ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ប្រព័ន្ធធារាសាស្ត្រ”ប្រព័ន្ធតំណក់ទឹក(Drip Irrigation)” ជួយសន្សំសំចៃដល់កសិករ

ជាទូទៅទឹកពិតជាសំខាន់ខ្លាំងណាស់សម្រាប់ដំណាំពីព្រោះវាជាធាតុផ្សំមួយដែលអាចឲ្យរុក្ខជាតិផលិតអាហារបាន។ នាពេលបច្ចុប្បន្ននេះអាកាសធាតុតែងតែមានការប្រែប្រួលដោយជួនកាលមានរដូវប្រាំងវែងជាងរដូវវស្សាដែលជាហេតុធ្វើឲ្យទឹកភ្លៀងមិនគ្រប់គ្រាន់សម្រាប់ដំណាំជាដើម។

ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងកសិករមួយចំនួនបានពឹងផ្អែកទៅលើការប្រើប្រាស់ប្រព័ន្ធស្រោចស្រពតាមបែបខុសៗគ្នានៅតាមតំបន់នីមួយៗ យោងទៅតាមការសិក្សាស្រាវជ្រាវប្រព័ន្ធស្រោចស្រពដែលល្អ និងជួយសន្សំទឹកបានខ្ពស់នោះគឺប្រព័ន្ធតំណក់ទឹក(Drip Irrigation)ដោយនៅខាងក្រោមនេះជាវិធីសាស្ត្រក្នុងការដំឡើង ការប្រើប្រាស់ គុណសម្បត្តិ និងគុណវិបត្តិនៃប្រព័ន្ធទឹកឌ្រីបដូចតទៅ៖

១. ប្រព័ន្ធតំណក់ទឹក(Drip Irrigation)

ប្រព័ន្ធDripគឺជាប្រព័ន្ធតំណក់ទឹកឬប្រព័ន្ធទឹកស្រក់ដែលវាអាចជួយបំពេញទឹកនៅក្នុងដីរហូតដល់ឫសរបស់រុក្ខជាតិ ហើយប្រព័ន្ធធារាសាស្ត្រនេះសាកសមសម្រាប់ប្រភេទដីជម្រាល ដីទំនាប និងល្អសម្រាប់ដំណាំយកផ្លែឬស្លឹក។ ឧបករណ៍សម្រាប់ប្រព័ន្ធតំណក់នេះរួមមានម៉ូទ័របូមទឹក ប្រព័ន្ធចម្រោះទឹក ទុយោមេ វ៉ាន និងសម្ភារៈមួយចំនួនទៀត។ នៅខាងក្រោមនេះជារបៀបនៃការតភ្ជាប់ប្រព័ន្ធតំណក់ទឹកតាមបែបផ្សេងៗគ្នាដែលចេញពីទុយោមេ៖

១.១.ប្រព័ន្ធតំណក់ទឹកព័ន្ធជុំវិញដើម

ជាប្រព័ន្ធមួយដែលគេប្រើប្រាស់ភាគច្រើនសម្រាប់ដំណាំហូបផ្លែដូចជាទុរេន ស៉ាវម៉ាវ មាន ក្រូច កាហ្វេ ។ល។

ដោយទុយោព័ទ្ធជារង្វង់ជុំវិញគល់មានអត្រាលំហូរទឹក ៣ លីត្រក្នុងមួយរន្ធ/១ម៉ោង គម្លាតរន្ធពីមួយទៅមួយ ៣០ស.ម, មុខកាត់ ១២ម.ម, កំរាស់ ០.៨ម.ម, សម្ពាធទឹក២បារ និងប្រវែងសរុប ៥០០ម។

របៀបដំឡើង

  • ដំបូងត្រូវជ្រើសរើសទុយោមេដែលមានមុខកាត់ទំហំ៦០-៨០ម.ម
  • ចោះទុយោមេក្នុងទំហំ ១៦ម.ម, ២០ម.ម, ២៥ម.ម
  • ត្រូវប្រើប្រាស់កៅស៊ួមួយដែលមានទំហំប៉ុនរន្ធចោះដើម្បីស៊កចូលក្នុងរន្ធជៀសវាងការជ្រាបឬហូរទឹក
  • បន្ទាប់មកតភ្ជាប់វ៉ាន និងតំណជាមួយនឹងទុយោមេ
  • នៅពេលភ្ជាប់វ៉ានទៅនឹងទុយោរួចគេត្រូវយកទុយោPEតជាមួយនឹងក្បាលវ៉ាន
  • ដោយចោះទុយោPEដើម្បីតភ្ជាប់ជាមួយនឹងទុយោម៉ៃក្រូឬទុយោ៧លី
  • រួចយកតំណម៉ៃក្រូសោកចូលក្នុងទុយោPE
  • យកទុយោម៉ៃក្រូឬទុយោ៧លីចោះរន្ធទៅតាមដែលយើងចង់បានហើយព័ន្ធជុំវិញកូនដំណាំ
  • គេក៏អាចប្រើទុយោPEដើម្បីដាក់ព័ន្ធជុំវិញដើមឈើដែរ
  • ដំណាំចាប់ផ្ដើមដាំរហូតដល់ពេញវ័យត្រូវដាក់ប្រវែង៣ ម.ស្មើនឹង ១០រន្ធ ផ្ដល់ទឹកបាន៣០លីត្រ/១ម៉ោង ហើយដំណាំគ្រប់អាយុផ្កាផ្លែត្រូវដាក់ប្រវែង១០ម. ស្មើនឹង៣៣រន្ធ ផ្តល់ទឹកបាន៩៩លីត្រ/១ម៉ោង

១.២. ប្រព័ន្ធតំណក់ទឹកម៉ៃក្រូនិងMini Sprinkler

វាជាប្រព័ន្ធតំណក់ទឹកបែបដោតជាប់នឹងគល់ដំណាំដោយគេប្រើប្រាស់ឧបករណ៍ដូចទៅនឹងប្រព័ន្ធតំណក់ទឹកព័ន្ធជុំវិញដែរប៉ុន្តែគេប្រើទុយោម៉ៃក្រូដោយមានភ្ជាប់នៅក្បាលតំណក់ដូចជាក្បាលតំណក់ធំ, តំណក់តូច, ក្បាលសាចជំហៀង, ក្បាលសាចជុំវិញ, ក្បាលបង្វិលដែលអាចវិលបាន២-៣ម និងក្បាលបាញ់ផ្សែងសម្រាប់ដំណាំលើទឹក។

សម្រាប់របៀបរៀបចំដំឡើងប្រព័ន្ធទឹកនេះវាដូចទៅនឹងការរៀបចំតាមបែបតំណក់ទឹកព័ន្ធដែរ ហើយក្រោយពីគេតភ្ពាប់ទុយោម៉ៃក្រូជាមួយនឹងទុយោPEរួចគេត្រូវដាក់ក្បាលសាចនីមួយៗ និងដោតនៅជិតគល់ដំណាំតាមដែលយើងចង់បាន។

១.៣. ប្រព័ន្ធតំណក់ទឹកអូសតាមរងដំណាំ

ជាប្រព័ន្ធទឹកដែលគេអាចប្រើប្រាស់បានសម្រាប់ដំណាំគ្រប់ប្រភេទជាពិសេសទៅលើដំណាំរងនៅតំបន់ដីទំនាបដែលវាមានសម្ថតភាពហូរទឹកបាន៣លីត្រ/១មួយម៉ោងឬអាចតិចជាងនេះទៅតាមគម្លាតរន្ធដែលគេចោះជិត និងឆ្ងាយ ហើយមានមុខកាត់ភាគច្រើន១៦ម.មកំរាស់០.២-០.៤ម.ម។ យោងទៅតាមបច្ចេកទេសគេភ្ជាប់ទុយោ១៦ម.ម ហើយPEទំហំ៦៣-៧៥ម.ម ឬPVC៥៥-៧៥ម.ម។ វាសាកសមបំផុតសម្រាប់ដំណាំពោត សណ្ដែកបាយ អំពៅ និងដំណាំផ្សេងៗទៀត។

បច្ចេកទេសតំឡើង

  • ដំបូងត្រូវធ្វើទីតាំងសម្រាប់រាយទីបពីព្រោះត្រូវកប់ទីបនៅក្នុងដីជៀសវាងការជាន់ ឬត្រូវកម្ដៅថ្ងៃខ្លាំងធ្វើឲ្យស្រួយទីបឆាប់ខូច។
  • បន្ទាប់មកត្រូវចោះរន្ធទីបសម្រាប់តជាមួយវ៉ានប៉ុន្តែត្រូវប្រើប្រាស់រងដើម្បីកុំឲ្យវាជ្រាបឬហូរទឹក
  • ក្រោយមកត្រូវតពីទីបមួយទៅទីបមួយដោយប្រើប្រាស់កាវឬដុំចូលគ្នាប៉ុន្តែប្រសិនបើដុំចូលគ្នាត្រូវប្រើឈើការពារនៅពេលដុំមិនធ្វើឲ្យបែកទីប
  • រួចគេត្រូវតភ្ជាប់ទុយោតំណក់ឬទុយោPEជាមួយនឹងក្បាលវ៉ានដោយមូលវ៉ានឲ្យជាប់ហើយត្រូវដាក់រន្ធតំណក់នៅខាងលើក្នុងគោលបំណងការពារកុំឲ្យស្ទះដីជាដើម
  • នៅចំណុចបញ្ចប់គេត្រូវមានឈើឬដងដោតសម្រាប់ចងទុយោតំណក់ដែលស្ថិតនៅខាងចុងរងហើយត្រូវទាញទុយោឲ្យតឹងរួចចងវាតាមក្រោយ។

២. គុណសម្បិត្ត និងគុណវិបត្តិនៃការប្រើប្រាស់ប្រព័ន្ធតំណក់ទឹក

២.១. គុណសម្បត្តិ

  • រុក្ខជាតិអាចទទួលបានទឹកក្នុងបរិមាណស្មើគ្នា
  • អាចកំណត់ពីពេលវេលានៃការស្រោចស្រព
  • សន្សំសំចៃពេលវេលា
  • កាត់បន្ថយថាមពល
  • កាត់បន្ថយកម្លាំងពលកម្ម
  • កាត់បន្ថយផលិតកម្ម និងថ្លៃពលកម្មដោយបង្កើនទិន្នផលហើយក៏ជួយក្នុងការកាត់បន្ថយស្មៅដែរ។

២.២. គុណវិបត្តិ

ត្រូវចំណាយទៅលើការធ្វើប្រភពទឹក, ចំណាយលើការទិញឧបករណ៍ផ្សេងៗដើម្បីតំឡើង និងទុយោស្ទះដោយកំណកផ្សេងៗត្រូវចេះលាងសម្អាត។

ឯកសារយោង

Writer