បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាយើងកសិករច្រើននិយមដាំដំណាំចម្រុះ(Intercroping) និងដំណាំអាលី(Alley Croping)។ ម្យ៉ាងទៀតការដាំដំណាំច្រើនប្រភេទនៅក្នុងដីតែមួយតែងបង្កឲ្យមានភាពងាយស្រួលទៅលើការថែទាំ ចំណេញពេលវេលា និងថវិកាជាដើម។ ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលយើងគួរដឹងពីដំណាំទាំងពីរប្រភេទខាងលើនេះ៖
សិក្សាពីប្រភេទគ្រួសារនៃដំណាំនីមួយៗ
ជាធម្មតាការយល់ដឹងពីប្រភេទនៃអំបូរឬគ្រួសារនៃដំណាំដែលត្រូវដាំនៅក្នុងទីតាំងតែមួយជាមួយគ្នាគឺជារឿងសំខាន់បំផុតពីព្រោះយើងមិនគួរដាំដំណាំណាដែលមានគ្រួសារតែមួយបានទេវាអាចនឹងផ្ដល់ផលវិបាកនៅពេលក្រោយដូចជាការឆ្លងជំងឺឲ្យគ្នាទៅវិញទៅមក តម្រូវការប្រើប្រាស់ថាមពលមានការប្រកួតប្រជែងគ្នា ចំណាយពេលវេលា និងថវិកាច្រើនទៅលើការព្យាបាលជំងឺនៃដំណាំនីមួយៗ។ គ្រួសារនៃរុក្ខជាតិដែលត្រូវគ្នាដូចជា៖ Rubiaceae ត្រូវនឹង Laurales(ប័រ និងកាហ្វេ), FabaceaeឬLeguminosae ត្រូវនឹង Euphorbiaceae (សណ្ដែកជាមួយនឹងដំឡូងមី), Poaceae និងLeguminosae(ពោត និងសណ្ដែក) និងមានគ្រួសារជាច្រើនប្រភេទទៀត។
ចំណុចគួរដឹងមុនពេលដាំ
- រៀបចំដី៖ ការរៀបចំដីគឺពិតជាសំខាន់ខ្លាំងណាស់ព្រោះដើម្បីរក្សាគម្លាតចន្លោះគុម្ពនៃដំណាំនីមួយៗ។
- កំណត់រយៈពេលដាំ៖ ដោយដំណាំខ្លះអាចនឹងរើសរដូវឬអាចដាំបានគ្រប់រដូវ ម្យ៉ាងទៀតគួរតែមានការប្រមូលផលនៅពេលវេលាផ្សេងគ្នា។
- លក្ខខណ្ឌអាកាសធាតុ៖ រុក្ខជាតិនីមួយៗត្រូវការសីតុណ្ហភាពខុសគ្នា និងដូចគ្នាដូច្នេះត្រូវជ្រើសរើសដំណាំណាដែលមានតម្រូវការសីតុណ្ហភាពដូចគ្នាឬប្រហាក់ប្រហែលគ្នា។
- ជ្រើសរើសដំណាំណាដែលអាចអាស្រ័យគ្នាទៅវិញទៅមក។
- រើសដាំដំណាំដែលមានតម្រូវការទីផ្សារ និងតម្រូវការគ្រួសារ។
- ជ្រើសរើសដំណាំដែលមិនមានការប្រកួតប្រជែងគ្នាទៅលើសារធាតុចិញ្ចឹម ទឹក និងពន្លឺ៖ រុក្ខជាតិតែងតែមានការប្រកួតប្រជែងគ្នាទៅលើសារធាតុចិញ្ចឹមប៉ុន្តែវាក៏អាស្រ័យទៅលើឫសរបស់វាដែរ ប្រសិនបើដាំដំណាំពីរប្រភេទត្រូវរើសរុក្ខជាតិមួយមានឫសខ្លី និងមួយទៀតមានឫសវែង។
ដំណាំចម្រុះ
ជាប្រភេទដំណាំមួយដែលកសិករអាចដាំបានក្នុងពេលជាមួយគ្នាឬក្រោយគ្នា ហើយមានចាប់ពីពីរប្រភេទឡើងទៅនៅលើដីតែមួយ។ ម្យ៉ាងទៀតវាមានលក្ខណៈរាយប៉ាយ ឬជាជួរទៅតាមការកំណត់របស់អ្នកដាំ។ ខាងក្រោមនេះជាដំណាំចម្រុះរវាងសណ្ដែកបាយជាមួយនឹងពោត៖
- ពោតជារុក្ខជាតិដែលស្ថិតនៅក្នុងគ្រួសារPoaceae និងមានឫសស្ញែដែលអាចស្រូបយកសារធាតុចិញ្ចឹមបាននៅជម្រៅរាក់។ ពេលវេលាដាំដុះអាចដាំបានពីរដងក្នុងមួយឆ្នាំគឺនៅដើមឆ្នាំចាប់ពីខែមេសា-មិថុនា និងចុងឆ្នាំចន្លោះខែវិច្ឆិកា-មករា។ អាចប្រមូលផលបាននៅរយៈពេល៨៥-១១០ថ្ងៃទៅតាមពូជ។ ពោតមានកម្ពស់ចាប់ពី១.៥-៣ម ។ ចំពោះតម្រូវការជីវិញគួរប្រើជី លាមកសត្វ អ៊ុយរ៉េ និងជីNPK+TEរូបមន្ត ១៥-១៥-១៥ ឬ ១៦-២០-០។ អាចដាំនៅចន្លោះគុម្ព២០-៣០ស.ម និងចន្លោះជួរ៥០ស.ម ដើម្បីទុកគម្លាតដាំសណ្ដែក។
- សណ្ដែកបាយជាដំណាំមួយប្រភេទដែលឋិតនៅក្នុងគ្រួសារLeguminosae និងមានឫសជាឫសកែវដែលអាចស្រូបទឹកបានជ្រៅជាងពោត។ ពេលវេលានៃការដាំអាចដាំបាន២ដងក្នុងមួយឆ្នាំហើយដាំបានមុនឬក្រោយពោត។ ការដាំអាចសាបឬបុកដីដាំដែលមានចន្លោះជួរ ៥០ស.ម និងចន្លោះគុម្ព២០-៣០ ស.ម។ តម្រូវការជីអាចប្រើប្រាស់ជីលាមកសត្វឬជីកំប៉ុសសម្រាប់ទ្រាប់បាត និងជីNPK+TEរូបមន្ត១៥-១៥-១៥។
ដំណាំអាលី
ជាដំណាំម្យ៉ាងដែលអាចដាំដុះនៅដីតែមួយ និងក្នុងពេលតែមួយដែលជាប្រភេទរុក្ខជាតិឈើហូបផ្លែ ឬសាច់ឈើធំៗ និងមានលក្ខណៈជាជួរត្រឹមត្រូវ។ ខាងក្រោមនេះជាការដាំដំណាំប័រ និងកាហ្វេនៅលើផ្ទៃដីតែមួយ៖
- ប័រគឺជាដំណាំមួយប្រភេទដែលស្ថិតនៅក្នុងគ្រួសារRubiaceae និងជារុក្ខជាតិឌីកូទីលេដូន។ គេអាចដាំដំណាំនេះចន្លោះខែឧសភា និងសីហាដើម្បីឲ្យវាទទួលបានទឹកភ្លៀងគ្រប់គ្រាន់។ ជាដំណាំមួយដែលអាចលូតលាស់បាននៅលើដីបាសាល់ក្រហម និងមានសីតុណ្ហភាពពី១៨-២៨ អ.ស។ រុក្ខជាតិនេះអាចដាំក្នុងចន្លោះគុម្ព ១២ ម នៃជួរកាហ្វេ។ ដោយឡែកទំហំរណ្ដៅវិញគឺ ៥០x៥០x៥០ ស.ម ឬ ៦០x៦០x៦០ ស.ម។ អាចប្រមូលផលបាននៅអាយុចាប់ពី៣ឆ្នាំឡើង។ តម្រូវការជីអាចប្រើប្រាស់ជីសម្រាប់ទ្រាប់បាតគឺជីលាមកសត្វឬជីកំប៉ុស និងជី NPK+TE មានរូបមន្ត ១៦-១៦-៨។
- កាហ្វេជាដំណាំដែលស្ថិតនៅក្នុងគ្រួសារLaurales និងជារុក្ខជាតិឌីកូទីលេដូនដែរ ប៉ុន្តែវាមិនមានកម្ពស់ខ្ពស់ដូចប័រទេ ហើយវាមិនត្រូវការខ្យល់ខ្លាំងឡើយដូច្នេះត្រូវដាំប័រដើម្បីទប់ខ្យល់។ ចំពោះរដូវដាំដុះយើងអាចដាំក្នុងរយៈពេលដូចប័រដែរ ដើម្បីឲ្យវាទទួលបានទឹកភ្លៀងគ្រប់គ្រាន់។ សម្រាប់តម្រូវការជីវិញត្រូវប្រើជីលាមសត្វឬជីកំប៉ុសដើម្បីទ្រាប់បាត និងបំប៉នដោយជី NPK+TE រូបមន្ត ២-២-១។ រយៈពេលនៃការទទួលផលអាចប្រមូលផលបាននៅអាយុ២ឆ្នាំតែទិន្នផលនៅឆ្នាំដំបូងមិនសូវបានច្រើនទេ។ ចំពោះចន្លោះគុម្ពវិញមានគម្លាត ៣ ស.ម នៅក្នុងជួរជាមួយប័រដែរ។ រីឯទំហំរណ្ដៅវិញក៏ដូចគ្នាទៅនឹងប័រដែរ។
ឯកសារយោង