ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

វិធីសាស្ត្រដាំដំណាំល្ហុងរយៈពេលខ្លីទួលបានទិន្នផលខ្ពស់

ល្ហុងគឺជាដំណាំមួយប្រភេទដែលមានការពេញនិយមខ្លាំងពីព្រោះគេអាចបរិភោគផ្លែល្ហុង ត្រួយ និងផ្កាទៅជាបន្លែ និងល្ហុងទុំបរិភោគក្នុងទម្រង់ជាផ្លែឈើលាងមាត់ផងដែរ។ ចំពោះការដាំដុះវិញដំណាំល្ហុងអាចដាំដុះនៅលើដីដែលមិនជាំទឹកខ្លាំងជាដីដែលអាចហូរទឹកបានល្អ និងមានសីតុណ្ហភាពចាប់ពី២២-២៨អ.ស ព្រោះវាមិនត្រូវការអាកាសធាតុដែលត្រជាក់ពេកឬក្ដៅពេកឡើយ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការដាំដំណាំមួយប្រភេទនេះឲ្យទទួលបានទិន្នផលខ្ពស់

ចំណុចមួយចំនួនដែលយើងគួរដឹងមុនដាំល្ហុង

  • ជ្រើសរើសដីណាធូរអាចហូរទឹកទៅក្នុងដីបានល្អព្រោះល្ហុងមិនចូលចិត្តដីណាហាប់ណែនឬជាំទឹកទេ
  • ជ្រើសរើសទីតាំងណាដែលមានពន្លឺគ្រប់គ្រាន់
  • ជ្រើសពូជល្ហុងណាដែលមានទីផ្សារខ្ពស់ និងមានរសជាតិឆ្ងាញ់
  • ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំល្ហុងឲ្យបានម៉ត់ចត់ដូចជាការពូនគល់ និងដាក់ជី
  • យល់ដឹងពីអត្ថប្រយោជន៍នៃល្ហុងញី និងការរក្សាទុកនៅល្ហុងឈ្មោល

ការជ្រើសរើសពូជ

ជាទូទៅល្ហុងដែលគេពេញនិយមដាំមាន៖ ល្ហុងល័ក្ខ ល្ហុងវែង និងល្ហុងដំឡូង

  • ល្ហុងល័ក្ខគឺជាល្ហុងមួយប្រភេទដែលមានរសជាតិឆ្ងាញ់ដែលគេនិយមបរិភោគទុំដើម្បីធ្វើជាបង្អែមលាងមាត់
  • ល្ហុងវែងគឺជាល្ហុងដែលមានរូបរាងវែងដែលគេនិយមបរិភោគជាបន្លែប៉ុន្តែយើងក៏អាចបរិភោគទុំដែរ
  • ល្ហុងដំឡូងជាល្ហុងដែលមានរូបរាងមូលកំប៉ោងដែលមានរសជាតិមិនសូវឆ្ងាញ់ដូចល្ហុងល័ក្ខឡើយប៉ុន្តែគេអាចយកវាធ្វើជាបន្លែផងដែរ

ការបណ្ដុះកូន

  • ជ្រើសរើសល្ហុងណាដែលទុំល្អដើម្បីយកគ្រាប់ទៅហាលការហាលគ្រាប់ល្ហុងគឺជារឿងដ៏សំខាន់មួយដែលយើងគួរតែយល់ដឹងដោយធ្វើការហាលនៅទីតាំងណាដែលមានម្លប់ប៉ុន្តែមានខ្យល់ចេញចូលល្អព្រោះការរក្សាគ្រាប់ពូជល្អគឺមិនអាចហាលនៅកន្លែងណាមានកម្ដៅថ្ងៃក្ដៅពេកនោះទេវាអាចធ្វើឲ្យប៉ះពាល់ទៅដល់កោសិកាលូតលាស់ និងសរីរាង្គបន្តពូជនៅក្នុងគ្រាប់
  • យកគ្រាប់ពូជដែលបានរក្សាទុកយកទៅត្រាំទឹកក្ដៅឧណ្ណៗរយះពេល២-៣ម៉ោងដើម្បីឲ្យវាឆាប់ដុះ
  • ក្រោយត្រាំទឹករួចយកគ្រាប់ទៅសាបនៅក្នុងត្រេឫថង់បណ្ដុះ
  • មុនពេលដាក់គ្រាប់ពូជក្នុងថង់ត្រូវស្រោចទឹកដីនៅក្នុងថងហើយជ្រោយដីជាមុនសិនបន្ទាប់មកសាបគ្រាប់ពូជចូលហើយស្រោចទឹកតិចៗ
  • ត្រូវទុករហូតដល់ល្ហុងចេញស្លឹក៥-៦ធាងទើបអាចយកទៅដាំបាន

ការរៀបចំដី

ជាដំបូងត្រូវភ្ជួរដីឲ្យបានធូររួចហាលដីចោលរយៈពេលមួយសប្ដាហ៍បន្ទាប់មកទើបកាប់រណ្ដៅតាមក្រោយដោយកាប់រណ្ដៅទំហំ៥០x៥០x៥០ស.ម និងគម្លាតពីចន្លោះដើមពី២.៨-៣ម៉ែត្រដោយសារតែល្ហុងជាដើមដែលមិនសូវមានការបែកមែកដែលមានតែការលូតលាស់ត្រួយតែប៉ុណ្ណោះ និងមានកម្ពស់១.៦ទៅ២ម៉ែត្រទៅតាមពូជនីមួយៗ។

ហើយត្រូវដាក់ជីលាមកសត្វស្ងួត ជីកំប៉ុសឬស្មៅងាប់លាយជាមួយដីស្រទាប់លើដាក់ចូលក្នុងរណ្ដៅឲ្យបានពាក់កណ្ដាលរណ្ដៅ រួចដាក់ក្បឿងដែលមានទំហំប៉ុនបាតដៃនៅចំកណ្ដាលរណ្ដៅនិងដាក់ដីស្រទាប់លើពីលើក្បឿងម្ដងទៀត។

របៀបដាំ

ដើម្បីដាំល្ហុងជាបំបូងគេត្រូវយកកំបិតឆូតថង់កូនល្ហុងធ្វើយ៉ាងណាកុំឲ្យបែកដីកំណើតរួចដាក់កូនល្ហុងឲ្យចំក្បឿងនៅក្នុងរណ្ដៅហើយដាក់ដីឲ្យពេញរណ្ដៅរួចជាន់ដីជុំវិញរណ្ដៅឲ្យ។ កូនល្ហុងត្រូវការស្រោចទឹកជាប្រចាំប៉ុន្តែមិនត្រូវស្រោចទឹករហូចដល់ជាំទឹកទេព្រោះវាមិនត្រូវការទឹកខ្លាំងពេក។ មូលហេតុនៃការដាក់ក្បឿងគឺជាការក្រៀវឫសល្ហុងដើម្បីកុំឲ្យវាខ្ពស់ពេក និងជាគ្រឹះមួយដែលធន់នឹងខ្យល់។ ម្យ៉ាងទៀតពេលវេលានៃការដាំល្ហុងភាគច្រើនគេដាំនៅដើមរដូវវស្សាឬចុងរដូវវស្សាពីព្រោះល្ហុងអាចលូតលាស់ល្អនៅរដូវវស្សា។

ការស្រោចទឹក និងការប្រើប្រាស់ជី

ជាធម្មតាល្ហុងគឺជាដំណាំមួយដែលមិនត្រូវការទឹកខ្លាំងពេកនោះទេតែដើម្បីលូតលាស់បានល្អគេក៏ត្រូវស្រោចទឹកវាដែរដោយមានគម្លាតថ្ងៃចន្លោះពី៥-៦ថ្ងៃទើបអាចស្រោចទឹកម្ដង។

រីឯការដាក់ជីវិញត្រូវប្រើប្រាស់ជីកំប៉ុសឲ្យបានច្រើនជាងជីគីមីហើយវាក៏តម្រូវឲ្យមានការដាក់ជីNPKដែរដោយដាក់គម្លាត២ខែម្ដងហើយក្នុងមួយឆ្នាំអាចដាក់ជីអ៊ុយរ៉េ(អាសូតN)ចំនួន៩០ក្រាម/ដើម ផូស្វ័រ(P)ចំនួន២៥០ក្រាម/ដើម និងប៉ូតាស្យូម(P)ចំនួន១៤០ក្រាម/ដើម។

ការប្រមូលផល

ល្ហុងគឺជាដំណាំមួយប្រភេទដែលមានរយៈពេលខ្លីដែលយើងអាចប្រមូលផលបាននៅចន្លោះអាយុចាប់ពី៧-៨ខែ។ ការប្រមូលផលឲ្យបានត្រឹមត្រូវនោះគឺគេត្រូវបេះផ្លែឲ្យដល់ទងដែលជាប់នឹងដើមរួចចាំកាត់ទងដែលវែងចោល។

ឯកសារយោង

Writer