់ដី បន្ថែមមីក្រូសារពាង្គកាយមានប្រយោជន៍ ដើម្បីជួយកែលម្អ និងសម្លាប់ផ្សិតដែលបង្កផលអាក្រក់ដល់ដំណាំ។
ឯកសារយោង