ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ដំណាំគម្របដី

ដំណាំគម្របគឺជារុក្ខជាតិដែលត្រូវបានប្រើប្រាស់ជាចម្បងដើម្បីបន្ថយការហូរច្រោះ ធ្វើឱ្យប្រសើរឡើងនូវសុខភាពដី បង្កើនជាតិទឹក កម្ចាត់ស្មៅ ជួយកម្ចាត់សត្វល្អិតនិងជំងឺ បង្កើនជីវៈចម្រុះនិងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ចំការ។

ដំណាំគម្របដីគឺការដាំពពួកស្មៅដូចជា ប្រភេទស្មៅ Sorghum,  Stylo, Jute, Sesbania, Pearl Millet, Juncea និងការដាំដំណាំ   សណ្តែក ល្ង ជាដើមដែលមានអាយុកាលលូតលាស់ពី៦០ទៅ៧៥ថ្ងៃ ឬលើសពីនេះទៅតាមប្រភេទស្មៅនីមួយៗ។

ចង្រ្កង់ស្វា


នៅពេលដាំដុះជាដំណាំប្រចាំរដូវក្តៅចង្រ្កង់ស្វា(Sunn hemp)អាចផលិតជីវម៉ាសបានជាង 5,000 ផោន និងអាសូត 100 ផោនក្នុងមួយហិចតា។  វាអាចបង្កើតបរិមាណនេះក្នុងរយៈពេលពី 60 ទៅ 90 ថ្ងៃ ដូច្នេះហើយវាមានសក្តានុពលក្នុងការបង្កើតសារធាតុសរីរាង្គនិងស្រូបយកកាបូននៅក្នុងដីហើយវាក៏ត្រូវបានគេស្គាល់ថាជារុក្ខជាតិដើម្បីកម្ចាត់ណេម៉ាតូតដែរ។

សណ្តែកដី

សណ្តែកដីគឺអាចដាំបានចាប់ពីខែចែត្រទៅពោលគឺមុនចូលឆ្នាំខ្មែរនិងមានរយៈពេលដាំប្រមាណ៤-៥ខែ។ សណ្តែកដីវាជាប្រភេទរុក្ខជាតិដែលមិនត្រូវការដីមានជាតិសំណើមខ្លាំងពេកនោះទេប៉ុន្តែវាស្ថិតនៅចំណុចកណ្តាលគឺសើមល្មមនិងស្ងួតល្មមទើបវាអាចលូតលាស់បានល្អ។ គួររំលឹកផងដែរថាសណ្តែកដីវាអាចធន់ទ្រាំនឹង កម្តៅបានមិនលើសពី៣៨អង្សាសេឡើយបើសីតុណ្ហភាពលើសពីនេះវាមិនអាចផ្តល់ផលបានល្អឡើយវាធ្វើឱ្យយើងបាត់បង់ទិន្នផលក្នុងការប្រមូលផល។

ដំណាំល្ង

ដំណាំល្ងគឺជាដំណាំមួយប្រភេទដែលអាចដាំដុះនៅលើសណ្ឋានដីបានច្រើនប្រភេទប៉ុន្តែវាអាចដុះលូតលាស់ល្អនៅដីល្បាប់ដីដែលមានវាយនភាពល្អ មានជីជាតិហើយជាដីដែលមានកំរិតpH ចន្លោះពី ៥ ទៅ ៧។ វាមានប្រព័ន្ធឬសសម្រាប់ដឹកនាំសារធាតុចិញ្ចឹមពីក្នុងដីយ៉ាងល្អ។ ម្យ៉ាងវិញវាធ្វើឲ្យដីមានទម្រង់ល្អផងដែរ។ ដំណាំល្ងមានភាពធន់ទ្រាំទៅនិងដីដែលមានជាតិប្រៃទាបបំផុតហើយវាមិនអាចធន់ទ្រាំនិងភាពជោគជាំនៃដីបានយូរឡើយ។ ផ្ទុយទៅវិញវាមានភាពស៊ូទ្រាំនិងអាកាសធាតុស្ងួតបានយូរជាងដំណាំមួយចំនួននៅតំបន់ត្រូពិច។

ការដាំដំណាំគម្របដីផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ផលិតកម្មកសិកម្មនិងបង្កើតភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជា ៖

  • ទប់ស្កាត់ការហូរច្រោះមមោករបស់ដី ដែលបើមិនមានការទប់ស្កាត់បានទាន់ពេលវេលាដីអស់ជីជាតិ ហឹរ មិនអាចដាំដុះបាន
  • បង្កើតបានកម្ទេចកម្ទី បង្កជាមមោកដី ឡើងវិញ
  • រក្សាសំណើមទឹកទាំងក្នុងដីនិងលើដីតាមរយៈគម្របរុក្ខជាតិនោះនិងរក្សាទឹកតាមរន្ធឬសរុក្ខជាតិគម្របដីដែលងាប់ជាបន្តបន្ទាប់នោះ
  • បង្កើតរន្ធខ្យល់តាមរយៈរន្ធឬសដែលងាប់ ផ្តល់អុកស៊ីសែនដល់ដី
  • រួមចំណែកសារធាតុចិញ្ចឹម(អាស៊ូត)ដល់ដីតាមរយៈការស្រូបកាបោនពីបរិយាកាសជាដើម។ និយាយរួមដំណាំគម្របដីដើរតួនាទីសំខាន់ក្នុងការកែលម្អសុខភាពដីនិងគុណភាពដីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកសារយោង៖ sare.org, tbongkhmum.maff.gov.kh, sophatkea.blogspot.com, thmeythmey25.com, server2.maff.gov.kh7.pdf, plants.usda.gov.

Writer