ផ្សិតអំបោះដុះលូតលាស់នៅក្នុងបរិស្ថានធម្មជាតិសើម មិនស្ងួតក្រៀម និងលើរុក្ខជាតិពុកផុយដែលមានសំណើមពី ៦០-៧០ភាគរយ និងសីតុណ្ហភាពពី ២៥-២៨អង្សាសេ។ វាជាដំណាំម្យ៉ាងដែលត្រូវការសំណើម និងភាពត្រជាក់គ្រប់ពេលវេលា ហើយមិនចូលចិត្តឲ្យគេរំខានឡើយក្នុងពេលកំពុងលូតលាស់។
ផ្សិតអំបោះ គឺជាប្រភេទផ្សិតដែលងាយស្រួលបណ្ដុះ ចំណាយថវិកាតិច កម្លាំងពលកម្មតិច វត្ថុធាតុដើមយកមកប្រើប្រាស់ជាកាកសំណល់ដែលងាយស្រួលរកមកបណ្ដុះ (អាចម៍រណារ ស្នូលគរ កន្ទក់ស្រូវ ម្ស៉ៅដំណើប ជីអ៊ុយរ៉េ និងកំបោរស) ប៉ុន្ដែវាត្រូវតែទាមទារមានការអំណត់ព្យាយាមជាពិសេសបំផុតផ្ដោតលើការអនុវត្តតាមលក្ខណៈបច្ចេកទេស និងអនាម័យឲ្យបានស្អាតជានិច្ច។
សារៈប្រយោជន៍នៃការបណ្ដុះផ្សិតអំបោះ
- ផ្ដល់ជាបន្លែដ៏មានឳជារស
- ជួយបង្កើនប្រាក់ចំណូលបន្ថែមដល់គ្រួសារ
- បង្កើនមុខរបរក្បែរផ្ទះដល់គ្រួសារ
- មានសារធាតុសរីរាង្គ និងរ៉ែប្រើសម្រាប់ព្យាបាលជម្ងឺផ្សេងៗ ដែលបណ្ដាលមកពីកង្វះសារធាតុបំប៉ន និងទប់ស្កាត់ការពារ ព្យាបាលជម្ងឺខ្វះឈាមក្រហម (សារជាតិម្យ៉ាងគឺ Folic Acid) និងជីវជាតិផ្សេងៗដូចជា៖ ជាតិដែក (ជួយបង្កើតគ្រាប់ឈាមក្រហម) សូដ្យូម និងប៉ូតាស្យូម (ជួយបង្កើនលំនឹងទឹកនៅក្នុងខ្លួនយើង) វីតាមីនបេ១ (ជួយការពារកុំឲ្យមានជម្ងឺស្ពឹក) កាលស្យូម (ជួយឆ្អឹងឲ្យលូតលាស់ និងសាច់ដុំបេះដូងឲ្យមានកម្លាំង) និងប្រូតេអ៊ីន។
១. ការជ្រើសរើសទីតាំង និងការសាងសង់រោងសម្រាប់បណ្ដុះផ្សិតអំបោះ
១.១ ទីកន្លែង/ទីតាំងបណ្ដុះផ្សិត
- ធ្វើនៅក្រៅផ្ទះ នៅក្រោមផ្ទះ (បើសិនក្រោមផ្ទះនោះមានកន្លែងធំទូលាយ)
- រោងទំហំ ៥ម x ៥ម អាចដាក់ថង់ផ្សិតបានចំនួន ៥០០០កញ្ចប់
- នៅជិតប្រភពទឹក
- ដីមិនលិចទឹក និងមិនជាំទឹក
- ដីគ្មានសត្វល្អិតចង្រៃបំផ្លាញ (កណ្ដៀរ, ស្រមោច…)
១.២ ការសាងសង់រោងបណ្ដុះផ្សិត
- ត្រូវមានដំបូលប្រក់ស្លឹក
- ត្រូវមានជញ្ជាំងព័ទ្ធជុំវិញ
- កម្ពស់រោងពី ២,៥-៣ម៉ែត្រ
- លើកដីឲ្យរោងខ្ពស់ជាងដីធម្មតាពី ២០-៣០ស.ម
- រៀបចំខ្សែសម្រាប់ចងថង់បណ្ដុះផ្សិត
២. សម្ភារៈឧបករណ៍សម្រាប់ផ្សិតអំបោះ
ថង់ច្រក ជញ្ជីង ធុងចំហុយ កៅស៊ូកង ក្រដាស ដែកទម្រ ខ្សែចងពន្យួ បង្គោល កង ប៉ោតទឹក ប៉ារ៉ាតង់ ចប់កាប់ រនាស់។
២.១ សារធាតុសំខាន់ៗ
អាចម៍រណាដើមកៅស៊ូ កន្ទក់ម៉តល្អ កំបោរស ម្ស៉ៅអង្ករដំណើប មេផ្សិតអំបោះ ជីអ៊ុយរ៉េ
២.២ កម្រិត/រូបមន្ដសារធាតុផ្សំ
- អាចម៍រណាដើមកៅស៊ូ = ១០០គ.ក្រ
- មេផ្សិតអំបោះ = ៣- ៣,៥ ដប
- កន្ទក់ម៉ត់ = ១០គ.ក្រ
- ម្ស៉ៅអង្ករដំណើប = ១គ.ក្រ
- កំបោរស = ០,៥គ.ក្រ
- ជីអ៊ុយរ៉េ = ០,៣ គ.ក្រ
៣. លំដាប់លំដោយបច្ចេកទេសបណ្ដុះផ្សិតអំបោះ
៣.១ ការលាយល្បាយ
- រែងអាចម៍រណារដើម្បីយកសម្បក និងចំណាំងឈើកៅស៊ូចេញ
- ត្រូវថ្លឹងវត្ថុធាតុដើមទាំងនោះទៅតាមរូបមន្ដខាងលើឲ្យបានច្បាស់លាស់
- ដាក់ធាតុផ្សំនីមួយៗទៅតាមស្រទាប់
- លាយច្របល់ធាតុផ្សំទាំងនោះឲ្យបានសព្វល្អ (ត្រូវយកដៃជ្រោយល្បាយនោះដោយប្រើម៉ាស់ ឬក្រម៉ាមករុំការពារច្រមុះ)
៣.២ ការស្រោចទឹកលើល្បាយ
ប្រមូលល្បាយទាំងនោះមកគជាដុំ រួចវែកល្បាយនោះឲ្យមានប្រហោង បន្ទាប់មកស្រោចទឹក(ទឹកថ្លាស្អាត) នៅក្នុងប្រហោងនោះ រួចយកដៃច្របល់ល្បាយជាមួយទឹកនោះឲ្យបានសព្វល្អ(អាចម៍រណាចំនួន ១០០គ.ក្រ ដាក់ទឹក ៨ប៉ោតប៉េ) ដែលមានសំណើមប្រហែល ៦០-៧០ភាគរយ។
សម្គាល់៖ គេអាចសង្កេតល្បាយដែលមានទឹកគ្រប់គ្រាន់ដោយយកដៃក្ដាប់ល្បាយឲ្យខ្លាំង បន្ទាប់មកលាដៃវិញ ពេលនោះយើងសង្កេតឃើញដូចខាងក្រោម៖
- បើល្បាយនោះមានហូរទឹកតាមកច្រវែកដៃនោះ គេសន្មត់ថាល្បាយនោះលើសទឹក
- បើល្បាយអាចម៍រណាឡើងដុំមិនចេញទឹកតាមច្រវែកដៃទេ គេសន្មត់ថាល្បាយនេះមានសំណើមគ្រប់គ្រាន់
- បើល្បាយនោះបែកមិនជាប់គ្នា ឬមានលក្ខណៈស្រួយនោះ គេសន្មត់ថាល្បាយនោះខ្វះទឹក។
៣.៣ ការផ្អាប់ល្បាយ
ពេលដែលលាយល្បាយជាមួយទឹករួច យើងត្រូវប្រមូលល្បាយទាំងនោះទុកម្ដុំ រួចយកប៉ារ៉ាតង់គ្របពីលើរយៈពេល ១-៣ថ្ងៃ នៅក្នុងម្លប់សម្រាប់អាចម៍រណាចាស់ និងសម្រាប់អាចម៍រណាថ្មីគ្របរយៈពេល ៧-១០ថ្ងៃ។ យើងត្រូវកាយត្រឡប់ល្បាយនោះឲ្យបានសព្វល្អចំនួន ២ដងក្នុងអំឡុងពេលគ្របនោះ។
សម្គាល់៖ ការគ្របល្បាយ គឺឲ្យវាឡើងកម្ដៅខ្លាំង និងឲ្យវាធ្វើកំប៉ុស្ដ៍កម្មសម្រាប់ពពួកបាក់តេរី និសត្វល្អិតដែលមានក្នុងថង់ល្បាយ។
៣.៤ ការច្រកល្បាយចូលក្នុងថង់បណ្ដុះផ្សិតអំបោះ
- ច្រកល្បាយទៅក្នុងថង់ឲ្យបានទម្ងន់ពី ៨-១គ.ក្រក្នុងមួយថង់ បន្ទាប់មកត្រូវបុកបង្ហាប់ល្បាយនោះឲ្យណែនល្អ។ តែត្រូវធ្វើថ្មមៗ ដើម្បីកុំឲ្យថង់រហែកការពារចូលទឹក-នៅពេលចំហុយដែលបណ្ដាលឲ្យមេផ្សិតមិនដើរក្នុងថង់ល្បាយ។
- យកកងមកដាក់ចងមាត់ថង់ល្បាយ ដោយដាក់សំឡីក្នុងប្រហោងមាត់ថង់ល្បាយ
- គ្របមាត់ថង់ល្បាយដោយថង់ប្លាស្ទិក និងកៅស៊ូកង
៣.៥ ការចំហុយថង់ផ្សិតដែលបានច្រកល្បាយ
ការរៀបចំធុងចំហុយ៖
- លាងធុងឲ្យបានស្អាត
- ដាក់ដុំឥដ្ឋចំនួន ៦ដុំ ដាក់៣មុំ
- ចាក់ទឹកកម្ពស់ ១,៥ស.ម ឥដ្ឋ
- យកបន្ទះឬស្សីមកដាក់ពីលើដុំឥដ្ឋ
- យកបាវក្រចៅដាក់រុំជុំវិញធុងផ្នែកខាងក្នុង
ការតម្រៀបដុំថង់ផ្សិតក្នុងធុង និងចំហុយ៖
- ដាក់ដុំថង់ល្បាយ (តម្រៀបបញ្ឈរ) ក្នុងធុងចំហុយ (១ធុងអាចដាក់បានពី ៦៥-៧០ដុំថង់ល្បាយ)។ បើសិនដាក់លើសពីនោះ វាអាចធ្វើឲ្យកញ្ចប់ល្បាយផ្សិតឆ្អិន។
- ចំហុយថង់ល្បាយ ដើម្បីចម្អិនវត្ថុធាតុផ្សំសម្លាប់មេរោគ និងសត្វល្អិតក្នុងថង់ល្បាយ
- សម្គាល់៖ ចំហុយរយៈពេល ៣-៤ម៉ោង បើភ្លើងឆេះល្អហើយ តែបើភ្លើងឆេះពុំសូវល្អត្រូវចំហុយរយៈពេល ៤-៦ម៉ោង។
- ត្រូវដកយកថង់ល្បាយចេញពីធុងចំហុយ
- ត្រូវយកដុំថង់ល្បាយដែលចំហុយរួចនោះទៅស្រដឹលនៅក្នុងរោងរយៈពេល ១២ម៉ោង
៣.៦ ការបញ្ចូលមេផ្សិតក្នុងថង់ល្បាយដែលបានចំហុយ
- មេផ្សិតអំបោះ អាល់កុល ជ្រលួញបុក កង្វារកាវមេ ក្រដាសកាសែតស្អាត កៅស៊ូកង
- ជំហានការបញ្ចូលមេផ្សិតទោក្នុងថង់ល្បាយ៖
- ជ្រើសរើសមេស្ព័រផ្សិតអំបោះ គឺជាពូជផ្សិតដែលមានលក្ខណៈសុទ្ធល្អ ទើបតែបង្កាត់
- យកជ្រលួញបុកមាត់ថង់ល្បាយជម្រៅ ២ស.ម
- យកមេផ្សិតអំបោះចំនួន ២៧-៣០គ្រាប់ស្រូវដាក់ចូលក្នុងប្រហោងដែលបានបុករួច (១ដបមេផ្សិតអាចដាក់បានពី ២៧-៣០ថង់ល្បាយ)
- យកក្រដាស់កាសែតស្អាតមកគ្របលើមាត់ថង់ដោយចងកៅស៊ូឲ្យជាប់
- បញ្ចូលមេផ្សិតក្នុងថង់ល្បាយនៅកន្លែងស្អាត ឬក្នុងបន្ទប់គ្មានខ្យល់ចេញចូល (ការពារមេរោគខាងក្រៅហើរចូល) និងមិនត្រូវជក់បារី ឬហូបចំណីទេ ព្រោះមានកំទេចកំទីចំណីអាហារជាសត្រូវបំផ្លាញការលូតលាស់របស់ផ្សិត។
- សម្ភាៈត្រូវលាងអាល់កុលជានិច្ច
៣.៧ការផ្អាប់/បន្ទំថង់ផ្សិតក្នុងរោងបន្ទំ
- ក្រោយពីបានដាក់មេផ្សិតក្នុងថង់ល្បាយរួច យកដុំថង់ល្បាយទៅបន្ទំក្នុងរោង
- បន្ទំថង់ល្បាយរយៈពេលពី ២៥-២៨ថ្ងៃនៅក្នុងរោង
- ដាក់មេផ្សិតបានរយៈពេលពី ៦-១០ថ្ងៃ យើងនឹងឃើញសរសៃម្ស៉ៅពណ៍សរុំព័ទ្ធថង់ល្បាយ
៣.៨ការព្យួរថង់ផ្សិត និងស្រោចទឹក
- ក្រោយពេលបន្ទំឲ្យសរសៃពីងពាងមេផ្សិតដុះរាលដាលដល់បាតថង់ (៧០ភាគរយ)ហើយ ត្រូវជញ្ជូនថង់ផ្សិតទាំងនោះដាក់ក្នុងរោងបណ្ដុះ។ ហើយការព្យួរឲ្យបាតថង់ខ្ពស់ជាងមាត់ថង់បន្ដិច។
- ព្យួរថង់ល្បាយពីខ្សែព្យួរមួយទៅខ្សែមួយទៀតឲ្យឃ្លាតពីគ្នាពី ១២-១៥ស.ម
- ស្រោចទឹកថង់ផ្សិត ២-៣ថ្ងៃមុនពេលដុះ (ល្បាយ ៧០ភាគរយនៅក្នុងថង់ពណ៍ស) ក្នុង១ថ្ងៃស្រោចទឹក ២-៣ដង ព្រឹក ល្ងាចដើម្បីរក្សាសីតុណ្ហភាពពី ២៥-២៨អង្សាសេ។
- កុំឲ្យទឹកហូរចូលមាត់ថង់ពេលបាញ់ទឹក (ការពាររលួយ)
៤. ការប្រមូលផល និងថែទាំផ្សិត
- ព្យួរថង់ផ្សិតក្នុងរោងបណ្ដុះបានរយៈពេលពី ៤-៧ថ្ងៃផ្សិតចាប់ផ្ដើមបេះ
- មុនប្រមូលផលត្រូវស្រោចទឹក
- ត្រូវយកដៃមូរផ្សិតទៅមក ហើយយកដាក់ក្នុងកពញ្ជ្រែងស្អាត
- ការសម្អាតថង់ផ្សិតក្រោយប្រមូលផល
- ការបេះផ្សិតត្រូវដកឲ្យដល់ទាំងគល់ផ្សិត
- ត្រូវសម្អាតឧបករណ៍សម្អាតគល់ផ្សិតដោយអាល់កុលជាប្រចាំ
- ស្រោចទឹក ២-៣ដងក្នុងមួយថ្ងៃ (ស្រោចពីលើថង់ផ្សិត)
សម្គាល់៖ គល់ផ្សិតដែលនៅសល់អាចរារាំងមិនឲ្យសរសៃពីងពាងរបស់ផ្សិតផ្គុំគ្នាដុះឡើងជាថ្មី។ លើសពីនេះគល់ផ្សិតដែលនៅសល់អាចរលួយបង្កើតជាដង្កូវស៊ីបំផ្លាញមេផ្សិត។
៥.បញ្ហាការបណ្ដុះផ្សិតអំបោះ
១.ដុះមេផ្សិតមិនបានពេញថង់៖ បណ្ដាលមកពីសំណើមខ្លាំងពេក នេះមកពីការលាយទឹកច្រើនជ្រុល ឬទឹកចូលក្នុងថង់ពេលចំហុយសម្លាប់មេរោគ។ ដូច្នេះត្រូវតែកុំឲ្យលាយទឹកច្រើនពេកលើល្បាយផ្អាប់ ឬប្រយ័ត្នកុំឲ្យទឹកចូលក្នុងថង់ល្បាយពេលចំហុយ។
២.ដង្កូវក្នុងថង់៖ នៅពេលចំហុយ ឬចុកសំឡីទទឹកតែងមានពពួករុយមកទំពងដាក់ក្នុងថង់ល្បាយក្រោយមកពងនោះនឹងវិវត្តញាស់ចេញជាដង្កូវ។ បន្ទាប់មកវារុករានរកស៊ីនៅថង់ផ្សិតក្រោយមកវាក្លាយជាឌឹកដឿនៅតាមថង់ផ្សិត។ ដូច្នេះត្រូវរកវិធីការពារមុនដោយការរុំមាត់ថង់ដែលបញ្ចូលមេហើយជាមួយក្រដាស ឬអាចបាញ់ថ្នាំការពារុយពី ៥-៧ថ្ងៃម្ដងក៏បាន។
៣.ផ្សិតចេញផ្កាមកហើយស្វិតស្ងួតទៅវិញ៖ អាចបណ្ដាលមកពីដុំមេផ្សិតរលួយមានទឹកដក់ក្នុងថង់ល្បាយ។ ដូច្នេះគួរចាក់ទឹកនោះចេញពីថង់ល្បាយ ហើយការបេះផ្សិតកុំឲ្យមានកំទេចផ្សិតនៅសល់ ព្រោះវានឹងធ្វើឲ្យដុំមេផ្សិតរលួយបាន។ ម្យ៉ាងវិញទៀត វាបណ្ដាលមកពីសំណើមក្នុងរោងបណ្ដុះមិនបានគ្រប់គ្រាន់ ដូច្នេះគួរតែធ្វើរោងបណ្ដុះផ្សិតឲ្យបានជិតល្អ ដើម្បីរក្សាសំណើមឲ្យបានគ្រប់គ្រាន់។
៦.លទ្ធផលបច្ចេកទេស
ល្បាយផ្សំ ១ថង់ផ្សិតអាចផ្ដល់ផ្សិតបានពី ០,៥-១,៣គ.ក្រក្នុងរយៈពេលប្រមូលផលចាប់ពី ៤-៦ខែ។
ឯកសារយោង៖