ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការកាត់តែងមែកដំណាំឲ្យត្រូវតាមបច្ចេកទេស

ជាទូទៅដើម្បីឲ្យដំណាំអាចដុះលូតលាស់បានលឿន និងមានសុខភាពល្អកសិករគួរយកចិត្តទុកដាក់ទៅលើមែក និងដើមរបស់ដំណាំជាដើម។ ម្យ៉ាងទៀតដំណាំហូបផ្លែអាចផ្ដល់ទិន្នផលបានខ្ពស់ក៏អាស្រ័យទៅលើមែករបស់ដំណាំ ប៉ុន្តែនៅក្នុងមែកដំណាំក៏មានមែកដែលមិនមានប្រយោជន៍ និងមានប្រយោជន៍ផងដែរ ហើយនៅខាងក្រោមនេះគឺជាចំណុចមួយចំនួនអំពីការតាក់តែងមែកដំណាំឲ្យត្រូវតាមក្បួន៖

មូលហេតុនៃការតាក់តែងមែក

  • កាត់ចោលមែកគ្មានប្រយោជន៍(មែកដុះខ្វែងគ្នា ឬមែកមានសត្វល្អិត និងជំងឺ)
  • ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើរស្មីសំយោគ(រុក្ខជាតិអាចចែកចាយពន្លឺបានស្មើៗគ្នា)
  • ងាយស្រួលក្នុងការកំចាត់សត្វល្អិត
  • ធ្វើឲ្យមានខ្យល់ចេញចូលល្អ
  • មិនមានការប្រកួតប្រជែងសារធាតុចិញ្ចឹមនៅក្នុងដើម
  • ចំណេញសារធាតុចិញ្ចឹម និងទឹក ហើយដំណាំអាចដុះលូតលាស់បានលឿន
  • ម្ចាស់ចម្ការងាយស្រួលក្នុងការគ្រប់គ្រងដំណាំ

រដូវកាលនៃការតែងមែក

ជាធម្មតាគេអាចតាក់តែងមែកបាននៅកូនឈើណាដែលមានអាយុចាប់ពី ១ ឆ្នាំឡើងទៅ។ ម្យ៉ាងទៀតនៅរដូវប្រាំងជាពេលវេលាដ៏ល្អបំផុតសម្រាប់ការកាត់មែកដំណាំ ព្រោះដើម្បីការពារមិនឲ្យមានការឆ្លងរោគទៅលើមុខរបួសនៃដំណាំ។ ហើយនៅរដូវប្រាំងអាចធ្វើឲ្យរុក្ខជាតិឆាប់ជាពីមុខរបួសបានលឿនជាងរដូវវស្សា និងចំណុចគួរជៀសវាងមិនត្រូវតែងមែកនៅពេលកំពុងប្រមូលផលឡើយ លុះត្រាតែប្រមូលផលរួចទើបអាចកាត់មែកខ្លះបាន។

សម្ភារៈសម្រាប់តាក់តែង

ការយកចិត្តទុកដាក់ទៅលើសម្ភារៈសម្រាប់តែងមែកគឺជារឿងដ៏សំខាន់ពីព្រោះវានឹងបង្កឲ្យមានភាពងាយស្រួលនៅពេលក្រោយប្រសិនបើយើងជ្រើសរើសនូវសម្ភារៈត្រឹមត្រូវ។ ឧបករណ៍ទាំងនោះរួមមានកន្ត្រៃ និងរណារ។ ចំពោះកន្ត្រៃគេប្រើសម្រាប់មែកតូច រីឯរណារវិញប្រើសម្រាប់កាត់មែកធំ។ ហើយកសិករគួរជៀសវាងការប្រើកំបិត ឬ ឧបករណ៍ណាមិនមុតវាអាចប៉ះពាល់ទៅដល់សុខភាពនៃដើមផងដែរ។

វិធីសាស្ត្រតែងមែក

គេអាចតែងមែកដំណាំទៅតាមតម្រូវការរបស់ម្ចាស់ចម្ការផ្ទាល់ ហើយជាទូទៅគេអាចតែងដោយទុកដើម១ មែកធំ៣ ខ្នែងធំ៦ និងខ្នែងត្រួយ១៦។ ដោយឡែកគេអាចកាត់នូវមែកខាងក្រោមឬមែកឆ្លាក់គ្នាចោលដើម្បីងាយស្រួលក្នុងការចេញចូលមើលដំណាំ។ តួយ៉ាងវាក៏បង្កឲ្យមានភាពងាយស្រួលទៅដល់ការចេញចូលនៃពន្លឺ ទឹក និងខ្យល់ផងដែរ។ មុននឹងកាត់ម្ចាស់ចំការត្រូវពិចារណានៅមែកណាដែលអាចផ្ដល់ទិន្នផលខ្ពស់នៅរដូវក្រោយ និងកាត់ចោលនៅមែកណាដែលមិនអាចផ្ដល់ផលល្អបានដូចជាមែកដែលមាន ដង្កូវស៊ី មែកមានជំងឺជាដើម។ ម្យ៉ាងទៀតនៅពេលដែលកាត់មែកត្រូវធ្វើយ៉ាងណាឲ្យមុខកាត់កាន់តែតូច ដោយកាត់បញ្ឈិតស្របចង្កំមែកចម្ងាយប្រមាណ ១-២ ស.ម ។ (ចង្កំមែកឬ Branch collar គឺជាសាច់ឈើដែលដុះក្រោយពីការកាត់តែងមែក)

ការថែទាំក្រោយតែងរួច

នៅពេលក្រោយកាត់រួចគេតែងយកថ្នាំផ្សេងៗគ្នាដើម្បីលាបទៅលើមុខរបួសមែកដូចជា៖ ថ្នាំអ៊ុយ៩០ ខ្លាញ់គោ ប្រេងបាត និងសារធាតុវ៉ាសាលីន។ ប៉ុន្តែប្រសិនបើកសិករយកចិត្តទុកដាក់ទៅលើចង្កំមែកបានល្អគេមិនបាច់លាបថ្នាំក៏បានដែរ។

ឯកសារយោង

Writer