ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ចំណេះដឹងជាមូលដ្ឋានអំពីថ្នាំពុលការពារដំណាំ (ចំណែកថ្នាក់ថ្នាំពុល ការឆ្លងនិងរោគសញ្ញា)

ថ្នាំពុលការពារដំណាំ គឺជាសារធាតុគីមីដែលប្រើប្រាស់សម្រាប់សម្លាប់ ឬបណ្ដេញកត្តាចង្រៃរបស់ដំណាំកសិផល។ កត្តាចង្រៃមានដូចជា ដង្កូវប្រភេទផ្សេងៗ ចៃ កណ្ដុរ មេរោគផ្សិត បាក់តេរី (បាក់តេរីជាសត្វតូចល្អិតដែលយើងមិនអាចមើលនឹងភ្នែកទទេបាន) ។ល។ ដោយសារយើងច្រើនប្រើវាសម្រាប់ការពារដំណាំ និងកសិផលផ្សេងៗទៀត ពីការបំផ្លាញដោយកត្តាចង្រៃ យើងក៏អាចហៅវាថា ថ្នាំពុលការពារដំណាំបានដែរ។

គេសង្កេតឃើញថា ខ្មែរយើងបានហៅឈ្មោះខុសៗគ្នាដូចជា ថ្នាំពុល ថ្នាំពុលគីមី ថ្នាំគីមីកសិកម្ម ឬថ្នាំកសិកម្ម ដែលក្នុងនោះជាន័យតែមួយជាមួយនឹងថ្នាំពុលការពារដំណាំ។

យោងទៅតាមប្រភេទកត្តាចង្រៃដែលបំផ្លាញដំណាំ គេធ្វើចំណែកថ្នាក់ថ្នាំពុលទៅតាមប្រភេទនៃកត្តាចង្រៃដូចខាងក្រោម៖

  • ថ្នាំសម្លាប់សត្វល្អិត (Insecticide)
  • ថ្នាំសម្លាប់ចៃ និងសង្កើច (Acaricides)
  • ថ្នាំសម្លាប់ណេម៉ាតូត (Nematicides)
  • ថ្នាំសម្លាប់ពពួកខ្យង (Molluscicides)
  • ថ្នាំសម្លាប់ពពួកសត្វករកេរ ( Rodenticides)
  • ថ្នាំសម្លាប់រុក្ខជាតិចង្រៃ (Herbicides)
  • ថ្នាំសម្លាប់មេរោគផ្សិត (Fungicides)
  • ថ្នាំសម្លាប់បាក់តេរី (bactericides)

តើថ្នាំពុលការពារដំណាំអាចធ្វើឱ្យមនុស្ស និងសត្វមានគ្រោះថ្នាក់តាមរបៀបណាខ្លះ?

គ្មានថ្នាំពុលការពារដំណាំណាដែលមិនពុលដល់មនុស្ស និងសត្វទេ (គោ ក្របី ជ្រូក មាន់ ទា ត្រី ។ល។) គ្រាន់តែកម្រិតពុលរបស់វាខុសៗគ្នាតែប៉ុណ្ណោះ។

ថ្នាំពុលអាចូលក្នុងរាងកាយយើងតាម ៣របៀប៖

១.តាមរយៈការលេបចូល ឬតាមមាត់៖ កើតឡើងជាពិសេសនៅពេលដែលយើងហូបចំណី ពិសារបារី ដោយមិនបានលាងដៃដែលប្រឡាក់ជាតិថ្នាំ ឬតាមរយៈការហូបបន្លែមានជាតិថ្នាំពុលនៅប្រឡាក់ជាប់នៅឡើយ។

២.តាមរយៈការជ្រាបចូលតាមរយៈស្បែក (តាមរន្ធស្បែក)៖ គឺកើតឡើងនៅពេលដែលយើងបាញ់ថ្នាំ ដោយមិនបានស្លៀកពាក់ការពារ នាំឱ្យទឹកថ្នាំប្រឡាក់ជាប់ខ្លួន ឬខោអាវរបស់យើងដាច់ ឬជួនកាលយើងប្រើដៃទទេរលាយថ្នាំ ។ល។

៣.តាមរយៈការដកដង្ហើម៖ គឺកើតមានឡើងជាពិសេសនៅពេលដែលយើងបាញ់ថ្នាំពុល មិនបានពាក់ម៉ាស រុំមុខ ឬក៏ចូលមកកន្លែងដែលទើបបាញ់ថ្នាំពុលហើយ ករណីនេះយើងអាចដឹងចំពោះថ្នាំពុលមានក្លិនខ្លាំង។

តាមការសិក្សាបានបង្ហាញថា កន្លែងដែលថ្នាំពុលការពារដំណាំជ្រាបចូលតាមស្បែកបានច្រើនជាងគេ គឺនៅត្រង់បរិវេនតម្រង់នោម បន្ទាប់មកមានថ្ងាស គុម្ពត្រចៀក និងក្បាល។

រោគសញ្ញាសំខាន់ៗនិងបម្រែបម្រួលដែលកើតមានឡើងក្នុងរាងកាយដោយសារឥទ្ធិពលថ្នាំពុល

  • ប្រព័ន្ធសរសៃប្រសាទ៖ ឈឺក្បាល វិលមុខ នឿយហត់ ប្រកាច់ ញ័រដៃជើង ដំណើរទ្រេតទ្រោត សន្លប់ ភ្លឹក
  • សាច់ដុំ៖ រមួលក្រពើ សាច់ដុំចុះខ្សោយ ញាក់ត្របកភ្នែក
  • ទឹកក្រពេញ៖ បែកញើសច្រើន ចេញទឹកមាត់ច្រើន ចេញទឹកភ្នែកច្រើន
  • សរីរាង្គផ្សេងៗ៖ ដកដង្ហើមថប់ៗ ក្អួត រាក ឈឺទ្រូង ហៀរសំបោរ ឈឺពោះ ចេះតែចង់ក្អួត ព្រឹលភ្នែក។

ឯកសារយោង

  • សៀវភៅថ្នាំពុលការពារដំណាំ និងបញ្ហារបស់វា ដោយយ៉ង សាំងកុមារ ឡាង សេងហ៊ង និង គាម មករាឌី ពីមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឃន៍កសិកម្មកម្ពុជា
Writer