ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសដាំដំណាំល្ពៅ

ល្ពៅ ជាប្រភេទដំណាំបន្លែម្យ៉ាងដែលដុះលូតលាស់នៅលើពិភពលោកជាច្រើនពាន់ឆ្នាំកន្លងមកហើយម្យ៉ាងទៀតវាក៏ត្រូវបានគេប្រើប្រាស់ជាបន្លែដ៏មានប្រជាប្រិយភាពនៅក្នុងជីវភាពប្រចាំថ្ងៃ។ គេបានបែងចែកល្ពៅជាពីរ ប្រភេទគឺល្ពៅទ្រមៀច និងល្ពៅវែងឬល្ពៅទ្រូ។

ក្រៅពីនេះវាមានសារធាតុរ៉ែ និងវីតាមីនជាច្រើនទៀតដូចជា វីតាមីន B ជាពិសេសគឺប្រភព វីតាមីន A ល្ពៅអាចដុះលូតលាស់បានពីតំបន់វាលទំនាបរហូតដល់ខ្ពង់រាប។ ក្នុងករណីសីតុណ្ហភាពសមស្របធ្វើឲ្យបរិមាណផ្កាឈ្មោល និងបរិមាណផ្កាញីមានអត្រាប្រហែលគ្នាការរោយលំអងពីកេសរឈ្មោលទៅកេសរញីបានលឿនធ្វើឲ្យការបន្តពូជប្រព្រឹត្តទៅបានល្អ។ ម្យ៉ាងវិញទៀតដំណាំប្រភេទនេះមិនទាមទារនូវសក្តានុភាពនៃជីជាតិដីខ្លាំងក្លានោះឡើយគេចាត់បញ្ចូលទៅក្នុងក្រុមធន់ទ្រាំ នឹងដីអាស៊ីតវាអាចដុះលូតលាស់បានលើដីដែល មាន pH 5,5-7,0 ហើយជ្រាបទឹកបានល្អ វាមិនទាមទារនូវអត្រាសំណើមខ្ពស់ដូចដំណាំ ឯទៀតប៉ុន្មានទេ ពីព្រោះថាបើសំណើមកើនឡើងធ្វើឲ្យងាយនឹងកើតជម្ងឺផ្សេងៗនៅលើដើមនិងស្លឹក ។ 

បច្ចេកទេសដាំដុះ

ការជ្រើសសរើសពូជ: នៅក្នុងវិស័យដាំដុះពូជជាកត្តាសំខាន់ជាងគេដូចនេះការជ្រើសរើសពូជត្រូវអនុលោម ទៅតាមលក្ខណៈសំខាន់ៗដូចខាងក្រោម

ពូជល្ពៅដែលប្រជាកសិករកំពុងធ្វើការដំាដុះមាន ៤យ៉ាងគឺៈ

ល្ពៅក្អែក

សំបកមានពណ៌ខ្មៅ ផ្លែមូលទ្រមៀចតូច សាច់ពណ៌លឿងចាស់ហើយ ក្រាស់ គ្រាប់តូចៗមូលៗសាច់ល្អិត ពូជនេះផ្លែច្រើនក្នុងមួយដើមៗវាមានទងផ្លែតូចខ្លី ស្លឹក តូចចល្អិត ហើយមានរោមច្រើន គេឲ្យឈ្មោះថាល្ពៅភ្នំ។ ប្រភេទពូជនេះធន់ទ្រំាគេអាចដាំ នៅរដូវភ្លៀងបាន ព្រោះវាធន់ទ្រាំទៅនឹងអាកាសធាតុក្តៅ ហើយមានអាយុកាលលូតលាស់ខ្លី។ 

ល្ពៅព្នង

សំបកពណ៌ប្រផេះធម្មតា ផ្លែតូចទ្រមៀចទងធំៗកទងធំៗ កទងវែង ដើម តូចល្អិត ថ្នាំងរង្វើល ស្លឹកតូចមូលរោមស្តើងហើយទន់ ស្លឹកបៃតងខ្ចី សាច់ហាប់ណែន ពណ៌លឿង ប៉ុន្តែផ្អែម គ្រាប់តូចសំប៉ែតសាច់មានសរសៃបន្តិច។ ពូជនេះភាគច្រើនដាំនៅ តំបន់ ខ្ពងរាបនិងវាលរាប ហើយនៅរដូវវស្សាវាធន់ទ្រាំរទៅនឹងអាកាសធាតុក្តៅ គេហៅថាល្ពៅល្អិតឬល្ពៅព្នង។

ល្ពៅទ្រូង ឬល្ពៅហាប

ពូជនេះមានស្លឹកធំ ដើមធំថ្លោស ទងស្លឹកវែងៗ ស្លឹកធំ មូល ត្រវែង ហើយស្តើងពណ៌បៃតងខ្ចី ផ្លែរង្វើលធំសាច់ស្តើង សំពកពណ៌ប្រផេះខ្លះមូលទ្រវែង ស្រួចក្បាល ស្រួចកន្ទុយ សាច់ពណ៌លឿងភាវ ហើយមានសរសៃច្រើន មិនហាប់ មិន ស្អិត ហើយមានជាតិផ្អែមទាប គ្រាប់របស់វាធំសំប៉ែត វែង។ ពូជប្រភេទនេះគេច្រើនតែដាំនៅតាម តំបន់វាលទំនាប និងរដូវទឹកសំរក ព្រោះវាមិនធន់ទ្រាំ នឹងអាកាសធាតុក្តៅ។

 លក្ខខណ្ខនៃការជ្រើសរើស

 ការជ្រើរើសពូជសម្រាប់ការដាំដុះត្រូវគិតពីលក្ខណៈសំខាន់ៗដូចតទៅៈ

  • ពូជបង្កាត់ពូជ Hybrid F1 ជាពូជដែលផ្តលទិន្នផលខ្ពស់
  • ពូជបង្កាត់សេរី OPV ឬពូជប្រពៃណីអាចទុកបន្តពូជទៅជំនាន់ក្រោយទៀតប៉ុន្តែកំរិតទិន្នផលទាបជាងពូជបង្កាត់ ។ ជាពិសេសគឺពូជដែលផ្តល់ទិន្នផលខ្ពស់ សមស្របតាមតំបន់ ធន់ទ្រាំនឹងជម្ថឺសត្វល្អិត បំផ្លាញ ពេញនិយមនៃការប្រើប្រាស់ រីឯគ្រាប់ពូជមានសុខភាពល្អ គ្មានជម្ងឺ និងសត្វល្អិត បំផ្លាញ ភាគរយនៃដំណូះគ្រាប់លើសពី៨០% ។

ការរៀបចំដី 

ល្ពៅអាចឆ្លើយតបទៅនឹងដីស្ទើរគ្រាប់ប្រភេទ ប៉ុន្តែដីដែលមានជីជាតិទាបធ្វើឲ្យល្ពៅ ឆាប់ងាប់ដើម។ ប្រភេទដីដែលអំណោយោលដល់ដំណាំល្ពៅគឺដីល្ប់ល្បាយខ្សាច់ ដី ក្រហម រដីខ្មៅ ប៉ុន្តែដីដែលជ្រាបទឹកមិនល្អ មិនអាចឲ្យល្ពៅទទួលបានទិន្នផលខ្ពស់ឡើយ។ ម្យ៉ាង ទៀតមិនត្រូវដាំល្ពៅក្រោយពីត្រសក់ ឪឡឹកត្រឡាច ជាពិសេស ដំណាំអំបូរ។ ដើម្បីឲ្យការ ដាំដុះមានលក្ខណៈងាយស្រួល ត្រូវភ្ជួរហាលដីឲ្យបានច្រើនសារហាលដីឲ្យបានយូរថ្ងៃនិង រាស់បំបែកដីឲ្យល្អិត ហើយយករងដែលមានទទឹង ១៨០ សង់ទីម៉ែត្រ កម្ពស់រង ២៥.៣០ សង់ទីម៉ែត្រ ចំងាយរណ្តៅ ១២០ សង់ទីម៉ែត្រ បន្ទាប់មកយកជីធម្មជាតិគ្រាប់ប្រភេទមក ដាក់បាតរណ្តៅឲ្យបានច្រើន ហើយសប់ដីឲ្យចិតពីលើ ។

វិធីសាស្ត្រដាំដុះ 

មុននឹងដាំយកគ្រាប់ពូជមកសំអាតជាមុន បន្ទាប់មកដាក់ហាលថ្ងៃឲ្យក្តៅដើម្បីដាស់ ដំណេកគ្រាប់ពូជហើយដាក់ត្រំាទឹកមួយយប់ ក្រោយមកកគ្រាប់ពូជទៅលាយជាមួយនឹង ថ្នាំសម្លាប់ផ្សិតបន្តិចៗដូចជា Mancozed, Zineb ឬ Orthocide ក្នុង កំរិត ៣g = ១គ.ក្រគ្រាប់ ជម្រៅ ២-៣ សង់ទីម៉ែត្រ ក្នុង១ហិកតា គេដាំចំនួន ៤៥៦៥រណ្តៅ ឬគុម្ពដោយប្រើគ្រាប់ ពូជចំនួន ៤-៥ គ.ក្រ ។

ការជ្រំជ្រោយដី 

ជ្រំជ្រោយដីមានសារៈប្រយោជន៍ធ្វើឲ្យធីធូរបន្ថយការដុះស្មៅបង្កឲ្យដីមានសំណើម គ្រប់គ្រាន់ងាយស្រួលដល់ការដុះលូតលាស់ ព្រមទាំងបំបាត់ជំរកសត្វផ្សេងៗ គេជ្រំដោយ ចប ដើម្បីបំផុសដីនិងពូនគល់ក្រោយពីដាំរយៈពេល ១៥-២០ថ្ងៃ។ ពេលនោះគេអាចដក រំលោះកូនចេញ ដោយទុកតែ ២-៣ ដើមក្នុង ១គុម្ព។ 

ការប្រើប្រាស់ 

ដើម្បីឲ្យការលូតលាស់បានលឿននិងការបន្តពូជបានល្អគេត្រូវបែងចែកការដាក់ជីជា៣ លើកៈ

  • លើកទី១: យកជី ១៥.១៥.១៥ ចំនួន ១០០គីឡូក្រាម លើផ្ទៃដី ១ហិកតា មកដាក់ រោយជុំវិញគល់ចំងាយ ២០-៣០សង់ទីម៉ែត្រ មុនពេលជ្រំជ្រោយដីលប់គល់បន្ទាប់មក ជ្រំដីលប់និងពូនគល់ឡើង។
  • លើកទី២: យកជីអ៊ុយរ៉េមកលាយជាមយយទឹក ហើយស្រោចឲ្យជោគជុំវិញគល់ ដោយប្រើ ១៥-២០ក្រាម លាយទឹក ១៨-២០លីត្រ ។ សម្រាប់ផ្ទៃដីមួយហិកតាត្រូវប្រើក្នុង កំរិត ២៥-៣០ គីឡូក្រាម ។
  • លើកទី៣: យកជី ១៥.១៥.១៥ ចំនួន ១០០គីឡូក្រាមលើផ្ទៃដី១ ហិកតាមកដាក់ ក្បែរគុម្ពចំងាយ ៣០សង់ទីម៉ែត្រ ហើយកប់ដីឲ្យជិតពីលើ ដើម្បីឲ្យល្ពៅផ្លែបានច្រើន ហើយ ផ្លែលូតលាស់បានល្អរយៈពេល៤០ថ្ងៃក្រោយដាំ។

ការស្រោចស្រព

ជាប្រភេទដំណាំធន់ទ្រាំទៅនឹងការកង្វះទឹក ឬភាពរាំងស្ងួត ប៉ុន្តែកាលណាវគ្គ ចេញផ្កាសំណសំណើមដីមិនគ្រប់គ្រាន់ធ្វើឲ្យថយចុះការបន្តពូជបាត់បង់បរិមាណផ្លែយ៉ាង ច្រើន។ ការស្រោចស្រពចែកចេញជា៣វគ្គធំៗ :

  • វគ្គលូលាស់រហូតដល់ចេញផ្កាឈ្មោលៈ វាត្រូវការទឹកជាមធ្យមរយៈពេល ៣-៤ថ្ងៃ ផ្តល់ ទឹកម្តង ប៉ុន្តែសំណើមដីមិនត្រូវឲ្យលើសពី ៦០-៦៥ %។
  • វគ្គចេញផ្កាដល់ផ្លែៈ វគ្គនេះត្រូវផ្តល់ទឹកឲ្យបានគ្រាប់គ្រាន់ដើម្បីឲ្យការបន្តពូជប្រព្រឹត្ត ទៅបានល្អ ត្រូវរក្សាសំណើមក្នុងកំរិតថេរពី ៧០-៧៥ % ។
  • វគ្គផ្លែចាស់ និងទុំៈ ការផ្តល់ទឹកត្រូវថយចុះមកវិញបន្តិចម្តងៗ ហើយផ្ងាកទាំស្រុង ពលេល្ពៅចាប់ផ្តើមប្រមូលផលដំបូង។

នៅអត្ថបទក្រោយពួកយើងនឹងបង្ហាញអំពីជំងឺនិងវិធីបង្ការជំងឺផ្សេងៗដែលអាចកើតមានឡើងលើដំណាំល្ពៅនេះ។

ឯកសារយោង

Writer