ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសដាំក្រូចពោធិ៍សាត់

ក្រូចគឺជាដំណាំហូបផ្លែមួយប្រភេទដែលមានរសជាតិជូ ជូអែម ហើយផ្អែមឈ្ងុយឆ្ងាញ់។ក្រៅពីបំរើសេចក្តីត្រូវការ ជាចំណីអាហារ ដំណាំក្រូចអាចកែច្នៃបានទៀតផងដោយ យកស្លឹក និងសំបក ដើមធ្វើជាវត្ថុធាតុដើម សម្រាប់ឧស្សាហកម្ម ធ្វើទឹកអប់ សាប៊ូ និងស្រា ។ ផលប្រយោជន៍សំខាន់មួយទៀត គឺជាវត្ថុធាតុដើមសម្រាប់ធ្វើជាឱសថមួយចំនួនជួយដល់សុខភាពមនុស្សផងដែរ។ដូច្នេះហើយទើបមនុស្សទូទាំងពិភពលោកនិយមបរិភាគវា។

តំបន់ដាំដុះ

ក្រូចជាប្រភេទរុក្ខជាតិម្យ៉ាង ដែលទាមទារអាកាសធាតុ ទឹក ដី ដែល សមស្រប ។ ដីដែលសមស្របល្អ សម្រាប់ដំណាំនេះ គឺដី ដែលមានជីជាតិច្រើនស្រទាប់ទី១ជ្រៅ ដីមិនដក់ទឹក ឬជាំទឹក គឺដីទួល ឬ ដីដែលស្ថិតនៅតាម តំបន់ខ្ពស់រាប និងដីដែលមាន PH ប្រហែល ៦,៥ ។

នៅប្រទេសកម្ពុជាយើង ដំណាំនេះច្រើនដាំដុះនៅតាមតំបន់ដីទួល តាមដងទន្លេនិងតំបន់ខ្ពស់រាបដូចខេត្តបាត់ដំបង កំពង់ចាម ក្រចេះ កណ្តាល និងព្រៃវែង ។

នៅប្រទេសកម្ពុជាយើង ដំណាំនេះច្រើនដាំដុះនៅតាមតំបន់ដីទួល តាមដងទន្លេនិងតំបន់ខ្ពស់រាបដូចខេត្តបាត់ដំបង កំពង់ចាម ក្រចេះ កណ្តាល និងព្រៃវែង ។

ការជ្រើសរើសនិងរៀបចំពូជ

ជាទូទៅគេអាចដាំក្រូចតាមវីធីដូចជា

  • ការបណ្តុះដោយគ្រាប់ (Seed Progation)
  • ការបំបៅមែកឬសាកមែក (Microstting)
  • ការផ្សាំភ្ជុលមែក តមែក ភ្ជាប់ភ្នែកជាដើម
  • ក្នុងចំណោមវិធីខាងលើនេះ គឺមានវិធីសាស្ត្រមួយដែលល្អនឹង ផ្តល់ផលខ្ពស់ជាងគេ គឺការដាំដោយមែកផ្សាំឬបំបៅ។ 

បច្ចេកទេសដាំដុះ

  • មុននឹងអនុវត្តការកាប់រណ្ដៅត្រូវភ្ជួររាស់ដីចម្ការឱ្យបានស្អាតកុំឱ្យមានស្មៅហើយត្រូវ បំផុសដី ។
  • ជាការល្អប្រសើរ រណ្តៅត្រូវកាប់រាងមូល ដែល មានទំហំពី ៦០ ទៅ៨០ ស.ម និងជម្រៅពី ៥០ ទៅ ៦០ស.ម ។
  • ចន្លោះពីរណ្ដៅមួយ ទៅរណ្ដៅមួយ អាចប្រែ ប្រួលដោយទៅតាមប្រភេទពូជ បច្ចេកទេស ថែទាំដំណាំក្រូច និងប្រភេទដី ។ ល ។ជា ទូទៅ៤ម៉ែត្របើប្រមូលដោយគ្រឿងយន្ត៨-១០ម៉ែត្រ។
  • មុនពេលដាំត្រូវដាក់ជីទ្រាប់ បាត ដោយប្រើជី ធម្មជាតិ ស្ងួត លាយនឹងជីគីមីនូវ បរិមាណ មួយសមស្រប ។
  • ពេលដាក់ដាំ ត្រូវមានការ ជៀសវាងការ បោះបោក ឬ លើកដើមយូរ ។ មុននឹងដាំត្រូវកាត់ ឬបកថង់ចេញ។ ក្នុងការកាត់ថងចេញ ត្រូវប្រុងប្រយ័ត្នកុំឱ្យបែកខ្ចាយដីដែលអាចបណ្តាលឱ្យប៉ះពាល់ដល់ប្រព័ន្ធឫស ។
  • ពេលដាក់ដាំត្រូវលប់ដី ដោយទុកជម្រៅពីមាត់ រណ្ដៅខាងលើ ប្រមាណពី ១០ ទៅ ១៥ស.ម ដើម្បីងាយស្រួលក្នុងការបញ្ចូលទឹក និងដាក់ជី បំប៉ន។តែបើភ្លៀងត្រូវលប់ដីអោយស្មើរមាត់រណ្ដៅកុំអោយទឹកដក់ខ្លាំងពេក។

បច្ចេកទេសថែទាំ

ការដាក់ជី

ដំណាំក្រូចក៏ដូចជាដំណាំផ្សេងទៀតដែរ គឺទាមទារការដាក់ជីជារៀងរាល់ឆ្នាំ ដើម្បីឱ្យដំណាំលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់ ។

ការសម្អាតស្មៅ

ការសម្អាតស្មៅការងារនេះយើងត្រូវអនុវត្តចាប់តាំងពីពេលដើមក្រូចនៅតូចៗ រហូតដល់ដើមធំ ។ ពេលដើមនៅតូច យើងត្រូវជម្រះ ស្មៅប្រហែលជា ១ម៉ែត្រជុំវិញគល់ និងដីដែលនៅចន្លោះជួរ។ ការសម្អាតស្មៅជារឿងសំខាន់សម្រាប់អ្នកដាំដុះព្រោះស្មៅស្រូបយកសារធាតុចិញ្ចឹមនិងជាជម្រករបស់សត្វល្អិតដែលបំផ្លាញដំណាំ។

ការតាក់តែងមែក

  • កាត់មែកដែលតូចៗ មែកងាប់ៗ និងមែកដែល នៅខាងក្រោម ចេញ(វាស្រូបយកសារធាតុចិញ្ចឹម)
  • មែកដែលមានជំងឺនិងសត្វល្អិតត្រូវកាត់ចោល
  • ពេលកាត់មែកហើយត្រូវលាបកំបោរដើម្បី ការពារការពុកផុយនៃដើមឬមែក ការពារផ្សិត
  • ការកាត់មែកជួយអោយមានខ្យល់និងពន្លឺចេញ ចូលល្អ កាត់បន្ថយជំងឺនិងសត្វល្អិត។

ការប្រមូលផល

ចំពោះចម្ការក្រូចដែលដាំដោយកូនផ្សំាយើងអាចចាប់ផ្តើមប្រមូលផល នៅពេលដែលដើម អាយុបានប្រមាណពី ៣ ទៅ ៤ ឆ្នាំបន្ទាប់ពីពេលដាំ ។ គេអាចកត់សម្គាល់ផ្លែក្រូចទុំ នៅពេលសំបកផ្លែប្រែពណ៌ពីបៃតងមកភ្លឺរលោង ឬ លឿងទុំ ឬ លឿង និងការកើនឡើងនូវជាតិផ្អែម តែផ្ទុយទៅវិញ ជាតិជូរ មានការថយចុះ ។ ក្នុងករណីយើងចង់រក្សាទុកផ្លែក្រូចឱ្យបានយូរថ្ងៃ កុំបេះទម្លាក់ផ្លែក្រូច។

ឯកសារយោង

  • ដកស្រង់ចេញពីសៀវភៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
  • https://youtu.be/2qxv5wb61c4