កាលពីអត្ថបទមុនពួកយើងគឺបានផ្តោតទៅលើវិធីដាំដុះ ការប្រើប្រាស់ជីនិងចំណុចមួយចំនួនទៀតក្នុងការដាំត្រសក់ផ្អែម ដូច្នេះនៅក្នុងអត្ថបទនេះពួកយើងនឹងលម្អិតបន្ថែមអំពី៖
ដើម្បីឱ្យដំណាំត្រសក់មានការលូតលាស់ឆាប់រហ័សនោះ ការតាក់តែងមែកជាចាំជាការបាច់បំផុត ។ ត្រសក់ចាប់ផ្តើមចេញផ្កា តាំងពីគល់មែកដំបូង ប៉ុន្តែត្រូវកាត់ចេញនូវខ្នែង ឱ្យស្អាតល្អ ដើម្បីឱ្យដើម និង ក្ដិបថ្លោសល្អ និង លូតលាស់ឆាប់រហ័ស។ ឧបករណ៍ដែលអាចប្រើប្រាស់ គឺ កន្ត្រៃ ដោយមានទឹកសាប៊ូ អាល់កុល សម្រាប់សម្លាប់មេរោគ ។ ចូរចងចាំថា បន្ទាប់ពីកាត់ខ្នែងដើមមួយហើយ ត្រូវជ្រលក់កន្ល្រៃនឹងទឹកសាប៊ូ ឬ អាល់កុល ម្តង។ ខ្នែងដែលកាត់ហើយត្រូវប្រមូលដាក់ក្នុងកន្ត្រក ឬ ថង់ប្លាស្ទិច យកទៅដុតចោល ឬ កប់ចោលឱ្យឆ្ងាយពីចំការ ជៀសវាងការឆ្លងជម្ងឺផ្សេងៗ!! ។ ស្លឹកខាងក្រោម ពិសេសស្លឹកដែលជាប់នឹងប្លាស្ទិចគម្របដី គួរកាត់ចោលឱ្យស្រឡះគល់ ពីព្រោះវាងាយចំលងជម្ងឺ មកដើម និងស្លឹកខាងលើៗហើយអាចឆ្លងរីករាលដាលដើមទាំងមូល និងដើមត្រសក់ផ្សេងទៀត ផង។ខ្នែងដែលត្រូវទុកក្តិប គឺខ្នែងចាប់ពីទី ៨ ដល់ ទី១១ ឬ ទី១២ ។ ហើយបន្ទាប់ពីផ្លែកាន់ហើយ ត្រូវ កាត់ (ក្រៀវ) ត្រួយខ្នែងទុកក្តិប ត្រឹមថ្នាំងទី២ (បន្ទាប់ពីថ្នាំងមានក្តិប) ចោល ដើម្បីឲ្យដើមចិញ្ចឹមក្តិប ដែល ទុកយកផ្លែ ឱ្យបានល្អ។បន្ទាប់ពីជ្រើសទុកក្តិបទុកយកផ្លែហើយ ត្រូវកាត់(ក្រៀវ)ត្រួយថ្នាំងបន្ទាប់ នៃខ្នែងដែលមានកាន់ក្តិបដើម្បីកុំឲ្យស៊ី ជី។
ផ្កាឈ្មោល ជាផ្កាដុះចេញពីគល់ស្លឹកនៃដើមមេ រីឯ ផ្កាញី ជាទូទៅដុះចេញពីគល់ស្លឹកនៃខ្នែង ។ផ្កាញីចេញពីខ្នង បន្ទាប់ពីបានទទួលលំអងពីផ្កាឈ្មោល (ក្លិបកាន់) ។ផ្កាញីដែលចេញពីខ្លែងចាប់ពីទី ៩ ដល់ ១២ ត្រូវទុកឱ្យបង្កកំណើត កាន់ជាក្លិប ។ ក្លិបដែលកាន់ អាចសំគាល់បាន នៅពេលក្តិបមានពណ៌បៃតងស្រស់ ហើយ ផ្កាខាងចុងក្តិបប្រែពណ៌ចាស់ ហើយក្រៀម។ ក្នុងមួយដើម ត្រូវរក្សាទុកក្តិបយ៉ាងតិចចំនួន បីរហូតដល់ទំហំ ដែលយើងអាចពិនិត្យឃើញថា អាចជ្រើស រើសយកទុកក្លិបល្អមួយ ឱ្យវាលូតលាស់ធំជាផ្លែ។ ក្តិបផ្លែដែលល្អ មានរាងទ្រវែងបន្ដិច ហើយមិនមាន ស្នាមរបួស (សត្វទិច ឬ ចោះបំផ្លាញ) ឬ របួសផ្សេងទៀត (ប្រេះ ស្នាមឆ្នូត ….) ។និងក្រោយពីទុកឱ្យបង្កកំណើតបានក្តិបកាន់ចំនួនបីហើយត្រូវបន្តកាត់ផ្កាញីឈ្មោលផ្សេងទៀត ខ្នែងលាស់ថ្មី ចេញអស់ ពីដើម ដើម្បីទុកសារធាតុចិញ្ចឹមផ្លែ ឱ្យធំលូតលាស់ល្អ។
បន្ទាប់ពីសំរេចទុកផ្លែចុងក្រោយហើយ ក្តិបដទៃទៀតត្រូវកាត់ចេញ។ ចំពោះផ្លែដែលត្រូវទុកនោះ ត្រូវចងព្យួរបន្តោងនឹងខ្សែទ្រើង ដើម្បីជួយទប់ដើម និង ការពារកុំឱ្យប៉ះផ្ទាល់ដី ឬ កៅស៊ូគម្របដី ដែលអាចធ្វើឱ្យផ្លែ រលួយ ស្នាម ឬ ក្រិនគូថ។
ប្រយ័ត្ន៖ មិនត្រូវទាញខ្នែងមានក្លិបខ្លាំងពេក ប្រយ័ត្នកាច់គ្រេចខ្នែងផ្លែ។
ត្រសក់ថ្មផ្អែម ជាដំណាំដែលមិនត្រូវការទឹកច្រើនពេក ហើយក៏មិនតិចពេកដែរ ។ ដូចនេះយើងអាច ពិនិត្យមើលជាក់ស្ដែង មិនគួរឱ្យទឹកច្រើន ឬ ជោគជ្រុលពេកទេ និងមិនគួរស្រោចបាច់ផ្ទាល់ ចំលើស្លឹក និង ដើមឡើយ ពីព្រោះវាងាយបង្កឱ្យមានជម្ងឺផ្សិតលើស្លឹកដើម និង ផ្លែ ។ វិធីស្រោចស្រពល្អ គឺ ត្រូវប្រើប្រព័ន្ធ ស្រោចស្រពដំណក់ទឹក (ឌ្រីប) ដែលអាចជួយក្នុងការគ្រប់គ្រងបរិមាណទឹក និង ការបំប៉នជីទឹក ដែល ដំណាំត្រសក់នេះត្រូវការ សម្រាប់ការលូតលាស់របស់ដំណាំ និងជំនួយផ្លែឱ្យផ្អែម ។ ការស្រោចទឹកទទេ គួរធ្វើឡើងនៅពេលព្រឹក ឬ នៅពេលរសៀល (ក្នុងករណីបញ្ចូលជីបំប៉នកំប៉ុស្តិ៍ទឹក)។ ការស្រោចទឹក អាចធ្វើ មួយថ្ងៃ ឬ ពីរថ្ងៃម្តង អាស្រ័យតាមប្រភេទដី (ដីល្បាយខ្សាច់ ច្រោះទឹកលឿន ដូច្នេះ ត្រូវការស្រោចទឹកញាប់ ជាងដីល្បាយកណ្ដៀង) និង សំណើមដីក្នុងរង ក្រោមប្លាស្ទិចគម្របដី។
ការបំប៉នដីកំប៉ុស្តីផឹក អាចធ្វើឡើងតាមរយៈប្រព័ន្ធស្រោចស្រព ដោយការបោះបញ្ចូលលទៅក្នុង បំពង់បូម ។ បរិមាណជីកំប៉ុស្តិ៍ទឹក គឺត្រូវប្រើក្នុងកម្រិត ១លីត្រ លាយជាមួយទឹក ២០លីត្រ ប្រើមួយ សប្ដាហ៍ម្តង ។ វិធីប្រើ គឺស្រោចលាយតាមប្រព័ន្ធស្រោចស្រពដំណក់ រៀងរាល់៥ថ្ងៃម្តង (គឺថា ស្រោចទឹក គ្មានលាយជី ចំនួន ៤ថ្ងៃជាប់គ្នា ហើយ នៅថ្ងៃទី៥ ទឹកមានលាយជាមួយជី ។រយៈពេលនៃការស្រោចម្តងៗ គឺ ប្រមាណ ២០នាទី សម្រាប់ផ្ទៃដី ៣០០ ម៉ែត្រការ៉េ គឺ ចាប់ផ្តើម ដោយស្រោចទឹករយៈពេល ៥នាទី បន្ទាប់មក ចាប់ផ្តើមបើកបញ្ចូលជីកំប៉ុស្តិ៍ទឹកតិចៗក្នុងប្រព័ន្ធទុយោ រយៈពេល ១០នាទី ហើយចុងក្រោយរយៈពេល ៥នាទី ដោយទឹកទទេ ។ ជីអាចប្រើបាន គឺ អ៊ុយរេ និង អិនប៉េកា (NPK 20-20-15) ក្នុងកម្រិត ១០ក្រាម ក្នុង ១ ត្រការ៉េ ដោយលាយក្នុងទឹក ឬ ដាក់ផ្ទាល់ នៅចន្លោះគុម្ព មួយពីគុម្ពមួយប្រមាណពី ១៥ ទៅ ២០ សង់ទីម៉ែត ពីគុម្ព ក្នុងពេល ៧ ថ្ងៃម្តង ដាក់ចំនួន ៤ លើក បន្ទាប់ពីដាំកូន បានមួយអាទិត្យ ។
ជីជំនួយផ្លែផ្អែម ជាប្រភេទជីផ្សំពីធម្មជាតិ ជួយ ឱ្យផ្លែលូតលាស់ល្អ នឹង មានរស់ជាតិផ្អែម ។ ជីជំនួយផ្លែឱ្យផ្អែម ត្រូវប្រើចាប់ពីដាំកូនបានប្រមាណ ៤៥ថ្ងៃឬ ពេលដែលសំរេផ្លែតែមួយ ហើយចងផ្លែរាល់ហើយ។ ការស្រោច តាមរយៈប្រព័ន្ធទុយោដំណក់ ទឹក ដោយលាយជីកំប៉ុស្តិ៍ទឹក ១លីត្រ លាយជាមួយទឹក ២០លីត្រ ស្រោចក្នុងរយៈពេល ៥ ទៅ ៧ ថ្ងៃម្តង រហូតដល់ផ្លែទុំ (ដី ពី ៦០ ទៅ ៧០ ក្រោយដាំកូន) ។
ជាទូទៅការប្រមូលផលធ្វើឡើងពីចាប់ពីអាយុ ៦៥ថ្ងៃ ឬ ៧៥ថ្ងៃ អាស្រ័យតាមពូជ ។ ដើម្បី ឱ្យមាន សេជាតិផ្អែមល្អ គួរផ្តាច់ទឹក ឬ ឈប់ស្រោចទឹក មុនពេល បេះយ៉ាងតិច ៣ ថ្ងៃ ។ ប៉ុន្តែការផ្តាច់ទឹកមុនយូរពេក អាច ធ្វើឱ្យដើមស្វិតហើយធ្វើឱ្យប៉ះពាល់ដល់ផ្លែ ។
ការពិនិត្យមើលភាពទុំរបស់ផ្លែ គឺ ទៅតាមប្រភេទពូជ និង អាយុកាលរបស់ពូជនិមួយៗ ។
ចំពោះពូជសំបក លាតរលោង (ដូចជា ពូជ សាយភារុណ K2122) ពេល វេលាសមស្របសម្រាប់សំគាល់ផ្លែទុំ គឺ សំបកខាងក្រៅ មានសភាពរលោងល្អ ឡើងពណ៌ស លាយលឿងព្រឿងៗ អាចមើលឃើញពីភាពឆ្លុះសាច់ខាងក្នុង ឡើងពណ៌ដូច ពងមាន់ ។ គេអាចបរិភោគផ្លែទុំបានភ្លាមៗ ឬក៏ទុក រយៈពេលមួយ ឬ ពីរថ្ងៃ នៅទីត្រជាក់ ឬ ក្នុងធុងឬ ទូរទឹកកក ដែលធ្វើឱ្យផ្លែត្រសក់កាន់តែមានរសជាតិផ្អែម និង ក្រអូប។
ចំពោះពូជតៃវ៉ាន់ (សំបកពណ៌បៃតង ក្រឡាសំណាញ់ T778) គេអាចសំគាល់ផ្លែទុំល្មមបេះបាន នៅ ពេលក្រឡាសំណាញ់សំបករបស់វា លេចចេញច្បាស់ ដល់គល់ទង សំបកក្រៅវាឡើងពណ៌បៃតងប្រផេះ ឆ្នូត សំណាញ់ មានស្នាមប្រេះ ប្រទាក់ក្រឡាគ្នា ។ ចំពោះ ពូជនេះ គេក៏អាចបេះបរិភោគបានភ្លាមៗ (ទោះបីជាពេលខ្លះ ពេលហូបទៅ មានអារម្មណ៍រមាស់មាត់តិចៗ។ ដូច្នេះជាការល្អ គេគួរបេះទុកក្នុងម្លប់រយៈពេល ១ ឬ ២ថ្ងៃ ដើម្បីឱ្យវាភ្លេចព្រៃ) ។ គេអាចរក្សាផ្លែត្រសក់ពូជ ឬ នេះ បានពី ៣ ទៅ ៥ថ្ងៃ នៅទីត្រជាក់ ឬក៏ ក្នុងធុង ទូរទឹកកក ដែលធ្វើឱ្យផ្លែត្រសក់ កាន់តែមានរសជាតិ ផ្អែម និង ក្រអូប ។
បើទុករហូតដល់មានក្លិនក្រអូបខ្លាំអាចនឹងរបេះទង ដែលមិនអាចទុកបានយូរ ប៉ុន្ដែវាមានរសជាតិ ផ្អែមក្រអូប គួរឱ្យចង់បរិភោគ។
ការប្រមូលផលគួរធ្វើឡើង នៅពេលព្រឹក (យ៉ាងយូរត្រឹមម៉ោង៩ព្រឹក) ដើម្បីរក្សារសជាតិផ្លែផ្អែមនិង ស្រួយល្អ ។ ត្រូវកាត់ផ្លែដោយកន្ត្រៃ ឱ្យជាប់ទង ហើយ វេចខ្ចប់ក្រដាសឱ្យបានស្អាតល្អ មុននឹងរៀបដាក់ ចូលកេះ/ឡាំង ។ ត្រូវជៀសវាងដាក់ផ្លែត្រសក់សង្កត់លើគ្នា នាំឱ្យកកិតផ្លែ បាត់បង់សោភ័ណ្ឌភាព ផ្លែត្រសក់ និង តំលៃ។
ឯកសារយោង