ការរៀបចំសម្រាប់ដាំដំណាំអ្វីមួយពិតជាសំខាន់ណាស់ក្នុងការធានានូវទិន្នផល និងគុណភាពសម្រាប់ដំណាំ។ ខាងក្រោមនេះជាចំណុចមួយចំនួនសម្រាប់ការដាំដំណាំបន្លែឱ្យត្រូវតាមអាកាសធាតុ ទីកន្លែងដែលដំណាំត្រូវការចាំបាច់លើសពីនេះទៅទៀតទាំងអស់គ្នាត្រូវដឹងផងដែរថាតើកម្ពុជាយើងបែងចែកប្រភេទដីជាប៉ុន្មានធំៗហើយថាតើប្រភេទដីណាសាកសមនឹងដាំដំណាំប្រភេទអ្វី?
1.ដីសិលាក្រែសាយខ្សាច់ៈ ជាប្រភេទដីដែលគ្របដណ្តប់នៅតំបន់ប្រជុំភ្នំ តំបន់មាត់សមុទ្រ និងភាគខាងកើតទន្លេមេគង្គរហូតដល់ខ្ពង់រាបឆ្លូង។ ដីប្រភេទនេះមានផលប្រយោជន៏ដល់ការលូតលាស់នៃព្រៃឈើ។
2.ដីក្រហមឬដីសិលាបាសាល់ៈ ដីប្រភេទនេះមានជីជាតិល្អណាស់សម្រាប់ដំណាំគ្រប់ប្រភេទដូចជា កៅស៊ូ កប្បាស កាផែ តែ សណ្តែក និងដំណាំហូបផ្លែ។
3.ដីខ្សាច់ៈ ដីប្រភេទនេះវិវត្តមកពីល្បាប់ចាស់មាននៅខ្ពង់រាបជិតជើងភ្នំ។
4.ដីល្បាប់ដីឥដ្ឋ: មាននៅតាមទំនាបទាបៗដែលរងនូវទឹកជំនន់ក្នុងរយៈពេលខ្លីពីទន្លេ ឬបឹងដែលនៅក្បែរនោះ។ ដីប្រភេទនេះច្រើនមាននៅប៉ែកខាងត្បូងប្រទេសដូចជាខេត្តព្រៃវែង ស្វាយរៀង កណ្តាល និងតាកែវដែលជាដីស្រែ។
5.ដីល្បាប់ៈ ជាប្រភេទដីល្បាយ ឬដីពណ៌ត្នោតដែលមានទម្រង់ជាស្រទាប់វិវត្តខ្សោយនៅលើច្រាំងទន្លេនិងជម្រាលនៃច្រាំង។ ក្រៅពីដំណាំស្រូវ ដីនេះត្រូវគេប្រើសម្រាប់ដាំបន្លែ ដំណាំហូបផ្លែ និងដំណាំផ្សេងៗ។
នៅពេលដែលអ្នកបានដឹងហើយថាតើអ្នកគួរដាំដំណាំប្រភេទអ្វីនៅលើដីរបស់អ្នកហើយ ទាំងអស់គ្នាត្រូវចាប់អារម្មណ៍ផងដែរថាតើទីតាំងជាក់ស្តែងនោះមានប៉ុន្មានចំណុចនេះដែរឬទេ?
ដីមានសារធាតុចញ្ចឹមគ្រប់គ្រាន់(ដើម្បីឱ្យងាយដុះឬស និងលូតលាស់បានល្អ កូនបន្លែអាចស្រូបយកជីជាតិបានគ្រប់គ្រាន់។
កន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ (គ្រប់ដំណាំបន្លែភាគច្រើនសុទ្ធតែត្រូវការពន្លឺថៃ្ង ៦-៨ម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើរស្មីសំយោគ)។
ជ្រើសរើសពូជដែលផ្តល់ទិន្នផលខ្ពស់ ធន់នឹងការបំផ្លាញរបស់សត្វល្អិតនិងជំងឺហើយសមស្របនឹងលក្ខខ័ណ្ឌបរិស្ថានក្នុងតំបន់។
ទឹកមានសារៈសំខាន់សម្រាប់ការផលិតកម្មដំណាំ។ ទឹកត្រូវបានប្រើសម្រាប់ដំណុះគ្រាប់ពូជឱ្យបានឆាប់និងនៅពេលដែលកូនដំណាំដុះលូតលាស់ទឹកដើរតួជាអ្នកដឹកជញ្ជូនសារធាតុរ៉ែ និងអាហាររុក្ខជាតិ។
សីតុណ្ហភាពមានឥទ្ធិពលលើដំណើរការរបស់រុក្ខជាតិភាគច្រើន រួមទាំងការធ្វើរស្មីសំយោគ ការបំភាយ ដំណកដង្ហើម ដំណុះ និងការចេញផ្កា។ នៅពេលដែលសីតុណ្ហភាពកើនឡើង (រហូតដល់ចំណុចមួយ) ការធ្វើរស្មីសំយោគ ការបំភាយ និងការដកដង្ហើមកើនឡើង។ នៅពេលផ្សំជាមួយរយៈពេលថ្ងៃ សីតុណ្ហភាពក៏ប៉ះពាល់ដល់ការផ្លាស់ប្តូរពីការលូតលាស់ (ស្លឹក) ទៅជាការបន្តពូជ (ការចេញផ្កា)។ អាស្រ័យលើស្ថានភាព និងប្រភេទរុក្ខជាតិ ឥទ្ធិពលនៃសីតុណ្ហភាពអាចបង្កើនល្បឿន ឬបន្ថយការផ្លាស់ប្តូរនេះ។
ការធ្វើកសិកម្មនៅលើដីណាមួយបងប្អូនគួរគម្បីសិក្សានិងស្វែងយល់ពីវាឱ្យបានច្បាស់សិនទើបជារឿងល្អ ដើម្បីធានាបានថាទាំងអស់គ្នាអាចទទួលបានទិន្នផលល្អដូចដែលទាំងអស់គ្នាបានគ្រោងទុក។
ឯកសារយោង